អ្នកតស៊ូមតិ ក្លាយជា​ជនជាប់ចោទ​ក្នុង​សំណុំ​រឿង​រួមគំនិត​ក្បត់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​តុលាការ​កម្ពុជា

រូបឯកសារ៖ កញ្ញា សេង ច័ន្ទធារី អតីត​មេដឹកនាំ​សង្គមស៊ីវិល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងរាជធានីភ្នំពេញ។

កញ្ញា​ សេង ច័ន្ទធារី​ បាត់បង់​ឪពុកម្ដាយ​ក្នុង​របប​ខ្មែរក្រហម ដែល​បាន​ជម្លៀស​ក្រុមគ្រួសារ​របស់​កញ្ញា​ទៅ​ខេត្ត​ស្វាយរៀង។

ទោស​កំហុស​របស់​ពួកគេ​ដែល​នាំ​ទៅ​ដល់​ការ​ប្រហារ​ជីវិត​ គឺ​ភាព​ខុសគ្នា​ផ្នែក​មនោគមវិជ្ជា​នយោបាយ ជុំវិញ​អតីត​ភាព​ការងារ​របស់​លោក​ឪពុក​កញ្ញា​ ដែល​ជា​អតីត​ទាហាន​សាធារណរដ្ឋ​ខ្មែរ។

ក៏ប៉ុន្តែ​ ក្នុង​ដំណើរ​ជីវិត​នៃ​ការសិក្សា​ចំណេរ​តមក​កញ្ញា​ សេង ច័ន្ទធារី ក៏​បាន​ក្លាយ​ជា​អ្នកតស៊ូមតិ​រឿង​យុត្តិធម៌​សង្គម សិទ្ធិ​ពលរដ្ឋ និង​ប្រជាធិបតេយ្យ និង​ក៏​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​ផងដែរ។

ភាព​ខុសគ្នា​ផ្នែក​នយោបាយ​ដដែល​នេះ​ហើយ ដែល​កញ្ញា​ថា បាន​នាំ​ឱ្យ​កញ្ញា​ក្លាយ​ជា​ជនជាប់​ចោទ​ក្នុង​សំណុំ​រឿង«រួមគំនិត​ក្បត់» និង «ញុះញង់ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម»។

ធាតុផ្សំ​នៃ​បទ​ល្មើស រួមមាន​ការ​លើក​ម្រាម​ដៃ​៩ នៅ​ឆ្នាំ​២០១៩​ ដែល​ជា​សញ្ញា​ផ្តល់​ការ​គាំទ្រ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​មិន​ជោគជ័យ​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ នេះ​បើតាម​កញ្ញា សេង ច័ន្ទធារី។

«អាហ្នឹង​ជា​ការ​សន្និដ្ឋាន ខ្ញុំ​អត់​ដឹង​ដែរ ពីព្រោះ​ឥលូវ ខ្ញុំ​ស្ថិត​ក្នុង​ភាពងងឹត នៅ​ក្នុង​ការ​គេ​ចោទ​ប្រកាន់​លម្អិត​ខ្ញុំ​ តែ​មាន​ភាសា​ថា​ គេ​ចោទ​ប្រកាន់»។

មិន​មាន​ឡើយ​ការកោះហៅ​ទៅ​បំភ្លឺ​នៅ​ដំណាក់កាល​ស៊ើបសួរ ​មិន​មាន​ឡើយ​ការ​ជូនដំណឹង​អ្វី​ជា​មុន។ នេះ​បើ​យោងតាម​កញ្ញា សេង ច័ន្ទធារី។

ក្នុង​បទសម្ភាស​មួយ​ពី​គេហដ្ឋាន​របស់​កញ្ញា នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល សេង ច័ន្ទធារី វ័យ​៥០​ឆ្នាំ​ ​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​បាន​ប្រាប់ ​VOA ​ថា៖

«ខ្ញុំ​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​លើក​ម្រាម​ដៃ​៩​ ដែល​នោះ​ជា​យុទ្ធនាការ​ពាសពេញ​ពិភពលោក ហើយ​ជាក់ស្ដែង​ខ្ញុំ​បាន​ចូល​រួម​មែន ខ្ញុំ​បាន​ចូលរួម​នៅ​ក្នុង​ប្រទេស​ផង ហើយ​ពេល​ខ្ញុំ​មាន​ប្រជុំ​នៅ​ប្រទេស​ន័រវែស​ផង ខ្ញុំ​ក៏​បាន​ចូល​រួម។ ខ្ញុំ​អត់​មាន​បដិសេធ​ទេ។ ជាក់ស្ដែង​ខ្ញុំ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​មនុស្ស​ឯកជន ជា​សង្គមស៊ីវិល​ម្នាក់»។

ការ​ទទួល​បាន​ដីកា​ឱ្យ​ចូល​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខាងមុខ​នេះ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​កញ្ញា សេង ច័ន្ទធារី ដែល​ក្នុង​ពេល​តែមួយ​ប៉ប្រិចភ្នែក​ក្លាយ​ជា​ជន​ជាប់​ចោទ ក្នុង​បទល្មើស​ដែល​អាច​នឹង​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ។

កញ្ញា សេង ច័ន្ទធារី​ ដែល​ជា​មេធាវី​មួយ​រូប​ផងដែរ​នោះ​ ស្ថិត​ក្នុង​ចំណោម​បណ្ដាជន​យ៉ាង​ហោចណាស់១៤០​នាក់ នៅ​ទូទាំង​ប្រទេស ដែល​ត្រូវ​បាន​កោះហៅ​ជា​ជន​ជាប់ចោទ​ដើម្បី​ចូលរួម​ក្នុង​សវនាកា​រថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ខាង​មុខ​នេះ។ ភាគច្រើន​លើសលប់​នៃ​ពួកគេ​ជា​អតីត​សកម្មជន​ មន្ត្រី​ និង​អ្នកគាំទ្រ​បក្ស​ ដែល​មាន​សមាន​ចិត្ត​ស្មោះស្ម័គ្រ​ជាមួយ​លោក សម រង្ស៊ី។

«គេ​ចង់​បំបាត់​ឱ្យ​សូន្យ​តែ​ម្ដង ឱ្យ​សំឡេង​ហ្នឹង​ស្ងាត់ស្ងៀម​ទាំងស្រុង​តែ​ម្ដង នៅ​ក្នុង​នីតិវិធី​វែង​ឆ្ងាយ ជា​គំរោង​របស់​គេ ក្នុង​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នេះ។ ហើយ​នេះ​ជា Last Resort [ឬ​លទ្ធភាព​ចុងក្រោយ] ហើយ»។

លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បញ្ជាក់​ថា ចុង​ចម្លើយ​ជា​ជនជាប់ចោទ​ទាំង​១៤០​នាក់​នេះ ​ស្ថិត​ក្នុង​សំណុំរឿង​តែ​មួយ​ទាក់ទិននឹង​បទល្មើស «រួមគំនិត​ក្បត់» និង «ញុះញង់ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម»។​

សំណុំ​រឿង​នេះ​ក្លាយ​ជា​សំណុំរឿង​ដែល​មាន​ចុងចម្លើយ​ច្រើន​នាក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​តុលាការ​កម្ពុជា។

ឆ្លើយតប​ទៅនឹងការចោទប្រកាន់​របស់កញ្ញា ​សេង ច័ន្ទធារី​ ថា​តុលាការ​ធ្វើ​ខុស​នីតិវិធី​ដែល​មិន​បាន​ផ្ដល់​ដំណឹង​អ្វី​ទាល់​តែ​សោះ​ដល់​ចុងចម្លើយ​ ហើយ​ស្រាប់តែ​មាន​ការកោះ​អញ្ជើញ​ឲ្យ​ចូល​ខ្លួន​នៅ​ក្នុង​សវនាការ​តែម្ដង​នោះ​ លោក ​អ៊ី រិន្ទ បាន​លើក​ឡើង​ថា៖

​«នេះ​ជា​ការយល់ឃើញ​របស់​គាត់ អ៊ីចឹង​សំខាន់​គឺ​គាត់​មក​បង្ហាញ​ការណ៍​ពិត​ក្នុង​សវនាការ​នៅ​ថ្ងៃ​នោះ​ ... គាត់​ឆ្លើយ​អ៊ីចឹង ចាំ​ឱ្យ​គាត់​ឆ្លើយ​នៅ​ក្នុង​សវនាការ​ទៅ​ចុះ»។

លោក សំ សុគង់ មេធាវី​ការពារក្ដី​ឱ្យ​ចុងចម្លើយ​ទាំង​១៤០​នាក់ ​ប្រាប់​ VOA ​ថា​ គិតត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ មាន​ប្រមាណ​៥០​នាក់​ហើយ​ ដែល​អាច​បញ្ជាក់​វត្តមាន​ចូលរួម​ផ្ទាល់​ក្នុង​សវនាការនៅថ្ងៃ​ព្រហស្បតិ៍​ខាងមុខ​នេះ ដ្បិត​មួយ​ចំនួនធំ​ផ្សេង​ទៀត​ កំពុង​គេច​ខ្លួន​ជ្រកកោន​នៅ​ក្រៅ​ប្រទេស។

«នៅ​ពេល​ដែល​ពួក​គាត់​ពឹង​ពាក់​មេធាវី​ហ្នឹង​ក៏​វា​កៀក​ថ្ងៃ​សវនាការ​ហើយ អ៊ីចឹង​ការណ៍​ដែល​មាន​មេធាវី​ការពារ​សំណុំ​រឿងហ្នឹង សំណុំរឿង​ខ្លះ​ក៏​បាន​គ្រប់ ខ្លះ​ទៀត​ក៏​មិន​ទាន់​បាន​គ្រប់ ហើយ​ការ​សិក្សា​ក៏​យើង​មិន​បាន​ល្អិតល្អន់ មិន​បាន​ពិគ្រោះ​យោបល់​ឱ្យ​បាន​ល្អ ដើម្បី​យើង​ការពារ​កូន​ក្ដី​យើង​ទៅ​ឱ្យ​វា​បាន​ប្រកប​ដោយ​ស្ដង់ដារ​អន្តរជាតិ ដើម្បី​បាន​សវនាការ​មួយ​ត្រឹម​ត្រូវ​យុត្តិធម៌​ដែរ»។

ដោយឡែក រដ្ឋាភិបាល​អាមេរិកកំពុង​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ លើ​ករណី​បណ្តឹង​តុលាការ​ ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង​ទៅ​លើ​សកម្មជន​សង្គម​ស៊ីវិល​ អ្នក​សារព័ត៌មាន​ និង​អ្នកគាំទ្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ដែល​ចេញ​ផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​សប្តាហ៍​មុន។

ក្រុម​អ្នក​តាក់​តែង​ច្បាប់​សហរដ្ឋ​អាមេរិក​ចំនួន​៨​រូប ក៏​បានទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនដាក់​ទណ្ឌកម្ម​លើ​ក្បាល​ម៉ាស៊ីន​ដឹកនាំរដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ចំពោះ​ការ​បង្ក្រាប​ក្រុម​ជំទាស់​ និង​សេរីភាព​បញ្ចេញ​មតិនៅ​កម្ពុជា។ ​

លោក ​ប៊ូ សុខឃាង​ ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ដ៏​សកម្ម​មួយ​រូប​ ក៏​ស្ថិត​ក្នុង​ចំណោម​ចុង​ចម្លើយ​ទាំង​១៤០​នាក់​នោះ​ដែរ។ លោក​ថា​លោក​នឹង​ចូលរួម​សវនាការ​ដោយ​ផ្ទាល់។

អ្នក​រត់​ម៉ូតូ​ឌុប​វ័យ​៣៣​ឆ្នាំ ​រស់នៅ​ស្រុកស្អាង​ខេត្ត​កណ្ដាល​រូបនេះ ត្រូវ​បាន​ចាប់ខ្លួន​ និង​ចោទប្រកាន់ ពេល​លោក​កំពុង​ស្នាក់​នៅ​ផ្ទះសំណាក់​មួយ​កណ្ដាល​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ត្រៀម​ទទួល​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ២០១៩។​

«សង្គម​នេះ​វា​អ៊ីចឹង​មែន មាន​ការ​ជិះជាន់​ពី​អ្នក​មាន​អំណាច ហើយ​និង​អំពើ​ការ​កាប់​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់។ ខ្ញុំ​ឃើញ​ទង្វើនោះ​អ៊ីចឹង បាន​ខ្ញុំ​ចេះ​តែ​ចូលរួម ចេះ​តែ​ជួយ​ធ្វើ​សកម្មភាព​ទាំង​អស់។ ខ្ញុំ​អត់​ចង់​បាន​អ្វី​ទេ ខ្ញុំ​ចង់​បាន​ការ​ផ្លាស់​ប្ដូរ»។

ត្រឡប់​មក​កញ្ញា សេង ច័ន្ទធារី វិញ​ដែល​មាន​អ្នកគាំទ្រ​ជា​មិត្តភ័ក្ដិ​នៅ​ក្រៅ​ប្រទេស ធ្វើការ​តស៊ូ​មតិ​ទាមទារ​យុត្តិធម៌​ឱ្យ​កញ្ញា បាន​អធិប្បាយថា​កញ្ញា​ត្រៀម​លក្ខណៈ​ដើរ​ចូល​ពន្ធនាគារ ទៅ​តាមលទ្ធភាព​ដែល​តុលាការ​បង្គាប់។

«ជាក់ស្ដែង​ណាស់ ខ្ញុំ​ត្រៀម​សម្រាប់​គុក​តែម្ដង។ សភាពការណ៍​អាច​ឱ្យ​ខ្ញុំ​មិន​ជាប់គុក ប៉ុន្តែ​ឥឡូវខ្ញុំ​ត្រៀម​សម្រាប់​គុក​ថ្ងៃ​ទី​មួយ ខ្ញុំ​បាន​កាត់​សក់​ខ្ញុំ​ឱ្យ​ខ្លី​មែនទែន ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ចៃ ហើយ​កុំ​ឱ្យ​មាន​បញ្ហា​ថា​អត់​មាន​សាប៊ូ​អ្វី​គ្រប់​គ្រាន់ ទាន់ពេល​វេលា​អី»។

កញ្ញា​ សេង ច័ន្ទធារី​ ក៏​ជា​អ្នករិះគន់​ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដោយ​មិន​សំច័យ​មាត់​ផងដែរ។ កញ្ញា​ទទួល​បាន​ការអប់រំ​ផ្នែក​ច្បាប់​ដើម្បី​ធ្វើ​ជា​មេធាវី​នៅ​សហរដ្ឋ​អាមេរិក​ និង​នៅ​ប្រទេស​កម្ពុជា ហើយ​ក្រោយមក ​កញ្ញា​មក​ធ្វើ​ជា​នាយិកាមជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ដែល​ផ្តោតលើ​ការពង្រឹង​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ។

លោក សម​ រង្ស៊ី ដែល​ជា​ជន​ជាប់​ចោទ​មួយ​រូប​ដែរ បាន​ប៉ុនប៉ង​បញ្ចប់​ការ​រស់នៅ​នីរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​តាមរយៈ​ការប្រកូកប្រកាសធ្វើ​មាតុភូមិ​និវត្តន៍​ តែ​មិន​សម្រេច​ជោគជ័យ​កាល​ពីឆ្នាំ​២០១៩។

នា​គ្រា​នោះ ប្រទេស​ថៃ​បាន​ហាម​លោក​ សម រង្ស៊ី មិន​ឱ្យ​ឆ្លង​កាត់​តាម​ផ្លូវគោក ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​ក៏​ត្រូវ​បាន​ហាម​មិន​ឱ្យ​ដឹក​លោក​ចូល​កម្ពុជា​ដែរ។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ​មិន​ទាន់​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អធិប្បាយ​របស់​VOA​នៅ​ឡើយ​ទេ៕