ប៉ុន្មានខែមកនេះ ប្រាក់រៀលរបស់ប្រទេសកម្ពុជា បើធៀបនឹងប្រាក់ដុល្លារ បានធ្លាក់ចុះខ្លំាងបំផុតជាលើកទី១ ក្នុងរយៈពេលយ៉ាងហោចណាស់៣ឆ្នាំចុងក្រោយ។ ធនាគារជាតិបានបញ្ចេញប្រាក់ដុល្លារ ដើម្បីទិញប្រាក់រៀលចូលសម្រាប់ទប់ស្កាត់ការស្រុតតម្លៃនៃសាច់ប្រាក់នៅក្នុងស្រុក ហើយធនាគារជាតិគ្រោងនឹងបន្តការប្រមូលទិញប្រាក់រៀល បន្ថែមទៀតក្នុងពេលឆាប់ៗនេះ ដើម្បីរក្សាលំនឹងសាច់ប្រាក់ និងលំនឹងសេដ្ឋកិច្ច។
នាង រស់ សុធា ជូនសេចក្តីរាយការណ៍ពិស្តារអំពីរឿងនេះដូចតទៅ៖
មន្ត្រីផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ធនាគារជាតិនឹងប្រមូលទិញប្រាក់រៀលនៅលើទីផ្សារក្នុងប្រទេសជាបន្តទៀត ដើម្បីកាត់បន្ថយការសល់គរប្រាក់រៀលច្រើនដែលអាចធ្វើឲ្យប្រាក់រៀលធ្លាក់ថ្លៃខ្លំាង។ វិធានការនេះធ្វើឡើងស្របពេលដែលតម្លៃប្រាក់រៀលនៅលើទីផ្សារបានបន្តធ្លាក់ចុះទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ២០០៧មក។
រហូតមកដល់ថ្ងៃសុក្រម្សិលមិញ អត្រាមធ្យមនៃប្រាក់រៀលមានតម្លៃ៤២១៩រៀល ក្នុងមួយដុល្លារ បើធៀបនឹងខែមីនា និងដើមខែមេសា ប្រាក់រៀលមានតម្លៃ៤១៨៦ក្នុងមួយដុល្លារ នេះបើយោងតាមអត្រាប្តូរប្រាក់ប្រចាំថ្ងៃរបស់ធនាគារជាតិនៃកម្ពុជា។
ដើម្បីបង្កើនតម្លៃប្រាក់រៀលឡើងវិញ កាលពីថ្ងៃសុក្រសប្តាហ៍មុន ធនាគារជាតិបានដាក់ឲ្យក្រុមហ៊ុនប្តូរប្រាក់នានាដេញថ្លៃយកប្រាក់ដុល្លារសរុបចំនួន៤លានដើម្បីប្ដូរយកប្រាក់រៀលត្រឡប់មកវិញ។ នេះជាការដេញថ្លៃលើកទី១ដែលទើបបញ្ចប់ទៅនៅថ្ងៃសុក្រសប្តាហ៍នេះ។
ក៏ប៉ុន្តែលោកស្រី តាល់ ណៃអ៊ីម អគ្គនាយកធនាគារជាតិនៃកម្ពុជា មានប្រសាសន៍នាថ្ងៃសុក្រថា ចំណាត់ការដេញថ្លៃយកប្រាក់ដុល្លារលើកទី១នោះមិនទាន់មានប្រសិទ្ធិភាពធ្វើឲ្យប្រាក់រៀលឡើងថ្លៃវិញនោះទេ ដែលតម្រូវឲ្យធនាគារជាតិបន្តការដាក់ដេញថ្លៃប្រមូលទិញប្រាក់រៀលជាបន្តទៀត។
«ស្ថានភាពលុយរៀលវានៅហ្នឹងបន្តិច។ ចំាមើលទាល់តែទិញមួយរយៈទៀត»។
ប៉ុន្តែលោកស្រី តាល់ ណៃអ៊ីម មិនទាន់អាចបញ្ជាក់បានទេពីកាលបរិច្ឆេទជាក់ស្តែងនៃប្រមូលទិញប្រាក់រៀល និងចំនួនទឹកប្រាក់ដុល្លារដែលធនាគារជាតិនឹងត្រូវចំណាយទិញយកប្រាក់រៀលនៅលើកទី២នាពេលខាងមុខនេះទេ។
ក៏ប៉ុន្តែ អ្នកជំនាញឯករាជ្យខាងរូបិយវត្ថុ និងតំណាងធនាគារពាណិជ្ជបានព្យាករស្រដៀងៗគ្នាថា ធនាគារជាតិទំនងជាត្រូវចំណាយប្រាក់សរុបយ៉ាងហោចណស់១០លានដុល្លារដែរ ដើម្បីធ្វើឲ្យប្រាក់រៀលឡើងថ្លៃបានប្រហែលជា១%វិញ ហើយការប្រមូលទិញប្រាក់រៀលជាលើកទីពីរអាចនឹងធ្វើឡើងចាប់ពីសប្តាហ៍ក្រោយទៅ។
ប្រាក់ដុល្លារនេះត្រូវគេនិយមចាប់តំាងពីសម័យអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ នាដើមទសវត្សឆ្នាំ១៩៩០មកម្ល៉េះ។ រហូតមកដល់ពេលនេះ ៩០%នៃចរន្តសាច់ប្រាក់នៅក្នុងប្រទេសកម្ពុជាត្រូវប្រើប្រាស់ជាលុយដុល្លារ។ ហើយដោយសារតែ កម្ពុជាមិនទាន់មានប្រព័ន្ធគ្រប់គ្រងសាច់ប្រាក់ឲ្យបានរឹងមាំ ប្រជាជនខ្មែរភាគច្រើនមិនមានទំនុកចិត្តក្នុងការរក្សាទុកប្រាក់រៀលនោះទេ។
អ្នកសេដ្ឋកិច្ចនិយាយថា ការចុះថ្លៃខ្លំាងពេកនៃប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ នឹងធ្វើឲ្យប្រាក់រៀលកាន់តែបាត់បង់ទំនុកចិត្ត ដែលនឹងធ្វើឲ្យប្រាក់រៀលអស់តម្លៃ។ ម្យ៉ាងវិញទៀត វានឹងធ្វើឲ្យទំនិញនាំចូលពីបរទេសកាន់តែកើនតម្លៃខ្ពស់ថែមទៀត។ ប៉ុន្តែការឡើងថ្លៃប្រាក់រៀលខ្លំាងពេក ក៏នឹងផ្តល់ផលប៉ះពាល់ការនាំចេញទំនិញពីកម្ពុជាដែរ។ ម្ល៉ោះហើយ ធនាគារកណ្ដាលរបស់ប្រទេសកម្ពុជា មានបំណងរក្សាលំនឹងប្រាក់រៀលឲ្យស្ថិតក្នុងចន្លោះ៣៩០០រៀលទៅ៤១០០ក្នុងមួយដុល្លារ។
អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច EIU បានវាយតម្លៃក្នុងរបាយការកាលពីខែមេសាឆ្នាំ២០១០ របស់ខ្លួនថា តម្លៃប្រាក់រៀលនឹងធ្លាក់ចុះជាមធ្យម1,3%នៅឆ្នាំ២០១០នេះ និងនៅឆ្នាំ២០១១។
លោក ចាន់ សុផល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ថា ការធ្លាក់ថ្លៃខ្លំាងនៃប្រាក់រៀលនាពេលនេះបណ្តាលមកពីថយចុះនៃកម្លាំងសេដ្ឋកិច្ចក្នុងស្រុក ដែលរងគ្រោះដោយសារឱនភាពសេដ្ឋកិច្ចសាកលលោក។
«លុយហើមហ្នឹងមកពីកម្លាំងសេដ្ឋកិច្ចយើងថយចុះ គឺលំហូរចូលនៃប្រាក់ដុល្លារមិនខ្លំាងដូចមុន។ ការ នំាទំនិញចេញ ឬក៏វិស័យទេសចរ អ្នកនាំទំនិញសម្លៀកបំពាក់ វិនិយោគបរទេសដែលនាំប្រាក់ដុល្លារ ចូលមកសេដ្ឋកិច្ចស្រុកយើងវាធ្លាក់ចុះអញ្ចឹងទៅ វាធ្វើឲ្យប្រាក់រៀលហ្នឹងហើមឡើង ធ្លាក់ថ្លៃ»។
លោក សម ឃង្ទី អ្នកវិភាគហិរញ្ញវត្ថុ និងជាសមាជិកនៃគណៈកម្មាការមូលប័ត្រកម្ពុជា ក៏យល់ឃើញដូចគ្នាដែរ ហើយលោកជួយបន្ថែមថា ការធ្លាក់ចុះតម្លៃប្រាក់រៀល មួយផ្នែកទៀត ដោយសារឥទ្ធិពលនៃការវិបត្តិហិរញ្ញវត្ថុនៅប្រទេសហ្គ្រិច។ វិបត្តិហិរញ្ញវត្ថុរបស់ប្រទេសនេះ ដែលអាចរីករាលដាលនៅក្នុងទ្វីបអឺរ៉ុបទំាងមូល។ ដូច្នេះក្រុមអ្នកវិនិយោគ នៅទ្វីបអឺរ៉ុបត្រូវស្វះស្វែងទិញប្រាក់ដុល្លារដែលពួកគេជឿថា មានសុវត្ថិភាពជាងការរក្សាទុកប្រាក់អឺរ៉ូ។ ទំនោរនេះបានធ្វើឲ្យប្រាក់ដុល្លារឡើងថ្លៃ ហើយរូបិយវត្ថុនៃប្រទេសជាច្រើន រួមទំាងប្រាក់រៀលខ្មែរផងនោះ ចាប់ផ្តើមចុះថោកធៀបនឹង ប្រាក់ដុល្លារ។
លោក សម ឃង្ទី មានប្រសាសន៍ថា ប្រាក់រៀលនឹងឡើងថ្លៃបន្តិចវិញ នៅពេលដែលសភាពការណ៍ហិរញ្ញវត្ថុនៅទ្វីបអឺរ៉ុបធូរស្រាលឡើងវិញ។
«បើសិនណាជាមានវិបត្តិសេដ្ឋកិច្ច ដែលគេយល់ថា គេបារម្ភដូចជាពីរឿងហ្គ្រិច ពីរឿងលុយក្នុងប្រព័ន្ធអឺរ៉ូទំាងមូល គឺថា អ្នកដែលកាន់កាប់លុយអឺរ៉ូហ្នឹង ឥឡូវគាត់ចាប់ផ្តើមលក់ចេញ ទិញដុល្លារ។ គាត់ភ័យខ្លាចលុយអឺរ៉ូកាន់តែចុះថែមទៀត។ ការលក់របស់គាត់ហ្នឹងបណ្តាលឲ្យលុយដុល្លារឡើងថ្លៃ បើដុល្លារមានការចុះមកវិញ អាហ្នឹងគឺថា លុយដុល្លារ លុយរៀលវិលមកតុល្យភាពថ្មីមួយទៀត»។
ទោះជាយ៉ាងណា ប្រាក់រៀលតែងតែហើប ឬស្រកទៅតាមរដូវកាលផងដែរ។
លោក ជៀម ទៀង អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុករតនាភិបាល និងកិច្ចការអន្តរជាតិនៃធនាគារអេស៊ីលីដា និយាយថា ស្ទើរតែរៀងរាល់ឆ្នាំ ចាប់ពីខែឧសភាទៅ ប្រាក់រៀលតែងចាប់ផ្តើមធ្លាក់ថ្លៃ ហើយវានឹងប្រសើរឡើងវិញនៅចុងឆ្នាំ នៅពេលដែលមានលំហូរសាច់ប្រាក់ដុល្លារច្រើនក្នុងវិស័យទេសចរ និងការប្រមូលផលរបស់ប្រជាកសិការបានមកដល់ ហើយប្រជាកសិករ បានលក់ផលិតផលកសិកម្មរបស់ពួកគេចេញ តាមរយៈការទូទាត់ជាប្រាក់រៀល ដែលធ្វើឲ្យមានតម្រូវ ការប្រាក់រៀលច្រើនឡើងវិញ។
ក្រុមអ្នកសេដ្ឋកិច្ចខាងលើយល់ឃើញដូចគ្នាថា ការធ្លាក់ថ្លៃប្រាក់រៀលនាពេលនេះមិនមែនជាក្តីកង្វល់នោះទេ៕