អ្នក​សារព័ត៌មាន​ Ben Bradlee​ ដែល​ទទួល​មរណភាព​ត្រូវ​កោត​សរសើរ​ពេល​បុណ្យសព

  • Michael​ Brown

Your browser doesn’t support HTML5

លោក​ប៊េន ប្រេដលី​ (Ben Bradlee) ​អតីត​និពន្ធ​នាយក​កាសែត​វ៉ាស៊ីនតោន​បុស្តិ៍​ កាល​លោក​នៅ​មាន​ជីវិត។

ពិធី​បុណ្យ​សព​លោក​ប៊េន ប្រេដលី​ (Ben Bradlee) ​អតីត​និពន្ធ​នាយក​កាសែត​វ៉ាស៊ីនតោន​បុស្តិ៍​ អាយុ​៩៣​ឆ្នាំ ​ដែល​ទទួល​មរណ​ភាព​កាលពី​ថ្ងៃ​ទី២១ ​ខែតុលា​ឆ្នាំ២០១៤ ​បាន​ប្រារព្ធធ្វើ​នៅក្នុង​ព្រះ​វិហារ​ជាតិ​នៃ​រដ្ឋធានី​វ៉ាស៊ីនតោន​ Washington National Cathedral​ កាលពី​ថ្ងៃ​ពុធ។​ លោក ​ប្រេដលី​ត្រូវ​គេ​ចាត់ទុក​ថា ​ជា​អ្នក​កាសែត​អាមេរិកាំង​ដែលមាន​ទេព្យ​កោសល្យ​ខ្លាំង​ពូកែ​ម្នាក់។​ ​លោក​ប្រេដលី​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​តស៊ូ​តាមផ្លូវ​ច្បាប់​នៃ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ ​ដើម្បី​ផ្សព្វផ្សាយ​ឯកសារ​សម្ងាត់របស់​ស.រ.អា.​ ​អំពី​សង្គ្រាម​វៀតណាម​ និង​ទទួល​ខុសត្រូវ​ក្នុង​ការ​ស៊ើបអង្កេត​ជា​សម្ងាត់អំពី​រឿង​អាស្រូវ ​Watergate​ ដែល​នាំឲ្យ​លោក​ប្រធានាធិបតី​ស.រ.អា. រីឆាត នីចសិន ​(Richard Nixon) ​លាឈប់​ពីមុខ​តំណែង​កាលពី​ឆ្នាំ​១៩៧៤។​

និពន្ធ​នាយក​កាសែត​ជាទី​គោរព​ម្នាក់​គឺ​លោក​ប៊េនយ៉ាមីន​ ក្រោណស៊ៀល ប្រ៉េដលី​ (Benjamin ​Crowninshield​ Bradlee) ​ជឿថា ​ភាពតាន​តឹងខ្លាំង​ រវាង​អ្នក​កាសែត​ដែលសួរ​ដេញដោល​ និងមន្ត្រី​រដ្ឋាភិបាល​គឺ​ជា​រឿង​ល្អ។​

«ពួក​គេ​មិនបាច់​ធ្វើ​ល្អ​ច្រើន​ចំពោះ​យើង​ទេ​ ​គ្រាន់តែ​កុំ​រំខាន​យើង​បាន​ហើយ»។​

លោក​ប្រ៉េដលី​បាន​ធ្វើឲ្យ​មាន​ការ​រីកចម្រើនចំពោះ​ជំនឿ​នេះ​ក្នុង​អាជីព​លោក​រយៈពេល​៦​ទសវត្សរ៍។​ ដោយ​ក្លាយ​ជា​មិត្តភ័ក្ត្រ​ជិតស្និទ្ធរបស់​លោក​ប្រធានាធិបតី​ស.រ.អា.ចន ឃែននេឌី ​(John F. Kennedy) ​លោក​ប្រ៉េដលី​ ជា​អ្នក​កាសែត​ដែល​សេតវិមាន​ចូលចិត្ត​ តែ​ក្រោយមក​បាន​ក្លាយ​ជាគូ​បក្ខដិបក្ខ។​

ឆ្នាំ​១៩៧១​លោក​នាំមុខ​តស៊ូ​ផ្លូវច្បាប់​ តាម​រយៈ​កាសែត​វ៉ាស៊ីនតោន​បុស្តិ៍​និង​ កាសែត​ញូវយ៉កថែម​ នៅ​ក្នុង​ការ​កាត់ក្តី​តុលាការ​កំពូល​អនុញ្ញាត​ឲ្យ​កាសែត ទាំង​ពីរ​បន្ត​បោះពុម្ព​ផ្សាយ​ឯកសារ​សម្ងាត់មន្ទីរ​បញ្ចកោណ​(ក្រសួង​ការ​បរទេស)​ទាក់ទង​នឹង​ការ​ទទួល​ខុស​ត្រូវ​របស់​អាមេរិក​នៅ​វៀតណាម។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ផ្តល់​មេដាយ​ប្រធានាធិបតី​នៃ​សេរីភាព​ដល់​លោក​ប៊េន ប្រេដលី (Ben Bradlee) អតីត​និពន្ធ​នាយក​កាសែត​វ៉ាស៊ីនតោន​បុស្តិ៍ កាលពី​ថ្ងៃ​ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​ឯ​សេតវិមាន។

មួយ​ឆ្នាំ​បន្ទាប់​មក ​អ្នក​យក​ព័ត៌មាន​របស់​លោកពីរ​នាក់​គឺ​ប៉ប វូដវឺត​ (Bob Woodward) ​និង​ខាល ប៊ឺនស្តេន ​(Carl Bernstein)​ បាន​បោះពុម្ព​ផ្សាយ​រឿង​សម្ងាត់​នោះ​ឡើង​ អំពី​ការ​ព្យាយាម​របស់​សេតវិមាន​នៃ​លោក​ប្រធានាធិបតី​ Nixon​ ដើម្បី​បិទ​បាំង​ការ​គាស់ទ្វារ​លួចចូល​ក្នុង​ទីស្នាក់ការ​ធំ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ។​ រឿង​អាស្រូវ​ដែល​គេស្គាល់​ថា​ ជា​រឿង​អាស្រូវ ​Watergate ​នោះ ​បាន​បង្ខំ​ឲ្យ​លោក​ប្រធានាធិបតី​ Nixon​ ចុះចេញ​ពីមុខ​តំណែង​ឆ្នាំ​១៩៧៤។​

នៅ​ឆ្នាំ​២០១១​ លោក​ Woodward​ បាន​ដឹង​គុណចៅហ្វាយ​ចាស់​លោក។​

«លោក​ជា​និពន្ធ​នាយក​ដ៏ល្អ​ មិនគ្រាន់​តែ​ដោយសារ​តែ​រឿង​បោះពុម្ព​ផ្សាយ​នោះ​ទេ​ តែ​ថែម​ទាំង​រឿង​ដែល​មិន​បាន​ផ្សាយ​ផង​ដែរ។​ លោក​មិន​ដែល​និយាយ​ថា​ «យើង​មិន​បោះពុម្ព​ផ្សាយ​រឿង​នេះទេ» ​តែលោក​និយាយ​ថា "ខ្ញុំ​មិន​ទាន់​ជឿ​ជាក់។​ យើង​ត្រូវ​ការ​ព័ត៌មាន​បន្ថែម​ទៀត​ ត្រូវ​ការ​ប្រភព​បន្ថែម​ទៀត"»។​

រយៈ​ពេល​៣០ឆ្នាំ ​លោក ​Woodward, ​Bernstein, ​និង​លោក ​Bradlee ​បាន​លាក់​អាថ៌​កំបាំង​នៃ​អត្តសញ្ញាណ​ប្រភព​ព័ត៌មាន​ក្នុង​រដ្ឋបាល​លោក ​Nixon ​ដ៏​សំខាន់​ម្នាក់​គឺ​លោក​ Mark Felt ​អតីត​អនុ​ប្រធាន​ប៉ូលិស​ FBI ។​

«ខ្ញុំ​មិន​ប្រាប់​ភរិយា​របស់​ខ្ញុំ​ទេ ​ហា! ​នេះជា​រឿង​សម្ងាត់​!»។​

លោក​ប្រ៉េដលី​ក៏​បាន​ជួយ​លើក​ទឹកចិត្ត​ដល់​អ្នក​កាសែត​ជំនាន់​ក្រោយ​ផង​ដែរ ​ដែល​ចង់ឲ្យរដ្ឋាភិបាល​ទទួល​ខុសត្រូវ។​

«លោក​បាន​ធ្វើការ​បម្រើ​ដល់​ដួងព្រលឹង​កាសែត​នេះ​សំខាន់​ណាស់។​ លោក​ស្រឡាញ់​ព័ត៌មាន​ល្អៗ។​ ពេលលោក​ឃើញ​ដំណឹង​ល្អៗ​ លោក​មាន​អារម្មណ៍​ថា​ លោក​គឺជា​ផ្នែក​មួយ​នៃ​ដំណឹង​នោះ ​ហើយ​លោក​អាច​ទះតុ ​ឬ ដើរ​មក​ទះ​ខ្នង​របស់​លោក​អ្នក ​ឬ​និយាយ​កំប្លែង​ជាមួយ​លោក​អ្នក។​ លោក​សប្បាយ​នឹងកិច្ចការ​របស់​លោក​ជាអ្នក​កាសែត»។​

អ្នក​កាសែត​ផ្នែក​ស៊ើប​អង្កេត​ ដាណា ប្រ៊ីស ​(Dana Priest)​បាន​ស្គាល់​ប៊េន ប្រ៉េតលី​ជិតបី​ទសវត្សរ៍។​

«កេរ​ដំណែល​លោក ​ប៊េន ​ប្រ៉េដលី​គឺ​សម្រាប់​អ្នក​កាសែត​អាមេរិកាំង​ទាំង​អស់​ មិន​មែន​គ្រាន់តែ​សម្រាប់​កាសែត​វ៉ាស៊ីនតោន​បុស្តិ៍​ទេ​ គឺ​ការ​ហ៊ាន​ប្រឈម​មុខ​នឹង​តំណែង​ប្រធានាធិបតី។​ គេ​ចាំបាច់​ត្រូវ​ការ​អ្នក​ណា​ម្នាក់​នៅ​ខាង​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ ផ្ទៀងផ្ទាត់​អំពី​កិច្ចការ​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ»។​

កាលពី​ឆ្នាំ​ទៅ ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ផ្តល់​រង្វាន់​កិត្តិយស​ ជា​មេដាយ​សេរីភាព​ដល់​លោក​ប្រ៉េដលី។​

«ការ​ចាប់​ឲ្យ​មេ​ដឹកនាំ​អាមេរិកាំង​មាន​ការ​ទទួល​ខុសត្រូវ​ និង​ការ​រំឭកយើង​អំពី​សេរីភាព​របស់​យើង​ជា​ប្រជាជាតិ​មួយ ​ពឹង​ផ្អែក​លើ​សេរីភាព​សារ​ព័ត៌មាន​របស់​យើង»។​

លោក​ប្រ៉េដលី​មិន​ដែល​សង្ស័យ​លើ​តម្លៃ​នៃ​កិច្ចការ​របស់​លោក​ទេ។​

«ខ្ញុំ​ធ្វើ​ជា​អ្នក​កាសែត​យូរ​ហើយ។​ ខ្ញុំ​មិន​អាច​នឹក​ចាំ​ពី​ករណី​ ដែល​យើង​បាន​ផ្សព្វផ្សាយ​ ដែល​ខ្ញុំ​អាច​និយាយ​ដោយត្រង់​ថា​ វា​ជា​ការ​គំរាម​ដល់​សន្តិសុខ​ជាតិ​នោះ​ទេ»។​

លោក​ប្រ៉េដលី​បាន​តស៊ូ​សម្រាប់​ប្រទេស​របស់​លោក​ក្នុង​សង្គ្រាម​លោក​លើក​ទី​២​ ហើយ​ច្រើន​ទស​វត្សរ៍​បន្ទាប់​មក​ លោក​បាន​ការពារ ​និង​ធ្វើ​ឲ្យ​រីក​ចម្រើនដល់​វិស័យ​ព័ត៌មាន​ឯករាជ្យ​ទៀត៕​

ប្រែសម្រួល​ដោយ ​សុខ ខេមរា