តំណាងសមាគមអ្នកប្រើប្រាស់អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការជាមួយនឹងសមាគមដើម្បីរកដំណោះស្រាយលើកង្វល់ដែលពួកគាត់ជួបប្រទះ ពាក់ព័ន្ធបញ្ហាចំណីអាហារខូចគុណភាពដែលនៅបន្តជាក្តីបារម្ភក្នុងសង្គមកម្ពុជា។
សមាគមអ្នកប្រើប្រាស់កំពុងស្ថិតក្នុងដំណាក់កាលរៀបចំរចនាសម្ពន្ធដែលមានការចូលរួមពីអ្នកដែលពាក់ព័ន្ធក្នុងវិស័យចំណីអាហារ។ សមាគមនេះនឹងជួយអ្នកប្រើប្រាស់ជាមួយនឹងការផ្តល់ការប្រឹក្សាឯករាជ្យជូនដល់អ្នកប្រើប្រាស់ទូទៅ ទាក់ទងនិងការប្រើប្រាស់សេវាកម្ម ឬចំណីអាហារដែលបង្កឱ្យមានបញ្ហាសុខភាព ឬបញ្ហាផ្សេងៗទៀត។
តំណាងក្រុមការងារដែលកំពុងរៀបចំបង្កើតសមាគមខាងលើលោកប្រាក់ សេរីវឌ្ឍន៍ ប្រាប់វីអូអេថា កម្ពុជាបានបង្កើតនូវច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ដូចនេះដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីសិទ្ធរបស់ពួកគេ សមាគមអ្នកប្រើប្រាស់នឹងធ្វើការណែនាំពួកគេឱ្យយល់ដឹងពីការបញ្ចេញមតិ និងកង្វល់អំពីសុវត្ថិភាពចំណីអាហារ ក៏ដូចជាគុណភាពនៃសេវាកម្មណាមួយ។
លោកថ្លែងថា៖ «សមាគមនឹងបង្កើតឡើងដើម្បីយើងស្របទៅតាមច្បាប់កិច្ចការពារអ្នកប្រើប្រាស់...បង្កើតជាសមាគមទៅដើម្បីយើងផ្តល់ប្រឹក្សាជូនអ្នកប្រើប្រាស់ហើយនិងសម្របសម្រួលបញ្ហាទាក់ទងទៅនឹងកង្វល់អ្នកប្រើប្រាស់»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោកប៉ែន សុវិជាតិប្រាប់វីអូអេថា ការនាំចូលផលិតផលពីបរទេសគឺជារឿងដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ក្នុងស្រុក ព្រោះប្រទេសកម្ពុជាមិនទាន់អាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់ផលិតផល ឬចំណីអាហារកែច្នៃដោយខ្លួនឯងបាននៅឡើយទេ។
លោកបន្ថែមថាក្រសួងតែងតែមានវិធានការលើការនាំចូលអាហារមានសារធាតុគីមី ប៉ុន្តែពេលខ្លះក្រសួងមិនអាចទប់ស្កាត់ការលួចនាំចូលអាហារដែលគ្មានសុវត្ថិភាពពីក្រៅប្រទេសបានទាំងស្រុងឡើយ ព្រោះឈ្មួញនាំចូលអាហារទាំងនោះ មានវិធីច្រើនក្នុងការដឹកជញ្ជូនដើម្បីគេចពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ។
លោកថ្លែងថា៖ «ជាការពិតណាស់យើងធ្វើការត្រួតពិនិត្យជាប់ជាប្រចាំមែន ក៏ប៉ុន្តែជួនកាលយើងនៅឃើញថានៅមានទំនិញខ្លះនៅតែឆ្លៀតចូលតាមផ្លូវនេះផ្លូវនោះ...ក៏ប៉ុន្តែទៅដល់ទីផ្សារហើយក៏យើងធ្វើការត្រួតពិនិត្យតទៀតដោយអនុលោមតាមច្បាប់សុវត្ថិភាពម្ហូបអាហារ»។
លោកបានអំពាវនាវដល់អាជីវករបញ្ឈប់យកផលិផលឬអាហារដែលមានសារធាតុគីមី អាហារហួសសុពលភាព និងអាហារបង្កកទុកគ្មានស្តង់ដារមកផ្គត់ផ្គងលើទីផ្សារតទៅទៀត ដើម្បីការពារសុខភាពរបស់អ្នកប្រើប្រាស់។
ប្រធានមជ្ឈមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោកយង់ គិមអេង លើកឡើងថា ចំណីអាហារដែលមានសារធាតុគីមីដូចជាអាហារបង្កក អាហារហួសសុពលភាព ជាបន្ទុកនៃមេរោគដែលអាចបង្កផលប៉ះពាល់ដ៏គ្រោះថ្នាក់លើសុខភាពប្រជាពលរដ្ឋដែលប្រើប្រាស់អាហារទាំងនោះ។
លោកថ្លែងថា៖ «ខ្ញុំសំណូមពរឱ្យក្រសួងចាត់វិធានការទប់ស្កាត់កុំឱ្យមានការនាំចូលអាហារបង្កកឬខូចសុពលភាពទាំងអស់ដើម្បីធានាសុវត្ថិភាព ធានាសុខភាពរបស់ប្រជាពលរដ្ឋ ម្យ៉ាងវិញទៀតក៏បង្ហាញអំពីការទទួលខុសត្រូវក្នុងនាមជារដ្ឋ ចំពោះប្រជាពលរដ្ឋដែលខ្លួនត្រូវយកចិត្តទុកដាក់ហើយនិងទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតក៏ដូចជាសុខភាពរបស់ពួកគេ»។
ដំណាលគ្នានឹងពេលមានការត្រៀមបង្កើតសមាគមអ្នកប្រើប្រាស់ អាជ្ញាធរមានសមត្ថកិច្ចបានរឹបអូសអាហារខូចគុណភាពជាបន្តបន្ទាប់ ដូចជាស្លាបមាន់ និងបង្គាចាក់ចាហួយជាដើម។
កាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសហការជាមួយអាជ្ញាធរមូលដ្ឋាន ក៏បង្ក្រាបបាននូវឈាមជ្រូកដែលធ្វើពីឈាមគោ និងសណ្តែកបណ្តុះដែលបានដាក់សារធាតុគីមីហួសកំណត់សរុបរួមចំនូន៧៣គីឡូក្រាម។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ៕