គិតត្រឹមយប់ថ្ងៃអាទិត្យម្សិលមិញ មនុស្សជាង ១.៦០០ នាក់ត្រូវបានជួយសង្គ្រោះនៅទូទាំងរដ្ឋ Florida ហើយមនុស្សយ៉ាងតិច ៨៥ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ បន្ទាប់ពីព្យុះសង្ឃរា Ian បានបក់បោកទៅលើរដ្ឋមួយនេះ។ ក្រុមអ្នកជួយសង្គ្រោះកំពុងដើរពិនិត្យតាមផ្ទះនីមួយៗដើម្បីស្វែងរកក្រែងមានអ្នកនៅរស់រានមានជីវិតនិងសាកសពអ្នកដែលបានស្លាប់។
អ្នកស្លាប់ភាគច្រើនដោយសារព្យុះនេះគឺស្ថិតនៅក្នុងស្រុក Lee។ កាលពីដំបូង ស្រុកនេះត្រូវបានគេព្យាករណ៍ថាមិនស្ថិតនៅក្នុងគន្លងផ្លូវធ្វើដំណើររបស់ព្យុះនេះឡើយ។
អភិបាលរដ្ឋ Florida លោក Rod DeSantis បាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិកជួសជុលបណ្តាញអគ្គិសនីប្រមាណ ៤២.០០០ នាក់ ត្រូវបានដាក់ពង្រាយដើម្បីជួសជុលការដាច់ចរន្តអគ្គិសនីជាច្រើនកន្លែងដោយសារព្យុះនេះ។
លោកបានបញ្ជាក់បន្ថែមថា អ្នកជួសជុលបណ្តាញអគ្គិសនីទាំងនេះបានភ្ជាប់ចរន្តអគ្គិសនីឡើងវិញដល់ផ្ទះប្រមាណ ១ លាន ៨ សែនខ្នងនៅទូទាំងរដ្ឋ Florida។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃអាទិត្យម្សិលមិញ អ្នកស្រី Casey DeSantis ដែលជាភរិយារបស់លោក DeSantis បានប្រកាសថា មូលនិធិសម្រាប់គ្រោះមហន្តរាយនៃរដ្ឋ Florida បានរៃអង្គាសថវិកាបានប្រមាណជាង ២១ លានដុល្លារអាមេរិកនៅក្នុងរយៈពេល ៤៨ ម៉ោង។
ការិយាល័យរបស់អភិបាលរដ្ឋ Florida បានបញ្ជាក់ថា មូលនិធិនេះគឺជា «មូលនិធិឯកជនផ្លូវការរបស់រដ្ឋ Florida ដែលត្រូវបានបង្កើតឡើងដើម្បីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សហគមន៍របស់យើង នៅពេលដែលសហគមន៍ទាំងនោះកំពុងឆ្លើយតបនិងរើបឡើងវិញពីគ្រោះមហន្តរាយនេះ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រី Jill Biden ដែលជាភរិយា នឹងធ្វើដំណើរទៅកាន់រដ្ឋ Florida នៅថ្ងៃពុធខាងមុខ នៅក្រោយពេលដែលលោកបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ដែនដី Puerto Rico នៅថ្ងៃចន្ទនេះនៅចំពេលដែលដែនដីនេះប្រឹងប្រែងរើបឡើងវិញពីផលប៉ះពាល់ដែលបង្កឡើងដោយព្យុះសង្ឃរា Fiona កាលពីខែមុន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន AFP។