កំណត់ត្រា​អ្នក​សារព័ត៌មាន៖ សម្តី​ចុងក្រោយ​របស់​ឪពុក​ម្នាក់​នៅ​សម័យ​ខ្មែរក្រហម

រូបផ្គុំមួយដែលបង្ហាញរូបថតសខ្មៅរបស់ឪពុកលោក ប៉ូច រាសី (ឆ្វេង) និងលោក ប៉ូច រាសី។

កំណត់និពន្ធ៖ ទិវា​រំលឹក​គុណ​ឪពុក​នៅឆ្នាំ ២០២៣ នេះ ត្រូវនឹងថ្ងៃទី ១៨ ខែមិថុនា។ នេះជា ថ្ងៃមួយ​ដែល​មនុស្សម្នា​នៅ​សហរដ្ឋ​អាមេរិក​និង​នៅ​ជុំវិញ​ពិភពលោក នាំគ្នា​ផ្ញើ​សារ ឬ​ទិញ​ឥវ៉ាន់​ជូន​ឪពុក​របស់​ពួកគេ។ សម្រាប់​លោក ប៉ូច រាសី នៃ​វីអូអេ​ ថ្ងៃនេះ ជា​ថ្ងៃ​ស្រគត់​ស្រគុំ​មួយ ដែល​នាំ​ឱ្យ​លោក​នឹកឃើញ​ដល់​ថ្ងៃ ដែល​លោក​បាន​ឃើញ​មុខ​ឪពុក​របស់​លោក​ជា​លើក​ចុងក្រោយ។ លោក ប៉ូច រាសី បាន​សរសេរ​កំណត់ត្រា​របស់​លោក ជូន​លោកអ្នក​ជាទី​សណ្តាប់​ដូចតទៅ៖

វ៉ាស៊ីនតោន — ថ្ងៃ​ទី ១៨ ខែមិថុនានេះ ​ជា​ទិវា​រំលឹក​គុណ​ឪពុក។ ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃនេះ ខ្ញុំ​តែង​អង្គុយ​សម្លឹង​មើល​រូបថត​ឪពុក​ខ្ញុំ​មួយ​សន្លឹក​ដែល​មាន​ពណ៌​សខ្មៅ ហើយ​ព្យាយាម​ចងចាំ​ឡើងវិញ​នូវ​រាល់​រឿងរ៉ាវ​ ដែល​បាន​កើតឡើង​នៅថ្ងៃ​ដែល​ខ្ញុំបាន​ឃើញ​មុន​ឪពុក​ខ្ញុំ ជា​លើក​ចុងក្រោយ។

ខ្ញុំ​មិន​បាន​ចាំ​ថា​ថ្ងៃទី​ប៉ុន្មាន​ទេ ព្រោះ​យើង​គ្មាន​ប្រក្រតីទិន​មើល​ទេ។ តែ​ខ្ញុំ​នៅ​ចាំ​បាន​ថា​ជា​ខែកញ្ញា​ ឆ្នាំ ១៩៧៧។ ពេលនោះ​ខ្ញុំ​រស់នៅ​ក្រោម​របប​ខ្មែរ​ក្រហម ជាមួយ​ជីដូនជីតា ម៉ាក់ប៉ា​និង​បងប្អូន ៣ នាក់​ នៅភូមិ​ត្រពាំងបី ស្រុកឈូក ខេត្តកំពត។

ខ្ញុំ​មាន​អាយុ ៩ ឆ្នាំ។ យប់​នោះ​ភ្លៀងធ្លាក់​យ៉ាង​ជោគជាំ។ ហើយ​ខ្ញុំបាន​ស្ថិត​នៅក្នុង​ខ្ទម​ប្រក់ស្បូវ​មួយ​ខ្នងតូច​តែ​ម្នាក់ឯង។ ខ្ញុំ​មិនចាំ​ថា​ពេលនោះ​ក្រុមគ្រួសារ​របស់​ខ្ញុំ​ស្ថិត​នៅ​ទីណា​ទេ។ ប៉ុន្តែ​ពេលខ្ញុំ​ភ្ញាក់​ពី​ដំណេក ស្រាប់តែ​ឃើញ​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មិន​បាន​នឹក​ស្មាន​ថា​បាន​ឃើញ។ លោក​គឺជា​ឪពុក​របស់ខ្ញុំ​ដែល​មាន​រៀងកាយ​ស្គមស្គាំង ហេវ​ហត់។ លោក​មាន​អាយុ​ប្រហែល​ជាង​សែសិប។

របប​ខ្មែរក្រហម​ជា​របប​កុម្មុយនិស្ត​ដែល​ទទួល​ខុសត្រូវ​លើ​ការ​ស្លាប់​របស់​មនុស្ស​ប្រមាណ​ជាង​មួយ​លាន​ប្រាំពីរ​សែននាក់ ដោយ​សារ​ការ​អត់ឃ្លាន ជំងឺ​ដម្កាត់ ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ទាំងយប់​ទាំងថ្ងៃ​ និង​ការ​យក​ទៅ​សម្លាប់​ដោយ​គ្មាន​ការ​កាត់ទោស។

ឪពុកខ្ញុំ​ពេលនោះ​កំពុង​ធ្វើការ​នៅក្នុង​កង​បុរស​នៅ​កន្លែងមួយ​ដែល​ខ្ញុំមិន​បាន​ចាំ​ឈ្មោះ។ លោក​និង​បុរស​ទាំងអស់​អាច​វិលត្រឡប់​មក​ផ្ទះ​ជួបក្រុមគ្រួសារ​តែ ២​ ឬ ៣ ដង​ប៉ុណ្ណោះ​ក្នុងមួយ​ឆ្នាំ ឧទាហរណ៍​ដូចជា​នៅពេល​ចូលឆ្នាំ​ខ្មែរ​ជាដើម។ ប៉ុន្តែ​ពេល​នោះ​ជា​ខែ​កញ្ញា។ ខ្ញុំ​មិនចាំ​ថា​មាន​បុណ្យទាន​អ្វី​ក្នុងខែ​នេះ​ទេ។

«យប់​មិញ​ប៉ា​មកផ្ទះ​វិញ​ពេល​យប់​ជ្រៅ។ កូនឯង​កំពុង​គេង​លក់ ហើយ​ប៉ា​មិនចង់​ដាស់​កូន​ឱ្យ​ភ្ញាក់‍»។ ឪពុក​ខ្ញុំ​និយាយ​ជាមួយ​ខ្ញុំ តែ​ភ្នែក​របស់​គាត់​សម្លឹងមើល​ដំបូល​ខ្ទម​ហាក់​ដូចជា​ចង់រក​អ្វី​មួយ។

ការ​ពិត​ក្រុម​ចល័ត​របស់​ឪពុកខ្ញុំ​ត្រូវ​អង្គការ​ហៅឱ្យ​ទៅ​ជួយ​ជួសជុល​ស្ពាន​មួយ​ដែល​អង្គការ​ថាបា​នបាក់​ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ហេតុដូច្នេះ​ទើប​ឪពុក​ខ្ញុំ​អាច​ត្រឡប់​មក​ផ្ទះ​ ដើម្បី​គេង​ប៉ុន្មាន​ម៉ោង​សិន មុន​នឹង​ធ្វើ​ដំណើរ។

ខ្ញុំ​សប្បាយ​ចិត្តណាស់​ដែល​បាន​ឃើញ​មុខ​លោកឪពុក​នៅ​ព្រឹក​នោះ ទោះបីជា​ឃើញ​គាត់​ស្គមស្គាំង​ក៏ដោយ។ ប៉ុន្តែ​ខ្ញុំ​មិនបាន​និយាយ​ប្រាប់​គាត់​ថា ខ្ញុំ​សប្បាយ​ចិត្ត​ទេ។ ខ្ញុំ​ថែមទាំង​មិនបាន​ឱប​គាត់ផ​ង។ តាំងពី​តូច​មក​ ខ្ញុំ​មិន​ដែល​ឱបថើប​គាត់​សោះ។ និយាយ​ទៅ​ខ្ញុំ​មិន​ចាំ​ថា ​ខ្ញុំហ៊ាន​ទៅ​ជិត​គាត់ ឬ​សម្តែង​ការ​ស្និទ្ធស្នាល​ជាមួយ​គាត់​ផង។

បន្ទាប់​មក​ឪពុកខ្ញុំ​ក៏​បាន​ទាញ​របស់​អ្វីមួយ​ចេញ​ពី​ដំបូល​ស្បូវ​ដែល​ចាស់​ហើយ​ពុក​ជា​ច្រើន​កន្លែង។ វា​ជា​ថង់​ប៉្លាស្ទីក​តូច​មួយ។ ហើយ​ក្នុង​ថង់​ពណ៌​លឿង​ដែល​បាន​ហាល​ថ្ងៃ​ហាល​ភ្លៀង​អស់ពេល​ជា​យូរ​មក​ហើយ​នោះ គឺជា​រូបថត​សខ្មៅ​តូច​មួយ ដែល​មាន​ជាប់​កាវ​នៅ​ពី​ក្រោយ។ វា​ជា​រូបថត​ដែល​ឪពុកខ្ញុំ​បាន​ហែកចេញ​ពី​កាត​របស់​គាត់ ហើយ​បាន​លាក់ទុក​អស់​ជាង​ ២ ឆ្នាំ​មក​ហើយ។

ឪពុក​ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា៖ «លាក់​រូបនេះ​ទុក​កុំឱ្យ​បាត់​ណា។ ហើយ​ពេលណា​ដែល​កូនឯង​ជួប ចិន្តា ប្រគល់​ឱ្យ​គាត់​ទុក​ម្តង​ណា!‍» ។

ខ្ញុំ​ក៏​បាន​ហុចដៃ​ទៅ​ទទួល​ពីគាត់​ ហើយ​គ្រាន់តែ​ងក់​ក្បាល​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ឆ្ងល់​ក្នុង​ចិត្ត​ថា​តើ​ហេតុអ្វី​បានជា​គាត់​យក​វា​ចេញ​មក ហើយ​ប្រគល់​ឱ្យ​ខ្ញុំ ហើយ​ផ្តាំ​ឱ្យខ្ញុំ​ប្រគល់​ទៅ​ឱ្យ​បងស្រីខ្ញុំ​យ៉ាង​ដូច្នេះ? ក៏ប៉ុន្តែ​ខ្ញុំ​មិនហ៊ាន​សួរ​គាត់។

«ប៉ា​ត្រូវ​ទៅប្រជុំ​នៅ​រោងបាយ​ដើម្បី​ដឹងថា​ត្រូវ​ចេញ​ដំណើរ​នៅពេល​ណា។ បន្តិចទៀត​ប៉ា​នឹង​មកវិញ‍»។ គាត់​ថា​ហើយ ក៏​ចេញ​ទៅ​រោងបាយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ១០០ ម៉ែត្រ​ពី​ខ្ទម​យើង។

ប្រហែល​មួយម៉ោង​ក្រោយ​មក ឪពុក​ខ្ញុំ​ត្រឡប់​មក​វិញ។

«ប៉ាត្រូវ​ចេញ​ដំណើរ​ហើយ។ ប៉ុន្តែ​ប៉ា​ចង់ឱ្យ​កូនឯង​តាមពី​ក្រោយ​ប៉ា។ កុំ​តាមជិត​ពេក។ កុំឱ្យ​អ្នកណា​ដឹង ហើយ​កុំឱ្យ​អ្នកណា​ឃើញ​កូន​តាម​ប៉ា​ឱ្យសោះ។ បើសិន​ជា​កូន​ឃើញ​គេ​ចងស្លាប សេកប៉ា មាន​ន័យ​ថា ​កូន​នឹង​លែង​ឃើញ​មុខប៉ា​ទៀត​ហើយ‍»។

ឪពុកខ្ញុំ​និយាយ​ដោយ​មិន​បង្ហាញ​នូវ​មនោសញ្ចេតនា​អ្វី​បន្តិច​ទាល់​តែ​សោះ។

‍«បាទ ប៉ា‍» ខ្ញុំ​ឆ្លើយ​ទៅ​គាត់វិញ​ ដោយ​ទឹកមុខ​ស្មើ។ ក្នុង​ពេល​២​ឆ្នាំកន្លង​ទៅ​នេះ គេ​យក មនុស្ស​ទៅ​ជា​ហូរហែរ។ គេ​គ្រាន់តែ​ប្រាប់​ថា «អង្គការ​ស្នើឱ្យ​ទៅ‍» តែប៉ុណ្ណោះ។ គ្មាន​នណារ​ហ៊ានប្រកែក ឬ​ហ៊ាន​សួរ​រក​មូលហេតុ​អ្វី​ទេ។ តែ​កាលណា​គេ​មក​ហៅ​ឱ្យ​ទៅ គឺ​ត្រូវតែ​ទៅ​ភ្លាមៗ។ ជួនកាល​គេ​មក​ហៅ​ទាំង​យប់​ក៏មាន។ ហើយ​អ្នក​ដែល​គេ​ហៅ​ទៅ មិន​ដែល​ឃើញ​អ្នកណា​ម្នាក់​ត្រឡប់​មក​វិញ​ទេ។

រូបថតគ្រួសារលោក ប៉ូច រាសី នៅជំរំជនភៀសខ្លួនខ្មែរ​នៅក្នុងខេត្ត Song Be ប្រទេសវៀតណាម កាលពីឆ្នាំ១៩៨១។

រូបថតលោក ប៉ូច រាសី ពេលលោកនៅវ័យកុមារ។

ប៉ុន្តែ​នេះ​ជា​រឿង​ដែល​កើតឡើង​ចំពោះ​បុគ្គល។ ឪពុក​ខ្ញុំ​ទៅ​ជាមួយ​កងបុរស​របស់​គាត់ ដែល​មាន​គ្នា​ដល់​ទៅ​ប្រមាណ ៤០ នាក់​ឯណោះ។ ដូច្នេះ​ខ្ញុំ​គិត​ថា​ គួរតែ​មិន​អី​ទេ។ អង្គការ​ត្រូវការ​ពួកគាត់​ឱ្យ​ទៅ​ជួយ​ជួសជុល​ស្ពាន។ ជួសជុល​ហើយ​ ពួក​គាត់​ប្រាកដ​ជា​មកវិញ​ហើយ។ ដូច្នេះ​ឪពុក​ខ្ញុំ​គ្មានអ្វី​គួរឱ្យ​បារម្ភ​ទាល់​តែ​សោះ តាម​ការ​គិត​របស់​ខ្ញុំ។

«ប៉ា​ទៅ​ហើយ​ណា។ កូនឯង​នៅផ្ទះ​ កុំ​ឈ្លោះ​គ្នា​ជាមួយ​បងប្អូន​ណា។ បងប្អូន​ត្រូវ​ចេះ​ស្រឡាញ់​គ្នា។ កុំ​ឈ្លោះ​គ្នា ហើយ​កុំធ្វើ​ឱ្យ​ម៉ាក់​កូនឯង​ពិបាក​ចិត្តណា‍»។ ជាថ្មី​ម្តង​ទៀត ខ្ញុំ​គ្រាន់តែ​ងក់​ក្បាល ហើយ​ឆ្លើយ​ថា «បាទ បាទ‍» តែ​ប៉ុណ្ណោះ។

នៅ​ពេល​ឪពុក​ខ្ញុំ​ចេញ​ទៅ​ជាមួយ​អ្នក​ជិតខាង​ពីរបី​នាក់ ខ្ញុំ​ក៏​បាន​ដើរ​តាម​ពួក​គាត់​យ៉ាង​ស្ងៀមស្ងាត់។ ខ្ញុំ​បាន​ដើរ​ក្រោយ​ពួកគាត់​ឆ្ងាយ​ល្មម​ កុំឱ្យ​ពួកគាត់​ឃើញ តែ​ជិត​ល្មម​ដើម្បី​កុំឱ្យ​បាត់​ពួកគាត់។ ដោយសារ​ផ្លូវនោះ​មាន​ដើមឈើ និង​រុក្ខជាតិ​ពាសពេញ​ទាំង​សង​ខាង ខ្ញុំ​អាច​ដើរ​តាម​ឪពុក​ខ្ញុំ​យ៉ាង​ស្រួល។

ប្រហែល ១៥ នាទី​ក្រោយ​មក ឱពុកខ្ញុំ​ក៏​បាន​ដើរ​ចូលផ្ទះ​កងឈ្លប​ដែល​ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ ៣ ដែល​ភ្ជាប់​ទីក្រុង​ភ្នំពេញ​និង​ទីរួម​ខេត្ត​កំពត។

ខ្ញុំ​ក៏បាន​ដើរ​ត្រឡប់​ក្រោយ​បន្តិច ហើយ​ដើរ​កាត់​សំដៅ​ទៅ​ផ្លូវជាតិ។ ខ្ញុំ​ឡើង​ដើម​ស្វាយ​មួយ​ដើម​នៅលើ​ផ្លូវជាតិ ដើម្បី​ឃ្លាំ​មើល​ឪពុក​ខ្ញុំ។ ដើម​ស្វាយ​នោះ​ស្ថិត​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពីផ្ទះ​កងឈ្លប ដូច្នេះ​ខ្ញុំ​អាច​មើលឃើញ​សកម្មភាព​ទាំងឡាយ។ ហើយ​បើសិន​ជា​គេ​ឃើញ​ខ្ញុំ គេ​នឹង​មិន​សង្ស័យ​ថា ខ្ញុំ​កំពុង​លបមើល​ទេ។ ហើយ​បើ​គេ​ឃើញ​ហើយ​សួរ​ខ្ញុំ ខ្ញុំ​បំរុង​នឹង​ឆ្លើយ​ថា​ ខ្ញុំគ្រាន់តែ​ឡើង​ដើមស្វាយ​លេង​តែ​ប៉ុណ្ណោះ។

មួយ​សន្ទុះ​ក្រោយ​មក ប្រហែល​ជា ១៥ នាទី​ទៅចុះ ស្រាប់តែ​មនុស្ស​ចាប់​ផ្តើម​ចេញ​ពី​ផ្ទះក​ងឈ្លប។

ពួកគេ​ចេញ​មក​ម្នាក់​ម្តងៗ។ ឈ្លប​ខ្មែរក្រហម​ក្នុង​សម្លៀកបំពាក់​ពណ៌​ខ្មៅ​ពីរ​នាក់ ដែល​កាន់​កាំភ្លើង AK-47 បាន​យក​កាំភ្លើង​ចង្អុល​ឱ្យ​ឡើង​ឡាន​ទាហាន GMC របស់​អាមេរិក ដែល​នៅ​សេសសល់​ពី​ជំនាន់​សាធារណរដ្ឋខ្មែរ​របស់​លោក លន់ នល់ ដែល​ថយ​គូថ​មក​នៅ​កៀក​នឹង​ផ្ទះ​កងឈ្លប។

បេះដូង​ខ្ញុំ​លោត​បុកដើម​ទ្រូង​របស់ខ្ញុំ​យ៉ាង​ខ្លាំង ហាក់ដូចជា​វា​ចង់​ចេញ​មក។ ខ្ញុំ​ក៏បាន​ចាប់ផ្តើម​យំ​ទប់​មិន​ឈ្នះ។ ឪពុកខ្ញុំ​បាន​ទស្សន៍ទាយ​ជាស្រេច​ទៅ​ហើយ។ ហេតុដូច្នេះ​ហើយ​បាន​ជា​គាត់​ប្រគល់​រូបថត​ដែល​គាត់​បាន​លាក់ទុក​ក្នុង​ដំបូល​ស្បូវ​របស់​ខ្ទម​យើង អស់ជាង​២​ឆ្នាំ​មក​ហើយ​នោះ។ ហេតុដូច្នេះ​ហើយ​បានជា​គាត់​បាន​ប្រាប់​ឱ្យខ្ញុំ​ដើរ​តាម​គាត់។ ហេតុដូច្នេះ​ហើយ​បានជា​គាត់​បាន​ប្រាប់​ខ្ញុំថា​ បើសិន​ជា​គេ​ចង​ស្លាប​សេក​គាត់ ខ្ញុំ​នឹង​លែង​បាន​ឃើញ​មុខ​គាត់​ទៀត​ហើយ។ ហេតុដូច្នេះ​ហើយ​បាន​ជា​គាត់​ផ្តាំ​ឱ្យ​ខ្ញុំ​ស្រឡាញ់​បងប្អូន​ហើយ​កុំ​ឈ្លោះ​គ្នា។ ហេតុដូច្នេះ​ហើយ​បានជា​គាត់​ប្រាប់ខ្ញុំ​ឱ្យ​ស្តាប់​ម៉ាក់​ខ្ញុំ។

រថយន្ត​ទាហាន​នោះ​នៅ​ទីបំផុត​ក៏​បាន​បើកកាត់​ខ្ញុំ​ឆ្ពោះ​ទៅ​ទីរួម​ខេត្ត​កំពត។ ខ្ញុំ​បាន​ព្យាយាម​រក​មើល​ឪពុកខ្ញុំ ក៏ប៉ុន្តែ​ខ្ញុំ​មិនអាច​សម្គាល់​គាត់​បាន​ឡើយ ពីព្រោះ​កងឈ្លប​ពីរនាក់​ដែល​អង្គុយ​នៅ​ខាងក្រោយ បាន​បញ្ជាឱ្យ​ពួក​គាត់​អង្គុយ​ចោង​ហោង ហើយ​ឱនក្បាល​ចុះ។ ម្យ៉ាងទៀត​រថយន្ត​នោះ​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន។

លោក ប៉ូច រាសី នៅទ្វារផ្ទះឪពុករបស់លោក នៅក្បែរផ្សារទឹកល្អក់ ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៧។

ក្រោយ​ពី​រថយន្ត​បាន​បើក​ទៅ​បាត់ ខ្ញុំ​អង្គុយ​នៅលើ​ដើម​ស្វាយ ហើយ​សម្រក់​ទឹកភ្នែក​មិន​ព្រម​ឈប់។ ខ្ញុំ​ទន់​ជង្គង់ នឿយ​ហត់ អស់​កម្លាំង ហើយ​ថែមទាំង​ដក​ដង្ហើម​មិន​ចង់​រួច។ ក៏ប៉ុន្តែ​ខ្ញុំនៅ​មាន​ក្តី​សង្ឃឹម។ ខ្ញុំ​បាន​ប្រាប់ខ្លួន​ឯង​ថា ឪពុក​ខ្ញុំ​គិត​ខុស​ហើយ ទោះ​ជា​ខ្ញុំបាន​ឃើញ​ហេតុការណ៍​ទាំង​អម្បាលមាណ​ក៏ដោយ។ ខ្ញុំ​នៅតែ​សង្ឃឹម​ថា ​ខ្មែរ​ក្រហម​នឹង​ដាក់​គាត់​ក្នុងគុក ជាមួយ​នឹង​អ្នក​ឯទៀត ឬ​មួយ​ក៏​យកគាត់​ទៅ​ធ្វើការ​នៅ​កន្លែង​ផ្សេង ហើយ​ទុក​ជីវិត​ឱ្យ​គាត់។ ខ្ញុំ​នៅតែ​សង្ឃឹមថា​ ថ្ងៃមួយ ខ្ញុំ​នឹង​បាន​ជួប​គាត់​ឡើង​វិញ។

ខ្ញុំ​មិនចាំ​ថា​ តើ​ខ្ញុំ​ប្រាប់​ម៉ាក់ខ្ញុំ​យ៉ាង​ដូចម្តេច​ទេ នៅពេល​ដែលខ្ញុំ​ជួប​គាត់​ក្រោយ​មក។ ខ្ញុំ​មិន​ចាំ​ថា​ តើគាត់​មាន​ប្រតិកម្ម​យ៉ាង​ដូចម្តេច​ទេ​នៅ​ពេល​នោះ។ ខ្ញុំ​មិនអាច​យល់​ដឹង​ថា​តើ​ម៉ាក់ខ្ញុំ​មាន​អារម្មណ៍​ដូចម្តេច​ទេ ក្រោយពី​បាន​បាត់បង់​កូន​ពីរនាក់​ដែល​ឈឺ​ស្លាប់ ហើយ​ឥឡូវ​បាត់​ទាំង​ស្វាមី​ទៀត។ ខ្ញុំ​មិនបាន​ប្រាប់​បងស្រី​និងប្អូនស្រី​ខ្ញុំ​ទាល់តែ​សោះ ព្រោះ​ខ្ញុំ​ឈឺចាប់​ពេក។

លោក​យាយខ្ញុំ​បាន​ដេរ​កូន​ហោប៉ៅ​មួយ​ក្នុង​ភួយ​ខ្ញុំ ហើយ​ដាក់​រូបថត​ឪពុក​ខ្ញុំ​ទុក​ក្នុង​នោះ រហូត​ដល់​ពេល​ខ្ញុំ​បាន​ជួប​បងស្​រីខ្ញុំ។ ខ្ញុំ​ក៏បាន​ប្រគល់​ឱ្យ​គាត់​ទុក​តាម​បណ្តំា​របស់​ឪពុក​ខ្ញុំ។ ។ សព្វថ្ងៃ​ខ្ញុំ​និង​បងស្រី ព្រមទាំង​ប្អូនស្រី ម្នាក់ៗ​បាន​ពង្រីក​រូបថត​លោក​ឪពុក​យើង​ដើម្បី​ទុក​ឱ្យ​កូនៗ​បាន​ស្គាល់​មុខ​ជីតា​របស់​ពួកគេ។

នៅពេល​ខ្ញុំ​ចាប់ផ្តើម​ចូល​ធ្វើការ​នៅវីអូអ​សំឡេង​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ ១៩៩៣ ខ្ញុំ​លួច​សង្ឃឹមថា​ ឪពុកខ្ញុំ​នៅ​រស់ ហើយ​អាចឮ​ឈ្មោះ​ខ្ញុំ ព្រម​ទាំង​សំឡេង​ខ្ញុំ​តាម​វិទ្យុ ហើយ​រកវិធី​ដើម្បី​ទាក់ទង​ជាមួយ​ខ្ញុំ ហើយ​នៅ​ទីបញ្ចប់​ ខ្ញុំនឹង​បាន​ជួប​គាត់វិញ។ មួយ​ឆ្នាំ​កន្លង​ផុត។ ពីរឆ្នាំ​កន្លង​ផុត។ សុបិន​ជួប​ឪពុក​ខ្ញុំ​ឡើងវិញ រលត់​បន្តិច​ម្តងៗ ដូច​ភ្លើងទៀន​ដែល​ឆេះ​កាន់តែ​អស់​ទៅៗ។ ចូល​ដល់​ឆ្នាំទី ៣ ខ្ញុំ​ក៏​ចាប់ផ្តើម​យល់​ថា ខ្ញុំ​ត្រូវ​ទទួល​ស្គាល់​ថា ឪពុក​ខ្ញុំ​បាន​ចែក​ឋាន​ហើយ។

ពួក​ខ្មែរក្រហម​បាន​យក​ឪពុក​ខ្ញុំ​ទៅ​អស់ ៤៦ ឆ្នាំ​ហើយ ក៏​ប៉ុន្តែ​អ្វីៗ​ហាក់​ដូចជា​បាន​កើត​ឡើង​កាលពី​ម្សិលមិញ។ ខ្ញុំ​នៅ​ចងចាំ​ទាំងអស់​នូវអ្វី​ដែល​លោក​ឪពុក​ខ្ញុំ​បាន​និយាយ​ប្រាប់ខ្ញុំ​នៅថ្ងៃ​ចុង​ក្រោយ​នោះ។ ប៉ុន្តែ​ពាក្យពេចន៍រ​បស់​គាត់​ប្រៀប​ដូច​ជា​សំណេរ​នៅលើ​ក្រដាស។ ខ្ញុំ​មិនអាច​ចាំ​សំឡេង​របស់​គាត់​បាន​ទេ។ ខ្ញុំ​នៅ​ឃើញ​រូបថត​របស់​គាត់​រាល់ថ្ងៃ តែ​ខ្ញុំ​មិនអាច​ឃើញ​កាយវិការ​របស់​គាត់​ទេ។ ខ្ញុំ​មិនដឹង​អំពី​វាសនា​របស់​ឪពុកខ្ញុំ​នៅ​ក្រោម​ដៃ​របស់​ពួក​ទាហាន​ខ្មែរក្រហម​ទេ។ ខ្ញុំ​មិន​ដឹង​ថា​ តើ​គេ​យក​គាត់​ទៅ​ដាក់​គុក ដូច​ដែល​ខ្ញុំ​បាន​សង្ឃឹម​ទុក ឬ​មួយ​ក៏​គេ​សម្លាប់​គាត់​ចោល​ទេ។

បើសិន​ជា​គេ​សម្លាប់​គាត់ ខ្ញុំ​មិន​ដឹង​ថា តើ​គេ​ប្រើ​វិធី​អ្វី​ទេ។ តើ​គេ​យក​កាំភ្លើង​ទៅ​បាញ់​ចំ​ក្បាល​ឬ? តើ​គេ​យក​គាត់​ទៅ​តម្រង់​ជួរ​ហើយ​បាញ់​សម្លាប់​ឬ? ឬ​មួយ​ក៏​គេ​យក​ដំបង​វាយ​គាត់​ពី​ក្រោយ​ខ្នង? តើ​ឪពុក​ខ្ញុំ​មាន​កំហុស​អ្វី? តើ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​អ្វី​ទៅ? តើ​គេ​បាន​កាត់ទោស​គាត់​នៅ​ទីណា និង​នៅ​ពេល​ណា? តើ​ភស្តុតាង​នៅ​ឯណា? តើ​នណារ​ជា​អ្នក​រកឃើញ​ថា​គាត់​មាន​ទោស? ហើយ​បើមាន​ទោស តើ​វា​ជា​ទោសអ្វី​ដល់​ថ្នាក់​យក​គាត់​ទៅ​សម្លាប់​ចោល​នោះ?

បើសិន​ជា​គេ​សម្លាប់​គាត់​មែន​នៅ​ថ្ងៃមួយ​កាលពី​ខែកញ្ញា ​ឆ្នាំ ១៩៧៧ ដូច​ដែល​ខ្ញុំ​មន្ទិល​សង្ស័យ​នៅពេល​នេះ​នោះ ខ្ញុំ​សង្ឃឹមថា​ ទោះ​ជាគេ​បាន​ប្រើវិធី​អ្វី​ក៏​ដោយ ក៏​លោក​ឪពុក​របស់ខ្ញុំ​មិន​បាន​រង​ការ​ឈឺចាប់​យូរ​ទេ៕