អ្នក​យក​ព័ត៌មាន៖​ ការ​ធ្វើ​ជា​អ្នក​កាសែត​នៅ​មីយ៉ាន់ម៉ា ​គឺ​ជា​ការ​ទទួល​យក​គ្រោះថ្នាក់

រូបឯកសារ៖ ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា នាំ​គ្នា​កាន់​ស្លាកសញ្ញា​មួយ​ដែល​សរសេរ​ថា «អ្នក​នៅ​តំបន់​ភ្នំ​ និង​តំបន់​ដីគោក​រួបរួម​គ្នា» ក្នុង​អំឡុងពេល​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

ការ​ធ្វើ​ជា​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បន្ទាប់​ពី​រដ្ឋ​ប្រហារ​គឺ​ដូចជា​ធ្វើ​ការ​ក្នុង​ទី​ងងឹត។ ខ្ញុំ​ដើរ​គ្រប់​ជំហាន​ដោយ​ប្រុង​ប្រយ័ត្ន ប៉ុន្តែខ្ញុំ​អាច​ត្រូវ​គេ​ចោទ​ប្រកាន់​ដែល​អាចនឹង​បំផ្លាញ​ជីវិត​ខ្ញុំ​គ្រប់​ពេល​វេលា។

ខ្ញុំ​បាន​រស់នៅ​ក្នុង​ភាព​អសន្តិសុខជិត​បួន​ខែ​មក​ហើយ តាំង​ពី​ក្រុម​យោធា​បាន​ក្តាប់​អំណាច។

​ខ្ញុំ​បាន​មក​ដល់​ទីក្រុង​ណៃពិដោ រដ្ឋធានី​រដ្ឋបាល​របស់​មីយ៉ាន់ម៉ា មួយ​សប្តាហ៍​មុន​នឹង​រដ្ឋប្រហារ​កើតឡើង។ នៅ​ពេល​ដែល​រដ្ឋប្រហារ​បាន​ចាប់ផ្តើម​ ខណៈ​ដែល​កង​កម្លាំង​សន្តិសុខ​កើន​ឡើង ខ្ញុំ​ត្រូវ​តែ​រាយការណ៍​ពី​ស្ថានភាព​នៅ​ពេល​ថ្ងៃ និង​មិន​បាន​សម្រាក​ជាច្រើន​យប់​ដោយសារ​តែ​របាយការណ៍​មិន​ផ្លូវការ​ថា​អ្នកសារព័ត៌មាន​អាច​នឹង​ត្រូវ​ចាប់ខ្លួន​នៅ​ពេល​យប់។​

សំណាងល្អ បន្ទាប់​ពី​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្នុង​ទីក្រុង​ណៃពិដោ ខ្ញុំ​បាន​ត្រឡប់​មក​ទីក្រុង​រ៉ង់ហ្គូន​ដោយ​គ្មាន​បញ្ហា ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​មិន​មាន​សុវត្ថិភាព​និង​នៅ​តែ​មិន​អាច​គេង​លក់​ជាច្រើន​យប់។

ក្រុម​យោធា​មីយ៉ាន់ម៉ា​ ដែល​ធ្វើ​ការ​ចោទ​ប្រកាន់​ពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត បាន​ទម្លាក់​រដ្ឋាភិបាល​ដឹកនាំ​ដោយគណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​បាន​ទទួល​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូកដី​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក បាតុករ​រាប់​ពាន់​នាក់​ទូទាំង​ប្រទេស​បាន​នាំ​គ្នា​តវ៉ា​តាម​ដង​ផ្លូវ។ ពួកគេ​ទាមទារ​ឲ្យ​ដោះ​លែង​ក្រុម​មេដឹកនាំ​ប្រទេសរួមទាំង​អ្នកស្រី​ Aung San Suu Kyi មេដឹកនាំ​ជាតិ​ និង​អ្នក​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​យោធា។ ពួកគេ​ក៏​ទាមទារ​ឲ្យស្តា​រលទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

ក្រុម​ប្រឹក្សា​រដ្ឋបាល​មីយ៉ាន់ម៉ា​ ឬSAC (State Administrative Council ) ដឹក​នាំដោយ​មេដឹកនាំ​រដ្ឋ​ប្រហារ​ លោក​ឧត្តមសេនីយ៍ Min Aung Hlaing ​បាន​ប្រើ​ហិង្សា​ដើម្បីបង្ក្រាប​បាតុករ។ កង​កម្លាំង​សន្តិសុខ​ បាន​ចាប់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ជាច្រើន​និង​ដក​អាជ្ញាបណ្ណ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​មួយ​ចំនួន។

គិត​ត្រឹម​ថ្ងៃ​ទី​២៨​ខែ​ឧសភា​ អ្នក​សារព័ត៌មាន​ឬ​បុគ្គលិក​ព័ត៌មាន​ចំនួន​៨៧​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ ដែល​ក្នុង​នោះ​៥១​នាក់​ស្ថិត​ក្នុង​មន្ទីរ​ឃុំ​ឃាំង​នៅ​ឡើយ។ នេះ​បើ​យោង​តាម​ក្រុម​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ថា​«រាយការណ៍​អំពី​អាស៊ាន​និង​អ្នក​សារព័ត៌មាន​ជាប់ឃុំ»ឬ(ASEAN Reporting and Detained Journalist) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ដើម្បី​ចែកចាយ​ព័ត៌មាន។​

SAC បាន​ចេញ​ដីកា​ចាប់​ខ្លួន​សម្រាប់​មនុស្ស​២២​នាក់​ទៀត​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​តាម​បណ្តាញ​សង្គម។ ស្ទើរ​តែ​គ្រប់​ករណី​ទាំង​អស់​ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ជំពូក​ទី​៥០៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​នឹង​ដាក់​ពន្ធនាគារ​រហូត​ដល់​បី​ឆ្នាំ។ មាត្រា​ច្បាប់​នេះ​ចាត់​ទុក​ថា​ការ​បង្ក​ឲ្យ​មាន​ភ័យខ្លាច ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ឬ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​បុគ្គលិក​រដ្ឋាភិបាល​ជា​បទ​ឧក្រិដ្ឋ។​

រូបឯកសារ៖ បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ និង​អ្នក​កាសែត​ម្នាក់​នាំ​គ្នា​រត់ ខណៈ​ដែល​ប៉ូលិស​បង្ក្រាប​កុបកម្ម​រត់​ដេញ​តាម​ពួកគេ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១។

បណ្តាញ​សារព័ត៌មាន​មួយ​ចំនួន​ដូចជា​ Myanmar Now សារព័ត៌មាន Khit Thit និង​សារ​ព័ត៌មាន​ Mizzima បាន​ចាក​ចេញ​ពី​ទីក្រុង​ហើយ​រាយការណ៍​ពី​ទី​តាំង​ក្នុង​ព្រៃ។ អ្នក​សារព័ត៌មាន​ជាច្រើន​បាន​បាត់បង់​ការងារ​របស់​ពួកគេ​ឬ​បាន​លា​ឈប់​ដោយសារមូលហេតុ​សន្តិសុខ។

របបយោធា​មិន​បាន​បិទ​ទីភ្នាក់ងារសារព័ត៌មាន​របស់​ខ្ញុំ​ឡើយ ហើយ​ទោះ​បី​ជា​មាន​ការ​លំបាក​និង​បញ្ហា​សន្តិសុខ ខ្ញុំ​ចង់​នៅ​ក្នុង​ប្រទេស ដើម្បី​បន្ត​តាម​ដានអ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដើម្បីចែក​ចាយ​ព័ត៌មាន​ក្នុង​ប្រទេស​និង​ទៅ​បរទេស​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ប្រយុទ្ធ​នឹង​អំណាច​ផ្តាច់ការ។

យើង​ដែល​ជា​អ្នកសារព័ត៌មាន​នៅ​សេសសល់​ ប្រឈម​នឹង​បញ្ហា​លំបាក​ជាច្រើន។

នៅ​ស្ថាប័ន​សារ​ព័ត៌មាន​របស់​ខ្ញុំ​ ឈ្មោះ​អ្នក​រាយការណ៍​ត្រូវ​បាន​ជំនួស​ដោយ​ឈ្មោះ​ទីភ្នាក់ងារ​ព័ត៌មាន ដើម្បី​ព្យាយាមរក្សា​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន។ នៅ​ពេល​ដែល​រដ្ឋ​ប្រហារ​ទើប​នឹង​ចាប់​ផ្តើម អ្នក​សារព័ត៌មាន​នានា​បាន​ហៅ​ខ្លួន​ឯង​ថា​ជា​ក្រុម​ផ្សព្វផ្សាយ​សារព័ត៌មានដើម្បី​ចៀស​វាង​ការ​ចាប់​ខ្លួន​ និង​បង្ក​ការ​ងាយស្រួល​ក្នុង​ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​នឹង​បាតុករ។ បន្ទាប់​មក​យើង​បាន​យល់​ថាការ​ធ្វើ​បែប​នោះ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ជា​ជាង​ការពារ​ខ្លួន​បាន។ អ្នក​សារព័ត៌មាន​ដែលរាយការណ៍​អំពី​អំពើ​ឃោរឃៅ​នៅ​ក្នុង​ប្រទេស​និង​ទៅ​ក្រៅ​ប្រទេស​ជា​គោលដៅ​របស់​កង​កម្លាំង​សន្តិសុខ។ អ្នក​ថត​រូប​សារព័ត៌មាន​ឈប់​ប្រើ​ម៉ាស៊ីន​ថត​អាជីព​របស់​ខ្លួន​ ប៉ុន្តែ​សូម្បី​តែ​ការ​ថត​រូប​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដែរ។

ការ​ព្យាយាម​ប្រមូល​ព័ត៌មាន​នៅ​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​គឺ​លំបាក។ ប្រជាជន​មិន​ទុក​ចិត្ត​យើង​ឡើយ។ ពួកគេ​បារម្ភ​មនុស្ស​ប្លែក​មុខ​បន្ទាប់​ពី​មាន​អ្នក​ផ្តល់​ព័ត៌មាន​ចែក​រំលែក​ព័ត៌មាន​ពិស្តារ​ពី​សកម្មភាព​របស់​ពួកគេ​ជាមួយ​នឹងអាជ្ញាធរ​ក្នុង​ស្រុក។ ក្នុង​ករណី​មួយ​ចំនួន ខ្ញុំ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​យក​ព័ត៌មាន​ពី​ហេតុការណ៍​ផ្សេងៗ។​

ឥឡូវ​នេះ​ នៅ​ពេល​ដែល​ខ្ញុំ​រាយការណ៍​ពី​បាតុកម្ម ដំបូង​គេ​ខ្ញុំ​ត្រូវ​ណែនាំ​ខ្លួន​ឯង​ទៅ​កាន់​មេដឹកនាំ​បាតុកម្ម​នោះ​ដើម្បី​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត។

ការ​ប្រមូល​ផ្តុំ​ទ្រង់ទ្រាយ​ធំ​តាម​ដង​ផ្លូវ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​បាន​បែក​ខ្ញែកម្តង​បន្តិចៗ​ប៉ុន្តែ​ទាហាន​បន្ត​បញ្ឈប់​យានយន្ត​ ពិនិត្យ​ទូរស័ព្ទ​ដៃ​ប្រជាជន និង​ចាប់​ខ្លួន​បើ​សិន​ជា​ពួកគេ​រក​ឃើញ​អ្វី​ដែល​ទាក់ទង​នឹង​ចលនា​បាតុកម្ម។

ដោយសារ​តែ​ស្ថានភាព​សន្តិសុខ​កាន់​តែ​អាក្រក់ យើង​ទំនាក់​ទំនង​ជាមួយ​និពន្ធ​នាយក​ ​មិត្ត​រួម​ការងារ​ផ្សេងៗ​ និង​ប្រភព​តាម​រយៈ​អ៊ីនធឺណិត និង​ទូរស័ព្ទ​ដៃ​ជាជាង​ជួបគ្នា​ផ្ទាល់។ ការ​ទំនាក់​ទំនង​គ្នា​តាម​ទូរស័ព្ទ​គឺ​គ្រោះថ្នាក់​សម្រាប់​ខ្ញុំ​និង​ប្រភព​ព័ត៌មាន​របស់​ខ្ញុំ​ដោយសារ​តែ​យោធា​អាច​ស្ទាក់​ចាប់​ការ​សន្ទនា។ ជាអកុសល យើង​គ្មាន​ជម្រើស​ឡើយ​នៅ​ពេល​ដែល​យោធា​បាន​កាត់​ផ្តាច់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​និង Wi-Fi ទាំងស្រុង។ បណ្តាញ​ខ្សែ​អុបទិក​អាច​ប្រើ​សម្រាប់​អ៊ីនធឺណិត​បាន ប៉ុន្តែ​បាន​តែ​នៅ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ​ដោយសារ​តែ​តំបន់​ភាគច្រើន​នៃ​ប្រទេស​នេះ​មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​នេះ​បាន​ឡើយ។ ការ​បិទ​ទាំង​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ធ្វើ​ការ​និង​ទាក់ទង​ជាមួយ​នឹង​ប្រភព​ព័ត៌មាន​របស់​ខ្ញុំ។​

អ្នក​នយោបាយ​ភាគច្រើន​កំពុង​លាក់ខ្លួន។ ខ្លះ​ទៀត​បាន​ទៅ​ដល់​ព្រំដែន​ហើយ​អាច​ប្រើ​អ៊ីនធឺណិត​បាន ដូច្នេះ​ពួកគេ​អាច​ផ្តល់​ការ​សម្ភាសន៍​និង​ចែកចាយ​ព័ត៌មាន​អំពី​សកម្មភាព​របស់​ពួកគេ។

ដោយ​ខ្ញុំ​រស់​នៅ​ជាយ​ក្រុង​រ៉ង់ហ្គូន​ និង​មិន​អាច​ប្រើ​បណ្តាញ​ខ្សែ​អុបទិក​បាន ខ្ញុំ​ត្រូវ​តែ​ទៅ​ធ្វើការ​នៅ​ផ្ទះ​មិត្តភក្តិ​ម្នាក់​ហើយ​ត្រូវ​កាន់កុំព្យូទ័រ​ផ្ទាល់​ខ្លួន​និង​ទូរស័ព្ទ​ដៃ ដែល​មាន​ផ្ទុក​ព័ត៌មាន​ជាច្រើន​រួម​ទាំង​ព័ត៌មាន​ទាក់ទិន​នឹង​រដ្ឋប្រហារ​យោធា​និង​ចលនា​បាតុកម្ម​ផងដែរ។ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​អាច​ត្រូវ​បានឃាត់​ហើយ​ត្រូវ​ឆែក​ឧបករណ៍​របស់​ខ្ញុំ។ វាមាន​ហានិភ័យ​ខ្លាំង​ក្នុង​ការ​ធ្វើ​ការ ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​ប្រឈម​នឹង​វា​ទើប​អាច​ធ្វើ​ការ​រាយការណ៍​ព័ត៌មាន​បាន​ទាន់​ពេល។

ក្រុម​យោធា​កំពុង​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​មិន​ត្រឹម​តែ​នៅ​ក្នុង​ទីក្រុង​ទេ ប៉ុន្តែ​ពួកគេ​ក៏​ចាប់​នៅ​តាម​ទី​ជនបទ​ដែរ។ ស្ថាបនិក​និង​និពន្ធនាយក​ទីភ្នាក់ងារ​សារព័ត៌មាន​នានាត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ផ្ទះ​របស់​ពួកគេ។ ការ​ចាប់​ខ្លួនអ្នកសារព័ត៌មាន​អាមេរិកាំង​លោក Danny Fester ដែល​ជា​និពន្ធ​នាយក​គ្រប់គ្រង​នៃ​សារព័ត៌មាន Frontier Myanmar ​ដែល​មាន​ទី​តាំង​នៅ​រ៉ង់ហ្គូន បាន​ធ្វើ​ឲ្យខ្ញុំ​រន្ធត់។

លោក​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អាកាសយានដ្ឋាន​រ៉ង់ហ្គូន​ដោយ​គ្មាន​ការ​ឲ្យ​ដំណឹង​ជាមុន។ ខ្ញុំ​មាន​អារម្មណ៏​ថា​អ្នក​ណា​ក៏​អាច​ត្រូវ​គេ​ចាប់​ខ្លួន​បាន​ដែរ​គ្រប់​ពេល​វេលា ដោយ​គ្មាន​ហេតុផល​អ្វីទាំង​អស់។

រហូត​មក​ដល់​ពេល​នេះ ទោះ​បី​ជា​ខ្ញុំ​អាចរាយការណ៍​ព័ត៌​មាន​បាន​ពិត​ប្រាកដ ខ្ញុំ​ដឹង​ថា​ស្ថានភាព​ដ៏​អាក្រក់​សម្រាប់​អ្នក​សារព័ត៌មាន​ឯ​ទៀត​អាច​នឹង​ប៉ះពាល់​ខ្ញុំ​បាន​គ្រប់​ពេល​វេលា។

តាំង​ពី​មាន​រដ្ឋ​ប្រហារ​មក ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​មីយ៉ាន់ម៉ា​បាន​ត្រឡប់​ទៅ​រក​ស្ថានភាព​ឆ្នាំ​២០១០​មុន​នឹង​ប្រទេស​នេះ​ចាប់​ផ្តើម​ដំណើរ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន។​

តាម​បទ​ពិសោធន៍​របស់​ខ្ញុំ​ដែល​បាន​ធ្វើ​ការ​ក្រោមស្ថាប័ន​ដែល​រឹតត្បិតដោយ​យោធា​ដែល​ត្រូវ​បាន​លុបបំបាត់​កាល​ពី​ឆ្នាំ​២០១២ ខ្ញុំ​រំពឹង​ថា​របប​យោធា​នឹង​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដោយ​បង្កើត​ឲ្យ​មាន​គណៈកម្មាធិការ​ស្រដៀង​គ្នា​នោះ​ដើម្បី​ពង្រឹង​ច្បាប់។

ខ្ញុំ​មិន​អាច​ទាយ​បានថា​តើ​អង្គការ​សេរីភាព​សារព័ត៌មាន​និង​ប្រព័ន្ធផ្សព្វផ្សាយ​ដែល​កំពុង​តស៊ូ​យ៉ាង​ស្វិតស្វាញ​ទាំង​នេះ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រតិបត្តិ​យូរ​ប៉ុណ្ណា​ទៀត​នោះ​ទេ។ ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ច្រើន​ក៏​ដោយ​ ខ្ញុំ​ពិត​ជា​ចង់​រស់​នៅ​ក្នុង​ប្រទេស​និង​រាយការណ៍​ព័ត៌មាន​ដរាបណា​ខ្ញុំ​នៅ​តែ​អាច​ធ្វើ​បាន៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ