បើទោះបីជារដ្ឋាភិបាលបានបិទបញ្ចប់ការស៊ើបអង្កេតលើសោកនាដកម្មនៅកោះពេជ្រទៅហើយក្ដី ក៏អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកមួយបានចាប់ផ្ដើមការស៊ើបអង្កេតឯករាជ្យរបស់ខ្លួនលើករណីនេះ។ លទ្ធផលជំហានដំបូងបានបង្ហាញពីការរកឃើញមិនស្របគ្នាទៅនឹងរបាយការណ៍របស់រដ្ឋាភិបាល។
របាយការណ៍បឋមរបស់អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយបានបង្ហាញថា មានហេតុផលមួយចំនួនផ្សេងទៀតដែលបានហ៊ុមព័ទ្ធក្នុងព្រឹត្តិការណ៍ដ៏ប្រល័យនៅលើស្ពានកោះពេជ្រ ក៏ប៉ុន្ដែរដ្ឋាភិបាលមិនបានលើកមកបង្ហាញនោះទេ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា នៅតែមានការលើកឡើងពីគ្រោះថ្នាក់ដោយសារចរន្ដអគ្គិសនី និងការឆ្លៀតកេងយកទ្រព្យសម្បត្តិពីជនរងគ្រោះដោយក្រុមសមត្ថកិច្ច។
“សាក្សីថា មានម៉ូតូ មានការឆក់ (ខ្សែភ្លើង)។ មុនកើតហេតុហ្នឹងមានរបាយការណ៍ថា ក្មេងស្ទាវវ៉ៃគ្នា។ យើងអត់ដឹងថា តើវាពាក់ព័ន្ធនឹងអ្វីដែលនាំឲ្យមានគ្រោះថ្នាក់បែបហ្នឹងទេ។ ហើយមានរបាយការណ៍ថា មានប៉េអឹមលួចទ្រព្យសម្បត្តិរបស់អ្នករបួស និងអ្នកស្លាប់។ ដូច្នេះជារឿងមួយដែលយើងត្រូវការស៊ើបអង្កេតទាំងអស់គ្នា"។
ពីរសប្ដាហ៍មកហើយ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាន និងកំពុងធ្វើការស៊ើបអង្កេតដោយឯករាជ្យ ដោយខ្លួនឯង។ លោកអ៊ូ វីរៈបញ្ជាក់ថា មជ្ឈមណ្ឌលរបស់លោកបានសាកសួរប្រជាពលរដ្ឋជាង៤០នាក់ មកពីខេត្តកំពង់ចាម តាកែវ ខេត្តកណ្ដាល និងទីក្រុងភ្នំពេញ។
កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា គឺនៅចំថ្ងៃទីបីនៃព្រះរាជពិធីបុណ្យអុំទូកដ៏មានមនុស្សណែនដូចស្រមោច ឧបទ្ទវហេតុនៃការប្រជ្រៀតជាន់លើគ្នាលើស្ពានពេជ្របានបណ្ដាលឲ្យមនុស្សស្លាប់រហូត៣៥៣នាក់ និងរបួសជាង ៣៩០នាក់។ រដ្ឋាភិបាលបានបង្កើតអនុគណៈកម្មការចំនួនបីដើម្បីធ្វើការស៊ើបអង្កេតស្វែងរកដើមហេតុនៃគ្រោះថ្នាក់ដ៏សាហាវនេះ។ ប៉ុន្ដែការស៊ើបអង្កេតដែលបានដំណើរការអស់រយៈពេលត្រឹមមួយសប្ដាហ៍ បានបិទបញ្ចប់យ៉ាងប្រញាប់ប្រញាល់។
របាយការណ៍របស់រដ្ឋាភិបាលបានសន្និដ្ឋានថា គ្រោះថ្នាក់ដែលផ្ដាច់ផ្ដិលជីវិតនេះមិនមែនបង្កើតឡើងដោយការរៀបចំ ឬដោយភេរវកម្មទេ។ ប៉ុន្ដែវាកើតចេញពីការប្រជ្រៀតគ្នាយ៉ាងអាក្រក់ ដោយមានការឃោសនាពីការបាក់ស្ពាន តំណាលគ្នានោះដែរ។ ហើយវាក៏មិនមែនជាគ្រោះថ្នាក់ដែលកើត ឡើងដោយការឆក់ចរន្ដអគ្គិសនីដែរ។
លោកអ៊ូ វីរៈ រិះគន់ថា ការស៊ើបអង្កេតទៅលើការស្លាប់បែបនេះគួរតែមានភាពល្អិតល្អន់ជាងនេះ។
“អ្នកដែលស៊ើបអង្កេតគឺមិនចង់បន្ទោសគ្នាឯង។ តាមពិត ការស៊ើបអង្កេតនេះគ្រាន់តែជារឿងមួយ គ្រាន់តែជាការឧបកិច្ចទេ ដោយសារពួកគាត់បានដឹងចម្លើយមុនធ្វើការស៊ើបអង្កេតទៅទៀត។ ហើយជាទូទៅ ការស៊ើបអង្កេតមិនអាចបញ្ចប់ក្នុងពេលមួយសប្ដាហ៍អញ្ចឹងទ។ គេត្រូវតែធ្វើការស៊ើបអង្កេតលម្អិត ហើយការស៊ើបអង្កេតលម្អិតមិនអាចធ្វើដូចបច្ចុប្បន្នអញ្ចឹងទេ"។
លោកអះអាងថា ការស៊ើបអង្កេតដែលធ្វើឡើងដោយមជ្ឈមណ្ឌលរបស់លោកនឹងត្រូវស៊ីពេលយ៉ាងតិចចំនួនប្រាំមួយខែ។ ហើយលទ្ធផលនៃការស៊ើបនោះក៏នឹងត្រូវដាក់ជូនរដ្ឋាភិបាល និងរដ្ឋសភាផងដែរ។
លោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សរបស់អង្គការអាដហុកនិយាយថា លទ្ធផលស៊ើបអង្កេតរបស់រដ្ឋាភិបាលនៅមិនទាន់គួរឲ្យជឿជាក់នៅឡើយ។
“យើងគិតថា ការស៊ើបអង្កេតរបស់រាជរដ្ឋាភិបាលយើងមិនទាន់បានគ្រប់គ្រាន់ និងបង្ហាញអំពីការជឿជាក់របស់សង្គមស៊ីវិល ក៏ដូចជាការជឿជាក់របស់ពលរដ្ឋមួយចំនួនដែលបានឃើញឧបទ្ទវហេតុនោះទេ"។
គណបក្សជំទាស់ដ៏មានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា គឺគណបក្សសម រង្ស៊ី បានស្នើឲ្យរដ្ឋសភាជាតិបង្កើតគណៈកម្មការពិសេសមួយសម្រាប់ស៊ើបអង្កេតសោកនាដកម្មលើស្ពានពេជ្រនោះ ក៏ប៉ុន្ដែលោកហេង សំរិន ប្រធានរដ្ឋសភា បានទាត់ចោលសំណើនោះ។
លោកសុន ឆៃ ប្រធានក្រុមតំណាងរាស្ដ្ររបស់គណបក្សសម រង្ស៊ី បានឲ្យដឹងថា គណបក្សរបស់លោកអាចនឹងបើកកិច្ចប្រជុំមួយនៅចុងសប្ដាហ៍នេះ ដោយមានការពិនិត្យឡើងវិញអំពីលទ្ធភាពនៃការស៊ើបអង្កេតដែលពុំមានការគាំទ្រនេះ។
“ឥឡូវប្រទេសជាច្រើន អ្នកមានតួនាទីទទួលខុសត្រូវ គេចិត្តសឿង។ គេលាលែងដើម្បីកុំឲ្យរំខានដល់ការស៊ើបអង្កេត។ ហើយគេសុខចិត្តទទួលទោស បើសិនណាជារកឃើញថា មានកំហុស។ យើងទៅជាអ្នកទទួលខុសត្រូវស៊ើបអង្កេតខ្លួនឯង ហើយអត់ចេញជាលទ្ធផលអ្វី។ រឿងទាំងអស់នេះហើយដែលជាមូលដ្ឋានដែលយើងត្រូវតែមានការស៊ើបអង្កេតចាំបាច់មួយ"។
វីអូអេបានទាក់ទងលោកព្រហ្ម សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នៅលើស្ពានពេជ្រ និងលោកខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហើយនិងលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល តែមិនអាចជួបទេ។
កាសែតប្រចាំថ្ងៃ ភ្នំពេញប៉ុស្ដិ៍បានបង្ហាញសាក្សីដែលផ្ដល់អត្តសញ្ញាណមួយចំនួនដែលបានអះអាងថា ពួកគេនៅតែជឿថា ព្រឹត្តិការណ៍ដ៏រន្ធត់ដែលបណ្ដាលឲ្យមានការស្លាប់គរលើគ្នារាប់រយនាក់នោះ មួយផ្នែកបណ្ដាលមកពីការឆក់ចរន្ដអគ្គិសនី។ ប៉ុន្ដែរដ្ឋាភិបាលនៅតែរក្សាជំហរច្រានចោលមូលហេតុនេះ។ ជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះមួយចំនួនបានទាមទារឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត។
ស្ពានពេជ្រ ដែលមានគ្រោះកំណាចនោះ ត្រូវបានបើកឲ្យប្រើប្រាស់ឡើងវិញកាលពីថ្ងៃទី៨ ខែធ្នូ។ ក៏ប៉ុន្ដែរហូតមកទល់ពេលនេះ មណ្ឌលកម្សាន្តដែលធ្លាប់មានប្រជាប្រិយភាពនេះនៅតែស្ថិតនៅក្រោមការក្រែងរអាពីអ្នកដើរកម្សាន្តនៅឡើយ។ ក្រៅពីបទភ្លេងដែលគេចាក់លាន់ឮទ្រហឹងនៅតាមស្ដង់ដែលគេរៀបចំនៅក្បែរស្ពាន មានអ្នកមកលំហែនៅទីនេះតិចតួចទៅមកឆ្លាស់គ្នា ហើយអ្នកខ្លះបានព្យាយាមមិនឆ្លងកាត់ស្ពានដែលជាទីលាននៃការបាត់បង់ជីវិតនោះទេ។
លោកនាយករដ្ឋមន្ដ្រីហ៊ុន សែនបានប្រកាសថា នឹងមិនមានអ្នកទទួលខុសត្រូវណាម្នាក់ត្រូវផ្ដន្ទាទោសដោយសារតែឧបទ្ទវហេតុនេះទេ។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកសុន ឆៃ តំណាងរាស្រ្ដគណបក្សសម រង្ស៊ី និងលោកចាន់ សាវ៉េត ប្រធានស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សរបស់អង្គការអាដហុក នៅតែទទូចឲ្យមានការទទួលខុសត្រូវ ដោយចាត់ទុកថា ការអត់ឱនទោសសម្រាប់ការទទួលខុសត្រូវក្នុងបញ្ហានេះ គឺជាប្រពៃណីអាក្រក់។
លោកព្រហ្ម សុខាធ្លាប់មានប្រសាសន៍ក្រោយពីការបិទបញ្ចប់ការស៊ើបអង្កេតនេះថា គ្រោះថ្នាក់គឺបណ្ដាលមកពីការវាយតម្លៃសភាពការណ៍ខុស។
“គឺយើងនឹកស្មានមិនដល់ថា វាកើតឧបទ្ទវហេតុផ្អើលឆោរឡោប្រជ្រៀតជាន់គ្នាបែបនេះទេ។ យើងមានសមត្ថភាព ប៉ុន្ដែឧបទ្ទវហេតុនេះបានទៅលើសមួយកម្រិតពីសមត្ថភាពដែលយើងបានត្រៀមរៀបចំ"។
ម្យ៉ាងវិញទៀត លោកសុខ អាន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ចាត់ទុកថា គ្រោះថា្នក់នោះគឺជាការរៀនសូត្រ។
“សោកនាដកម្មជាបទពិសោធន៍ដែលធ្វើឲ្យយើងរៀនសូត្រថែមមួយជំហានទៀតឲ្យកាន់តែស៊ីជម្រៅ"។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះមានអ្នកជំងឺមួយចំនួនកំពុងបន្ដសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ រដ្ឋាភិបាលបានចេញសោហ៊ុយព្យាបាលពួកគេ ហើយពួកគេទទួលបានប្រាក់ឧបត្ថម្ភជាទឹកប្រាក់មួយចំនួនពីសប្បុរសជន។ ដោយឡែកជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ទទួលបានប្រាក់ជំនួយពីមជ្ឈដា្ឋននានាចំនួនជាង១០.០០០ដុល្លារអាមេរិក។ ការឧបត្ថម្ភទាំងនេះទំនងជាទឹកប្រាក់ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋគ្រួសារជនរងគ្រោះដ៏ក្រីក្រ ដែលអាចលួងចិត្តពួកគេឲ្យធូរស្បើយបានខ្លះ ក៏ប៉ុន្ដែសោកនាដកម្មនេះទំនងជាត្រូវការការព្យាបាលច្រើនជាងនេះ៕