អ្នកនិពន្ធតន្ត្រីល្បី បណ្ឌិត អ៊ុង ជិនណារី ជំរុញសិល្បករឲ្យស្តាប់អារម្មណ៍ក្នុងខ្លួន
Your browser doesn’t support HTML5
លោក បណ្ឌិត អ៊ុង ជិនណារី គឺជាអ្នកនិពន្ធតន្ត្រីខ្មែរអាមេរិកាំងល្បីល្បាញជាអន្តរជាតិម្នាក់ ដែលទើបតែទទួលពានរង្វាន់កិត្តិយសខ្ពស់បំផុតមួយនៅសហរដ្ឋអាមេរិក គឺសមាជិកភាពពេញមួយជីវិតនៅបណ្ឌិត្យសភាអាមេរិកាំងសម្រាប់សិល្បៈនិងអក្សរ ឬ American Academy of Arts and Letters។
តន្ត្រីករ និងសាស្ត្រាចារ្យតន្ត្រី វ័យ៧៧ឆ្នាំរូបនេះ បានចូលបំពេញការងារក្នុងស្ថាប័នដែលជាបណ្តុំស្ថាបត្យករ សិល្បករ អ្នកនិពន្ធតន្ត្រី និងអ្នកនិពន្ធសៀវភៅ ឈានមុខគេ ២៥០នាក់នេះ កាលពីខែឧសភា។ សមាជិករបស់បណ្ឌិត្យសភាទាំងអស់នេះ ធ្វើការគ្រប់គ្រងនិងផ្តល់ពានរង្វាន់សិល្បៈជាច្រើន ដើម្បី «ជំរុញ ជួយ និងទ្រទ្រង់ឧត្ដមភាព» ក្នុងវិស័យអក្សរសាស្ត្រ តន្ត្រី និងសិល្បៈរបស់សហរដ្ឋអាមេរិក។
នៅឆ្នាំ១៩៦៤ លោកបណ្ឌិត អ៊ុង ជិនណារី គឺជាសិស្សវិទ្យាល័យម្នាក់ក្នុងទីក្រុងភ្នំពេញ នៅពេលដែលលោកបានទទូលអាហារូបករណ៍ទៅសិក្សាឧបករណ៍ត្រែ Clarinet នៅសាលាតន្ត្រី Manhattan ក្នុងទីក្រុងញូវយ៉ក។ ចាប់តាំងពីពេលនោះមក លោកបានរកឃើញភាពជោគជ័យនៅក្នុងទឹកដីនៃសេរីភាពនិងភាពច្នៃប្រឌិតរបស់សហរដ្ឋអាមេរិក។ លោកបណ្ឌិត អ៊ុង ជិនណារី និយាយថា ភាពជោគជ័យរបស់លោក គឺបានមកពីអត្តសញ្ញាណខ្មែរនិងកុមារភាពនៅតាមវាលស្រែរបស់លោក។
លោកថ្លែងថា៖ «គឺដោយសារវប្បធម៌ខ្មែរ។ អ្វីដែលខ្ញុំបានរៀនពីវាលស្រែ។ អ្វីដែលផ្ដិតក្នុងអារម្មណ៍ខ្ញុំបំផុត។ ហើយខ្ញុំមានមោទនភាពពេលនិយាយថាខ្ញុំជាជនជាតិខ្មែរ»។
ពិធីតែងតាំងសមាជិកជាផ្លូវការរបស់បណ្ឌិត្យសភាអាមេរិកាំងសម្រាប់សិល្បៈនិងអក្សរ ត្រូវបានផ្អាកដោយសារការរាតត្បាតជាសកលនៃវីរ៉ុសកូរ៉ូណា ហើយនឹងត្រូវបានលើកទៅប្រារព្ធនៅខែឧសភាឆ្នាំ២០២១ នៅក្នុងទីក្រុង New York។
ថ្មីៗនេះ VOA បានទៅជួបលោកបណ្ឌិត អ៊ុង ជិនណារី នៅគេហដ្ឋានក្នុងទីក្រុង San Diego រដ្ឋ California របស់លោក ដើម្បីជជែកអំពី បណ្តាស្នាដែនិពន្ធតន្ត្រីឈ្នះពានរង្វាន់ដែលលោកបានបង្កើតឡើង ការវិវត្តនៃអត្តសញ្ញាណនិងវប្បធម៌ខ្មែរ និងដំណើរស្វែងរកភាពជោគជ័យក្នុងវិស័យសិល្បៈ។