ការ​ប្រយុទ្ធ​ប្រដាប់​អាវុធ​បន្ត​នៅ​ព្រំដែន​កម្ពុជា​ថៃ​ ខណៈ​ឥណ្ឌូនេស៊ី​លប់ចោល​ដំណើរ​ទស្សនកិច្ច

រថពាស​ដែក​របស់​កង​​យោធពល​ខេមរភូមិន្ទ​កំពុង​សំចត​នៅ​ជិត​​តំបន់​ព្រំដែន​ជម្លោះ​រវាង​​ប្រទេស​កម្ពុជា​និង​ថៃ ​នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​អំពិល​ខេត្ត​ឧត្តរមានជ័យ ​ចម្ងាយ​ប្រមាណ​៣២៥គីឡូម៉ែត្រ ភាគ​ពាយ័ព្យ​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៥​ខែមេសា​ឆ្នាំ​២០១១​

កម្ពុជា​និង​ថៃនៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ ​បាន​វាយ​ប្រយុទ្ធ​គ្នា​ឈានដល់​ថ្ងៃ​ទី​បួន​នៅ​តំបន់​ប្រាសាទ​តាមាន់​និង​ប្រាសាទ​តាក្របី​ តាម​បណ្តោយ​ក្រវ៉ាត់​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ​និង​ខេត្តសុរិន្ទ។

ពុំមាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​ចំនួន​មនុស្ស​ស្លាប់​និង​រងរបួស​រវាង​ភាគី​ទាំងពីរ​ទេ។ ការ​វាយ​ប្រយុទ្ធ​គ្នានេះ ​បាន​កើត​ឡើង​ក្រោយ​ពេល​លោក​ ម៉ាទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី ​និង​ជា​ប្រធាន​សមាគម​អាស៊ាន ​បា​នលើក​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​និង​ថៃ​ ដើម្បី​ចុះ​កិច្ចព្រមព្រៀង​ដាក់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូនេស៊ី​នៅតាម​ព្រំដែន​មាន​ជម្លោះ។

រូបភាព​នៃ​ការ​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន៖

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​សមរភូមិ​មុខ​ បាន​ថ្លែង​ប្រាប់​ វីអូអេ​ខ្មែរ​ នៅ​ប៉ុន្មាន​នាទី​មុននេះ​ថា ​កងទ័ព​កម្ពុជា​និង​កងទ័ព​ថៃបាន​ធ្វើការ​វាយប្រយុទ្ធ​គ្នា​សារជាថ្មី​ម្តងទៀត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បាន​ឈាន​ចូល​ដល់​ថ្ងៃទី​បួន​ហើយ។ ក៏ប៉ុន្តែ​លោក​ពុំទាន់​មាន​របាយការណ៍​លម្អិត​អំពី​ចំនួន​មនុស្ស​ស្លាប់​និង​រងរបួស​រវាង​ភាគី​ទាំង​ពីរ​ទេ។ លោក​ស៊ីផាន បន្ត​ថា៖

«នៅ​ប្រាសាទ​តាក្របី​មាន​ការ​ប្រយុទ្ធ​គ្នា។ ក៏​ប៉ុន្តែ​តុល្យភាព​របៀប​ម៉េច ​យើង​អត់ទាន់​ទទួល​បានដឹង​ទេ ​ពីព្រោះ​កំពុង​ជាប់​ដៃគ្នា»។

ការ​វាយ​ប្រយុទ្ធគ្នា​សារជាថ្មី​ម្តងទៀត​នៅថ្ងៃ​ច័ន្ទ​នេះ​ គឺ​ស្របពេល​ដែល​ប្រធាន​សមាគម​អាស៊ាន​ លោក​ ម៉ាទី ណាតាឡេហ្កាវ៉ា​ បាន​ពន្យារ​ពេល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ និង​ថៃ​ ដើម្បី​ចុះ​ហត្ថលេខា​ដាក់​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​នៅ​តាម​ក្រវ៉ាត់​ព្រំដែន​មាន​ជម្លោះ។

ជន​ភៀស​សឹក​ខ្មែរ​កំពុង​ចែក​សម្ល​គ្នា​សម្រាប់​បាយ​ល្ងាច​នៅ​ឯ​ជំរុំ​ភៀសសឹក​មួយ​នៅ​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ចម្ងាយ​ប្រមាណ​៣២៥គីឡូម៉ែត្រ​ភាគ​ពាយ័ព្យ​ទី​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥​ខែមេសា​ឆ្នាំ​២០១១។

លោក​កុយ គួង ​អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ លោក​ ម៉ាទី ណាតាឡេហ្កាវ៉ា​ បាន​ពន្យាររ​ពេល​មក​ទស្សនកិច្ច​កម្ពុជា​និង​ប្រទេស​ថៃ​ដោយគ្មាន​ការកំណត់។

កញ្ញា ដេវី ប៉េត្រូលីសា (Dewi Petroliza) មន្រ្តី​ទទួលបន្ទុក​ព័ត៌មាន​ និង វប្បធម៌​សង្គម​របស់​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

«ដូច​អ្វី​ដែល​ខ្ញុំ​បានប្រាប់​នេះ​មិនមែន​ជា​ការពន្យាររ​ពេល​គ្មាន​ការ​កំណត់​ទេ។ ក៏ប៉ុន្តែ​នឹង​រៀបចំកាល​បរិច្ឆេទ​សារជាថ្មី​ម្តងទៀត។ យើង​រង់ចាំ​ការ​វិវត្ត​នៃ​ស្ថានការណ៍»។

លោក​កុយ គួង ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ​ការ​ពន្យារ​ពេល​ របស់​លោក​ ម៉ាទី ណាតាឡេហ្កាវ៉ា​ សង្ស័យ​ថា​ គឺ​ដោយសារ​តែ​ភាគី​ថៃ​មិនចុះ​ហត្ថលេខា​ដាក់​អ្នក សង្កេតការណ៍​ឥណ្ឌូនេស៊ី​នៅតាម​ក្រវ៉ាត់​ព្រំដែន។

«ការ​ដែល​លើក​ពេល​ចុះ​ហត្ថលេខា​លើ​ឯកសារ​ដាក់​អ្នក​សង្កេតការណ៍​នេះ ​គឺ​ធ្វើឲ្យ​វត្តមាន​អ្នក​សង្កេត​ការណ៍ ​និង​កាន់តែ​ពន្យារ​ពេល​ចេះតែ​យូរ​បន្តទៀត​ ដោយ​ទុក​លទ្ធភាព​ឲ្យ​ពួក​ខ្មាំង​ថៃ​ឈ្លានពាន​អាច​ធ្វើ​ភ្លៀង​ ធ្វើផ្គរ​ ធ្វើព្យុះ​ ធ្វើភ្លៀង ​ឈ្លានពាន​មកលើ​កម្ពុជា ​បង្ក​ការបាញ់​មកលើ​កម្ពុជា​តាម​អំពើ​ចិត្តទៀត»។

លោក​ កាស៊ីត ភីរម្យ (Kasit Piromya) រដ្ឋមន្រ្តី​ការបរទេស​ថៃ​ ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍​ដកស្រង់​ សម្តីមក​ចុះ​ផ្សាយ​នៅថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ការ​ពន្យារពេល​ទស្សនកិច្ច​របស់​លោក​ ម៉ាទី ណាតាឡេហ្កាវ៉ា​ ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចុង​ក្រោយ​នៅ​តាម​ព្រំដែន។

លោក​បាន​មាន​ប្រសាសន៍​ទៀតថា ​លោក​នឹង​ជួប​លោក​ ម៉ាទី ណាតាឡេហ្កាវ៉ា​ ​និង​លោក​ឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង ​នៅថ្ងៃ​ទី២៨ ​ខែ​មេសា​ខាងមុខ​នេះ។

ក្រសួង​ការបរទេស​កម្ពុជា ​នៅថ្ងៃ​ច័ន្ទនេះ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ថៃ​បាន​ប្រើប្រាស់​ យន្តហោះ​ប្រយុទ្ធ​ចំនួន​ពីរគ្រឿង​នៅលើ​ប្រាសាទ​តាមាន់​ និង​ប្រាសាទ​តាក្របី​ ដោយ​បាន​បាញ់​គ្រាប់​កាំភ្លើង​ផ្លោង​១៥៥​មីលីម៉ែត្រ​ចំនួន​៦គ្រាប់​ចូល​ទៅក្នុង​តំបន់​គោកមន​ជម្រៅ​២២គីឡូម៉ែត្រ​នៅក្នុង​ទឹកដី​កម្ពុជា​ ដែល​មាន​ប្រជាជន​ស៊ីវិល​យ៉ាងច្រើន​កំពុង​រស់នៅ។ ក៏ប៉ុន្តែ​ពុំមាន​សេចក្តី​រាយការណ៍​អំពី គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​ទេ។

កាសែត​បាងកក​ប៉ុស្តិ៍ ​បាន​ចុះផ្សាយ​ថា​នៅក្នុង​រយៈពេល​ការ​ប្រយុទ្ធ​គ្នា ​ដែល​បាន​កើតមាន​ឡើង​កាលពី​ថ្ងៃសុក្រ​យ៉ាងតិច​មាន​ទាហាន​ថៃ​ចំនួន​៥នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​និង​រងរបួស​ចំនួន​៣៥នាក់៕