ភាព​តានតឹង​ផ្នែក​សាសនា​កើន​ឡើង​នៅ​ឥណ្ឌូណេស៊ី

  • Sara Schoenhardt
    VOA

ស្រ្តី​ពីរនាក់​នេះ​​ឈរ​ថតរូប​​នៅ​មុខ ​Christmas Tree។

ដ្យាការតា ​ឥណ្ឌូណេស៊ី៖ សមាជិក​នៃ​ព្រះ​វិហារប្រូតេស្តង់គ្រឹស្ត បាតាក (Batak Christian Protestant Church) ត្រូវ​តែ​រក​កន្លែង​ថ្មី​មួយ​ដើម្បី​គោរព​ប្រតិបត្តិ​សាសនា បន្ទាប់​ពី​ក្រុម​អ្នកតវ៉ា​បាន​បង្ខំពួក​គេឲ្យជម្លៀសខ្លួនចេញ​ពី​ផ្ទះ​ចំនួន​៧​ខ្នង ក្នុង​ចំណោម​ផ្ទះ​ ដែល​ពួកគេប្រើ​ដើម្បីប្រតិបត្តិ​សាសនា។ ក្រុម​អ្នក​តវ៉ា ដែល​ជា​ក្រុម​កាន់​សាសនា​អ៊ី​ស្លាមនិយម​តឹង​បាន​និយាយ​ថា ​ក្រុម​គ្រឹស្ត​សាសនិក ​ជាប់​ពាក់ព័ន្ធទៅ​នឹង​សកម្មភាព​សាសនា​ខុស​ច្បាប់។ ឧបទ្ទវហេតុ​នេះ បាន​ទាញ​ការ​យក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំងទៅ​លើ​ភាពមិន​ចេះ​អត់​ឱនគ្នានៅក្នុងប្រទេស​មួយ ដែល​លោកប្រធានាធិបតីសហរដ្ឋ​អាមេរិក​ បា​រ៉ាក់ អូ​បា​ម៉ា ​បាន​សរសើរ​កាល​ពី​ពេល​ថ្មីៗ​នេះ ចំពោះ​ការ​ដែលប្រទេស​នេះមាន​ពហុសាសនា។

កាល​ពី​ថ្ងៃ​អាទិត្យ ក្រុម​អ្នក​តវ៉ាបាន​បញ្ចូល​ក្រុម​អ្នក​គាំ​ទ្ររបស់​រណសិរ្សការ​ពារសាសនា​អ៊ីស្លាម (Islamic Defenders Front) ដែល​ជា​ក្រុមអ៊ីស្លាមប្រកាន់​តឹង ដែលត្រូវបាន​ស្គាល់ដោយ​សារ​កលល្បិចប្រឈម​មុខរបស់​គេ ព្រម​ទាំងសមាជិកនៃ​ចលនាម៉ូស្លីមអភិរក្ស​មួយ​ចំនួន​ទៀត។

យោង​តាម​ច្បាប់​របស់​ឥណ្ឌូនេស៊ី គេហដ្ឋាន​មិន​អាច​ត្រូវបាន​ប្រើ​សម្រាប់​ការប្រារព្ធ​ពិធី​សាសនាឡើយ។ ប៉ុន្តែ ​អ្នក​កាន់​សាសនា​គ្រឹស្តបាតាក បាន​ថ្លែង​ថា ពួក​គេ​ត្រូវ​បាន​បង្ខំឲ្យ​ប្រើ​គេហដ្ឋានរបស់​ខ្លួនដើម្បី​គោរព​ប្រតិបត្តិសាសនា ដោយ​សាររដ្ឋាភិបាល​មិន​អនុញ្ញាតឲ្យ​ពួក​គេ​សាង​សង់​ព្រះ​វិហារ។

ក្រិត្យ​មួយកាល​ពី​ឆ្នាំ​២០០៦ តម្រូវ​ឲ្យក្រុម​សាសនា​ទាំង​ឡាយ​ ដែល​មាន​សមាជិក​លើស​ពី​៩០​នាក់ ធានាថា​ ខ្លួនមាន​អ្នក​គាំ​ទ្រក្នុង​តំបន់​ចំនួនយ៉ាង​តឹច៦០​នាក់​ មុនពេលដែល​ពួក​គេអាច​សាង​សង់កន្លែង​ថ្មី​មួយសម្រាប់​ការ​គោរព​ប្រតិបត្តិ​សាសនា។ ពួក​គេក៏ត្រូវតែទទួល​ការយល់​ស្រប​ពីសំឡេង​ភាគច្រើនពី​ក្រុមមេដឹកនាំសាសនាថ្នាក់​ស្រុក និង​ខេត្ត​ដែរ។

ក្រុម​សិទ្ធិ​មនុស្សបាន​ថ្លែ​ង​ថា បទ​បញ្ជា​នេះ ​ត្រូវ​បាន​ប្រើដើម្បីការ​ពារ​ការ​វាយ​ប្រហារជា​ច្រើន​នៅ​ជុំ​វិញ​ទី​ក្រុង​ហ្សា​ការ​តា កាល​ពី​ប៉ុន្មាន​ខែ​នេះ។ ក្រុម​អ្នក​តាក់​តែង​ច្បាប់មួយ​ចំនួនបាន​អំពាវនាវឲ្យ​មាន​បទ​បញ្ជា​ថ្មី​មួយ ដែល​នឹង​ធានាឲ្យ​មាន​ភាព​សុខ​ដុមរមនាខាង​សាសនា។ អ៊ែន​ឌ្រា​ហា​សូ​ណូ (Andreas Harsono) នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) មាន​ប្រសាសន៍​ថា បទ​បញ្ជា​នេះ មាន​ភាព​តឹង​រ៉ឹង​ពេក។

«ក្រិត្យ​ស្តី​ពីកន្លែង​គោរព​ប្រតិបត្តិ​សាសនា ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​ជា​មូល​ដ្ឋាន​ នៅ​ពេល​ដែល​អ្នកទាំង​នោះគ្រោង​បង្កើតព្រះ​វិហារ ប៉ុន្តែក្រិត្យនេះ​មិន​អាច​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ទេ ​ប្រសិន​បើពួក​គេចង់​កសាងវិហារ​អ៊ី​ស្លាម​នោះ។ ដូច្នេះ ក្នុង​ន័យ​នេះ ក្រិត្យ​ច្បាប់​នេះ ​មាន​ការ​រើស​អើងទៅ​លើក្រុមជនជាតិភាគ​តិច​នៅ​ឥណ្ឌូនេស៊ី»។

អង្គការ​ឃ្លាំ​មើលសិទិ្ធ​មនុស្ស បាន​អំពាវ​នាវ​ដល់រដ្ឋាភិបាលឥណ្ឌូនេស៊ីឲ្យគោរព​តាមការធា​នារបស់​រដ្ឋធម្មនុញ្ញខាង​សេរីភាព​សាសនា ដោយពិនិត្យ​ឡើង​វិញនូវ​ក្រិត្យស្តី​ពីកន្លែងប្រតិបតិ្ត​សាសនា។ ប៉ុន្តែ ​មន្ត្រីនៃក្រសួងកិច្ចការ​សាសនាបាន​និយាយ​ថា បទ​បញ្ជា​នេះ មាន​ភាព​ចាំ​បាច់​ដើម្បីទប់​ស្កាត់​ជម្លោះខាង​និកាយ​សាសនា នៅ​តាម​សហគមន៍ ដែល​មាន​សាសនា​ចម្រុះ​។ ពួក​គេ​បានឲ្យដឹងទៀតថា បញ្ហា​ផ្ទៃ​ក្នុង ​ដូច​ជាការ​បង្កើត​កន្លែងគោរព​ប្រតិបត្តិ​សាសនា ឬ​ការ​កំណត់​ថា​តើអ្វី​ខ្លះ​ត្រូវ​ហាម​ឃាត់ក្នុង​សាសនា​អ៊ី​ស្លាម គឺ​ហួស​ពី​ដែន​សមត្ថ​កិច្ចរបស់​ពួក​គេ។

លោក ណា​សារុឌីន អូមារ (Nasaruddin Umar) ជាប្រធាន​នៃមគ្គុទ្ទេស​ក៍​អ៊ី​ស្លាមរបស់​ក្រសួងកិច្ចការ​សាសនា។ លោក​បាន​ថ្លែង​ថា រដ្ឋាភិបាល​ គ្រាន់​តែ​ចង់ចាត់​ចែងខាង​ទំនាក់​ទំនង​សាសនា ដើម្បី​កុំឲ្យមាន​ជម្លោះ។ រដ្ឋាភិបាលមិន​ជ្រៀត​ជ្រែក​ជំនឿ ឬកិច្ចការសាសនាណា​មួយ​ឡើយ។

ប្រទេស​ឥណ្ឌូនេស៊ី មាន​ពលរដ្ឋ​កាន់​សាសនា​អ៊ីស្លាមច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​ ប៉ុន្តែ​រដ្ឋាភិបាលមិនជាប់​ពាក់​ព័ន្ធ​នឹង​សាសនា​ទេ​ ហើយ​ទទួល​ស្គាល់​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការប្រតិបត្តិ​សាសនា​មួយ​ក្នុង​ចំណោមសាសនា​ចំនួន​៦ដែល​រដ្ឋ​បាន​អនុញ្ញាត ដោយ​រាប់​ទាំង​សាសនា​គ្រឹស្តផង​ដែរ៕៚

ប្រែ​សម្រួល​ដោយ លី សុខឃាង