អ្នកជំនាញផ្នែកសុខភាព និងអ្នកធ្វើការក្នុងវិស័យសង្គម បានបង្ហាញទស្សនៈផ្សេងៗគ្នា ទៅលើការបន្តពិសាគ្រឿងស្រវឹងជុំៗគ្នា ក្នុងគ្រាដែលប្រទេសកំពុងញាំញីដោយការឆ្លងរាតត្បាតនៃមេរោគកូរ៉ូណាដែលបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្ស។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា ការទទួលទានគ្រឿងស្រវឹងរួមគ្នា ងាយនឹងបង្កការឆ្លង ដោយសារពេលដែលស្រវឹងអ្នកពិសាអាចភ្លេចភ្លាំងស្មារតី មិនមានអនាម័យត្រឹមត្រូវ ដូចជាការលាងដៃ ឬក៏អាចមានភាពស្និទ្ធស្នាលប្រកៀកប្រកិតគ្នា។ លោកបន្ថែមថា ការទទួលទានគ្រឿងស្រវឹងក៏នឹងធ្វើឲ្យសុខភាពចុះខ្សោយ ដែលងាយប្រឈមការឆ្លងមេរោគផ្សេងៗ ក្នុងនោះគឺមេរោគកូរ៉ូណា។
វិធានការដែលល្អបំផុតសម្រាប់ទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងស្រវឹងនោះ គឺបិទមិនឲ្យលក់ស្រាបៀរមួយរយៈសិន ក្នុងពេលដែលប្រទេស ឬសាកលលោកមិនទាន់ដោះស្រាយវិបត្តិមេរោគកូរ៉ូណានេះបាននៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត មុំ គង់។
លោកប្រាប់ VOA ថា៖ «ខ្ញុំជម្រាបជូនអ៊ីចឹងថា ការណ៍ដែលជាសេចក្តីណែនាំជាការជូនដំណឹងជាការអប់រំតែឯងមិនគ្រប់គ្រាន់ទេ ពីព្រោះប្រជាពលរដ្ឋយើងខ្លះ គាត់មិនញញើតនឹងការអប់រំទេ ពីព្រោះគាត់មើលងាយជំងឺអីជាដើមហ្នឹងណា៎។ អ៊ីចឹងវាត្រូវតែមានវិធានការច្បាប់បន្ថែមទៀត ដូចជាខ្ញុំលើកអម្បាញ់មិញ គឺថាជាវិធានការមួយថា ក្នុងអំឡុងពេលកូវីដ គឺហាមផ្សាយពាណិជ្ជកម្មគ្រៀងស្រវឹងហាមលក់គ្រឿងស្រវឹងជាដើម»។
លោកវេជ្ជបណ្ឌិតបានលើកទឹកចិត្តឲ្យមានការពិន័យក្រុមហ៊ុន ដែលបន្តផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងគ្រាមានវិបត្តិមេរោគកូរ៉ូណានេះផងដែរ។
រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការទប់ស្កាត់ការផឹកគ្រឿងស្រវឹងរួមគ្នា ក្រោមរូបភាពបិទក្លឹបកម្សាន្តកន្លែងច្រៀងខារ៉ាអូខេ និងបៀរហ្គាឌិនជាដើម។ ចំណែកពលរដ្ឋមួយចំនួនក៏បានសម្រេចលុបចោលពិធីមង្គលការរបស់ពួកគេនាពេលនេះ។
ក្នុងគ្រាមានការឆ្លងរាតត្បាតមេរោគកូរ៉ូណា អង្គការសុខភាពពិភពលោក (WHO) បានចេញអត្ថបទណែនាំសុខាភិបាលមួយថា ការទទួលទានគ្រឿងស្រវឹងមិនអាចទប់ទល់នឹងជំងឺកូវីដ១៩បានទេ។
អង្គការសុខភាពពិភពលោកបញ្ជាក់ថា៖ «ការប្រើប្រាស់គ្រឿងស្រវឹងមានសារធាតុអាល់កុល ជាពិសេសការប្រើប្រាស់ច្រើនហួសហេតុនោះ នឹងធ្វើឲ្យខូចប្រព័ន្ធការពារភាពស៊ាំ និងកាត់បន្ថយសមត្ថភាពនៃការទប់ទល់នឹងជំងឺឆ្លងជាច្រើន»។
អង្គការសុខភាពអន្តរជាតិដដែល បញ្ជាក់ទៀតថា ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណបង្កើនហានិភ័យនៃរោគសញ្ញាខូចខាតប្រព័ន្ធផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលជាកម្រិតធ្ងន់សឹងស្មើនឹងជំងឺកូវីដ១៩។
អ្នកពាក់ព័ន្ធក្នុងប្រទេសកម្ពុជាក៏បានបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ទៅលើការជួបជុំទទួលទានគ្រឿងស្រវឹង ដែលបន្តកើតមាននៅតាមសហគមន៍។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ ធឬហៅកាត់ថា IDEA ជំរុញឲ្យផ្អាកលក់គ្រឿងស្រវឹងមួយរយៈដែរ។
«ខ្ញុំមានការបារម្ភខ្លាំងមែនទែនពីព្រោះការនៅជិតគ្នា ហើយការផឹករួមគ្នាមនុស្សច្រើនហ្នឹង វាជាបញ្ហាប្រឈមមួយនៃការឆ្លងមេរោគកូវីដ១៩។ អ៊ីចឹងខ្ញុំឃើញថា មានការបារម្ភផងដែរ ដែលបងប្អូននៅតែហាក់ដូចជាមិនសូវខ្វាយខ្វល់ទៅនឹងការចម្លងនៃវីរុសកូរ៉ូណានេះ។ ខ្ញុំមានការខ្វាយខ្វល់ខ្លាំងណាស់ ជាពិសេសនៅតាមបណ្តាសហគមន៍ នៅតាមកន្លែងមួយចំនួនដែលបងប្អូនរស់នៅ»។
អាជ្ញាធរទីក្រុងបាងកក បានដាក់បម្រាមមិនឲ្យលក់គ្រឿងស្រវឹងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២០ ខែមេសា ដើម្បីបញ្ចៀសការជួបជុំក្នុងពេលចូលឆ្នាំនៅប្រទេសថៃ។ ចំណែករដ្ឋាភិបាលប្រទេសឡាវក៏បានដាក់បម្រាមលើការលក់គ្រឿងស្រវឹងនៅទូទាំងប្រទេសផងដែរ។
ក្នុងឱកាសចូលឆ្នាំខ្មែរ រដ្ឋាភិបាលកម្ពុជាបានដាក់កំហិតការធ្វើដំណើរនៅទូទាំងប្រទេស ដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅជួបជុំបងប្អូននៅស្រុកកំណើត ក្នុងគោលដៅបញ្ចៀសការឆ្លងវីរុសកូរ៉ូណា។ ក្រុមកម្មករនៅក្នុងឧស្សាហកម្មកាត់ដេរក៏នៅបន្តផឹកគ្រឿងស្រវឹងជុំៗគ្នា នៅតាមបន្ទប់ជួលរបស់ពួកគេផងដែរ ដែលនេះជាការព្រួយបារម្ភមួយរបស់លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ មានប្រសាសន៍ថា៖ «យើងមើលបន្ទប់ជួលគឺគាត់មិនប្តូរទេបានន័យថាដដែល។ គាត់នៅតែហូបចុកដដែល។ ប៉ុន្តែដូចជានៅកន្លែងរោងចក្រអី គាត់មានការជួបជុំដែរ ប៉ុន្តែតូចហើយគាត់ប្រយ័ត្នប្រយែងជាងមុនបន្តិច តែយើងឃើញហើយនៅ នៅបន្ទប់ជួលអី ដូចជាមិនមានការវិវត្តអីល្អទេ»។
រូបឯកសារ៖ កម្មកររោងចក្រកាត់ដេរប្រភឹសឹស ខេមបូឌា ហ្គាមេន អិលធីឌី ក្នុងខេត្តកណ្តាល ចាប់ផ្តើមចេញពីរោងចក្រដើម្បីទទួលទានបាយថ្ងៃត្រង់ ដោយមានពាក់ម៉ាសគ្រប់គ្នា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/VOA Khmer)
លោកបន្ថែមថា កម្មករក៏នៅបន្តធ្វើដំណើររួមគ្នាជាក្រុមដដែល ហើយរោងចក្រក៏មិនទាន់មានវិធានការដាក់ឲ្យពួកគេនៅចម្ងាយឆ្ងាយពីគ្នាផងដែរ។ លោកបន្តថា បើសិនមានការឆ្លងក្នុងចំណោមកម្មករនោះ គឺស្ថានការណ៍នឹងពិបាកគ្រប់គ្រង។
លោក យង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព មានប្រសាសន៍ថា បើសិនមានការឆ្លងណាមួយកើតឡើងក្នុងពេលទទួលទានគ្រឿងស្រវឹងជុំគ្នា នោះការឆ្លងរីករាលដាលចៀសមិនផុតទេ។
«អ្នកដែលប្រជុំគ្នាផឹកស៊ីនៅតាមភូមិឃុំហ្នឹង គឺជាហានិភ័យមួយខ្ពស់បាទ។ ហើយបើសិនជាពួកគាត់នៅតែបន្តការផឹកស៊ីទៀត ឬក៏នៅក្នុងនោះចំណោមនោះមាននរណាឆ្លងហើយហ្នឹង គឺនឹងចម្លងទាំងអស់។ ហើយអាហ្នឹងហើយគឺថាឆ្លងពីក្រុមអ្នកដែលពិសាគ្រឿងស្រវឹងបាទ គឺនឹងធ្វើឲ្យសហគមន៍យើងហ្នឹង គឺទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបាទទៅថ្ងៃអនាគតបាទ»។
លោកក៏បានជំរុញឲ្យមានការកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង ហើយងាកមកបង្កើនការផ្សព្វផ្សាយពីវិធីការពារការឆ្លងមេរោគកូរ៉ូណា។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងខ្ញុំថាជាវិធានការដ៏ប្រសើរ គឺត្រូវតែមានការរឹតត្បិត ឬក៏ការដាក់កម្រិតទៅលើការប្រើប្រាស់គ្រឿងស្រវឹងនៅតាមសហគមន៍ ឬក៏ហាមការលក់ដូរនៅក្នុងមួយរយៈពេលនេះទៅបាទ ក៏ជាការប្រសើរដែរបាទ»។
លោក អ៊ឹម សុធារិទ្ធ នាយកផ្នែកទំនាក់ទំនងនិងការនាំចេញនៃក្រុមហ៊ុន Khmer Brewery Limited មានប្រសាសន៍ថា ការបិទលក់គ្រឿងស្រវឹងមិនគួរកើតឡើងនៅពេលនេះទេ ពីព្រោះមិនទាន់មានការឆ្លងជាសហគមន៍នៅឡើយ។
«នៅក្នុងកាលៈទេសៈដូចរាល់ថ្ងៃអ៊ីចឹងប៉ុណ្ណឹងអត់ទាន់មានការឆ្លងរាលដាលជាសហគមន៍។ ការណ៍ដែលទាមទារឲ្យបិទលក់គ្រឿងស្រវឹងហ្នឹង វាអត់បានជួយច្រើនទៅដល់ការឆ្លងរាតត្បាតរបស់ជំងឺទេ។ ខ្ញុំគ្រាន់តែចង់និយាយអ៊ីចឹង តែបើសិនជារាជរដ្ឋាភិបាលមានវិធានការថា...យើងត្រូវតែបិទអាហ្នឹងក៏យើងធ្វើតាមហ្នឹងដែរ»។
ទោះជាយ៉ាងណា លោកឲ្យដឹងថាការលក់ស្រាបៀររបស់ក្រុមហ៊ុនលោកបានធ្លាក់ចុះប្រមាណ៣០ភាគរយរួចទៅហើយ ដោយសារពិធីជួបជុំផ្សេងៗត្រូវបានលុបចោល ដូចជាពិធីរៀបការជាដើម។
ករណីសរុបនៃការឆ្លងមេរោគកូរ៉ូណានៅកម្ពុជា មានចំនួនសរុប ១២២ គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី១៦ខែមេសា។ ចំណែកអ្នកជាសះស្បើយមានចំនួន ៩៨នាក់ ដែលស្មើប្រមាណ ៨០ភាគរយនៃអ្នកឆ្លងទាំងអស់។
យោងតាមការផ្សព្វផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ នៅលើហ្វេសប៊ុកកងកម្លាំងថ្នាក់មូលដ្ឋាន បានផ្តើមចុះអប់រំប្រជាពលរដ្ឋមិនឲ្យទទួលទានគ្រឿងស្រវឹងជុំគ្នា ឬក៏រៀបចំពិធីកម្សាន្តសប្បាយ ចាក់ភ្លេងរំខានអ្នកនៅក្នុងសហគមន៍។ កាលពីថ្ងៃទី១៤ ខែមេសា កងកម្លាំងនគរបាលសង្កាត់បឹកកក់ទី១ ក៏បានចុះទៅណែនាំអ្នកទទួលទានគ្រឿងស្រវឹងមួយក្រុម ដែលត្រូវគេរាយការណ៍ថាបានចាក់ធុងបាស់ច្រៀងរំខានគេឯង។
លោក គឹម ស៊ីណាត មេប៉ុស្តិ៍សង្កាត់បឹកកក់ទី១ បានប្រាប់ VOA ថា អាជ្ញាធរបារម្ភពីសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ទើបត្រូវចុះអប់រំណែនាំមិនឲ្យមានការជួបជុំគ្នាទទួលទានគ្រឿងស្រវឹង និងបង្កការរំខានដល់អ្នកក្បែរខាងក្នុងមូលដ្ឋាន។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ VOA ថា សមត្ថកិច្ចបានខិតខំរឹតបន្តឹងការជួបជុំទ្រង់ទ្រាយធំ និងការពិសាគ្រឿងស្រវឹងជុំគ្នា។
«បិទលក់មិនបិទទេ ប៉ុន្តែយើងត្រូវតែគ្រប់គ្រងទៅតាមមូលដ្ឋានបិទការជួបជុំ។ នែ៎កាត់បន្ថយការជួបជុំក្នុងលក្ខណៈទ្រង់ទ្រាយធំអីហ្នឹង យើងការពារខ្លាចគាត់ឆ្លង គាត់អីគ្នាហ្នឹងណ៎ា!»
ដោយឡែកលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទថា ប្រជាពលរដ្ឋត្រូវតែកាត់បន្ថយការជួបជុំទទួលទានគ្រឿងស្រវឹងជាមួយគ្នាដើម្បីបញ្ចៀសលទ្ធភាពឆ្លងវីរុសកូរ៉ូណា។ លោករដ្ឋមន្រ្តីព្រមានថា អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩ នឹង «ត្រូវកប់ចោលភ្លាមៗ» តែម្តងដោយមិនអនុញ្ញាតឲ្យសាច់ញាតិធ្វើបុណ្យសពតាមប្រពៃណីដូចសព្វដងនោះទេ៕