អ្នក​ពាក់ព័ន្ធ​ជំរុញអាមេរិក​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា

រូបឯកសារ៖ រូបភាព​នៃ​សារព័ត៌មាន​បោះពុម្ព​ក្នុង​ប្រទេស​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី១២ ខែ​ឧសភា ឆ្នាំ​២០១៦។​ (ហ៊ាន សុជាតា/VOA)

អ្នកពាក់ព័ន្ធ​ក្នុង​នោះ​មាន​អ្នក​ជំនាញ​និង​មេដឹកនាំ​គណបក្ស​ជំទាស់ បាន​អំពាវនាវ​ដល់​ប្រទេស​ម្ចាស់​ជំនួយ និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បន្ត​ជួយ​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា ខណៈ​សារព័ត៌មាន​ឯករាជ្យ​នៅ​សល់​តិច​តួច​ប៉ុណ្ណោះ។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅកាត់​ថា​ខេមបូចា ប្រាប់​វីអូអេ​ថា​ស្ថាន​ភាព​សេរីភាព​នៅ​តែ​ជា​ការ​ព្រួយ​បារម្ភ​ដដែល ចាប់​តាំង​ពី​មាន​ការ​បង្រ្កាប​សារព័ត៌មាន ឯករាជ្យ​ក្នុង​ប្រទេស កាល​ពី​ឆ្នាំ​២០១៧។ លោក​បន្ថែម​ថា​សារព័ត៌មាន​ឯករាជ្យ​នៅ​សេស​សល់​តិច​តួច​ប៉ុណ្ណោះ ដែល​លោក​ទទូច​ឱ្យ​មាន​ការ​បន្ត​ជួយ​គាំទ្រ​ពី​ប្រទេស​ម្ចាស់​ជំនួយ ក៏​ដូចជា​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ លោក​បន្ថែម​ថា​ស្ថាប័ន​សារព័ត៌មាន​វីអូអេ​បាន​កំពុង​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅ​ប្រជា​ពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​នៅ​ស្តាប់​វិទ្យុ​នៅ​តាម​ជន​បទ។

លោក​ថ្លែង​ថា៖ «វីអូអេគួរ​តែ​ពិនិត្យ​មើល​នូវ​លទ្ធភាព​បន្ថែម​ទៀត​នៅ​ក្នុង​ការ​ផលិត​ធនធាន​ព័ត៌មាន​ឱ្យ​បាន​កាន់​តែ​ច្រើន ហើយផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​អស់​ហ្នឹង ដោយ​ចាប់​ដៃ​គូ​ជាមួយ​ស្ថាប័ន​វិទ្យុ​នៅ​តាម​ជនបទ​ដាច់​ស្រយាល ដើម្បី​ឱ្យ​ព័ត៌មាន​ទាំង​អស់​ហ្នឹង​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​ទាំង​អស់​ហ្នឹង»។

លោក ណុប វី បន្ថែម​ថា​ក្រៅ​ពី​ការ​បាត់​បង់​សារព័ត៌មាន​ឯករាជ្យ កម្ពុជា​មិន​មាន​ស្ថាប័ន​សារព័ត៌មាន​គ្រប់គ្រាន់​សម្រាប់​អ្នក​សារព័ត៌មាន​ដែល​មាន​សមត្ថភាព​ក្នុង​ការរាយ​ការណ៍ ដូច្នេះ​វា​បាត់​បង់​ព័ត៌មាន​ដែល​មាន​ការ​វិភាគ​ស៊ីជម្រៅ​សម្រាប់​សាធារណជន។

លោក​បញ្ជាក់​ថា៖ «ក្រៅ​ពី​ការ​បាត់​បង់​សារព័ត៌មាន​ឯករាជ្យ គឺ​អ្នក​សារព័ត៌មាន​ដែល​មាន​សមត្ថភាព​ខ្ពស់ៗ​ហ្នឹង ចាប់​ផ្តើម​បាត់​បង់​ជា​បន្ត​បន្ទាប់ ដោយសារ​តែ​យើង​មិន​មាន​ស្ថាប័ន​សារព័ត៌​មាន​គ្រប់គ្រាន់ ដើម្បី​ឱ្យ​ពួកគាត់​បំពេញ​ការងារ» ។

Your browser doesn’t support HTML5

បទសម្ភាសន៍៖ អ្នកជំនាញជំរុញរដ្ឋាភិបាលអាមេរិកយកចិត្តទុកដាក់បន្ថែមទៀតលើសារព័ត៌មានឯករាជ្យនៅកម្ពុជា

មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី ប្រាប់​វីអូអេ​ថា​វីអូអេ​ភាសា​ខ្មែរ​បាន​កំពុង​ធ្វើ​ការ​ដែល​មាន​សារៈ​ប្រយោជន៍​សម្រាប់​សាធារណជន ដើម្បី​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស ដោយ​មាន​ការ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «ដោយ​សារ​តែ​មិន​មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា តួនាទី​របស់​វីអូអេ​មាន​សារៈ​សំខាន់​ណាស់។ ប្រជាជន​កម្ពុជា​ត្រូវ​ការ​ស្ថាប័ន​សារព័ត៌មាន​វីអូអេ ដើម្បី​ធានា​ការ​ប្រកាន់​ខ្ជាប់​គោល​ការណ៍​ប្រជាធិបតេយ្យ និង​ដើម្បី​រក្សា​ក្តី​សង្ឃឹម​របស់​យើង​សម្រាប់​ការ​ផ្លាស់​ប្តូរ​បែប​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា»។

លោក សម រង្ស៊ី បង្ហាញ​ក្តី​សង្ឃឹម​ថា​រដ្ឋបាល​អាមេរិក និង​សភា​អាមេរិក​នឹងផ្តល់​ថវិកា​គ្រប់គ្រាន់​ដល់​វីអូអេ​ខ្មែរ ដើម្បី​បំពេញ​បេសកកម្ម​របស់​ខ្លួន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

កាល​ពី​ដើម​ខែ​ឧសភា ក្នុង​ទិវា​អបអរ​សេរីភាព​សារព័ត៌មាន អតីត​ឯក​អគ្គរដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ​លោក ​W. Patrick Murphyបាន​ថ្លែង​ថា​សហ​រដ្ឋ​អាមេរិក​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សេរីភាព​ព័ត៌មាន ពីព្រោះ​សេរីភាព​សារ​ព័ត៌មាន​នៅ​ទូទាំង​ពិភព​លោក​បច្ចុប្បន្ន​ត្រូវ​បាន​ធ្លាក់​ចុះ ​និង​រង​សម្ពាធ​ជា​ខ្លាំង។ លោក​សង្ឈឹម​ថាភាគី​ពាក់ព័ន្ធ​ទាំង​អស់​ រួម​ទាំង​រដ្ឋាភិបាល​កម្ពុជា​អាច​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ គាំទ្រ​ដល់​សេរីភាព​សារ​ព័ត៌មាន និង​ពង្រឹង​សមត្ថភាព​របស់​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ។

លោក​ថ្លែង​ជា​ភាសា​អង់គ្លេស និង​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «យើង​សង្ឃឹម​ថា​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ​រួមទាំង​រដ្ឋាភិបាល​កម្ពុជា​អាច​គាំទ្រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​អាច​គាំទ្រ​ដល់​សេរីភាព​ព័ត៌មាន ​និង​សមត្ថភាព​របស់​អ្នក​សារ​ព័ត៌មាន​ក្នុង​ការ​រាយ​ការណ៍​ ទោះបី​ជា​មាន​ការ​រិះគន់ ​និង​ប្រហែល​ជា​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ក៏​ដោយ ​ព្រោះ​នោះ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ ​ហើយ​នេះពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ស្តាប់ ​និង​ឮគ្រប់​ភាគី»។

អ្នកនាំពាក្យ​ក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់​វីអូអេ​ថា​ក្នុង​ឆ្នាំ​២០២៣ ផ្អែក​តាម​ទិន្នន័យ​របស់​ក្រសួង​ព័ត៌មាន អ្នកសារព័ត៌មាន​ប្រមាណ​មួយ​ម៉ឺន​នាក់ និង​អង្គភាព​សារព័ត៌មាន​ទាំងប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​ប្រពៃណី​និង​ទំនើប ជាង​២.០០០​អង្គភាព បាន​កំពុង​អនុវត្តការងារ​ចុះ​យក​ព័ត៌មាន ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​ទម្រង់ ក៏ដូចជា​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​នានា«បាន​ដោយ​សេរី គ្រប់​ពេល​វេលា ដោយ​សុវត្ថិភាព តាមវិជ្ជាជីវៈ​ខ្លួន​ដោយ​តម្លាភាព»។

លោក​បន្ថែម​ថា​ក្រសួង​ព័ត៌មាន​ធ្លាប់​បាន​បង្ហាញ​ពី​ការ​ស្ទង់​មតិ​របស់​ខ្លួន​មួយ ក្នុង​នោះ​អ្នក​សារព័ត៌មាន​ភាគ​ច្រើន​បាន​អះអាង​ថា​សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ភាព​ល្អ​ប្រសើរ​ជាង​ពី​ពេល​មុន។

លោក​ថ្លែង​ថា៖ «ហើយ​ប្រមាណ​៨០%​បាន​អះអាង​ថា​ខ្លួន​មាន​សេរី​ភាព​ពេញ​លេញ​ក្នុង​ការ​ប្រកប​អាជីព​ជា​អ្នក​សារព័ត៌មាន ដោយមាន​ភាព​ងាយស្រួល និង​សុវត្ថិភាព និង​ឯក​រាជ្យ​ក្នុង​ការ​ប្រមូល​ព័ត៌មានពីប្រភព​ផ្សេងៗ​សម្រាប់​ការ​សរសេរ ផលិត និង​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ខ្លួន​ដោយ​សេរី»។

ទោះ​ជាយ៉ាងណា កាល​ពី​ខែ​ឧសភា អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​(Reporters Without Borders)​ដែល​ជា​អង្គការ​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅលើ​ពិភព​លោក​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ស្តី​ពី​សន្ទទស្សន៍​សេរីភាព​សារព័ត៌មាន។ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​១៥១ក្នុង​ចំណោម​១៨០​ប្រទេស​ដែល​មាន​ន័យ​ថាសេរី​ភាព​សារ​ព័ត៌មាន​បន្ត​ស្ថិត​ក្នុង​ស្ថាន​ភាព​អាក្រក់ ​ដោយ​សារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ៕