អង្គការជំនាញដែលធ្វើការលើបរិស្ថាន និងថាមពលស្អាតជំរុញឱ្យមានការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ(Solar Power) តាមដំបូលផ្ទះនីមួយៗ ដែលអាចជួយជំរុញដល់កំណើនវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធទេសចរណ៍កម្ពុជា(CTF) និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF) កាលពីថ្ងៃទី២៣ ខែវិចិ្ឆកា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងថាកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសដែលរីកចម្រើនលឿនក្នុងពិភពលោក ហើយនាពេលថ្មីៗនេះកម្ពុជាក៏បានដាក់ចេញនូវ “គោលការណ៍សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា” ដោយមានការជឿជាក់ថាបញ្ញត្តិថ្មីនេះអាចនឹងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យទេសចរណ៍ និងជំរុញការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពក្នុងការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍបៃតងនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថាប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលមិនថាខ្នាតតូចឬមធ្យមនោះទេ គឺអាចរួមចំណែកដល់ការផ្គត់ផ្គង់អគ្គិសនី ក្នុងតម្លៃធូរថ្លៃជាងមុននិងអាចផ្តល់ថាមពលបំពេញតម្រូវការខ្ពស់ក្នុងរដូវក្តៅ។
ការផលិតថាមពលពីវារីអគ្គិសនីនារដូវក្តៅនៅមានកម្រិតនៅឡើយ ដូច្នេះការទាញយកអគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យគឺមានសក្តានុពលខ្ពស់។ ថាមពលពន្លឺព្រះអាទិត្យក៏ផលិតថាមពលអតិបរមានៅពេលថ្ងៃ ជាពេលដែលមានតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់បំផុត។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ក្នុងន័យដើមថា៖ «អ្នកជំនាញមកពីស្ថាប័នទាំងពីរក៏បានសង្កត់ធ្ងន់ថាការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពតាមរយៈប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលអាចនឹងបង្កើនប្រាក់ចំណូលសម្រាប់តំបន់ទេសចរណ៍ធម្មជាតិតាមសហគមន៍នៅទូទាំងប្រទេស ដោយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពស្រប ពេលដែលរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិផងដែរ»។
កញ្ញា ជិន សូនីតា អ្នកគ្រប់គ្រងគម្រោងនៅអង្គការ EnergyLab កម្ពុជា ប្រាប់វីអូអេថាប្រទេសកម្ពុជាជាប្រទេសមួយដែលសម្បូរតំបន់ទេសចរណ៍ ហើយស្របពេលដែលមានចំនួនភ្ញៀវទេសចរណ៍កើនឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យបានដើរតួនាទីយ៉ាងសំខាន់ក្នុងជួយសម្រួលដល់ការប្រើប្រាស់អគ្គិសនីសម្រាប់ភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅរមណីយដ្ឋានឆ្ងាយៗ។
កញ្ញាថ្លែងថា៖ «អ៊ីចឹងប្រសិនជានៅតំបន់ហ្នឹងដែលគាត់អត់មានភ្លើង ហើយគាត់អាចមានសូឡាប្រើប្រាស់ អ៊ីចឹងគាត់មានជាសម្ភារៈអីគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ ក៏ដូចជាមានភ្លើងគ្រប់គ្រាន់សម្រាប់សម្រាប់ពេលភ្ញៀវទេសចរគាត់ទៅលេង»។
កញ្ញាបន្តថាការប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនេះនឹងផ្តល់ផលចំណេញជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្នុងការកាត់បន្ថយនូវការចំណាយថវិកាច្រើនទៅលើអគ្គិសនី ក៏ដូចជាពង្រឹងទៅលើកំណើនសេដ្ឋកិច្ចជាតិជារួមផងដែរ។
កញ្ញាថ្លែងថា៖ «តាមពិតទៅប្រព័ន្ធរដ្ឋ និងការប្រើប្រាស់ខ្លួនឯងវាមានផលចំណេញដល់សេដ្ឋកិច្ចដូចគ្នា បើយើងនិយាយពីប្រព័ន្ធ Solar Farm [សួនសូឡា] ចេញពីផ្គត់ផ្គង់ចេញពីរដ្ឋមកប៉ុន្តែវាដើរដោយសូឡា អាហ្នឹងវាមានតម្លៃថោកដែលជួយឱ្យរដ្ឋាភិបាលចំណេញ ឬក៏ថាអាចឱ្យរដ្ឋាភិបាលអាចកាត់បន្ថយថ្លៃអគ្គិសនីបាន»។
បើតាមកញ្ញា ជិន សូនីតា បន្ទះសូឡាមានតម្លៃថ្លៃនៅពេលប្រើប្រាស់ដំបូង ប៉ុន្តែអ្នកប្រើប្រាស់នឹងទទួលបានផលចំណេញច្រើនចំពោះការចំណាយលើថាមពលវារីអគ្គិសនី ក្រោយពីការប្រើប្រាស់បន្ទះសូឡា។ កញ្ញាបន្តថានៅកម្ពុជាបច្ចុប្បន្ននេះ ថាមពលសូឡាមានត្រឹមតែ៦%ប៉ុណ្ណោះនៃទំហំថាមពលអគ្គិសនីប្រើប្រាស់របស់កម្ពុជា។
សម្រាប់បរិស្ថាន ថាមពលពន្លឺព្រះអាទិត្យផ្តល់នូវប្រភពថាមពលស្អាតដល់ប្រជាជន ដែលរួមចំណែករក្សាគុណភាពខ្យល់ និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ ខណៈកម្ពុជាឈរលើលំដាប់ថ្នាក់ជាប្រទេសងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុមួយក្នុងពិភពលោក ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CTF និងWWF ទោះជាការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យខ្នាតធំ(សួនសូឡា)ទាក់ទាញការវិនិយោគច្រើនយ៉ាងណា ក៏កម្ពុជានៅមិនទាន់ទាញប្រយោជន៍ជាអតិបរមាពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យអស់លទ្ធភាពនៅឡើយទេ។
វីអូអេបានទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក ហេង គុណលាង ប៉ុន្តែលោកថាឱ្យចាំការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ នៅថ្ងៃទី៤ ខែធ្នូខាងមុខ។
យ៉ាងណាមិញ ក្រសួងរ៉ែ និងថាមពលបានប៉ាន់ប្រមាណថាលទ្ធភាពក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាអាចនឹងមានប្រមាណ៣ពាន់មេកាវ៉ាត់ ឬស្មើនឹងជិត៣០%នៃការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុបនាឆ្នាំ២០៤០។ បច្ចុប្បន្ននេះ កម្ពុជាទើបតែទាញយកថាមពលអគ្គិសនីជាង៤០០មេកាវ៉ាត់ប៉ុណ្ណោះពីថាមពលពន្លឺព្រះអាទិត្យ។
គួរបញ្ជាក់ថាថាមពលដែលផលិតក្នុងប្រទេសកម្ពុជា ភាគច្រើនបានមកពីដុតធ្យូងថ្ម វារីអគ្គិសនី ប្រេងឥន្ធនៈ ថាមពលជីវម៉ាស់ និងថាមពលពន្លឺព្រះអាទិត្យ៕
ភ្នំពេញ —