អ្នកវិភាគ៖ កម្ពុជា​នឹង​កាន់តែ​ពឹង​ផ្អែក​ខ្លាំង​លើ​ចិន ក្រោយ​ការ​បោះឆ្នោត​និង​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ភ្នំពេញ — ខណៈ​ដែល​បណ្តា​ប្រទេស​ប្រកាន់​យក​របប​លទ្ធិ​ប្រជាធិបតេយ្យបាន​ថ្កោលទោស​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា​ ដោយសារ​គ្មានវត្តមាន​គណបក្សប្រឆាំង​ និង​ដែល​ធ្វើ​ឡើង​ក្រោម​ស្ថានភាព​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​នៅមុន​ការ​បោះឆ្នោត​នោះ ថ្នាក់​ដឹកនាំ​កំពូល​និង​មន្ត្រី​របស់​រដ្ឋាភិបាល​ចិន​បាន​សម្តែង​ការ​អបអរ​សាទរដល់​គណបក្ស​ប្រជាជន​កម្ពុជាដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ ហើយ​បាន​ប្រកាស​ពង្រឹង​ចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​កាន់តែ​ស៊ីជម្រៅ​បន្តទៀត។

កាលពីថ្ងៃ​ទី ២៥ ខែ​កក្កដា​ ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង (Xi Jinping) បាន​ផ្ញើ​សារ​ជា​លិខិត​អបអរសាទរ​ទៅ​កាន់​លោក ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា​ ដោយ​លើក​ឡើង​ក្នុងសម្តីដើមថា

«គណបក្សកុម្មុយនីស្ត​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជា​មេត្រីភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​ ខ្ញុំរីករាយ​រួម​ជាមួយ​សម្តេច ហ៊ុន សែន បង្កើន​ការដឹកនាំ​ផ្នែក​នយោបាយ​នៃទំនាក់​ទំនងទ្វេភា​គី​ ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រវាង​គណបក្ស និង​វិស័យ​នានា ពួតដៃគ្នា​កសាង​សហគមន៍​រួម​វាសនា​រវាង​ចិន និង​កម្ពុជា​ក្នុង​យុគសម័យថ្មី​ដែល​ប្រកប​ដោយ​គុណភាព​ខ្ពស់ និងស្តង់ដាខ្ពស់ ​ដើម្បី​ផ្តល់​ផល​ប្រយោជន៍​កាន់តែ​ច្រើន​ដល់​ប្រជាជន និង​ប្រទេស​ទាំងពីរ»។

​នៅ​ថ្ងៃ​ដដែល​នោះ នាយក​រដ្ឋមន្ត្រី​ចិន លោក លី ឈាង (Li Qiang) ក៏​បាន​ចេញ​លិខិត​ដោយ «អបអរ​សាទរ​យ៉ាង​កក់ក្តៅ» លើ​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោត ដោយ​ចាត់​ទុក​កម្ពុជា​ជា​«មិត្ត​ពិតប្រាកដ​និង​ជា​បងប្អូន​ដែល​ទុក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក» ហើយ​បង្ហាញ​ជំហរ​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​បន្ត​ពង្រឹង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិ​ការ​កាន់​តែ​ខ្លាំង​ជាមួយ​កម្ពុជា។

ឯក​អគ្គរដ្ឋទូតចិន​ប្រចាំ​កម្ពុជា លោក លោក វ៉ាង វិនធៀន (Wang Wentian) កាលពី​ថ្ងៃទី​ ២៤ ខែកក្កដា ក៏​បាន​ថ្លែង​សុន្ទរកថា​អបអរ​សាទរដល់កម្ពុជា​ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដ៏​រលូន​ ដោយ​អះអាង​ថា «ប្រទេស​ចិន​គាំទ្រ​ប្រជាជន​កម្ពុជា​ក្នុង​ការជ្រើស​រើសមាគ៌ា​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង ដែលសមស្របនឹង​លក្ខខណ្ឌ​ជាតិ​របស់​ខ្លួន»។​

ក្នុង​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​ប្រចាំកម្ពុជា លោក វ៉ាង​ បន្ថែម​ថា ក្រុម​អ្នក​សង្កេតការណ៍​ចិន​បាន​ទៅ​ឃ្លាំ​មើល​ការបោះឆ្នោត​ដែល​មាន​គណបក្ស​នយោបាយ​ចំនួន​ ១៨ ​បាន​ចូលរួម និង​មាន​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ជាង ៨លាន ២សែន​នាក់។ លោក​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ការ​រៀបចំ​បោះឆ្នោត​ប្រព្រឹត្ត​ទៅប្រកប​ដោយ​វិជ្ជាជីវៈ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ការ​ឃោសនា​បោះឆ្នោត និង​ការ​រាប់​សន្លឹកឆ្នោត-ល-ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី និង​មាន​សណ្តាប់ធ្នាប់​ស្រប​តាម​ច្បាប់»។

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ត្រៀមបោះឆ្នោតនៅមណ្ឌលបោះឆ្នោតក្នុងខេត្តកណ្តាល សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ (Photo by TANG CHHIN SOTHY / AFP)

គណបក្ស​ប្រជាជនកម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ប្រកាស​ថា ខ្លួន​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូកទឹក​ភ្លូកដី​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិកាលពី​ថ្ងៃទី​២៣ ខែកក្កដា​នេះ ដោយ​ទទួល​បាន​អាសនៈ​ចំនួន​ ១២០ ក្នុង​ចំណោម​ ១២៥ នៅ​រដ្ឋសភា​ជាតិ។ គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច គឺជា​គណបក្ស​មួយ​ផ្សេង​ទៀតដែល​ទទួល​បាន​អាសនៈ​ចំនួន​ប្រាំយ៉ាង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល។ នេះ​បើ​តាម​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត។

សារ​សាទរ​និង​ការ​បង្ហាញ​គោលជំហរ​ពង្រឹង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ចិន ដែល​ជា​ប្រទេស​កុម្មុយនិស្ត​ដ៏​មាន​ឥទ្ធិពល​មួយ ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ គឺ​ផ្ទុយ​គ្នា​ស្រឡះ​ពី​គោលជំហរ​របស់​បណ្តា​ប្រទេស​ប្រកាន់​យក​ប្រជាធិបតេយ្យ​មួយ​ចំនួន ដែល​បាន​រិះគន់ ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា ក្រោយ​ការ​បោះឆ្នោត​ជាតិ​ដែល​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​អាសនៈ​នៅ​រដ្ឋសភា​ភាគច្រើន​នេះ។

សហរដ្ឋ​អាមេរិកបាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ កាលពី​ថ្ងៃទី ២៣ ខែ​កក្កដា ដោយ​ចាត់ទុកការ​បោះ​ឆ្នោត​នេះថា​មិនសេរី និងយុត្តិធម៌។ រដ្ឋាភិបាល​អាមេរិក​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម ដោយ​ផ្អាក​គម្រោង​ជំនួយ​ឧបត្ថម្ភ​របស់​ខ្លួន​មួយ​ចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ និង​កំហិត​ទិដ្ឋាការ​លើ​មន្ត្រីនិង​បុគ្គល​នៅ​កម្ពុជា​មួយ​ចំនួន​ផងដែរ។

សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​ក៏​បាន​លើក​ឡើង​ថា៖ «នៅមុន​ការ​បោះឆ្នោត អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ​ការ​គំរាមកំហែង និង​យាយី​ជា​បន្តបន្ទាប់ ទៅលើ​គណបក្ស​នយោបាយ​ប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និង​សង្គមស៊ីវិល ដែលជា​ការ​បំផ្លាញ​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស និង​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា»។

ស្របពេល​ជាមួយ​គ្នា​នោះ ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត រួមមាន​អូស្ត្រាលី ចក្រភព​អង់គ្លេស អាឡឺម៉ង់និង​បារាំង ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​បង្ហាញ​ការ​ខកចិត្ត ហើយ​ចាត់ទុក​ការ​បោះឆ្នោត​នេះ​ថា​មិនសេរី និង​យុត្តិធម៌​ផងដែរ។

រូបឯកសារ៖ លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មុនជំនួបទ្វេភាគីអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

ក្រុម​អ្នកវិភាគ​បាន​ប្រាប់​វីអូអេ​ថា ជំហរ​គាំទ្រ​របស់​ចិន​ដល់​កម្ពុជា​កំពុង​បង្ហាញ​នូវ​ការ​ពឹង​ផ្អែក​ខ្លាំង​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ចិន​ ស្របពេល​ដែលសម្ពាធ​ពី​ម្ចាស់​ជំនួយ​នៃ​ប្រទេស​លោក​ខាង​លិច​ ក្នុង​ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ស្ថានភាព​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ កំពុង​កើន​ឡើង។ ​ពួកគេ​យល់​ថា ជំហរ​នេះ​នឹង​កាន់តែ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ពឹង​ផ្អែក​និង​ងាក​ទៅ​រក​ចិនកាន់តែ​ខ្លាំង​ឡើង​ ដែល​អាច​នាំ​មក​នូវ​ហានិភ័យ​ដល់​កម្ពុជា។ វា​ក៏​កាន់តែ​ធ្វើ​ឱ្យ​លទ្ធភាព​នៃ​ការ​ស្រោចស្រង់​លទ្ធិប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​លំបាក​ផងដែរ។

លោក អៀ សុផល សាស្ត្រាចារ្យ​រង​ផ្នែក​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ ​និង​ការ​អភិវឌ្ឍ​នៃ​សាកល​វិទ្យាល័យ ​រដ្ឋ​អារីហ្សូណា​ បាន​និយាយ​ថា គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​បង្កើន​ការ​ពឹងផ្អែក​របស់​ខ្លួន​ បន្ទាប់ពី​ការបោះឆ្នោ​ត ខណៈ​ដែល​ប្រទេស​មួយចំនួ​ន​ដូចជាសហរដ្ឋអាមេរិ​ក​បាន​គំរាម​ដក​ការ​គាំទ្រ​លើ​គម្រោង​ការអភិវឌ្ឍន៍។ ប៉ុន្តែ​លោក​មិន​រំពឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ផ្លាស់ប្តូរ​និន្នាការ​នយោបាយ​ទៅ​លើ​ចិន​នោះ​ទេ។

លោក​ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល​ថា៖ «កម្ពុជា​នឹង​ជួប​ព្យុះ​ភ្លៀង​ជានិច្ច មិន​ខ្វល់​ពី​លោក​ខាង​លិច​បន្តិច​ឡើយ។ វា​អនុវត្ត​ការ​បំ​ភ្លៃ​ការពិត​ខ្លាំង។ ល្អ​គឺ​អាក្រក់ អាក្រក់​គឺ​ល្អ។ គ្មាន​លទ្ធិប្រជាធិបតេយ្យ និង​មាន​តែ​ទំនា​ក់​ទំនង​ដ៏​អស្ចារ្យ​ជាមួយ​ចិន»។

លោក វណ្ណ ប៊ុនណា អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថានខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព លើក​ឡើង​ថា ក្រោយ​ការ​បោះឆ្នោត​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​កាន់តែ​ពិបាក​ក្នុង​ការងើប​ឡើង​វិញ។

លោក​ថ្លែង​ថា៖ «កាលណា​កម្ពុជា​មាន​ទំនាក់ទំនង​ស្អិត​រមួត​ខ្លាំង ល្អ​ជាមួយ​នឹង​ចិន ប៉ុន្តែ​មាន​ភាព​រកាំរកូស​ជាមួយ​នឹងបណ្តា​ប្រទេស​លោក​សេរី​ វាធ្វើ​ឱ្យ​ដំណើរ​ការនៃ​ការ​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហ្នឹង​ វា​ហាក់​ដូចជា​មាន​សង្ឃឹម​ទាប​មែន​ទែន ​សម្រាប់​ចរន្ត​នយោបាយ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​លំហរ​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ក៏​ដូចជា​អង្គការ​សង្គម​ស៊ីវិល​អីហ្នឹង​វា​កាន់​តែ​រួម​តូច​ផង​ដែរ»។

ទំនាក់ទំនង​កម្ពុជា​ចិន​មាន​ភាព​ស្អិត​រមួត​កាន់តែខ្លាំង​ក្នុង​រយៈពេល​ជាងមួយ​ទសវត្ស​ចុង​ក្រោយ​នេះ ដោយ​ចិន​បាន​ក្លាយជា​ប្រទេស​ដែលឈរ​នៅ​លំដាប់​ទី​ ១ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុជា​លើ​វិស័យ​ជា​ច្រើន ដូច​ជា​ការ​វិនិយោគ ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី និង​ទេសចរណ៍​ជា​ដើម។

កាលពី​ដើម​ឆ្នាំ ២០២៣ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត លើក​ឡើង​ថា ចិន​ជា​ប្រទេស​ដែល​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០២២ ដែល​មានទំហំ​ទឹក​ប្រាក់​ជាង​ ១,៦០០លាន​ដុល្លារសហរដ្ឋអាមេរិក​ ស្មើ​នឹង៤ ២​ភាគរយ​នៃ​កា​រវិនិយោគ​ពី​បរទេស​សរុប។ ​លោក​ថា ចិន​នៅ​តែ​ដើរ​តួសំខាន់ ក្នុងការ​រុញច្រាន​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​បានវិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ អចលនទ្រព្យ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ។

ចិនក៏​ជា​ម្ចាស់​បំណុល​ធំ​ជាងគេរបស់​កម្ពុជា​ដែល​ឈរ​លើ​លំដាប់​ទី ១ ​ផង​ដែរ ដោយ​កម្ពុជាជំពាក់​ចិន ៤១% នៃបំណុល​បរទេស​សរុប​ចំនួន​ជាង​ ៩ ៥៧៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុកម្ពុជា។ ទីក្រុង​ប៉េកាំង​ក៏​បាន​ផ្តល់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត​ នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សាងសង់-ប្រតិបត្តិការ-ផ្ទេរ តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ខ្លួន ដែល​មាន​ន័យថា ក្រុមហ៊ុន​ចិន​នឹង​ប្រមូល​ប្រាក់​ចំណូល​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​សម្រាប់​ទសវត្សរ៍​ខាង​មុខ។

រូបឯកសារ៖ មន្ត្រីប៉ូលិសម្នាក់ឈរយាមការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដំបូងរបស់កម្ពុជា ដែលឧបត្ថម្ភដោយចិន ក្នុងពិធីបើកសម្ពោធការដ្ឋាននេះ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩។

នៅ​មុន​ការ​វិនិយោគ​របស់ចិន​រីកសាយ​ជាងមួយ​ទសវត្សរ៍កន្លង​ទៅ ការអភិវឌ្ឍក្រោយ​សង្គ្រាម​នៅ​កម្ពុជាភាគច្រើនត្រូវ​បាន​ផ្តល់​មូលនិធិ​ដោយ​ប្រទេស​ប្រជាធិបតេយ្យលោក​ខាង​លិច រួម​ជាមួយ​ប្រទេសជប៉ុន និង​កូរ៉េខាងត្បូង។ ហើយ​កម្ពុជា​ត្រូវចំណាយ​ប្រាក់ឱ្យ​ជា​យូរ​មក​ហើយដើម្បីជំរុញ​ឲ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ ព្រមទាំង​មិនឱ្យរឹតត្បិត​សារព័ត៌មាន​សេរី និង​សង្គម​ស៊ីវិល ពី​ទសវត្សរ៍​ឆ្នាំ ១៩៩០ ដល់​ពាក់កណ្តាល​ឆ្នាំ​២០១០។

ប៉ុន្តែ​វា​បាន​ប្រែប្រួល​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានដណ្តើម​ការគាំទ្រ​យ៉ាង​ប្រកៀកប្រកិត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បានរំលាយ​ មេដឹកនាំ​និង​សកម្មជន​របស់​គណបក្ស​នេះត្រូវ​បានចោទ​ប្រកាន់ ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ និង​ជាប់​ឃុំ​ក្នុង​ផ្ទះ​ ​ឬ​ខ្ទាស់​ដោយ​សំណុំរឿង​ផ្លូវ​ច្បាប់ ស្របពេល​ដែល​ច្បាប់​ផ្សេងៗ​ត្រូវ​បាន​អនុម័ត​រឹតត្បិត​សិទ្ធិនយោបាយប្រជាធិបតេយ្យ និង​សេរីភាព​ផ្សេង​ទៀត។

មួយ​ថ្ងៃ​បន្ទាប់​ពី​ទទួល​បាន​សារ​គាំទ្រ​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ចិន នៅ​ថ្ងៃ​ពុធ ទី ២៦ ខែ​កក្កដា លោក ហ៊ុន សែន ដែល​មាន​វ័យ ៧០ ឆ្នាំ និង​ជា​មេដឹកនាំ​ប្រទេស​ដែល​កាន់​តំណែង​ដ៏​យូរ​ម្នាក់​ក្នុង​ពិភពលោក បាន​ប្រកាស​ជា​ផ្លូវការ​ថា លោក​នឹង​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ហើយថា​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​នេះ។ លោក​បាន​បញ្ជាក់​ថា ការ​ផ្ទេរ​តំណែង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ២២ ខែ​សីហា។

រូបឯកសារ៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីដំឡើងស័ក្តិនៅក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ កាលពី ២០ ខែមេសា ឆ្នាំ ២០២៣។

នៅ​ថ្ងៃ​ដដែល​នោះ លោក ហ៊ុន សែន​ ក៏​បាន​ផ្ញើសារ​ថ្លែង​អំណរ​គុណ​តប​ទៅកាន់​លិខិត​របស់​នាយក​រដ្ឋមន្ត្រី​ចិន​វិញ ដោយ​ធានា​ពី​គោលជំហរ​ដដែល​របស់​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រោម​អាណត្តិ​ថ្មី​នៃ​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ទៅកាន់​រដ្ឋាភិបាល​និង​ប្រទេស​ចិន ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង ដោយ​មើលឃើញ​ថា ទំនាក់ទំនង​ដ៏​យូរលង់ និង​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន​បន្ត​រីកចម្រើន​ទៅមុខ និង​បាន​វិវឌ្ឍ​ទៅ​ជា​មិត្តភាព​ដែក​ថែប។ សូម​ធានា​ចំពោះ​ឯកឧត្តម​ថា នៅក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ គោលនយោបាយ​របស់​កម្ពុជា​ចំពោះ​ប្រទេស​ចិន គឺ​មិន​ផ្លាស់ប្តូរ​ឡើយ ដោយ​ផ្អែកលើ​មិត្តភាព​ជា​ប្រពៃណី ការ​ជឿជាក់​គ្នា​ទៅវិញ​ទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ-ឈ្នះ»។

លោក អូន ឆេងប៉រ អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ (IISS) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី លើក​ឡើងថា ខណៈ​ដែល​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា ស្ថិតក្នុង​ស្ថានភាព​ស្អិត​រមួត​មិន​អាច​បេះ​ចេញ​ពីគ្នា​បាន​ ប្រទេស​ចិន​នៅតែ​ជា «ប្រទេស​តែ​មួយគត់​ដែល​អាច​បំពេញ​តម្រូវ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន»។

ក៏​ប៉ុន្តែ​លោកថា លោក ហ៊ុន ម៉ាណែត ដែល​បាន​បញ្ចប់​ការសិក្សាពី​បណ្ឌិត​សភា​យោធា​សហរដ្ឋ​អាមេរិក​នៅ West Point ​ចាំបាច់​ត្រូវ​បង្ហាញ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ថា កម្ពុជា​នឹង​ធ្វើ​ជាមិត្ត​ជាមួយគ្រប់ប្រទេស​ទាំង​អស់លើពិភពលោក ​មិនមែនចិនតែមួយ។

លោក​ថ្លែង​ថា៖ «ខ្ញុំគិត​ថា​ គាត់​នឹង​អាច​ស្វះ​ស្វែង​រក​ផ្លូវ​ទី២ ផ្លូវ​ទី៣ ដើម្បី​ធានាថា កម្ពុជា​មិនស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែលពឹង​ពាក់​ជ្រុល​ពេកទៅលើ​ប្រទេស​មហា​អំណាច​តែមួយ​ទៀតទេ។ ខ្ញុំ​គិត​ថា​វា​មិន​មែន​ជា​យុទ្ធសាស្រ្ត​ទេ សម្រាប់​នរណា​ក៏​ដោយ ដែល​ដឹកនាំ​រដ្ឋណាក៏​ដោយ ដែល​ពឹង​ពាក់​ទាំង​ស្រុង​លើ​ប្រទេស​តែមួយ​ហ្នឹង ខ្ញុំ​មិនគិត​ថា​វា​ជា​ប្រការ​ដែល​ប្រកប​ដោយ​ចីរភាព​ទេ»៕