សង្គម​ស៊ីវិល​ក្នុង​តំបន់​មាន​ទុទិដិ្ឋនិយម​ចំពោះ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ាន

មេ​ដឹកនាំ​បណ្តា​ប្រទេស​អាស៊ាន​​កាន់​ដៃ​គ្នា​ជា​ក្រុម​សម្រាប់​ការ​ថត​រូប​រួម​នៅ​ក្នុង​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៧​នៅ​ទី​ក្រុង​ហាណូយ​ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃ​​ទី​២៨​ខែ​តុលា​ឆ្នាំ​២០១០​កន្លង​ទៅ​ថ្មីៗ​នេះ។

មេដឹកនាំ​សង្គមស៊ីវិល​ក្នុង​តំបន់​អាស៊ាន​មាន​ទុទិដ្ឋ​និយម​ចំពោះ​បេសកកម្ម​ និង​កិច្ចការ​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​អន្តរ​រដ្ឋាភិបាល​អាស៊ានដែល​បាន​អនុវត្ត​កន្លង​មក។

មេដឹកនាំនៃ​អង្គការ​សង្គមស៊ីវិលធំៗមក​ពី​ប្រទេសប្រាំមួយ ដែលជាសមាជិក​អាស៊ានដែលរួមមាន​កម្ពុជា​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី ​ហ្វ៊ីលីពីន​ ស៊ីងហ្កាពួរ​ និង​ថៃ ជួប​ជុំ​គ្នា​នៅ​ក្នុង​វេទិកា​មួយ​ ដែល​ត្រូវបាន​រៀប​ចំឡើង​ដោយ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​អាស៊ាន នៃ​សាកលវិទ្យាល័យ​ (American University) និង​អង្គការ ហ្រ្វ៊ីដឹម​ ហោស៍ (Freedom House) នៅ​សាកល​វិទ្យាល័យ​ American Univeristy នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នា​ថ្ងៃទី​១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១០។ មេដឹកនាំ​ នៃ​អង្គការ​សង្គម​ស៊ីវិល​សុទ្ធ​តែ​មាន​ទុទិដ្ឋនិយម​ចំពោះ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ដែល​ត្រូវបាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​២០០៩។

លោក​ យ៉ាប ស្វ៊ី សេង (Yap Swee Seng), នាយក​ប្រតិបត្តិ​វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស​និង​អភិវឌ្ឍន៍​ មាន​ទីតាំង​នៅ​ប្រទេស​ថៃ ​ថ្លែង​ថា​ វត្តមាន​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ គឺ​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​សិទ្ធិ​មនុស្ស​ ដែល​ធ្លាប់​តែ​ជា​ពាក្យមិន​សូវ​ល្អក្នុង​ចំណោម​អ្នក​នយោបាយ​ ត្រូវ​បានទទួលស្គាល់​ និងដាក់ជា​ផ្នែកមួយនៃ​បទដ្ឋាន​របស់​អាស៊ាន។ ទោះបី​ជា​យ៉ាង​នេះ​ក្តី ​លោក​នៅ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​កិច្ច​ការ​របស់​គណៈកម្មការ​នេះ​កន្លង​មក។ លោក​ថ្លែង​ថា៖

«យើង​មាន​ការ​ខក​ចិត្ត​ ដោយ​សារពេញ​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ​គណៈកម្មការ​សិទ្ធិ​មនុស្ស​មិន​បាន​ផ្តល់​ឱកាស​ដល់​អង្គការសង្គម​ស៊ីវិល ក៏​ដូច​ជា​ស្ថាប័ន​ជាតិ​សម្រាប់​សិទ្ធិ​មនុស្សនៅក្នុង​តំបន់​ឲ្យចូល​រួម»។

ស្រដៀង​គ្នា​នេះ​ដែរ​ ដោយ​ពិនិត្យ​មើល​គណៈកម្មការ​នេះ​ តាម​រយៈ​ទស្សនៈ​នៃ​អ្នក​ធ្វើ​ការនៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ​ លោក​ រ៉ូប៊ី​ អាឡាំផៃ (Roby Alampay) ជា​អតីត​នាយក​ប្រតិបត្តិសម្ព័ន្ធភាព​ព័ត៌មាន​អាស៊ីអាគ្នេយ៍​ (SEAPA) ​មាន​ប្រសាសន៍​ថា​ សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ដែល​ជា​ចំណុច​គន្លឹះ​នៃ​សិទ្ធិ​មនុស្ស​ មិន​ត្រូវ​បាន​ចែង​នៅ​ក្នុង​ ទាំង​ធម្មនុញ្ញ​អាស៊ាន​ និង​ឯកសារ​យោង​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អន្តរ​រដ្ឋាភិបាល​អាស៊ាន។ លោក​បន្ត​ថា៖

«ការ​បញ្ចេញ​មតិ​ដោយ​សេរី​នៅ​តែ​ជា​ពាក្យ​កខ្វក់​ សេរីភាព​ព័ត៌មាន​នៅ​តែ​ជា​ពាក្យ​កខ្វក់​ សិទ្ធិ​ទទួល​ព័ត៌មាន​នៅ​តែ​ជា​ពាក្យ​កខ្វក់។ ហើយ​អ្នក​មិន​ឃើញ​មាន​ពាក្យ​ទាំង​នេះ​ នៅទាំង​ក្នុង​ធម្មនុញ្ញ​អាស៊ាន​ និង​របៀបវារៈ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទេ»។

លោក​ស្រី​ អ៊ីរីន​ ហ្វុណាស៊ីអ៊័រ​ ហ្វ៊ែលីហ្សា​ (Irene Fonacier-Fellizar) នៃ​ចំណុច​ផ្តោត​នៃ​សិទ្ធិ​កុមារ​ សាមគ្គីភាព​សម្រាប់​ក្រុម​ការងារ​គាំទ្រ​របស់​ប្រជា​ពលរដ្ឋ​អាស៊ី​ស្តី​អំពី​អាស៊ាន​ និង​សម្ព័ន្ធភាពសង្គម​ស៊ីវិល​ សិទ្ធិ​កុមារ និងសិទ្ធិ​មនុស្សអាស៊ី​អាគ្នេយ៍ប្រចាំ​នៅ​ហ្វ៊ីលីពីន​ មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​អាស៊ាន​ភាគ​ច្រើន​ជា​កុមារ។ ដូច្នេះ​សិទ្ធិ​ និង​ទស្សនៈ​របស់​កុមារ​ត្រូវ​តែបញ្ចូល​ទៅ​ក្នុងរបៀប​វារៈ​របស់​គណៈកម្មការ​សិទ្ធិ​មនុស្ស​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ ដែល​គួរ​បើក​ទូលាយ​ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល។

«ខ្ញុំ​អាច​និយាយ​ថា​តើ​ គណៈកម្មការ​នេះ​នឹង​មាន​ភារៈ​ដ៏​គួរ​ឲ្យ​ញញើត​ដែរ​ឬ​យ៉ាង​ណា។ ខ្ញុំ​យល់​ថា កិច្ចការ​ដ៏​គួរ​ឲ្យ​ញញើត​ចំពោះ​សេចក្តី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ​ គឺ​ជា​ភារៈកិច្ច​របស់​គណៈកម្មការ​អាស៊ាន​ ក្នុង​ការ​អនុញាត​ឲ្យ​សង្គម​ស៊ីវិល​ និង​កុមារ​ចូល​រួម។ វា​មិន​គ្រាន់​តែ​មាន​នៅ​ក្នុង​ខ្លឹមសារ​នៃ​សេចក្តី​ប្រកាស​ទេ​ ពីព្រោះ​ខ្លឹមសារ​អាច​ត្រូវបាន​ដាក់​បញ្ចូល​ ហើយ​យល់ព្រមពី​ក្រុម​ទាំង​ពីរ។ ដូច្នេះ​អ្វី​ដែល​គួរ​ឲ្យ​ញញើត​នោះ​គឺ ខ្ញុំយល់​ថា ការ​បើក​ចំហរ​របស់​គេ ក្នុង​ការ​ចូល​រូម​ជាមួយ​យើង ហើយអនុញ្ញាតឲ្យ​យើង​ចូល​រួម​ជាមួយ​គេ​ឲ្យ​បាន​ស៊ីជម្រៅ​បំផុតតាមដែលអាច​ធ្វើ​ទៅ​បាន»។

ទាក់​ទង​នឹង​ប្រយោជន៍​នៃ​វេទិកា​នេះ​ អ៊ែនឌី លីម (Andy Lim) និស្សិត​បរិញ្ញា​ឆ្នាំ​ទី​២​ ផ្នែកទំនាក់​ទំនង​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ​ American​ University ដែល​បាន​ចូល​រួម​ក្នុង​វេទិកា​នោះ​ដែរ ​ឲ្យ​ដឹង​ថា​ នេះ​គឺ​ជា​ឱកាស​ដ៏​កម្រ​មួយ ​ដែល​បាន​ជួប​ប្រាស្រ័យ​ជាមួយ​ និង​ស្តាប់​អ្នក​ជំនាញ​ក្នុង​តំបន់​ និង​ស្វែង​យល់អំពី​ទស្សនៈ​របស់​តំណាង​សង្គម​ស៊ីវិល​ អំពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ព័ត៌មាន​ដែល​ទទួល​បាន​ពី​វេទិកា​នេះ គឺ​ជា​ចំណេះ​ដឹង ​បន្ថែម​ទៅ​នឹង​អ្វី​ដែល​គេ​បាន​រៀន​ តាម​រយៈ​សៀវភៅ​ និង​ឯកសារ​ផ្សេងៗ​នៅ​សាកលវិទ្យាល័យ។ អ៊ែនឌី​ឲ្យ​ដឹង​ទៀត​ថា៖

«គេ​មាន​បទ​ពិសោធន៍ និង​ចំណេះដឹង​ដ៏​ល្អ​បំផុត​សម្រាប់​យើង។ ចំណេះដឹង​ខ្លះ ដែល​ខ្ញុំ​ទទួល​បាន​ជាពិសេស​អំពី​អាស៊ាន​ គឺ​បាន​មក​ពី​អ្នក​ជំនាញ​បស្ចឹម​ប្រទេស​ មនុស្ស​ដែល​ខ្ញុំ​ស្គាល់​ និង​សាស្ត្រាចារ្យ។ ដូច្នេះ​ ខ្ញុំ​បាន​ដឹង​អំពី​ទស្សនៈ​របស់​គេ​ អំពីតំបន់​នេះ​។ ថ្ងៃ​នេះ​ យើង​ទទួល​បាន​ទស្សនៈ​របស់​អ្នក​មក​ពី​តំបន់​នេះ​ផ្ទាល់។ ដូច្នេះ​ជា​ការ​ល្អ​ដែល​មាន​វិទិកា​នេះ»។

ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​តែ​ជា​បញ្ហា​ក្នុង​ប្រទេស​ជា​សមាជិក​មួយ​ចំនួន​នៃ​សមាគម​អាស៊ាន​ ជាពិសេស​ប្រទេស​ភូមា។ គណៈកម្មការ​សិទ្ធិ​មនុស្ស​អន្តរ​រដ្ឋាភិបាល​អាស៊ាន អាច​ជា​វិធានការ​ដ៏​សំខាន់​មួយ ​ឆ្ពោះ​ទៅរក​ការ​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​ ដោយ​ហេតុ​ថា​ នេះ​ជាលើក​ទី​មួយ​ហើយ​ចាប់​តាំង​ពីសមាគម​នេះ​បាន​ត្រូវបង្កើត​ឡើង​ ដែល​បញ្ហា​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ សំខាន់​តាម​រយៈការ​បង្កើត​គណៈកម្មការ​នេះ។ ប៉ុន្តែ​តំណាង​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា​ គណៈកម្មការ​សិទ្ធិ​មនុស្ស​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត​ត្រូវ​ធ្វើ​ ហើយ​ទទូច​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​អនាគត៕