ការ​រំឭក​ឡើង​វិញ​ពី​គ្រោះ​មហន្តរាយ​នៅ​ Fukushima មួយ​ទសវត្សរ៍​ក្រោយ​ពី​បាន​ទៅ​រាយការណ៍​ពី​កន្លែង​កើត​ហេតុ​ដំបូង

រូបឯកសារ៖ លោក Steve Herman ប្រធាន​ការិយាល័យ​ព័ត៌មាន​វីអូអេ​ប្រចាំ​សេតវិមាន​ គឺជាអ្នកសារព័ត៌មានដំបូងម្នាក់ ដែលបានចុះធ្វើសេចក្តីរាយការណ៍ផ្ទាល់អំពីករណីគ្រោះមហន្តរាយនៅ Fukushima ប្រទេសជប៉ុន។

កំណត់​និពន្ធ៖ លោក Steve Herman ប្រធាន​ការិយាល័យ​ព័ត៌មាន​វីអូអេ​ប្រចាំ​សេតវិមាន​ កាល​ពី​មួយ​ទសវត្សរ៍​មុន​ នៅ​ខែ​មីនា ឆ្នាំ​២០១១ បាន​ប្រញាប់ប្រញាល់​ចេញ​ដំណើរ​ពី​ទី​ក្រុង​ស៊េអូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ឱ្យ​ទាន់​ជើង​យន្តហោះ​ចុង​ក្រោយទៅ​កាន់​ខេត្ត Fukushima ប្រទេសជប៉ុន ដើម្បី​ទៅ​យក​ព័ត៌មាន​អំពី​គ្រោះ​មហន្តរាយ​មួយ​ ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ពី​មួយ​ម៉ោង​ទៅ​មួយ​ម៉ោង។ នៅ​ពេល​នោះ​ គ្រោះ​រញ្ជួយ​ដី​កម្រិត​ ៩,០​ មួយ​ នៅ​ក្នុង​សមុទ្រ​បាន​បណ្តាល​ឱ្យមាន​រលក​យក្ស​ស៊ូណាមិ បោកបក់​និង​បំផ្លាញ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​មួយ​កន្លែង ដែល​នេះ​បាន​បង្ក​ឱ្យ​មាន​វិបត្តិ​ការ​ធ្លាយ​ជាតិ​វិទ្យុសកម្ម​នៅ​តំបន់​នោះ។ តទៅនេះគឺជាការរៀបរាប់ដោយផ្ទាល់លោក Steve Herman នៃ​វីអូអេ​ អំ​ពី​បទ​ពិសោធន៍​យក​ព័ត៌មាន​កាលពីពេល​នោះ។


ប្រហែល​ពាក់​កណ្តាល​នៃ​ទំហំ​គ្រោះ​មហន្តរាយ​ក្នុង​ប្រទេស​ជប៉ុន​ នៅ​ពេល​នោះ​គឺ​មើល​ឃើញ​ច្បាស់​នឹង​ភ្នែក ហើយ​វា​ជា​សោកនាដកម្ម​ដ៏គួរ​ឱ្យ​តក់ស្លុត។ សហគមន៍​ភូមិដ្ឋានទាំង​មូល​ត្រូវ​បានរលក​យក្ស​ស៊ូណាមិ ​ដែល​បង្ក​ដោយ​ការ​រញ្ជួយដី​ដែល​មាន​កម្លាំង​ដ៏​ខ្លាំង​ បោកបក់​និងកួចហូរ​យក​ទៅចាក់ចោល​ក្នុង​លំហ​សមុទ្រ។

ប៉ុន្តែ​ពាក់កណ្តាលទៀត​នៃ​គ្រោះ​មហន្តរាយ​នេះ ​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទេ ហើយ​អាច​មាន​គ្រោះថ្នាក់ធ្ងន់ធ្ងរ​ជាង​មហន្តរាយ​ទី​ ១​ ទៅ​ទៀត។ នោះ​គឺ​សារធាតុ​វិទ្យុសកម្ម​នុយក្លេអ៊ែរ​ ដែល​បាន​ធ្លាយចេញ​ពី​ម៉ាស៊ីន​រ៉េអាក់ទ័រ​ក្នុង​រោងចក្រ​ថាមពល​ ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​រលក​យក្ស​ចំនួន​ពីរ​លើក។​

ការ​រាយការណ៍​ពី​ផ្នែក​ទី ១ ​នៃ​រឿង​នេះ​មាន​លក្ខណៈ​ងាយស្រួល​ជាង។ មនុស្ស​រាប់​ពាន់នាក់ប្រាកដ​ជាបាន​ស្លាប់ ហើយ​មនុស្សកន្លះ​លាន​នាក់​ដែល​នៅ​រស់រាន​មាន​ជីវិត​ត្រូវ​ជម្លៀសខ្លួន។

ប៉ុន្តែ​ការ​រាយការណ៍​ឱ្យ​បាន​ត្រឹមត្រូវ​ពី​មុំ​ (ព័ត៌មាន) ​អំពី​ថាមពល​នុយក្លេអ៊ែរ​វិញ​ជា​ការ​លំបាក​ជាង។ អ្នក​សារព័ត៌មាន និង​ទីភ្នាក់ងារ​សារព័ត៌មាន​ទាំង​សារព័ត៌មាន​ជប៉ុន និង​អន្តរជាតិ មាន​កាតព្វកិច្ច​ស្វែង​យល់​ពី​ការ​ពិត​ឱ្យ​បាន​ត្រឹមត្រូវ។​ ការ​រាយការណ៍​ដោយមើល​ស្រាល​ចំពោះ​កម្រិតគំរាមកំហែង​ពី​សារធាតុ​វិទ្យុសកម្ម​អាច​នឹង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ នៅ​ក្នុង​ប្រទេស​ជប៉ុន និង​អាច​ប៉ះពាល់​ដល់​អ្នក​រស់​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។

ផ្ទុយ​ទៅ​វិញ​ បើ​រាយការណ៍បំផ្លើសដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ដោយ​ផ្អែក​តាម​ព័ត៌មាន​មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​អាច​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ស្លន់ស្លោ។ ការ​ធ្វើ​បែប​នេះ​មិន​មែន​ត្រឹមតែ​ជា​ការ​មិន​មាន​ទំនួល​ខុសត្រូវ​នោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ទំនុកចិត្ត​ចំពោះប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ។

ការ​ព្យាយាម​សម្រេច​ឱ្យ​បាន​នូវ​តុល្យភាព​នេះ ​មាន​ន័យ​ថា ខ្ញុំពេល​នោះ​សម្រេច​ចិត្ត​មិនរាយការណ៍​ព័ត៌មាន​ដែល​អាច​ជា «ព័ត៌មាន​ដំបូង​គេ» ដែល​សំខាន់​បំផុត​នៅ​ក្នុង​អាជីព​របស់​ខ្ញុំ។ នោះ​គឺ​ព័ត៌មាន​អំពី​ហេតុការណ៍​នៃ​ការ​បែកធ្លាយ​ម៉ាស៊ីន​រ៉េអាក់ទ័រ​មួយ ឬ​ច្រើន​ជាង​នេះ​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Fukushima-1។

ខ្ញុំ​ទទួល​បាន​ការ​បង្ហើប​ព័ត៌មាន​នេះ​ភ្លាមៗ ​បន្ទាប់​ពី​មក​ដល់​ខេត្ត Fukushima នៅ​ក្នុង​ការ​និយាយ​ទូរស័ព្ទ​មួយ​ពី​ថ្នាក់​នាយក​ចូល​និវត្តន៍​ម្នាក់​នៃ​ក្រុមហ៊ុនអគ្គិសនីជប៉ុន​មួយ ​ដែល​ស្ថិត​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ប្រទេស​ជប៉ុន​ហើយ​ដែល​ប្រតិបត្តិការ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដែរ។

រូបឯកសារ៖ អ្នកយកសារព័ត៌មានម្នាក់ដែលស្ថិតក្នុងសម្លៀកបំពាក់ការពារសារធាតុពុល ពិនិត្យមើលម៉ាស៊ីន​រ៉េអាក់ទ័រទី ៣ នៅទីស្នាក់ការរបស់ក្រុមហ៊ុនផលិតថាមពលនុយក្លេអ៊ែរ Tokyo Electric Power Co's (TEPCO) នៅក្រុង Okuma តំបន់ Fukushima ប្រទេសជប៉ុន កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៦។

ស្ថានភាព​គ្រោះថ្នាក់ធ្ងន់ធ្ងរ

លោក​បាន​និយាយ​ចំៗ​ថា «ស្នូល​នៃ​ម៉ាស៊ីន​រ៉េអាក់ទ័រដ៏​សំខាន់​យ៉ាង​ហោច​ណាស់​មួយ​នៅរោងចក្រ Fukushima ​កំពុង​បែកធ្លាយ» ដោយ​លោកប្រាប់ខ្ញុំ​ ទាំង​ខ្ញុំ​មិន​បាន​ជជីក​សួរ​ផង។ សំឡេង​របស់​គាត់​មាន​បង្កប់​ដោយ​ក្តីបារម្ភ និង​បង្ហាញ​ថា​ មាន​ការ​ព្យាយាមលាក់​បាំង​ព័ត៌មាន​នេះ។​

នៅត្រឹម​ពេលនោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ដែល​ពឹងផ្អែក​លើប្រភព​ព័ត៌មាន​ពី​ក្រុមហ៊ុន Tokyo Electric Power Company ដែល​ប្រតិបត្តិការ​រោងចក្រ​ថាមពល​នុយក្លេអ៊េរ​ទាំង​ពីរ​ នៅ Fukushima និងប្រភព​រដ្ឋាភិបាល​ជប៉ុន​ មិន​បាន​រាយការណ៍​ពី​សេណារីយ៉ូ​ដ៏​ធ្ងន់ធ្ងរ​នេះ​ទេ។

ខ្ញុំ​ក៏​បាន​ទូរស័ព្ទ​ទៅសួរ​អ្នក​នយោបាយ​ជប៉ុនម្នាក់ ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​កាន់​អំណាច។ ជា​ការ​ពិត លោក​គួរ​តែ​ទទួល​បាន​ដំណឹង​ថា​ តើ​មាន​សញ្ញា​នៃ​ការ​បែកធ្លាយ​ឬ​អត់។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​មិន​បាន​ទទួលព័ត៌មាន​លម្អិត​ទាំង​នោះ​ទេ និង​ហាក់​ដូចជា​មិន​ជឿ​ថា​អាចមាន​ការ​បែកធ្លាយ​ម៉ាស៊ីន​រ៉េអាក់ទ័រ​ដ៏​សំខាន់​មួយ​នោះ​ទេ។ ខ្ញុំ​បាន​ស្គាល់​សមាជិក​សភា​រូបនេះ​យូរ​មក​ហើយ ​ដែល​ក្រោយ​មក​លោក​បាន​កាន់​តំណែង​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី ហើយ​ខ្ញុំ​ជឿ​ថា លោក​មិន​បាន​ព្យាយាម​បំបិទ ឬ​បង្វែរ​ព័ត៌មាន​ចំពោះ​ខ្ញុំ​នោះ​ទេ។

ដោយ​មិន​មាន​ប្រភព​ទី ២ ​ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​ដែលអាច​ជា​ការ​បំផ្លើស​នោះ ខ្ញុំក៏​មិន​បាន​រាយការណ៍អំពី​រឿង​នោះ​ទេ។ មួយ​ថ្ងៃ​ក្រោយ​មក ទើបយើង​ដឹង​កាន់​តែ​ច្បាស់​ថា ប្រភព​ព័ត៌មាន​ដំបូង​របស់​ខ្ញុំ​ប្រហែល​ជា​ត្រឹមត្រូវ នៅ​ពេល​ដែល​លោក Yukio Edano រដ្ឋមន្ត្រីទី​ស្តី​ការ​គណៈ​រដ្ឋមន្ត្រីទទួល​ស្គាល់​ថា ​«មាន​លទ្ធភាព​ខ្ពស់» ដែល​ថា​អាចមាន​ការ​បែកធ្លាយ​ដោយ​ផ្នែក​នៅ​ក្នុង​អគារ​ទី ៣។ យើង​បាន​ដឹង​នៅ​ពេល​ក្រោយ​មក​ថា ស្ថានភាពពិត​ប្រាកដ​នៅ​ពេល​នោះ ​គឺ​ធ្ងន់ធ្ងរ​ជាង​អ្វី​ដែល​យើង​បាន​ដឹង[នៅ​ពេល​នោះ]។

ក្នុង​រយៈពេល​ដំបូងៗ​នៃ​គ្រោះ​មហន្តរាយ​នេះ ព័ត៌មាន​លម្អិត​នៃ​អ្វី​ដែល​ពិត​ជា​បាន​កើត​ឡើង​ទៅ​លើ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​នេះមាន​តិចតួច​ណាស់។ តួលេខ​វាស់ស្ទង់កម្រិត​សារធាតុ​វិទ្យុសកម្ម​នៅ​ស្ថានីយ​តាមដាន​សារធាតុ​វិទ្យុសកម្ម​ក្នុង​មូលដ្ឋាន​ជា​ការ​ព្រួយបារម្ភ។ លទ្ធផល​នៃ​ការ​វាស់ស្ទង់​នេះ​ជាទូទៅ​មិន​ត្រូវ​បាន​រាយការណ៍​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្នាក់ជាតិ​នោះ​ទេ ហើយ​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​នៅ​ឯ​រាជធានីតូក្យូ​មិន​អាច​ឃើញ​លទ្ធផល​នៅ​មូលដ្ឋាននេះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ព័ត៌មាន​នោះ​ត្រូវ​បាន​ដាក់​ផ្សាយនៅ​លើ​ផ្ទាំង​កញ្ចក់​ទូរទស្សន៍​នានាក្នុង​តំបន់ Fukushima។ ខ្ញុំ​ចេះ​ភាសា​ជប៉ុន​គ្រាន់​បើ​ដើម្បី​អាច​អាន​ឈ្មោះ​ទីក្រុង​ទាំង​នោះ ដែលនេះបាន​ធ្វើ​ឱ្យ​ខ្ញុំ​អាច​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ Twitter បាន​លឿន និង​ត្រឹមត្រូវ​ទៅ​កាន់​ពិភពលោក​អំពី​ផលប៉ះពាល់​ពី​សារធាតុ​វិទ្យុសកម្ម។

ខណៈ​ដែល​តួលេខ​ការ​វាស់ស្ទង់​មិន​ទាន់​ដល់​កម្រិត​ដែល​បង្ក​ឱ្យ​មាន​ក្តីបារម្ភ​សុខភាព​ធ្ងន់ធ្ងរ​ភ្លាមៗ​ក្តី ក៏​តួលេខទាំង​នោះ​បាន​បង្ហាញ​ថា សារធាតុ​វិទ្យុសកម្ម​យ៉ាង​ច្រើន​ពេល​នោះ​កំពុង​រសាត់​ចេញ​ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ទៅ​ទិស​ពាយ័ព្យ។

មួយ​សប្តាហ៍​បន្ទាប់​ពី​រលក​យក្ស​ស៊ូណាមិ​បាន​បោកបក់​ទៅ​លើ​រោងចក្រ​ថាមពល​នេះ គេ​រក​ឃើញ​ថា ទឹក​ដោះ​គោ និង​ទឹក​ពី​តំបន់ Fukushima មាន​ផ្ទុក​ជាតិ​អ៊ីយ៉ូត​វិទ្យុសកម្ម​ក្នុង​កម្រិត​ខ្ពស់​ខ្លាំង។ ទឹក​ស្អាត​នៅ​ក្នុង​ទីក្រុង​តូក្យូ ដែល​មាន​ចម្ងាយ ​២២៥​គ.ម.​ពី​តំបន់ Fukushima ក៏​មាន​ជាតិ​វិទ្យុសកម្ម​ក្នុង​កម្រិត​ខ្ពស់​ជាង​ធម្មតា​ផង​ដែរ។

រូបឯកសារ៖ ក្រុមអ្នកជំនាញបច្ចេកទេសធ្វើការដឹកជញ្ជូនដីដែលមានសារធាតុវិទ្យុសកម្មដ៏គ្រោះថ្នាក់ នៅក្រុងTomioka តំបន់ Fukushima។

ការ​បង្ហាញ​ក្តីបារម្ភ

សហការី និង​សមាជិក​គ្រួសារ​របស់​ខ្ញុំ​បាន​បង្ហាញ​ក្តីបារម្ភ និង​ការភិតភ័យ​ចំពោះ​ការណ៍​ដែល​ខ្ញុំ​បាន​សម្រេច​ចិត្ត​ស្ថិត​នៅ​ក្នុង​តំបន់ដែល​ពួកគេ​ចាត់​ទុក​ថា​ ជា​កន្លែង​មិន​មាន​សុវត្ថិភាព ដែល​បាន​ក្លាយជា​តំបន់មាន​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​អាក្រក់​បំផុត​នៅ​ក្នុង​ពិភពលោក ចាប់​តាំង​ពី​គ្រោះ​មហន្តរាយ​Chernobyl មក។ ខ្ញុំ​បាន​ឆ្លើយ​តប​ថា ខ្ញុំ​មាន​ការ​ប្រយ័ត្នប្រយែង និង​មិន​ធ្វេសប្រហែស​នោះ​ទេ។​

ខ្ញុំ​មាន​បទពិសោធន៍​ជាមួយ​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​នុយក្លេអ៊ែរ​នេះនៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៧០។ ពេល​នោះ​ខ្ញុំ​ធ្វើ​ជា​អ្នក​យក​ព័ត៌មាន​ឱ្យវិទ្យុ​ក្នុង​ស្រុក​មួយ​នៅ​ក្នុង​ក្រុង Las Vegas របស់​សហរដ្ឋ​អាមេរិក។ ខ្ញុំ​ជារឿយៗ​រាយការណ៍​ពី​សកម្មភាព​នៅ​តំបន់ទី​ពិសោធន៍​របស់​រដ្ឋ Nevada ដែល​ជា​កន្លែង​រដ្ឋាភិបាល​អាមេរិក​បាន​បំផ្ទុះគ្រាប់​បែក​នុយក្លេអ៊េរនៅ​ក្រោម​ដី។

ខ្ញុំ​ក៏ធ្លាប់​បានចូល​រួមនៅ​ក្នុង​បន្ទប់​សវនាការ​ដើម្បី​រាយការណ៍​ពី​សវនាការ​សហព័ន្ធ ​ដែល​មាន​លក្ខណៈ​បច្ចេកទេស​ខ្លាំង​ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​សារធាតុ​វិទ្យុសកម្ម​ដោយ​ចៃដន្យ​ទៅ​ក្នុង​បរិយាកាស​ដោយសារ​ការ​សាកល្បង​នុយក្លេអ៊ែរ Baneberry ក្នុង​ឆ្នាំ ១៩៧០ ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។​

បទពិសោធន៍​នេះផ្តល់​ឱ្យ​ខ្ញុំ​នូវ​ចំណេះដឹង​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​រូបវិទ្យា​នុយក្លេអ៊ែរ និង​វិទ្យុសកម្ម។ ខ្ញុំ​ដឹង​ថា អ៊ីសូតប​វិទ្យុសកម្ម​ទាំង​អស់​មិន​ដូច​គ្នា​នោះ​ទេ។ សារធាតុ​ភ្លុយតូនីញ៉ូម (plutonium) មាន​គ្រោះថ្នាក់​ដល់​ស្លាប់ ប្រសិន​បើ​ស្រូប​សារធាតុ​នេះ ទោះ​បី​ជា​ក្នុង​បរិមាណ​តិចតួច​ក្តី។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ សារធាតុ​នេះ​មាន​ទម្ងន់​ធ្ងន់ ហើយ​នៅ​ពេល​វា​ធ្លាក់​ទៅ​លើ​ដី វា​ទំនង​នៅ​ជាប់​នឹង​កន្លែង​នោះ។

ផ្ទុយ​ទៅ​វិញ ប្រភេទ​ឧស្ម័ន​កម្រ (noble gases) មាន​លក្ខណៈ​ស្រាល និង​អាច​ហើរ​បាន​ឆ្ងាយ។ អ្វី​ដែល​ជា​ក្តី​បារម្ភ​ផ្នែក​សុខភាព​គឺ​សារធាតុ​អ៊ីយ៉ូត ១៣១ (Iodine-131)។ ខ្ញុំ​ស្ទើរតែ​ប្រាកដថាខ្ញុំបាន​ស្រូប​យក​សារធាតុ​នេះ​ខ្លះ ហើយ​បាន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​មិត្តភក្តិ​ដែល​ជា​គ្រូពេទ្យ​ឯកទេស​នៅ​ក្នុង​រដ្ឋ California។​

គាត់​បាន​និយាយ​ថា៖ «កុំ​បារម្ភ​អី។ អ្នក​នឹង​ស្លាប់​ដោយសារ​អ្វី​ផ្សេង​នៅ​ពេល​ចាស់​មុន​ពេល​អ្នក​អាចកើត​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត (thyroid)​ចេញ​ពី​សារធាតុ​នេះ​[សារធាតុ​វិទ្យុសកម្ម]» និង​បាន​ព្យាយាម​ធ្វើ​ឱ្យ​ខ្ញុំ​ទុក​ចិត្ត។

ខ្ញុំ​បាន​គិត​ពិចារណា​លើ​កត្តា​ទាំង​នេះ​ក្នុង​ការ​សម្រេច​ថា​តើ​គួរ​ចូល​ទៅ​តំបន់​ហាមឃាត់​មាន​សារធាតុ​វិទ្យុសកម្ម​រង្វង់២០គ.ម.​មួយ​ខែ​ក្រោយ​ពី​មាន​រលកយក្ស​ស៊ូណាមិ​នៅ​ថ្ងៃទី១១ ខែមីនា ឬ​យ៉ាង​ណា។

រូបឯកសារ៖ ក្រុមអ្នកជំនាញបច្ចេកទេសកំពុងពិនិត្យមើលអាងស្តុកទឹកដែលមានសារធាតុវិទ្យុសកម្មនៅទីស្នាក់ការរបស់ក្រុមហ៊ុនផលិតថាមពលនុយក្លេអ៊ែរ Tokyo Electric Power Co's (TEPCO) នៅក្រុង Okuma តំបន់ Fukushima ប្រទេសជប៉ុន កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០។

ទៅ​ដល់​កន្លែង​កើត​ហេតុ

លោក John Glionna នៃ​សារព័ត៌មាន Los Angeles Times និង​ខ្ញុំ​បាន​សហការ​គ្នា​ដើម្បី​ក្លាយ​ជា​អ្នក​សារព័ត៌មាន​អាមេរិក​ដំបូង​ដែល​បាន​ទៅ​ដល់​កន្លែង​កើត ហេតុ​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Fukushima Daiichi។

មន្ត្រី​ប៉ូលិស​នៅ​ពេល​នោះ​មិន​មាន​អំណាច​ផ្លូវ​ច្បាប់​ ដើម្បី​ហាមឃាត់​ពួកយើង​មិន​ឱ្យ​ចូល​ក្នុង​តំបន់​ហាមឃាត់​នោះ​ទេ។ ប៉ូលិស​បាន​ណែនាំ​យើង​មិន​ឱ្យ​បើក​បង្អួច​រថយន្ត​របស់​យើង និងឱ្យ​ទៅ​បង្ហាញ​ខ្លួន​នៅ​មជ្ឈមណ្ឌល​ពិនិត្យ​សារធាតុ​វិទ្យុសកម្ម​នៅ​ទីក្រុង Tamura បន្ទាប់​ពី​ចេញ​ពី​ន្លែង​នោះ​ទេ។ ហើយនៅ​ទីក្រុង Tamura ​នោះ យើង​គួរ​តែ​លាង​សម្អាត​រថយន្ត​របស់​យើង។

ខណៈ​ដែល​យើង​កំពុងធ្វើ​ដំណើរ​ទៅ ​«កន្លែង​កើត​ហេតុ​ដំបូង» (ground zero) យើង​បាន​ជិះ​កាត់វាលស្រែ​រាប់​សិប​គីឡូម៉ែត្រ​ដែលកសិករ​បាន​រត់ចោល។ ក្នុង​ដំណើរ​ចម្ងាយ​ ២០គ.ម. ​នេះ​ភាគច្រើន​យើង​ឃើញ​តែ​យានយន្ត​របស់​ប៉ូលិស ទាហាន និង​មន្ត្រី​ផ្សេង​ទៀត​ប៉ុណ្ណោះ ហើយ​យើង​អាច​រាប់ចំនួន​ពួក​គេ​ដោយ​ប្រើ​ដៃ​របស់​យើង​បាន។

យើង​មិន​ឃើញ​មាន​មនុស្ស​សូម្បី​តែ​ម្នាក់​នៅ​ខាង​ក្រៅផ្ទះ​នៅ​ឯ​ភូមិ Futaba និង​ភូមិ Okuma ដែល​មួយ​ខែ​មុននោះមាន​ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង​ភូមិ​ទាំង​ពីរ​មាន​ប្រមាណ​១៨.៥០០​នាក់។ ទ្វារ​នៅ​កន្លែង​អាជីវកម្ម​មួយ​ចំនួន​នៅ​បើក​ចំហ​នៅ​ឡើយ​ដែល​បង្ហាញ​ពីទិដ្ឋភាព​កន្លែង​ដែល​មនុស្សម្នា​នាំ​គ្នា​រត់​ចេញ​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ពេល​ដែល​ដី​បាន​រញ្ជួយ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន។

រថយន្ត​មិន​អាច​បើក​កាត់​ផ្លូវ​មួយ​ចំនួន​បាន​ទេ។ ចិញ្ចើម​ផ្លូវ​ត្រូវ​បាន​ពុះចែក​ដោយ​ការ​រញ្ជួយ​ដី។​ស្ពាន​ផ្លូវ​រថភ្លើង​លើ​អាកាស​ធ្លាក់​បែកបាក់​នៅ​ជិត​ផ្លូវ​មួយ។ បង្គោល​ភ្លើង​ទេរ​ទ្រេតយ៉ាង​ខ្លាំង​នៅ​តាម​ផ្លូវ។

បន្ទាប់​ពី​បើក​ឡើង​តាម​ជម្រាល​ទៅ​ខ្លោង​ទ្វារ​ចម្បង​របស់រោងចក្រ Fukushima Daiichi អ្នក​យាម​ពីរ​នាក់​ក្នុង​ឈុត​ការពារ​មួក​ការពារ និង​ម៉ាស​ការពារ​ដែល​មាន​ឧបករណ៍​ស្រូប​អ៊ុកស៊ីសែន​ចំនួន​ពីរ​បាន​ស្វាគមន៍​ពួកយើង​ដោយ​ប្រុងប្រយ័ត្ន។​

ការ​ព្យាយាម​សួរ​សំណួរ​របស់​យើង​ត្រូវ​បាន​បដិសេធ។ អ្នក​យាម​ទាំង​ពីរ​មិនឆ្លើយតបនឹង​យើងអ្វី​ទាំង​អស់​ក្រៅ​ពី​ប្រើ​ដៃ​ធ្វើ​សញ្ញា​ឱ្យ​យើង​ត្រឡប់​ក្រោយ។ ស្លាក​លេខ​នៃ​រថយន្ត​របស់​យើង​ត្រូវ​បាន​គេ​កត់​ទុក។ ច្បាស់​ណាស់​ យើង​មិន​អាច​ទៅ​មុន​បន្ត​ទៀត និង​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ឈប់​នោះ​ទេ។

នៅ​កន្លែង​ចត​រថយន្ត ខ្ញុំ​ឃើញ​មាន​ផ្ទាំង​ព័ត៌មាន​មួយ​ដែល​មាន​សារដែល​ជា​ទូទៅគេ​ឃើញ​នៅ​តាម​ការដ្ឋាន​សាងសង់ ឬ​តំបន់ឧស្សាហកម្ម។ នោះ​គឺ​ប៉ាណូ​ដែល​ដំឡើង​ដោយ​«គណៈកម្មាធិការ​សុវត្ថិភាព​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ TEPCO Fukushima 1»។

ច្បាស់​ណាស់​សារ​នោះមិន​ត្រូវ​បាន​ផ្លាស់ប្តូរ​ទេ​ចាប់​តាំង​ពី​មាន​គ្រោះ​មហន្តរាយ​នេះមក។ បើ​យើង​អាន​សារ​នេះ​ដោយ​គិត​ត្រឡប់​ទៅ​ក្រោយ​វិញ វា​ដូច​ជា​ការ​ប្រកាស​បែប​ចំអក​ឡកឡឺយ​ដែល​សរសេរនៅ​[មុន​គ្រោះ​មហន្តរាយ​នោះ]​ថា៖

«ពាក្យ​ស្លោក​សុវត្ថិភាព​សម្រាប់​ខែ​នេះ៖ ត្រូវ​ធានា​ថា បាន​ពិនិត្យ​មើល​អ្វីៗ​គ្រប់​យ៉ាង និង​ធ្វើ​ការ​វាយតម្លៃ​ពី​ហានិភ័យ។ មិន​ត្រូវ​មាន​គ្រោះ​មហន្តរាយ​សម្រាប់​ឆ្នាំ​នេះ​ទេ»៕