មរណ​ភាព​លោក​រាជ​ សម្បត្តិ​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ការ​បាត់​បង់​ដ៍​ធំ​សម្រាប់កម្ពុជា

​លោក​រាជ ​សម្បត្តិ​ពេល​បំពេញ​ភារកិច្ច​សាលាក្តី​ខ្មែរក្រហម​មុន​ពេល​ទទួល​មរណភាព។

លោក​ រាជ សម្បត្តិ​ ​អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ទទួល​មរណ​ភាព​កាល​ពី​យប់​ថ្ងៃ​ពុធ​ទី​១១​ ឆ្នាំ​២០១១​ ដោយ​សារ​ជំងឺ​លើស​ឈាម​ ឬ​ដាច់​សរសៃឈាម។​ ជាមួយ​គ្នា​នឹង​ការ​ចូល​រួម​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ ហើយ​នឹង​ការ​ចង​ចាំគុណ​សម្បត្តិ​ ដ៏​ច្រើន​របស់​លោក​រាជ ​សម្បត្តិ​ផង​នោះ​ អ្នកយក​ព័ត៌មាន​កម្ពុជាមិត្ត​ភក្តិ​ និងមន្ត្រី​រដ្ឋា​ភិបាល​បាន​ចាត់​ទុក​ថា​ មរណ​ភាព​នេះ​គឺ​ជា​ការ​បាត់បង់​ដ៏ធំ​សម្រាប់​កម្ពុជា។

លោក​ រាជ ​សម្បត្តិ​ អាយុ​៤៧​ឆ្នាំ​មាន​កូន​៣នាក់​ ធ្លាប់​ធ្វើជា​អ្នកយក​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFP​ តាំងពី​ទសវត្ស​៩០​ ធ្លាប់​ធ្វើជា​គ្រូ​បណ្តុះ​បណ្តាល វិស័យ​ព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បន្ទាប់​ពី​លោក​បាន​ទទួល​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ផ្នែក​សារ​ព័ត៌មាន​នៅ​សាកល​វិទ្យាល័យ​ខូឡំប៊ៀ (Columbia ​University) ​ស.រ.អា.​ ដ៏​ល្បី​ល្បាញ។​ កាលពី​ឆ្នាំ​២០០៦​ លោក​បានចូល​បម្រើ​ការងារ​ជា​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បន្ទាប់មក​ត្រូវ​បាន​ដំឡើង​ឋានៈជា​ប្រធាន​ផ្នែក​ការិយា​ល័យ​កិច្ចការ​សារធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម។

លោក​កឹម ​គុណវឌ្ឍន៍​ អគ្គ​នាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​ដែល​ចូលរួម​បណ្តុះ បណ្តាល​វគ្គ​វិជ្ជាជីវៈ​សារព័ត៌មាន​ជាមួយ​លោក​រាជ ​សម្បត្តិ​ បាន​ថ្លែង​ទាំង​ក្រៀមក្រំ​ថា៖ ​មរណភាព​លោក​រាជ ​សម្បត្តិ​គឺ​ជា​ការ​បាត់​បង់​ដល់​កម្ពុជា​ ជា​ពិសេស​ផ្នែក​ធនធាន​មនុស្ស។

«អ្វី​ដែល​យើង​សោក​ស្តាយ​ខ្លាំង​បំផុត​នោះ​គឺ​សមត្ថ​ភាព​បុគ្គល​ ហើយ​នឹង​បទ ពិសោធន៍​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព​នៅក្នុង​វិស័យ​ព័ត៌មាន​ហើយ​ក្នុង​វិស័យ ផ្សព្វ​ផ្សាយ។​ ជា​ពិសេស​នោះ​គឺ​ការ​បម្រើ​រយៈ​ពេលបី​ឆ្នាំ​កន្លង​ទៅ​នៅ​ឯ​សាលាក្តី ខ្មែរក្រហម​ដែល​លោក​រាជ សម្បត្តិ​បាន​បម្រើ​វិស័យ​នេះ​យ៉ាង​សក្តិសម​និង​មាន ប្រសិទ្ធិ​ភាព​ ដោយ​បាន​ផ្តល់ភាព​ងាយ​ស្រួល​និង​ផ្តល់​ទំនាក់​ទំនង​ដល់​គ្រប់សារ ព័ត៌មាន​ទាំង​អស់​ ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ ដែល​ខ្ញុំ​ចង់​និយាយ​ថា​ ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅគ្រប់​វេទិកា​នៃ​ដំណើរ​ការ​នៃ សាលាក្តី​ខ្មែរក្រហម»។

លោកគុណវឌ្ឍន៍​បាន​បរិយាយ​ថា​ លោក​រាជ ​សម្បត្តិ​ជា​មនុស្ស​រស់​រាយ​ ជា​អ្នក មាន​សមត្ថភាព​អាច​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ស្ងប់​ រវាង​អ្នក​ដើម​ចោទ​ និង​ចុង​ចោទ​ក្នុង សាលាក្តី​ខ្មែរក្រហម។

លោក​ ទៀង​ សុភៈវិជ្ជា​ ប្រធាន​ស្តីទី​នៃ​សិក្ខា​ល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​មរណភាព​លោក​រាជ​ សម្បត្តិ​ដោយ​ថ្លែង​ថា​ លោក​រាជ សម្បត្តិ​ជា​អ្នក​កាសែត​ដ៏ល្បី​ក្នុង​ចំណោម​អ្នក​ល្បី​ដែល​មាន​ចំនួន​តិច​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​មាន​ចំណេះ​ដឹង​ខ្ពស់​ខាង​កាសែត​ និង​ជា​អ្នក​នាំ​ពាក្យ​ដ៏ល្បី​សម្រាប់​សាលាក្តី​ខ្មែរក្រហម។

«ការ​បាត់​បង់​គាត់​គឺ​ជា​ការ​បាត់បង់​ដ៏ធំ​ គឺជា​ការ​បាត់បង់​ធនធាន​មនុស្ស​មួយ​ដ៏ធំ​សម្រាប់​ជាតិ​ក៏​ដូច​ជា​សម្រាប់​សាលាក្តី​ខ្មែរក្រហម​ក៏​ដូច​វិស័យ​សារ​ព័ត៌មាន​ក៏ដូច​សាលា​ព័ត៌មាន​ទាំង​មូល​ដែរ​ បាទ»។

លោក​ សុភៈវិជ្ជា​បាន​បរិយាយ​ថា ​លោក​រាជ​ សម្បត្តិ​ជា​មនុស្ស​ល្អ​រស់​រាយ​ ចូល ចិត្ត​លែង​សើច​ច្រើន​ ចូល​ចិត្ត​សប្បាយ​ តែ​ហ្មត់ចត់​នឹង​ការងារ​ ។ ​លោក សុភៈវិជ្ជា​បាន​ដក​ស្រង់​ការ​រៀប​រាប់​របស់​គ្រួសារ​លោក​រាជ​ សម្បត្តិ​មកបញ្ជាក់​ថា៖ ​គាត់​មាន​ជំងឺ​លើស​ឈាម​យូរ​ហើយ​ តែ​មិន​ធ្លាប់​ធ្វើ​ទុក្ខ​ខ្លាំង​ទេ៖

«គ្រួសារ​និង​បង​ប្អូន​គាត់​ប្រាប់​ថា​ គាត់​មាន​ជំងឺ​លើស​ឈាម​ជិត​១០​ឆ្នាំ​ ហើយ​ ប៉ុន្តែ​វា​អត់​មាន​បញ្ហា​ធ្វើ​ទុក្ខអ្វី​ទាំងអស់​កន្លង​មក​ ហើយ​ជា​អកុសល​ បង​(រាជ សម្បត្តិ)​ គាត់​អត់​ដែល​លេង​កីឡា​ គាត់​អត់​ដែល​បារម្ភ​រឿងអី​ទាំង​អស់​ តែ​គាត់​មាន​ជំងឺ​ហ្នឹង។​ បើ​តាមខ្ញុំ​ដឹង​ គាត់​ធ្លាប់​លេប​ថ្នាំ​ការពារ​ជំងឺ​លើស​ឈាម​រហូត​ ហើយ​ដល់​ពេល​ហ្នឹង​ វា​ខ្លាំង ​វា​ដាច់​តែ​ម្តង​បាទ»។

លោករាជ​ សម្បត្តិ​ត្រូវ​គេ​បញ្ជូន​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​កាល ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​លោក​ធ្លាក់​ខ្លួន​ឈឺ​សន្លប់​មិន​ដឹង​ខ្លួន។​ មួយ​ថ្ងៃ​បន្ទាប់​មក​ ​លោក​បាន​ស្លាប់​ មុន​ពេល​ដែល​គេ​ប្រុង​ប្រៀប​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ។

កិច្ចការ​របស់​លោក​រាជ​ សម្បត្តិ​ចុង​ក្រោយ​មួយ​ដែល​ VOA​ បាន​សម្ភាស​គឺ បេសក​កម្មរបស់​លោក​ទៅ​កាន់​ខេត្ត​បាត់​ដំបង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សប្តាហ៍​មុន​ ដើម្បី​ចូលរួម​ចែក​ចាយ​សៀវភៅ​ស្តីពី​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​ដល់​សិស្សា​នុសិស្ស​នៅ​ទីនោះ។​ ស្រប​ពេល​ជាមួយ​គ្នា​ដែរ​ លោក​បាន​ចូលរួម​ជាមួយ​អង្គការ​Peace​ Corps ​របស់​ស.រ.អា.​ដើម្បី​បង្រៀន​ភាសា​អង់​គ្លេស​នៅ​ខេត្ត​បាត់ដំបង​ផង ដែរ។

ថ្លែងប្រាប់​ VOA ​តាម​ទូរស័ព្ទ​ពី​ខេត្ត​បាត់ដំបង​កាលពី​សប្តាហ៍​មុន​ លោក​សម្បត្តិ បាន​បញ្ជាក់​ថា៖​ លោក​ត្រៀម​ជួប​សិស្សា​នុសិស្ស​៤០០០​នាក់​ក្នុង​សាកល​វិទ្យាល័យ​បាត់​ដំបង​ ដើម្បី​អប់រំ​និង​ពន្យល់​អំពី​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​ ប្រវត្តិ​នៃ​ការ​កកើត​របប​ប្រល័យពូជ​សាសន៍​ ជំហរ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ និង​អ.ស.ប​.ក្នុង​រឿង​កាត់​ទោស​ខ្មែរក្រហម។

«នៅ​បាត់ដំបង​នេះ​ ពី​ល្ងាច​មិញ​ តាម​សំណើរ​របស់​ជនជាតិ​អាមេរិកាំង​ ដែល​ជា​គ្រូ​បង្រៀន​ Peace ​Corp ​នៅ​ក្នុង​ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ យើង​បាន​ជួប សិស្សា​នុសិស្ស​ជិត​៥០០​នាក់។ ​ដោយ​ឡែក​សិស្សា​នុសិស្ស​នៅ​ក្នុង​សាលាហ្នឹង​ជាង​១០០០​នាក់ ​ដែល​គេ​កំពុង​រៀន​ហ្នឹង​ ​យើង​បាន​ផ្តល់សៀវ​ភៅ​១០០០​ក្បាល​សម្រាប់​សាលា​វិទ្យាល័យ​ឯកភ្នំ។​ ហើយ​សាលា​ដ៏ទៃ​ទៀត​ ដែល​មាន​US Peace ​Corps​ទៅ​បង្រៀន​ក្រោម​ការ​ឧបត្ថម​របស់​ស.រ.អា.​ហ្នឹង​ ក៏​បាន​ស្នើ​ជាច្រើន​ដូចជា​នៅ​ខាង​វាលរិញ​ នៅ​ខាង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​ឥឡូវ​នេះ​គាត់​មក​ខេត្ត​បាត់ដំបង។ ​អញ្ចឹង​គឺ​យើង​ធ្វើ​គ្រប់​កន្លែង​ណា៎​ ហើយ​សិស្សានុសិស្ស​គេ​សប្បាយ​អបអរ។​ ដោយ​ឡែក​មួយទៀត ​នៅ​ព្រឹក​ថ្ងៃ​ ស្អែក ​យើង​នឹង​ជួប​និស្សិត​ចំនួន​៤០០០​នាក់​នៅ​សាកល​វិទ្យាល័យ​បាត់​ដំបង​ ដើម្បី​និយាយ​អំពី​ការ​វិវត្តន៍​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ហើយ​យើង​មិន​បញ្ចប់​ទេ។​ កិច្ចការ​នេះ​ គឺ​យើង​ព្យាយាម​ធ្វើ​ឲ្យបាន​ច្រើន​ជា​អតិបរមា​ តាម​ដែល​យើងធ្វើ​ទៅ​បាន»។

ខាងលើ​នេះ​ជា​អត្ថា​ធិប្បាយ​របស់​លោក​រាជ​ សម្បត្តិ​ចុង​ក្រោយ​ ដែល​និយាយ​អំ​ពី​កិច្ចការ​របស់​លោក​មុន​មរណ​ភាព។

លោក​ ខៀវ​ កូឡា​ អ្នក​អត្ថា​ធិប្បាយ​ទូរទស្សន៍ ​CTN​ បាន​ថ្លែងថា​ មរណភាព​ របស់​លោក​រាជ​ សម្បត្តិ​គឺជា​ការ​បាត់បង់​ដ៏ធំ​ហើយ​ពិបាក​រក​អ្នក​ជំនួស។

«ការ​បាត់បង់​លោក​សម្បត្តិ​នេះ​គឺជា​ការ​បាត់បង់​ដ៏ធំ​នៅក្នុង​វិស័យ​សារ​ព័ត៌មាន កម្ពុជា​ ព្រោះ​ថា​ លោក​ រាជ ​សម្បត្តិបាន​ឧទ្ទិស​ជីវិត​លោក​សម្រាប់​ការ​បម្រើ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ ហើយ​ក្នុង​ឋានៈ​ជា​ប្រធាន​ការិយា​ល័យ​កិច្ចការ​សាធារណៈ ​ អ្នកនាំ​ពាក្យ​សាលាក្តី​ខ្មែរក្រហម​ លោក​បាន​ខិត​ខំ​ ខ្នះខ្នែង​ជា​អតិបរមា​ដើម្បី​បម្រើ​អ្នកសារ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ដោយ​គ្មាន​គិត​ពី​យប់​ ថ្ងៃ ក្តៅ ​រងារ​ ត្រជាក់​ទេ»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាមៗ​អំពី​មរណភាព​របស់​លោក​រាជ​ សម្បត្តិ​ ដោយ​បង្ហាញ​ពីការ​សោក​ស្តាយ​ជា​ពន់​ពេក៕