មរណភាព​ ​នួន ជា​ បន្សល់​ចម្ងល់​អំពី​ «ការពិត» ​ជុំវិញ​របប​ខ្មែរ​ក្រហម

នួនជាដៃស្ដាំរបស់ប៉ុលពតនៃរបបខ្មែរក្រហមបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅសាលាក្តីខ្មែរក្រហម នៅជាយក្រុងភ្នំពេញ ថ្ងៃទី៤ កុម្ភៈ ២០០៨។​ (REUTERS/Chor Sokunthea)

នួន ជា ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ​និងឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ដែល​ទាក់ទង​នឹង​ការ​កាប់​សម្លាប់ ​និង​បណ្តាល​ឲ្យ​​ពលរដ្ឋ​ស្លូតត្រង់​ជាង​១លាន​៧សែន​នាក់​ស្លាប់ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​​​

មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ស្លាប់​របស់​ នួន ជា បង​ធំទី​២ក្នុង​របប​ខ្មែរ​ក្រហម អតីត​អ្នក​ទោស​គុក​ទួល​ស្លែង ​អតីត​ជន​រង​គ្រោះ​ដោយ​របប​ខ្មែរ​ក្រហម និង​បញ្ញាវ័ន្តក្នុង​រាជធានីភ្នំពេញ​ បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​មរណភាព​នេះ​ដែល​បាន​បិទ​បាំង​ការពិត​មួយ​ចំនួន​ពី​របប​ដ៏​ប្រល័យ​នេះ។

ខណៈ​កំពុង​អង្គុយ​លក់​សៀវភៅ​ក្នុង​បរិវេណ​សារៈមន្ទីរ​ទួល​ស្លែង​ លោក ​ប៊ូ ម៉េង​ តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី និង​ជាអតីត​អ្នកទោស​គុក​ទួល​ស្លែង​ប្រាប់ VOA ថា ការ​ស្លាប់​របស់​លោក នួន ជា ប្រៀបដូចជា​ការ​បាត់បង់​ការពិត​មួយ​ចំនួន​ដែល​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ពាក់ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម​យ៉ាង​ដូច្នោះដែរ។

«គាត់​រស់​រាន​មាន​ជីវិត​ទៅ​យើង​គ្រាន់​សួរ​នាំ​គាត់​អំ​ពី​បញ្ហា​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ដល់​បាត់​ពី​គាត់​ទៅ វា​ត្រូវ​បាត់​មនុស្ស​ម្នាក់​ដែល​ដឹង​រឿង​ពិត ដែល​ដឹង​រឿង​ខ្មែរ​ក្រហម​ធ្វើ​យ៉ាង​ម៉េចៗ​ចំពោះ​ប្រជាជន​ខ្មែរ​យើង និង​ប្រជាជន​ក្នុង​ពិភព​លោក​ដែល​ចង់​ដឹង​រឿង​ខ្មែរ​ក្រហម​»។

លោក ប៊ូ ម៉េង តំណាងដើមបណ្តឹងរដ្ឋប្បវេណីផ្តល់បទសម្ភាសន៍ដល់ VOA នៅសារមន្ទីរទួលស្លែង រាជធានីភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA Khmer)

ដើម​បណ្តឹង​ដែល​មាន​វ័យ​៧៨​ឆ្នាំ​រូប​នេះ​បន្ថែម​ថា សាលាក្តី​ខ្មែរ​ក្រហម​គួរ​ពន្លឿន​ការ​ជម្រះ​ក្តី​បន្ថែម​ទៀត​ដើម្បី​ស្វែងរក​កាពិត​ឲ្យបាន​ឆាប់។

នួន ជា​ អតីត​មេ​មនោគម​វិជ្ជា​នៃ​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៧ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​បទ​ប្រល័យពូជ​សាសន៍។ លោកបាន​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា សូវៀត ក្នុង​អាយុ​៩៣​ឆ្នាំ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ​ទី​៤ ​ខែសីហា។

​លោកស្រី ម៉ាលីស ​អ្នកលក់​កាហ្វេ​ក្នុង​រាជធានី​ភ្នំពេញត្រូវ​បាន​ក្រុម​ខ្មែរ​ក្រហម​ជម្លៀសពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​កណ្តាល ​កាល​ពី​ខែមេសា ឆ្នាំ​១៩៧៥។ ក្នុងវ័យ​៥៧​ឆ្នាំ អ្នក​ស្រី​មាន​ប្រសាសន៍​ថា ការស្លាប់​របស់​ នួន ជា អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បំភ្លេច​ការ​ឈឺ​ចាប់​បាន​ខ្លះ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​ចង់ដឹង​ការពិត​អំពី​របប​ប្រល័យ​ពូជសាសន៍ពី​នួន ជា ផង​ដែរ។

«​យើង​ចង់​ដឹង​ការពិត ដល់​ឥឡូវបាត់​គាត់​មួយ​ទៅ តើ​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ម៉េច​ដែរ ​ខ្ញុំ​អត់​ដឹង»។

​ស្រដៀង​គ្នា​នេះ លោក ឃាន ហួន អ្នក​បើក​ម៉ូតូ​កង់បី វ័យ​៥០ឆ្នាំនៅ​រាជធានី​ភ្នំពេញ​ថ្លែងថា លោក​ចង់ដឹង​ពី​ការពិត​ពីនួន ជា។

«កាល​គាត់​នៅ​កាន់​អំណាច​អញ្ចឹង​គាត់​បាន​ប្រព្រឹត្ត​លើ​ប្រជាជន ធ្វើ​បាប​ប្រជាជនយ៉ាង​ម៉េចៗ​អីចឹង។ ពេល​នៅ​សាលាក្តី​ខ្មែរ​ក្រហម​គឺ​ចម្លើយ​របស់​គាត់​ប្រជាជន​មួយ​ចំនួនគាត់​អត់​ទាន់​បាន​យល់ដឹង​ពី​គំនិត​របស់​គាត់ពិត​ប្រាកដ។ អីចឹង​ប្រជាជន​មួយ​ចំនួន​គាត់​នៅ​សោក​ស្តាយ អត់​ទាន់​បាន​ចម្លើយ​ពិត​ប្រាកដ​ពី​គាត់អីចឹង»។

លោក ឃាន ហួន អ្នកបើកម៉ូតូកង់បីនៅរាជធានីភ្នំពេញ ផ្តល់សម្ភាសន៍ដល់ VOA នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA Khmer)

នួន ជា ត្រូវ​បាន​គេ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា សូវៀត ចាប់​តាំង​ពី​ថ្ងៃ​ទី២ ខែ​កក្កដា ដើម្បី​ព្យាបាល​ជំងឺបេះ​ដូង​រ៉ាំរ៉ៃ ជំងឺសួត។

នួន ជា ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ឧក្រិដ្ឋ​ជាច្រើន​ រួមទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ជាដើម ដែល​ទាក់ទង​នឹង​ការ​កាប់​សម្លាប់ ​និង​បណ្តាល​ឲ្យពលរដ្ឋ​ស្លូតត្រង់​ជាង​១លាន​៧សែន​នាក់​ស្លាប់ ​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​ សាលក្រម​ចុងក្រោយ​នៅ​មិនទាន់​ចេញ​នៅ​ឡើយ​ទេ​ ដែល​មន្ត្រី​តុលាការ​អះអាង​ថា​អាច​នឹង​ចេញ​នៅ​ឆ្នាំ​២០២០។

​យុវតី ម៉ូង យោត ជាសិស្ស​ទើប​បញ្ចប់​វិទ្យាល័យ​ពី​ខេត្ត​សៀមរាប និង​ត្រៀម​ចូល​រៀន​មហា​វិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ​និយាយ​ថា មរណភាព​របស់ នួន ជា ជា​ការបាត់បង់​ឯកសារ​ប្រវត្តិសាស្រ្ត​ជាច្រើន​។

«ដូច​បាត់​ព័ត៌មាន​មួយ​ដែល​កូនខ្មែរ​ហ្នឹង​អត់​ទាន់​ដឹង​ច្បាស់​លាស់ ថា​បញ្ហា​ទាំង​អស់​ដែល​កើត​ឡើង​សម័យ​ហ្នឹង​ គឺ​បញ្ហា​ចម្បង​គេ​គឺ​អីគេ? ហើយ​ពី​ដំណាក់​កាល​មួយ​នៃ​ការ​រំដោះ​ហ្នឹង​ គាត់​ជួប​បញ្ហា​អី​ខ្លះ គាត់​ដោះស្រាយ​អីខ្លះ? អញ្ចឹង​យើង​មិនអាច​ចោទ​ប្រកាន់​ថា​គាត់​ជា​បង​ធំ​ទី​ពីរ​តែ​ម្នាក់​ឯង ឬ​មួយ​ក៏ដោយសារ​មាន​នរណា​ពីក្រោយ​ខ្នង​គាត់»។

លោក លីវ សុវណ្ណា សហ​មេធាវីការពារ​ក្តី​ឲ្យ នួន ជា ប្រាប់ VOA ថា នួន ជា ព្យាយាម​បង្ហាញ​ការពិត​ជូន​សាធារណៈ​ជន បន្ទាប់​ពី​មាន​ការ​កាត់​ទោស​នៅ​ដំណាក់​កាលនៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង។

​«ការពិត​នៅ​ក្នុង​ការ​ពិត​របស់​គាត់​គឺ​គាត់​ចង់​និយាយ​អំពីថា អ្វី​ដែល​កើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ វា​ផ្ទុយ​ពី​អ្វី​ដែល​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​រក​ឃើញ។ ហើយ​ក្នុង​នោះ​គាត់​យល់​ថាមាន​តែ​សាក្សី​សំខាន់ៗ​ដែល​គាត់​ស្នើ​សុំ​កោះ​ហៅ​ ប៉ុន្តែ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​បដិសេធ​សំណើ​របស់​គាត់។ អីចឹង​ធ្វើ​ឲ្យ​កាត់​យល់​ថា បាត់បង់​នូវ​ការពិត»។​

ដំណើរ​ការ​ចាប់ពីឆ្នាំ​២០០៦ រហូត​ដល់​ឆ្នាំ​២០១៧ ​សាលា​ក្តី​ខ្មែរក្រហម​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ​៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។

មាន​ជន​ជាប់​ចោទចំនួន​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោសក្នុង​សំណុំ​រឿង​០០១​ និង​០០២។​ ក្នុង​នោះ​មាន ​នួន ជា អតីត​ប្រធាន​សភា​ខ្មែរក្រហម ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ អៀង សារី ​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស និង​ អៀង ធិរិទ្ធ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច។ រហូត​មក​ទល់​ពេល​នេះ អៀង សារី និង​ប្រពន្ធ​របស់​គាត់​គឺ អៀង ធិរិទ្ធ និង​ នួន ជា បាន​ស្លាប់​បាត់​បង់​ជីវិត​មុន​ការ​កាត់ទោស​ចប់​សព្វគ្រប់។
កាំង ហ្គិចអ៊ាវ ​ហៅឌុច ​អតីត​ប្រធាន​គុកទួល​ស្លែង​ត្រូវ​ផ្តន្ទាទោស​អស់​មួយ​ជីវិត ​និង​ ខៀវ សំផន កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​កាត់ទោស​បន្ត​ក្នុង​សំណុំ​រឿង​០០២។ ដោយ​ឡែក​ជនជាប់​សង្ស័យ​ផ្សេង​ទៀត​ក្នុង​សំណុំ​រឿង​០០៣ ​និង​០០៤​មិន​ត្រូវ​បានចាប់​ខ្លួន​ទេ ​ហើយ​ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​លើកលែង​ការចោទ​ប្រកាន់៕