ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាលកម្ពុជា មន្រ្តីអង្គការក្រៅរដ្ឋាភិបាល ក្រុមអ្នកវិភាគឯករាជ្យមួយចំនួនព្រមទាំងប្រជាពលរដ្ឋសាមញ្ញបានសម្តែងប្រតិកម្មចម្រុះគ្នាលាយឡំជាមួយនឹងការអបអរសាទរ ស្របពេលដែលមេដឹកនាំនៃប្រទេសអេហ្ស៊ីព គឺលោកHosni Mubarak ដែលបានកាន់អំណាចអស់រយៈពេល៣០ឆ្នាំមកនោះ បានប្រកាសលាឈប់ពីមុខតំណែង បន្ទាប់ពីមានការតវ៉ារបស់ប្រជាពលរដ្ឋអេហ្ស៊ីពអស់រយៈពេលចំនួន១៨ថ្ងៃ។
ប្រជាពលរដ្ឋអេហ្ស៊ីពច្រើន រាប់ម៉ឺននាក់បានដើរដង្ហែរតាមផ្លូវសាធារណៈនានា និងបានសម្តែងការរីករាយដើម្បីអបអរសាទរចំពោះសេចក្តីប្រកាសកាលពីថ្ងៃសុក្រ ដោយលោកអនុប្រធានាធិបតី Omar Suleiman ដែលថា អំណាចរបស់ប្រធានាធិបតីត្រូវបានប្រគល់ឲ្យក្រុមយោធាជា អ្នកគ្រប់គ្រង។
លោក ជាម យៀប អ្នកតំណាងរាស្រ្តខាងគណបក្សគ្រប់គ្រងអំណាចរបស់ប្រទេសកម្ពុជា បានមានប្រសាសន៍ថា ការប្រកាសរបស់លោកHosni Mubarak បានធ្វើឡើងស្របទៅតាមឆន្ទៈរបស់ប្រជាជន ដើម្បីបញ្ជៀសអំពើហិង្សា។
លោកបានមានប្រសាសន៍ថា ប្រទេសអេហ្ស៊ីពគួរតែបញ្ឈប់នូវបាតុភាពទាំងឡាយដែលជាប់ពាក់ព័ន្ធទៅនឹងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
«យើងមើលឃើញថា បើសិនវារ៉ាំរ៉ៃតទៅទៀត វាមានតែគាត់មានបង្កទុក្ខព្រួយចំពោះប្រទេសជាតិគាត់។ ប្រជាជនក៏ត្រូវបាត់បង់ជីវិតបន្តទៅទៀត ឬក៏អាក់ខាននូវការបំពេញការងារផ្សេងៗទៀតដែរ»។
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងស្នាក់នៅក្នុងប្រទេសបារាំង បានមានប្រសាសន៍ថា ចរន្តនៅលើពិភពលោកបច្ចុប្បន្ននេះមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីប្រឆាំង នឹងមេដឹកនាំផ្តាច់ការទាំងឡាយណា ដែលដឹកនាំប្រទេសមិនត្រឹមត្រូវ។
លោកបានមានប្រសាសន៍ថា នៅលើពិភពលោកមានតែប្រទេសពីរទៀតទេនៅសេសសល់ បន្ទាប់ពីកាន់អំណាចអស់រយៈពេលជាយូរឆ្នាំមកហើយនោះគឺប្រទេសយៀម៉ែន និងប្រទេសកម្ពុជា។
«ក្នុងពិភពលោកទាំងមូលដែលមានប្រទេសជិត២០០នោះ បន្ទាប់ពីប្រទេសទុយណេស៊ីគេផ្លាស់ប្តូរ ប្រទេសអេហ្ស៊ីពគេផ្លាស់ប្តូរ ប្រទេសដែលអត់មានការផ្លាស់ប្តូរនៅសល់តែប្រទេសពីរទេ ដែល មិនទាន់មានការផ្លាស់ប្តូរដូចគេ គឺនៅប្រទេសយៀមែន និងប្រទេសកម្ពុជា»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូប បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកពីប្រទេសអង់គ្លេស តាមរយៈទូរស័ព្ទថា បើតាមការបញ្ជាក់របស់លោកបាន គីមូន អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ បានឲ្យដឹងថា នេះគឺជាមេរៀនមួយដល់បណ្តាប្រទេសទាំងឡាយដែលគ្រប់គ្រងដោយអំណាចផ្តាច់ការ ដូចជាប្រទេសទុយណេស៊ី និងប្រទេសអេហ្ស៊ីព។
លោកឡៅ ម៉ុងហៃបានមានប្រសាសន៍ទៀតថា នៅកម្ពុជាមិនអាចធ្វើការទស្សទាយបានទេ ប្រសិនណាបើការដឹកនាំប្រទេសធ្វើឲ្យមានអំពើពុករលួយ មានអត្រាអត់ការងារធ្វើ និងបក្ខពួកនិយមនោះ នៅថ្ងៃអនាគតនឹងអាចមានការខឹងសម្បាជាក់ជាមិនខាន។
«រីឯនៅប្រទេសខ្មែរយើង បើសិនជាការគ្រប់គ្រង់ប្រទេសមិនបើកឲ្យមានសិទ្ធិសេរីភាពក្នុងការនិយាយស្តី មានអំពើពុករលួយច្រើន ហើយនៅពេលណាសេដ្ឋកិច្ចចុះដុនដាប មនុស្សអត់មានការងារធ្វើច្រើន ជាពិសេសក្នុងចំណោមយុវជន គឺថា យើងអត់ទៀងទេ វាអាចមានការខឹងសម្បា ហើយអាចផ្ទុះទៅថ្ងៃណាមួយ បាទ»។
អ្នកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យមួយរូបទៀត បាននិយាយថា កម្ពុជាមិនអាចយកតាមគម្រូប្រទេសទុយណេស៊ី និងប្រទេសអេហ្ស៊ីពបានទេ ពីព្រោះកម្ពុជាបានឆ្លងកាត់សង្គ្រាមជាយូរមក ហើយ ដូច្នេះប្រជាពលរដ្ឋស្អប់ខ្ពើមរបត់នយោបាយ ដែលប្រើប្រាស់អំពើហិង្សា។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកស្រីជា វណ្ណាតបានមានប្រសាសន៍ថា បទពិសោធន៍នៅក្នុងប្រទេស ទុយណេស៊ីអាចជាមេរៀនប្រយោលមួយសម្រាប់មេដឹកទាំងឡាយណា ដែលដឹកនាំប្រទេសមិនត្រឹមត្រូវ។
«ក្រោយពីប្រទេសទុយណេស៊ីក្តី ក្រោយពីប្រទេសអេហ៊្សីពក្តី ហើយសព្វថ្ងៃកំពុងតែមានប្រទេសឯទៀតៗ ខ្ញុំថា នេះជាមេរៀននៅក្នុងរបបប្រជាធិបតេយ្យ ពីព្រោះថា ពិពភលោកឥឡូវនេះកាន់តែតូចទៅៗ។ អ្វីដែលប្រជាពលរដ្ឋគ្រប់ប្រទេសចង់បាននោះគឺថា សិទ្ធិសេរីភាពចូលរួមក្នុងការដឹកនាំ ប្រទេសទៅតាមបែបផែនលទ្ធិប្រជាធិបតេយ្យ»។
ប្រជាពលរដ្ឋមួយរូប រស់នៅក្នុងទីក្រុងភ្នំពេញ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានអះអាងថា លោកបានតាមដានព្រឹត្តិការណ៍យ៉ាងយកចិត្តទុកដាក់ តាំងពីប្រទេសទុយណេស៊ីរហូត ទៅដល់ប្រទេសអេហ្ស៊ីព។
លោកបានមានប្រសាសន៍ថា នេះគឺជាការរីករាយមួយសម្រាប់ប្រជាជនអេហ្ស៊ីព ដែលតវ៉ាបានសម្រេចនូវអ្វីដែលពួកគេគិតថា មានមេដឹកនាំមិនត្រឹមត្រូវនោះ។
លោកបានមានប្រសាសន៍ទៀតថា នេះគឺជាវីរភាពមួយ ដែលមេដឹកនាំពិភពលោកទាំងឡាយគួរតែយកគម្រូតាម។
«នេះគឺជាវីរភាពមួយ។ មេដឹកនាំទូទៅនៅក្នុងពិភពលោកគួរតែយកគម្រូតាមMubarak ដែលគិតថា គាត់មិនអាចបន្តអំណាចតទៅទៀត គាត់សុខចិត្តចុះចេញដោយសន្តិវិធី។ យើងអាចនិយាយថា ចុះចេញដោយសន្តិវិធីបានដែរ ទោះជាមានប្រទូសរាយខ្លះក្តី។ ក៏ប៉ុន្តែដោយគាត់មិនអាចទៅរួច គាត់ក៏សុខចិត្តចុះចេញដោយសន្តិវិធី»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃសៅរ៍នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបាន អបអរសាទរដល់ប្រជាជនអេហ្ស៊ីព ហើយបានចាត់ទុកថា នេះគឺជាការចាប់ផ្តើមថ្មីមួយនៃសម័យកាលប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងប្រទេសដែលមានប្រជាជនច្រើននៃពិភពអារ៉ាប់។
លោកអតីតប្រធានាធិបតី Hosni Mubarak បានកាន់អំណាចនៅក្នុងប្រទេសអេហ្ស៊ីពអស់រយៈពេលចំនួន៣០ឆ្នាំ ហើយក្រោយមកលោកបានប្រកាសលាឈប់ពីមុខតំណែង បន្ទាប់ពីមានការតវ៉ារបស់ប្រជាជនអេហ្ស៊ីពអស់រយៈពេលចំនួន១៨ថ្ងៃ។
ប្រជាពលរដ្ឋអេហ្ស៊ីពបានចោទប្រកាន់លោក Hosni Mubarak ថា បានដឹកនាំប្រទេសឆ្ពោះទៅរករបបផ្តាច់ការ អំពើពុករលួយ បក្ខពួកនិយម និងអត្រាអត់ការងារធ្វើរបស់ប្រជាពលរដ្ឋកាន់តែមានចំនួនច្រើនឡើង។
នៅលើពិភពលោកនេះ មេដឹកនាំកាន់អំណាចយូរជាងគេ រួមមានលោកហ្សាដាហ្វីនៃប្រទេសលីបីបានកាន់អំណាចអស់រយៈពេលចំនួន៤០ឆ្នាំ ប្រទេសអេហ្ស៊ីពចំនួន៣០ឆ្នាំ ប្រទេសទុណេស៊ីចំនួន២៦ឆ្នាំ និងប្រទេសកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានកាន់អំណាចអស់រយៈពេល២៦ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង៕