តើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម RCEP ជា​អ្វី?

នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc (ឆ្វេង) និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Tran Tuan Anh (ស្ដាំ) ទះដៃ​នៅ​ជិត​ផ្ទាំងកញ្ចក់​មួយ​ដែល​បង្ហាញ​រូប​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​លោក Zhong Shan កាន់​កិច្ចព្រមព្រៀង RCEP ដ

ប្រទេស​នៅ​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ចំនួន ១៥ នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (RCEP) នៅ​ក្រៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន។

កិច្ច​ព្រមព្រៀង RCEP ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​វិធានការ​ដ៏​ជោគជ័យ​មួយ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទូទាំង​តំបន់ និង​កំណត់​ឲ្យ​ឃើញ​អំពី​ឥទ្ធិពល​គ្រប​ដណ្ដប់​របស់​ខ្លួន​នៅ​លើ​ពាណិជ្ជកម្ម​អាស៊ី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

តើ​កិច្ច​ព្រមព្រៀង RCEP ជា​អ្វី?


កិច្ច​ព្រមព្រៀង RCEP ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០១២ គឺ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន​ទាំង ១០ រួម​ជាមួយ​នឹង​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូវែលហ្សេឡង់។ ប្រទេស​ឥណ្ឌា​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​កាល​ពី​ឆ្នាំ​មុន។

កិច្ច​ព្រមព្រៀង​នេះ​រួម​បញ្ចូល​ប្រជាពលរដ្ឋ​ប្រហែល ២ ពាន់ ១ រយ​លាន​នាក់ ដោយ​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​នេះ​មាន​ផលិត​ផល​ក្នុង​ស្រុក​សរុប GDP ​ស្មើ​នឹងប្រហែល ៣០% នៃ GDP សរុប​នៅ​លើ​ពិភពលោក។

គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​បន្ទាប​ពន្ធគយ បើក​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផ្នែក​សេវាកម្ម និង​លើក​កម្ពស់​ការ​វិនិយោគ​ដើម្បី​ជួយ​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឲ្យ​តាម​ទាន់​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក។

ពិសេស​ជាង​នេះ​ទៀត កិច្ច​ព្រមព្រៀង RCEP នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​និង​ពេលវេលា​សម្រាប់​ក្រុមហ៊ុន​នានា ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​នាំ​ចេញ​ផលិតផល​ទៅ​កាន់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​នេះ​បាន ដោយ​មិន​ចាំបាច់​បំពេញ​តាម​តម្រូវការ​ដាច់​ដោយ​ឡែក​សម្រាប់​ប្រទេស​នីមួយៗ។

កិច្ចព្រមព្រៀង​នេះ​ក៏​ផ្ដោត​លើ​កម្មសិទ្ធិ​បញ្ញា​ផង​ដែរ ប៉ុន្តែ​នឹង​មិន​ផ្ដោត​លើ​ការ​ការពារ​បរិស្ថាន និង​សិទ្ធិ​ការងារ​នោះ​ទេ។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ពេល​ណា ប៉ុន្តែ​វា​អាច​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ក្រោយ។


ហេតុអ្វី​បានជា​កិច្ច​ព្រមព្រៀង RCEP នេះ​សំខាន់?


កិច្ច​ព្រមព្រៀង RCEP នេះ​សំខាន់ ដោយសារតែ​វា​បង្កើត​បទ​បញ្ញត្តិ​ពាណិជ្ជកម្ម​ថ្មី​សម្រាប់​តំបន់ ហើយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន ប៉ុន្តែ​មិន​មាន​ការ​ចូលរួម​ពី​សហរដ្ឋ​អាមេរិក​ទេ។

អ្នក​តាមដាន​ស្ថានការណ៍​បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ​ពង្រឹង​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​ទូលំទូលាយ​របស់​ប្រទេស​ចិន​នៅ​ក្នុង​តំបន់ ដែល​ប្រទេស​នេះ​មាន​ការ​ប្រជែង​តិចតួច​ពី​សហរដ្ឋ​អាមេរិក ដោយសារ​តែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP)។

នៅ​ពេល​នោះ កិច្ច​ព្រមព្រៀង TPP នេះ​កំពុង​ឈាន​ទៅ​ការ​ក្លាយ​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក រហូត​ទាល់តែ​ដល់​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដក​ខ្លួន​ចេញ ដោយ​អះអាង​ថា កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឲ្យ​បាត់បង់​ការងារ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​តាមដាន​ស្ថានការណ៍​នានា​បាន​និយាយ​ថា កិច្ច​ព្រមព្រៀង RCEP នេះ មិន​មាន​លក្ខណៈ​ទូលំទូលាយ​ដូច​កិច្ច​ព្រមព្រៀង TPP ឬ​ដូច​កិច្ច​ព្រមព្រៀង​ទូលំទូលាយ​និង​វិវឌ្ឍ​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (CPTPP) នោះ​ទេ។
លោក Alexander Capri អ្នក​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​នៃ​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​នៅ​សាកល​វិទ្យាល័យ National University of Singapore បាន​និយាយ​ថា កិច្ច​ព្រមព្រៀង​នេះ «មិន​មែន​ជា​កិច្ច​ព្រមព្រៀង​ពេញលេញ​សម​ហេតុផល​ទាំង​ស្រុង» នោះ​ទេ។

លោក​បាន​បន្ថែម​ថា៖ «បញ្ហា​នៃ​កិច្ច​ព្រមព្រៀង RCEP នេះ គឺ​ថា មាន​ប្រទេស ១៥ ដែល​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​នៃ​ដំណាក់កាល​អភិវឌ្ឍន៍ និង​អាទិភាព​ក្នុង​ប្រទេស»។


ហេតុអ្វី​ឥណ្ឌា​មិន​ចូលរួម?

ប្រទេស​ឥណ្ឌា​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ​កាល​ពី​ឆ្នាំ​មុន ដោយ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ទំនិញ​ចិន​ដែល​មាន​តម្លៃ​ថោក​ហូរ​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន ទោះបីជា​ខ្លួន​អាច​ចូលរួម​នៅ​ពេល​ក្រោយ​ក៏ដោយ។

ឥណ្ឌា​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​លទ្ធភាព​ចូល​ទៅកាន់​ទីផ្សារ ដោយ​ខ្លាច​ថា ក្រុមហ៊ុន​ឬ​រោងចក្រ​ផលិតកម្ម​របស់​ខ្លួន​អាច​រង​ផល​ប៉ះពាល់​ខ្លាំង ប្រសិនបើ​មាន​ទំនិញ​ចិន​ដែល​មាន​តម្លៃ​ថោក​ច្រើន​ហូរហៀរ​នៅ​ក្នុង​ប្រទេស។


ឧស្សាហកម្ម​វាយនភណ្ឌ ទឹកដោះ​គោ និង​កសិកម្ម ត្រូវ​បាន​ចាត់ទុក​ថា​ជា​ឧស្សាហកម្ម ៣ ដែល​ងាយ​រងគ្រោះ។

តើ​កិច្ច​ព្រមព្រៀង​នេះ​មាន​ន័យ​បែប​ណា​សម្រាប់​សហរដ្ឋ​អាមេរិក?

អ្នក​វិភាគ​នានា​និយាយ​ថា វា​ទំនងជា​អាច​ទៅ​រួច​ដែល​ថា រដ្ឋបាល​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក Joe Biden ដែល​ត្រូវ​គេ​ព្យាករណ៍​ថា​ជាប់​ឆ្នោត នឹង​ផ្ដោត​បន្ថែម​លើ​តំបន់​អាស៊ី​អាគ្នេយ៍ ទោះបីជា​គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​លោក Biden នឹង​ចូលរួម​ឡើង​វិញ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង CPTPP ក៏ដោយ។
ប្រធានបទ​នេះ​នៅតែ​ជា​បញ្ហា​រសើប​ផ្នែក​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕