មន្ត្រី​ឧទ្យានុរក្ស​ខ្លះ​ប្រថុយ​គ្រោះថ្នាក់​ការពារ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់

មន្ត្រី​ឧទ្យានុរក្ស​បង្ហាញ​សកម្ម​ភាព​ល្បាត​ព្រៃ​​ឲ្យ​អ្នក​សារព័ត៌មាន​បាន​ឃើញ​នៅ​ទីស្នាក់ការ​ត្រពាំង​ធ្មៀរ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ស្រុក​កោះញែក​ ខេត្ត​មណ្ឌល​គិរី កាលពី​ថ្ងៃទី​១៧ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

ដែនជម្រក​សត្វព្រៃស្រែពក​មណ្ឌលគិរី — បុរស​ប្រមាណ ២០​នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​ស្នាក់ការ​ត្រពាំង​ធ្មៀរ ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៧៩​គីឡូម៉ែត្រ​ពី​ទីក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី​ កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន។

ឈុតខោអាវ​ឯកសណ្ឋាន​របស់​ពួកគេ​មាន​ពណ៌​បៃតង​ចាស់​រំលេច​ដោយ​រូបតូច​ៗ​ ពាស​ពេញ​លើ​ឈុត​នោះ​ ដូចជា​រូប​ផែន​ទី​ប្រទេស​កម្ពុជា រូប​តំណាង​ដែន​ដី​ព្រៃការពារ​រូប​សត្វ​ដំរី​រូប​សត្វ​កម្រ​ផ្សេង​ទៀត និង​ស្លាកសញ្ញា​ក្រសួង​បរិស្ថាន​ជាដើម។

ពួកគេ​ជា​មន្ត្រី​ឧទ្យានុរក្ស​នៅ​ក្នុង​ស្នាក់ការ​ទាំង​ ១១ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក ​តំបន់​ព្រៃទេស​ភាព​ភាគ​ខាង​កើត​ប្រទេស​កម្ពុជា​ ដែល​មកជួបជុំ​ទទួល​លិខិត​សរសើរ​ និង​បណ្ណ​មេត្រី​ភាព​ពី​ក្រសួង​បរិស្ថាន​និង​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (WWF)។

លោក​ រ៉េត​ ភារុណ ទើប​ទទួល​បាន​បណ្ណ​សរសើរ​ពី​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភព​លោក ​និង​បណ្ណ​មេត្រី​ភាព​ពី​ក្រសួង​បរិស្ថាន​ ដែល​ត្រូវបាន​ប្រគល់ជូន​មន្ត្រី​ឧទ្យានុរក្ស​ឆ្នើម​ ៦នាក់ នៅ​ស្នាក់ការ​ត្រពាំងធ្មៀរជា​ការ​ទទួល​ស្គាល់​នូវ​ស្នាដៃការងាររបស់លោកកន្លង​មក។​

លោក​ រ៉េត ភារុណ ​ដែល​មាន​ដើម​កំណើត​នៅ​ស្រុក​កោះញែក​ ខេត្ត​មណ្ឌលគិរី ជាមន្ត្រី​ឧទ្យានុរក្ស ប្រធាន​ស្នាក់ការ​ចាស់​យាំង ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ បាន​ចូល​បម្រើការ​ជា​មន្ត្រី​ឧទ្យានុរក្ស​ជិត​បី​ឆ្នាំមក​ហើយ​ តាំងពី​លោក​បាន​បញ្ចប់​ឆ្នាំសិក្សា​ទុតិយភូមិ​ កាលពី​ឆ្នាំ២០១៣។​

​ដូចជាមន្ត្រី​ឧទ្យានុរក្ស​ផ្សេង​ទៀត​ដែរ បុរស​វ័យ​ ២៦ឆ្នាំ​រូប​នេះ​ ត្រូវ​តម្រូវ​ឲ្យស្នាក់នៅ​ទីស្នាក់ការ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ និង​ដើរ​ល្បាត​ក្នុង​ព្រៃ​ជា​ប្រចាំ​ ដែល​ទទួល​បានថ្ងៃសម្រាក​តែ​ ៥​ថ្ងៃ​ប៉ុណ្ណោះក្នុង​មួយ​ខែ។

លោក​បាន​និយាយ​ប្រាប់​វីអូអេ​ថា៖ «នៅព្រៃ​វាច្រើន​ជាង​នៅ​ផ្ទះ និយាយ​ទៅ​ព្រៃ​ក៏ដូច​នៅផ្ទះ​ នៅ​ផ្ទះ​ក៏ដូច​នៅព្រៃ​ដែរ។ បើនៅ​ប៉ុស្តិ៍​នេះ​ យើង​ក៏​មាន​គ្នា​ប្រាជ្ញ​គ្នា​ព្រោក​ធម្មតា​ លេង​សើច​ដូចប្អូន​ ព្រោះអី​នៅ​ជាប់​ជាមួយ​គាត់ជាង​នៅ​ជាមួយ​ប្រពន្ធកូន​ទៀត ​ស្និទស្នាល​ជាង​ប្រពន្ធកូន​ទៀត»។

មន្ត្រី​ឧទ្យានុរក្ស​បង្ហាញ​សកម្ម​ភាព​ល្បាត​ព្រៃឲ្យ​អ្នក​សារព័ត៌មាន​បាន​ឃើញ​នៅ​ទីស្នាក់ការ​ត្រពាំង​ធ្មៀរ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ស្រុក​កោះញែក​ ខេត្ត​មណ្ឌល​គិរី កាលពី​ថ្ងៃទី​១៧ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

លោក រ៉េត​ ភារុណ មន្ត្រី​ឧទ្យានុរក្ស​និយាយ​ជាមួយ​វីអូអេនៅ​ទីស្នាក់ការ​ត្រពាំង​ធ្មៀរ​ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ក្នុង​ស្រុក​កោះញែក​ ខេត្ត​មណ្ឌល​គិរី កាលពី​ថ្ងៃទី​១៧ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

មន្ត្រី​ឧទ្យានុរក្ស​សម្បុរស្រអែមរូប​នេះ​ បាន​រៀប​អាពាហ៍​ពិពាហ៍​កាល​ពី​ជាង​មួយ​ឆ្នាំ​មុន​ ដោយ​លោក​ទទួល​បាន​កូនប្រុស​មួយ​ ដែល​ទើប​តែមាន​អាយុ​ ៦ខែ។ លោក​មាន​ឪពុកម្តាយ​ជា​កសិករ និង​បិតស្រា​និង​មាន​បងប្អូនទាំង​អស់​ ៦នាក់​ ហើយ​លោក​ជាកូន​ទី​ប្រាំ។

ទោះ​បី​ជាមិនមាន​សាច់ញាតិ​ជា​មន្ត្រី​ឧទ្យានុរក្ស​ទឹកចិត្ត​ក្នុង​ការការពារ​ព្រៃឈើ​ និង​សត្វព្រៃ​របស់​លោក​ ភារុណ ​មិន​ថមថយ​ឡើយ។​

លោក​បាន​និយាយ​បន្ថែម​ដោយ​ដៃ​ឱប​បណ្ណ​សរសើរ​ថា៖ «ពេល​ប្រពន្ធ​ឆ្លង​ទន្លេ​ ច្បាប់​បាន​ប្រាំថ្ងៃ​ដោយសារ​រវល់​ ហើយ​អាង​តែមាន​បងប្អូន​អី​គាត់​ជួយ​មើល។ ពេល​យើង​ទៅចោល​ណោះ​ពេល ឯ​ណេះ​ពេក​ក៏វាពិបាក​ដែរ។ ពេល​ខ្លះ​នឹកកូន​ចង់ទៅ​មួយ​ថ្ងៃអីទៅ»។

ក្នុង​ទឹកមុខ​ញញឹម​ញញែម​លោក រ៉េត ​ភារុណ​ បន្ថែម​ថា៖ «បើយើង​ច្បាប់​ច្រើនទៅ​បទល្មើស​ក៏ច្រើន។ ពេលខ្លះ​ក៏អត់បាន​ដល់ប្រាំថ្ងៃ​ពេល​ខ្លះ​យើង​រវល់ ទៅបាន​ពីរថ្ងៃ ​ពេល​ត្រូវការ​កម្លាំង​បន្ទាន់​បក​មក​វិញ​ភ្លាម​ហ្មង»។

មុខងារ​ជា​មន្ត្រី​ឧទ្យានុរក្ស​ជា​តួនាទី​មួយ​ដែល​ប្រឈម​នឹងហានិភ័យ ជា​ច្រើន​ដូច​ជា​ការ​ប៉ះទង្គិច​ជា​មួយ​នឹង​ក្រុម​ជន​ល្មើស​ ដែល​កាប់​ព្រៃឈើ​ខុសច្បាប់ ឬ​អ្នក​បរបាញ់​ ឬ​ដាក់​អន្ទាក់​ចាប់សត្វ​ក្នុង​ដែន​ជម្រក​ការពារ។ យោងតាម​ក្រសួង​បរិស្ថាន កម្ពុជា​មាន​កង្វះ​ខាត​កម្លាំង​ល្បាត​ព្រៃ​ច្រើន ជា​ពិសេស​មន្ត្រី​ឧទ្យានុរក្ស​និង​សត្តរក្ស ខណៈ​ដែល​ជនល្មើស​និង​បទ​ល្មើសព្រៃឈើ​មាន​កំណើន​ជាខ្លាំង។

កម្ពុជា​មាន​មន្ត្រី​ឧទ្យានុរក្សសរុប​ ១.២០០​នាក់​ ដែល​កំពុង​បម្រើការ​នៅ​តំបន់​ការពារ​ជាង​ ៧លាន​ហិក​តា ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន។

នៅ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ និង​ភ្នំព្រេច​ មាន​មន្ត្រីឧទ្យានុរក្ស​ចំនួន​ ៥១​នាក់ ​និង​សត្ត​រក្ស​ ឬ​មន្ត្រី​ការពារ​សត្វព្រៃ​ចំនួន ៤៦នាក់ និង​ក្រុមល្បាត​សហគមន៍​ចំនួន ៥៨៨នាក់ ផ្ទៃដី​សរុប​ជិត ៦ពាន់​គីឡូម៉ែត្រ​ការ៉េ ដែល​មានទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។

យោង​តាម​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក សមាមាត្រ​រវាងចំនួនមន្ត្រី​ឧទ្យានុរក្សក្នុង​ខេត្ត​មណ្ឌលគិរី​គឺ​ត្រឹម​តែ ​០.៩២​នាក់​ ក្នុង​ដែនជម្រក​ការពារ ​១០០​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ ដែល​វា​ទាប​ជាង​សមាមាត្រ​បទដ្ឋាន​ខ្លាំង​ គឺ​មន្ត្រី​ឧទ្យានុរក្ស​ ៨នាក់​ ក្នុង​ដែន​ជម្រកទំហំ​ ១០០​គីឡូម៉ែត្រ​ការ៉េ។

នេះ​ជាហេតុផល​មួយ​ដែល​នាំ​ឲ្យ​មាន​កង្វះខាត​កម្លាំង​ល្បាត​ព្រៃ និង​តម្រូវ​ឲ្យ​រាល់​មន្ត្រី​ឧទ្យានុរក្ស​ធ្វើការ​ចុះ​ល្បាត​ញឹកញាប់​និង​មិន​មាន​សម្រាក​គ្រប់គ្រាន់។​

សម្រាប់​លោក រ៉េត ភារុណ ​ការងារ​ដើរល្បាត​និង​បង្ក្រាប​បទល្មើស​ បាន​នាំ​មក​នូវ​ការ​ផុសឡើងអារម្មណ៍​ចម្រុះ​ក្នុង​ចិត្ត​លោក។

«ពេល​ខ្លះ​ក៏សប្បាយ​ពេលខ្លះ​ក៏ពិបាកចិត្ត​ដែរ។ ពេល​យប់អ៊ីចឹង​កន្លែង​ណាប្រឈម​ខ្លាំង គឺ​ពិបាក​ហ្មង។ ពេលយប់ខ្លះ​យើង​យាម​ទ្វារ​ទល់​ភ្លឺ​ហ្មង។ ដូរ​វេន​គ្នាយាម​អ៊ីចឹង​ណាបង។ ពេល​យើង​ប៉ះ​ជាមួយ​បទល្មើស អ៊ី​ចឹង​ទៅ​បារម្ភ​គ្នា​យើង​ផង បារម្ភ​ខ្លួន​យើង​ផង»។

ការ​ចុះ​ល្បាត​របស់​មន្ត្រី​ឧទ្យានុរក្ស​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ធ្វើ​ឡើង​ចំនួន​ ៤​ដង​ ក្នុង​មួយ​ខែ ដោយ​ម្តង​មាន​រយៈពេល​បីយប់​បួន​ថ្ងៃ​នេះ​ បើ​យោង​តាម​លោក ​រ៉េត​ ភារុណ។

ក្នុង​ការ​បម្រើ​ការ​ងារ​ជាមន្ត្រី​ឧទ្យានុរក្សបី​ឆ្នាំ​មក​នេះ លោក​ ភារុណ តែង​តែ​ប្រឈម​នឹង​ការប៉ះ​ទង្គិច​ជាមួយ​ជន​ល្មើស​ជារឿយៗ។

លោក​បន្តថា៖ «ភាគ​ច្រើន​បើគេ​ជួប​យើង​គេដឹង​តែ​បាញ់យើង​ហើយ។ ភាគ​ច្រើន​បទល្មើស គេ​អត់ខ្លាច​យើងទេ»។

មន្ត្រី​ឧទ្យានុរក្ស​បង្ហាញ​សកម្ម​ភាព​ល្បាត​ព្រៃឲ្យ​អ្នក​សារព័ត៌មាន​បាន​ឃើញ​នៅ​ទីស្នាក់ការ​ត្រពាំង​ធ្មៀរ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ស្រែពក​ក្នុង​ស្រុក​កោះញែក​ ខេត្ត​មណ្ឌល​គិរី កាលពី​ថ្ងៃទី​១៧ មករា ឆ្នាំ២០២១។ (អូន ឆេងប៉រ/វីអូអេ)

ការ​ប្រឈម​មុខ​នឹងជនល្មើសបរបាញ់​សត្វ​ព្រៃអាចគំរាម​កំហែង​ដល់​អាយុ​ជីវិត​របស់​មន្ត្រី​ការពារ​ព្រៃ​ឈើ​នានា​។ កាលពី​ខែមករា ឆ្នាំ២០១៩ មន្ត្រី​ឧទ្យានុរក្ស​ម្នាក់នៃ​ដែន​ជម្រក​សត្វព្រៃ​ស្រែពក គឺលោក ចេង ចន្ធី អាយុ​៤២ឆ្នាំ​ ត្រូវ​បាន​ក្រុម​អ្នក​បរបាញ់​សត្វ​ព្រៃ មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​មកបាញ់​ប្រហារ​នៅ​វេលា​ម៉ោង​បី​ទាប​ភ្លឺ​ ពេល​លោក​កំពុង​សម្រាក​ក្បែរ​អូរ​មួយ​អំឡុង​ពេល​ចុះ​ល្បាត។

«វា​ជិះ​ម៉ូតូ​មក យើង​ស្ទាក់ ហៅ​ឈប់ វា​អត់​ឈប់​យើង​រត់ចុះ វាបាញ់​មកលើ​យើង។ ខ្ញុំ​ត្រូវ​របួស​ខ្លួន​ឯង។ ត្រូវ​ពី​មុខ​ធ្លាយ​មក​កំប៉េះគូថ»។

កាលពីចុងឆ្នាំ​២០១៥​ លោក សៀង ណារ៉ុង ជា​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​និង​លោក សាប់ យស់ ជា​មន្ត្រី​នគរ​បាល​ស្រុក​ឆែប ក៏​ត្រូវ​បាន​បាញ់​ប្រហារ​ ពេល​ដេក​លង់​លក់​នៅ​ម៉ោង​ប្រហែល​ ១និង​៣០​នាទី​ រំលង​អាធ្រាត្រ​នៅ​ក្នុង​ព្រៃ​ការ​ពារ​ព្រះ​រកា ប៉ុន្មាន​ក្រោយ​ពី​ពួកគេ​បាន​ ឬបអូស​រណាយន្ត​អារ​ឈើពី​កន្លែង​កាប់ឈើ​ខុសច្បាប់។

ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១៨​ លោក​ តឺន សុខណៃ ​មន្ត្រីឧទ្យានុ​រក្ស​របស់​ក្រសួង​បរិស្ថាន​លោក សេក វឌ្ឍនា មន្ត្រី​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោក​ ថុល ខ្នា ​មន្ត្រី​ផ្នែក​ពត៌មាន​ភូមិសាស្ត្រ​អង្គការ​ WCS ដែល​ត្រូវ​បានជន​ប្រដាប់​អាវុធ​មិន​ស្គាល់​មុខ​លួច​បាញ់​សម្លាប់ ​នៅ​ពេល​ពួកគាត់​កំពុង ចុះ​បំពេញ​ការងារ​ដើរ​ល្បាត​ព្រៃ​ក្បែរ​ព្រំប្រទល់​កម្ពុជា​និងវៀតណាម​ ក្នុងដែន​ជម្រក​សត្វ​ព្រៃ​កែវ​សីមា។

លោក​ គ្រើង តុលា ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ពូនង ​និងតែង​តែ​ថ្លែង​អំពី​ការ​រំលោភ​សិទ្ធិ​ដី​ធ្លីនានា​ នៅ​ខេត្ត​មណ្ឌល​គិរី ពី​មន្ត្រី​ជាន់ខ្ពស់​ជា​សាធារណៈទទួល​ស្គាល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ការពារ​ព្រៃ​ឈើ​ និង​សត្វ​ព្រៃ​របស់​មន្ត្រី​ឧទ្យានុរក្ស​ថ្នាក់​ក្រោម​ទាំង​អស់ ខណៈ​ដែល​លោក​ថា ​វា​នៅ​មាន​កម្រិត​នៅ​ឡើយ។

«ឆន្ទះ​របស់​គាត់​ខ្ពស់​ក្នុង​ការការពារតែ​ការ​ការពាររបស់​គាត់​នៅ​មាន​កម្រិត នៅ​មានដែន​កំណត់ តាម​បទបញ្ជា​មេ តាម​បទបញ្ជា​អ្នក​ណា​មួយ​អ៊ីចឹង​ទៅ»។

ទោះជា​មាន​ការ​ប្រឈម​ច្រើន​និង​មិន​មាន​ពេលស​ម្រាក​គ្រប់គ្រាន់​លោក រ៉េត ​ភារុណ មន្ត្រី​ឧទ្យានុរក្ស​រូប​នេះ ប្តេជ្ញាចិត្ត​បន្ត​តួនាទី​នេះ​រហូត​ដល់​លោក​ចូល​និវត្ត​ និង​សង្ឃឹមថា​សត្វព្រៃ​និង​ព្រៃឈើ​មាន​កំណើនច្រើន​ជាមុន។

«ខ្ញុំ​ចង់​ឃើញ​កំណើន​សត្វ​ព្រៃ កំណើន​ព្រៃឈើ។ មាន​ភ្ញៀវ​ទេសចរ​ចេញ​ចូល​មក។ បើគាត់​ចេញ​ចូល​មក​យើង​ក៏បាន​អត្ថប្រយោជន៍​ពី​ពួកគាត់​ដែរ។ ចង់​ឲ្យ​រីកចម្រើន​ជាង​នេះ​ទៀត​ចង់ឲ្យ​មាន​ប៉ុស្តិ៍​ថ្មី មានអគារ ​មាន​ភ្លើង​មានសេវាអី»។

ចាប់​ពី​ឆ្នាំ​២០១៣​ ដល់ឆ្នាំ​២០២០ ​មន្ត្រី​ឧទ្យានុរក្ស​នៃ​ដែន​ជម្រ​កសត្វ​ព្រៃ​ស្រែពក និងភ្នំព្រេច​ ប្រមូល​អន្ទាក់​បាន​សរុប​ចំនួន​ ២៤.៧៩៨​អន្ទាក់ និង​អន្ទាក់​ឆក់ ១.០៩២៥ម៉ែត្រ​ រណារ​យន្ត ១.៧៥២​គ្រឿង ឈើ​ ២៦.៤៨៦​ម៉ែត្រ​ត្រី​គុណ​ និ​ងបង្ក្រាប​ការ​ទន្ទ្រាន​ដី​ព្រៃ​ខុស​ច្បាប់​ ២៣.៨៩៨ហិកតា។

របាយការណ៍​របស់​អង្គការ​មូល​និធិ​សត្វព្រៃ​ពិភពលោក WWF ​បាន​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​យ៉ាងគំហុក​របស់​សត្វ​ក្រចក​ជើង​ចំពាម​ដែល​មាន​ដូចជា​សត្វ​ទន្សោង ​ឈ្លូស ​ខ្ទីង​ ប្រើស ​រមាំង ​និង​ជ្រូក​ព្រៃ​នៅ​តំបន់ព្រៃ​ទេសភាព​ខ្ពង់រាប​ខាងកើត ​ក្នុង​រយៈពេល​មួយ​ទស្សវត្សរ៍​ ចាប់​ពី​ឆ្នាំ​២០១០ ​រហូត​ដល់​២០២០៕