ថ្ងៃនេះជាថ្ងៃគម្រប់ខួប១០០ថ្ងៃសម្រាប់អ្នកស្លាប់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រ កាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០។ ពុទ្ធសាសនិកជនដែលមានការអាណិតអាសូរដល់អ្នកស្លាប់នៅលើ ស្ពានកោះពេជ្របាននាំគ្នាប្រារព្ធពិធីបុណ្យខួបនេះនៅគល់ស្ពាន់កោះពេជ្រដោយនិមន្តព្រះសង្ឃចំនួន៧អង្គ ដើម្បីសូត្រមន្តឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកស្លាប់ទាំងអស់នៅលើស្ពានកោះពេជ្រនេះ ស្របពេលដែលគ្រួសារសពនីមួយៗកំពុងតែប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃនេះដែរ។
ប្រជាពលរដ្ឋខ្មែរជាង៥០នាក់ បានប្រមូលផ្តុំគ្នានៅគល់ស្ពានកោះពេជ្រនៅថ្ងៃអង្គារនេះដើម្បីប្រារព្ធខួប១០០ថ្ងៃដល់អ្នកស្លាប់៣៥៣នាក់ដែលបានរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រក្នុងអំឡុងពិធីបុណ្យ ប្រណាំងទូក តាមប្រពៃណីខ្មែរ ខណៈដែលរដ្ឋាភិបាលមិនបានប្រារព្ធខួប១០០ថ្ងៃដល់អ្នកស្លាប់នៅលើ ស្ពានកោះពេជ្រនេះ។
ពុទ្ធសាសនិកជនបាននិមន្តព្រះសង្ឃចំនួនប្រាំពីរអង្គដើម្បីសូត្រមន្តឧទ្ទិសកុសលផលបុណ្យដល់អ្នកស្លាប់ ចំនួន៣៥៣នាក់ក្នុងឧបទ្ទវហេតុរត់ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្រកាលពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១០
ពិធីបុណ្យខួប១០០ថ្ងៃនេះត្រូវបានប្រារព្ធឡើងនៅគល់ស្ពានកោះពេជ្រដោយមានព្រះសង្ឃចំនួនប្រាំពីរអង្គ និងពុទ្ធសាសនិកជនជាង៥០នាក់ចូលរួមស្របពេលដែលក្រុមគ្រួសារអ្នកស្លាប់កំពុងតែប្រារព្ធពិធីបុណ្យ ខួប១០០ថ្ងៃនេះចាប់ពីល្ងាចថ្ងៃច័ន្ទរហូតដល់ថ្ងៃអង្គារ៍។ប៉ុន្តែរដ្ឋាភិបាលមិនឃើញមានប្រារព្ធពិធីបុណ្យខួប១០០ ថ្ងៃនេះទេ។
អ្នកស្រីកែវ ថា អាយុ៥២ឆ្នាំ អ្នកទីក្រុងភ្នំពេញ បាននិយាយថាអ្នកស្រីបានមកចូលរួមប្រារព្ធខួប១០០ថ្ងៃ ជា មួយមនុស្សជាច្រើននាក់នៅគល់ស្ពានកោះពេជ្រដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់អ្នកសម្លាប់នៅលើស្ពានកោះពេជ្រ។
លោកវន ពៅ អ្នកចូលរួមម្នាក់មកពីសមាគមប្រជាធិបយេត្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិយាយថា រដ្ឋាភិបាលគួរតែចាប់អារម្មឡើងវិញអំពីឧបទ្ទវហេតុនៅស្ពានកោះពេជ្រនិងប្រារព្ធខួប១០០ថ្ងៃដល់អ្នក ស្លាប់នៅលើស្ពានកោះពេជ្រ។
«ខ្ញុំមកថ្ងៃនេះដើម្បីប្រារព្ធពិធីគម្រប់ខួប១០០ថ្ងៃនៃអ្នកស្លាប់ក្នុងឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រហើយ ម៉្យាងទៀតដើម្បីដាស់តឿនរំលឹកដល់អាជ្ញាធររដ្ឋាភិបាលឱ្យយកចិត្តទុកដាក់ដល់ឧបទ្ទវហេតុនៅលើស្ពានកោះពេជ្រកន្លងមកនេះហើយក៏សំណូមពរដល់រដ្ឋាភិបាលឱ្យចាត់វិធានការទប់ស្កាត់យ៉ាងណាកុំឱ្យមានឧបទ្ទវហេតុដូចនៅលើស្ពានកោះពេជ្រនេះ»។
អ្នកស្រីចឹក បូភី អាយុ៤០ឆ្នាំដែលជាម្តាយរបស់សពកញ្ញាឌុក ស្រីមុំ អាយុ២០ឆ្នាំនៅក្នុងឃុំកោះដាច់ ស្រុកមុខកំពូលខេត្តកណ្តាល និយាយថាអ្នកស្រីបាននិមន្តព្រះសង្ឃ៧អង្គមកពីវត្តចំនួនប្រាំពីរផ្សេងៗគ្នាធ្វើពិធី ប្រារព្ធខួបគម្រប់១០០ថ្ងៃឧទ្ទិសមគ្គផលជូនទៅដល់វិញ្ញាណក្ខន្ធកូនស្រីដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានកោះពេជ្រ។
«ខ្ញុំនិមន្តព្រះសង្ឃប្រាំពីរអង្គដែលគេហៅថាពិស្តារព្រះសង្ឃប្រាំពីរអង្គ និងប្រាំពីរវត្ត។ ខ្ញុំនិមន្តព្រះសង្ឃប្រាំ ពីរអង្គពីវត្តចំនួនប្រាំពីរដែលជានិមិត្តរូបពីបុរមបុរាណបាននិយាយថាអ្នកសម្លាប់នៅកោះពេជ្រអញ្ចឹងត្រូវ ការព្រះសង្ឃប្រាំពីរអង្គដាពិស្តារឱ្យប្រាំពីរចប់ ទើបបុណ្យបង្គ្រប់១០០ថៃ្ងនេះបានមគ្គផលដល់កូន ដែល បានស្លាប់។ ខ្ញុំបន់ស្រន់ឱ្យកូនខ្ញុំចាប់ជាតិនៅទីដ៏ឋានខ្ពង់ខ្ពស់ ឱ្យមានសេចក្តីសុខនិងកុំឱ្យមានជួបឧបសគ្គ ដ៏កាចសាហាវនេះកើតឡើងចំពោះដល់កូនទៀត»។
លោកសេង សៀន អាយុ៥៩ឆ្នាំដែលជាឱពុករបស់សពសៀន វ៉ាន់នី អាយុ២១ឆ្នាំ និងនាងហាក់ លីហួយ អាយុ២០ឆ្នាំ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ បានបញ្ជាក់ថាលោកបាននិមន្តព្រះសង្ឃចំនួនប្រាំអង្គសម្រាប់ប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃនេះ។
«ខ្ញុំនិមន្តព្រះសង្ឃសូត្រមន្តនៅពេលល្ងាចដោយមានបបរសម្រាប់ទទួលភ្ញៀវ និងមានទៀន ធូប តែ ស្ករ ភេជ្ជៈប្រគេនព្រះសង្ឃនៅពេលល្ងាចថ្ងៃច័ន្ទទី២៨ដល់ថ្ងៃអង្គារទី១ពេលព្រឹកយើងធ្វើពិធីដាឆ្លងចង្ហាន់បិណ្ឌ បាត រាប់បាត និងប្រគេនយីគូព្រះសង្ឃ និងបច្ឆ័យជាកិច្ចបង្ហើយបុណ្យនៅថ្ងៃត្រង់ម៉ោង១២ ដើម្បីឧទ្ទិស ជូនដល់វិញ្ញាណក្ខន្ធរបស់កូនប្រុសកូនស្រីដែលបានចែកឋាននៅកោះពេជ្រ»។
នាងសូ សុវលៃ អ្នកចូលរួមម្នាក់មកពីមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ បាន និយាយថា៖
«ខ្ញុំមានការសោកស្តាយជាខ្លាំងចំពោះរដ្ឋាភិបាលដែលអត់បានប្រារព្ធពិធី១០០ថ្ងៃនៅក្នុងថ្ងៃនេះ ដើម្បីចង់ដាស់សតិនិងចង់រំលឹកដល់ប្រជាពលរដ្ឋនិងរដ្ឋាភិបាលហើយខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាលឱ្យប្រារព្ធខួប១០០ថ្ងៃ ឬ ប្រារព្ធខួបមួយឆ្នាំពីថ្នាក់រដ្ឋាភិបាលរហូតដល់ថ្នាក់គ្រប់ស្ថាប័នទាំង អស់ ដើម្បីក្រើនរំលឹកពញាក់ស្មារតីដល់ប្រជាពលរដ្ឋ ស្ថាប័នទាំងអស់ និងរដ្ឋាភិបាល»។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យប្រចាំទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ពិធីបុណ្យ ខួប១០០ថ្ងៃនេះជាពិធីឯកជន ដែលគ្រួសារសពនីមួយៗមានភារកិច្ចប្រារព្ធពិធីបុណ្យនេះតាមប្រពៃណី រៀងៗខ្លួន។
«រដ្ឋាភិបាលបានចូលរួមចំណែកយ៉ាងច្រើនតាំងពីការរកជំនួយនិងការបែងចែកជំនួយសម្រាប់គ្រួសារអ្នករងគ្រោះនិងការធ្វើពិធីបុណ្យសព។ ដូច្នេះពិធីប្រារព្ធខួប១០០ថ្ងៃ ជាពិធីផ្ទាល់ខ្លួនរបស់គ្រួសារម្នាក់ៗ វាមិនមែនជាពិធីបុណ្យរួមទេ»។
តាមទំនៀមទម្លាប់ខ្មែរ ការប្រារព្ធពិធីបុណ្យខួប៧ថ្ងៃនិង១០០ថ្ងៃនេះមានគោលបំណងដូចគ្នាតែមួយ ដើម្បី ឧទ្ទិសកុសលផលបុណ្យទៅដល់អ្នកស្លាប់៕