អតីត​កម្មាភិបាល​ខ្មែរក្រហម​ទទួលស្គាល់​ថា​មាន​ការណែ​នាំ​ឱ្យ​កម្ទេច​អ្នក​ប្រឆាំង​តែ​មិន​មាន​បញ្ជា​ឱ្យ​សម្លាប់ 

តា អាន ជា​ជនសង្ស័យ​ម្នាក់ក្នុងចំណោម​ជនសង្ស័យ​៥នាក់​ ដែលជាប់​ទាក់ទង​នឹងបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ នៅសម័យ​ខ្មែរក្រហម​។​

ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ប្រាំនាក់​គឺ តា អាន​ ជាអតីត​អនុប្រធាន​តំបន់​មជ្ឈិម​ប្រចាំ​នៅខេត្ត​កំពង់ចាម​ ដែលមានជនរងគ្រោះ​ជាង១៥​ម៉ឺននាក់​ស្លាប់នោះ​ បានបដិសេធ​ពីការជាប់​ពាក់ព័ន្ធនឹង​ ឧក្រិដ្ឋកម្ម​នានា។​ លោក​បាន​អះអាង​ លោកមិន​ចង់ ទៅ​បំភ្លឺ​នៅ​តុលាការ​ទេ​ ប៉ុន្តែ​លោក​ មិនខ្លាច​តុលាការដែរ។ ខាងក្រោម​នេះ​ជា​ភាគចុងក្រោយ​ក្នុង​បទសម្ភាសបីភាគ​រវាង​លោក ​សុខ ខេមរា​ជាមួយតា អាន។

សំណួរ៖ ​សម័យ​នោះ​ ហេតុ​អី​បាន​ជា​មាន​ការកាប់​សម្លាប់​មនុស្ស​ច្រើន​ម្ល៉េះ​ទូទាំងប្រទេស​ជិត​ ២​លាន​នាក់​ អញ្ចឹង​អាហ្នឹង​វា​របៀប​យ៉ាង​ម៉េច​ដែរ​បាទ?

ឆ្លើយ៖​ អត់​យល់​ទេ​ក្មួយ​ អាហ្នឹង​ ជ្រៅ​ពេក​ហើយ។​ ហួស​កម្រិត​ខ្ញុំ​ ខ្ញុំ​មិន​ដឹង​ទេ​ មិន​ដឹង​កាប់​សម្លាប់​យ៉ាង​ម៉េច។

ស៖​ បើ​អញ្ចឹង​ លោក​កាល​សម័យ​នោះ​អត់​មាន​បាន​ទទួល​នៅ​ក្នុង​មន្ទីរ​ដែល​នៅ​វត្ត​ អូ ​ត្រ​កួនហ្នឹង អត់​មាន​ពាក់​ព័ន្ធ​អី​ទេ?

ឆ៖​ ​អត់​ទេ​ អត់​ទាំង​ស្គាល់​ អូ​ ត្រកួន​ហ្នឹង​ផង​ បាទ។

ស៖ បើ​ទៅ កងមាស​ ហ្នឹង​ អញ្ចឹង​នៅ​ទទួល​បន្ទុក​នៅ​ម្តុំ​ខាង​ណា​ដែរ បាទ?

ឆ៖​ ខ្ញុំ​នៅ​នឹង​ព្រៃ​ទទឹង។

ស៖ នៅ​ ព្រៃ​ទទឹង?

ឆ៖​ បាទ​ ផ្សារ​ព្រៃទទឹង។ រួច​បើ​និយាយ​ពី​ប្រជាជន​ វា​ស្រឡាញ់​ខ្ញុំ​អន្តរធាន​ហើយ។​ ខ្ញុំ​ឆ្ងល់​ណាស់ តែ​ទៅ​ណា​មក​ណា​នោះ​ រួចអញ្ចេះ​ អា​ផ្ទះ​ហ្នឹង​គេ​រុះ​រើផ្ទះ​ប្រជាជន​យក​មក​គរ​នៅ​ព្រៃ​ទទឹង​ គេ​សម្រាប់​ធ្វើ​ផ្ទះ​គេ​ អ្នក​ដឹក​នាំ​នោះ​ណា។ ខ្ញុំ​ទៅ​ទាំង​ធ្វើ​ មីទ្ទីង​ ហៅ​ប្រជាជនយក​សសរ​ផ្ទះយក​អី​ទៅ​វិញ​ យក​ទៅ​ធ្វើ​ ធ្វើ​នៅ។​ រួច​និយាយ​ពី​ស្រឡាញ់​នោះ​ រួច​បើ​ទៅ​ខ្ញុំ​ទៅ កងមាស​ ទៅ​ កំពង់សៀម​ ខ្ញុំ​យក​ស្ករ​ត្នោត​ទៅ​ រួច​តែ​ក្រឡេក​ឃើញ​ហើយ​ ​(គេ​ថា)​ ស្ករ​មក​ហើយ​ អ៊ូ​ រួច​បើ​ខ្ញុំមក​ពី​នោះ​វិញ​ ខ្ញុំ​យក​ថ្នាំ​ជក់​នេះ​ ទាំង​បាល់​ទាំង​បាល់​ គេ​ធ្វើ​បាល់​ធំ​អញ្ចេះ​នោះ​ រួច​តាម​ការដ្ឋាន​ធ្វើ​ទំនប់​ធ្វើ​អី​ ដឹក​ដើរ​ចែក​ គេ​ថា​អូ បាន​ថ្នាំ​ជក់​ហើយ​ អត់​ដែល​អ្នក​ណា​ថា​អញ្ចេះ​អញ្ចុះ បាទ​ ខ្ញុំ​ឆ្ងល់​ វា​យ៉ាង​ណា?​ ឆ្ងល់​ណា​ក្មួយ។

ស៖ ប៉ុន្តែ​នៅ​ក្នុង​សម័យកាល​នោះ​ បទ​បញ្ជា​ដែល​មាន​ការ​ឲ្យ​ទៅ​ដល់​អំណាច​ទៅ​ដល់​ថ្នាក់​ក្រោម​ដើម្បី​ដូច​ថា​ដោះស្រាយ​មនុស្ស​ឬ​ក៏ការ​កាប់​សម្លាប់​អី​សម័យ​នោះ​ តើ​មាន​ទទួល​បញ្ជា​អីពី…?

ឆ៖ អត់​ទេ​ អត់​ទេ។​ អត់​មាន​បញ្ជា​ទេ។

ស៖​ ​អញ្ចឹង​មាន​ន័យ​ថា​អ្នក​ថ្នាក់​ក្រោម​ហ្នឹង​ ឧបមា​ថា​ សម័យ​នោះ​មានការសម្លាប់​អី​ច្រើន​អញ្ចឹង​ អា​ហ្នឹងគេ​ចេះ​តែ​ធ្វើ​ខ្លួន​គេ​ឬ​ក៏​វា​មាន​បញ្ហា​អី​កើត​ឡើងនៅ​ពី​ក្រោយ​នោះ​ឬ​ក៏​យ៉ាង​ម៉េច​ ​បាទ?

ឆ៖​ ដែល​ខ្ញុំ​ថា​មិន​មាន​បញ្ជា​ គឺ​ការណែនាំ​មាន។​ ការ​ណែនាំ​ លុះ​ត្រា​តែ​ជន​នោះ​ឯង​មាន​អំពើ​សកម្មភាព​ដោយ​ប្រឆាំង​នឹង​បញ្ហា​អ្វី​មួយ។​ ចុះ​បើ​គេ​មិន​មាន​ការ​ប្រឆាំង​ ទោះ​បី​ជន​ ប្រជាជន​ដែល​កំណត់​ថា​ ១៧​មេសា​ក៏​ដោយ​នោះ​ បើ​គេ​មិន​មាន​អី​ប្រឆាំង​នោះ​ ទៅ​ធ្វើអាម៉េច?​ ការ​នោះ​វា​មាន​អញ្ចឹង។​ អញ្ចឹង​បាន​ខ្ញុំ​ថា​ខ្ញុំ​អត់​យល់​ អត់​យល់​ទេ​ក្មួយ។ រួច​ក្មួយ​ ខ្ញុំ​និយាយ​អញ្ចឹង​ ក្មួយ​យល់​យ៉ាង​ម៉េចវិញ ខ្ញុំ​សួរ​ទៅ​វិញ​ទៅ​ចុះ។ ​ហ៊ឺស!

ស៖​ អញ្ចឹង​ ឥឡូវ​ហ្នឹង​ បើ​តុលាការហៅ​កោះ​ទៅ​ក៏​ត្រូវ​តែ​ទៅហើយ មិន​ខ្លាច​បារម្ភ​អី​ទេណាស់?

ឆ៖​ ខ្ញុំ​អត់​ខ្លាច​ទេ។

ស៖​ អាច​នឹង​ទៅ​ទេ​មើល​ទៅ​ នឹង​ហ៊ាន​ទៅ​តទល់​ជា​មួយតុលាការ​ឬ​មួយ​ក៏​យ៉ាង​ណា​ ត្រៀម​ខ្លួន​រួច​ស្រេច​ហើយមើល​ទៅ?

ឆ៖​ ឥឡូវ​ និយាយ​ពី​ចង់​នោះ​ មិន​ចង់​ទេ។​ អត់​ចង់​ទេ​ក្មួយ។​ ព្រោះ​ជីវិត​រស់​នៅ​ហ្នឹង​កំពុង​ប្រកប​របរ​ រកស៊ី​ តុលាការ​ទៀត​ ឲ្យ​ន័យ​ថា​ខ្ញុំ​ចង់​នោះ​ វា​មិន​ចង់​ទេ។​ ខ្ញុំ​អត់​ដូច​នែ៎ លោក​ ខៀវ​ សំផន ថា​ចង់​ទៅ​ពន្យល់​ចង់​ទៅ​អី​ ខ្ញុំ​អត់​ចង់​ទេ​ អត់​ចង់​ទៅ​ទេ ព្រោះ​ទី​មួយ​តុលាការ​ហ្នឹង​មាន​កន្លែង​ឲ្យ​ខ្ញុំ​សុំ​សីល​ដែរ?​ ខ្ញុំ​សួរ​អញ្ចឹង​ មាន​កន្លែង​ឲ្យ​ខ្ញុំ​សូត្រ​ធម៌ដែរ សុំ​សីល​ដែរ​ បើ​មិន​អត់ រួច​ខ្ញុំ​ចង់​ទៅ​ធ្វើ​អី?​ តើ​ខ្ញុំ​និយាយ​អញ្ចឹង​ យ៉ាង​ម៉េច​ក្មួយ​ប្រុស? ថា​ចង់​ អត់​ចង់​ទេ​ តែ​ខ្លាច​ អត់​ខ្លាច​ទេ​ ថា​ឲ្យ​ចង់​ទៅ​ អត់​ចង់​ទេ។

ស៖​ បើ​គេ​មក​ចាប់​បង្ខំ​អ្នក​ប្រាំ​នាក់​ហ្នឹង​បន្ថែម​ទៀត​ ដូច​ថា​មាន​លោក​ មាស​ មុត​ លោក​ ស៊ូ​ ម៉េត​ លោក​ស្រី​ អ៊ឹម​ ចែម​ តា​ ទិត​ ហើយ​និង​ តា​ អាន​ ហើយ​នឹង​ម្នាក់​ផ្សេង​ទៀត​ តើពេល​ហ្នឹង​មើល​ទៅវា​នឹង​ប៉ះ​ទង្គិច​យ៉ាង​ម៉េច​ខ្លះ​នៅ​ក្នុង​សង្គម​ឬ​ក៏​ជីវភាព​រស់​នៅ?

ឆ៖​ ជីវភាព​រស់នៅ​របស់​ខ្ញុំ​ប៉ះ​ហើយ​ ប៉ុន្តែ​ក្នុង​សង្គម​ខ្ញុំ​អត់​ដឹងទេ​ (ខ្ញុំ​)មិន​ដឹង​ឆ្លើយ​ថា​ម៉េច​ទេ​ក្នុង​សង្គម​ ឲ្យ​ខ្ញុំ​ឆ្លើយ​ថា​ម៉េច។​ សង្គម​និយាយ​សង្គម​ជាតិ​ទាំង​មូល​ ខ្ញុំ​មិន​ដឹង​ថា​ម៉េច​ ប៉ុន្តែ​ជីវភាព​គ្រួសារ​ខ្ញុំ​ប៉ះ។

ស៖​ ដោយ​របៀប​យ៉ាង​ម៉េច​ដែរ​ បាទ?

ឆ៖​ បាទ?

ស៖​ ដោយ​របៀប​ប៉ះ​ហ្នឹង​យ៉ាង​ម៉េចខ្លះ?

ឆ៖​ ធម្មតា​ មនោសញ្ចេតនា​របស់​គ្រួសារ​ តែ​អញ្ចឹង​ទៅ​ ក្រ​រហាម​អញ្ចេះ​ផង​ហ្នឹង​ គិត​គូរយ៉ាង​ម៉េច​ វរ​វរ​លក់​ដី​លក់​ធ្លី​ផ្តល់​ថវិកា​លែង​កើត​ ប៉ះ​កូន​សិក្សា​រៀន​សូត្រ​ ប៉ះ​អីៗ ប៉ះ​ជីវភាព​រស់​នៅ។ តែ​អញ្ចឹង​បាន​និយាយ​ បាន​ន័យ​ថា​ខ្ញុំ​អត់​ចង់​ទេ តែ​ខ្ញុំ​អត់​ខ្លាច​ទេ។​ ហ៊ឺស!​ ឲ្យ​ចង់​ទៅ​អី​បំភ្លឺ​អី​អញ្ចេះ​អញ្ចុះ​ អត់​ចង់​ទេ តែ​ខ្ញុំ​អត់​ខ្លាច​ទេ​ ព្រោះ​អំពើ​ប្រព្រឹត្ត​របស់​ខ្ញុំវាអត់​ ហើយ​ការ​តស៊ូ​របស់​ខ្ញុំ​មិន​មែន​ខ្ញុំ​ជា​អ្នក​ផ្តើម​គំនិត​ទេ។​ សមត្ថភាព​ខ្ញុំ​ រាង​រៅ​ខ្ញុំ​ប៉ុណ្ណឹង​ ខ្ញុំ​មិន​មែន​អ្នក​ផ្តើម​គំនិត​ទេ។​ ហើយ​ខ្ញុំ​និយាយ​មួយម៉ាត់​ថែម​ទៀត​ ខ្ញុំ​និយាយ​មួយ​ម៉ាត់​ទៀត​ ដោយ​ខ្ញុំ​ឮ​ពាក្យ​សម្តេច​។​ ឮ​បន្ទូល​សម្តេច​ឪ សម្តេច​ឪថា​នៅ​ក្នុង​សម័យ​ ប៉ុល ពត​ ថា​យក​សម្តេចដាក់​គុក​អី​អញ្ចេះ​អញ្ចុះ។​ ហើយសម្តេច​ គឺ​ថា​សមត្ថភាព​ប្រហែល​សម្តេច​ ចុះ​សមត្ថភាពប្រហែលខ្ញុំ​ ហ៊ឺសៗ​ សុំ​ពិចារណា​មើល​ចុះ​ សមត្ថភាព​ប្រហែល​ខ្ញុំ​នេះ​តើ​យ៉ាង​ម៉េច?

ស៖​ ខ្ញុំ​សុំ​អរគុណ​ច្រើន​ដែល​បាន​ផ្តល់​កិច្ច​សម្ភាស​ជា​មួយ​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក សុំ​អរគុណ​ បាទ។

ឆ៖​ បាទ៕