គណបក្ស​រុស្សី​រួបរួម​របស់​លោក Putin អះអាង​ជ័យជម្នះ ខណៈ​មាន​ការចោទ​ប្រកាន់​អំពី​ការបន្លំ​សន្លឹកឆ្នោត

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​កណ្តាល​អ្នកស្រី Ella Pamfilova តាម​អនឡាញ​នៅ​ឯ​កន្លែង​ស្នាក់​នៅ​របស់​ប្រធានាធិបតី​រុស្សី Novo-Ogaryovo នៅ​ខាង​ក្រៅ​ទីក្រុង​មូស្គូ កាលពី​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១។

លទ្ធផល​នៃ​ការ​បោះឆ្នោតបី​ថ្ងៃ​នៅក្នុង​ប្រទេសរុស្សី​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី​១៩​ ខែកញ្ញា មិន​នាំ​ឱ្យ​ពួក​អ្នក​ប្រឆាំងនឹង​លោក Putin ភ្ញាក់​ផ្អើល​ទេ។ ពួកគេបាន​ព្រមាន ជា​ច្រើន​ខែ​មក​ហើយ។

អាជ្ញាធរវិមាន​ក្រឹមឡាំង​ បាន​រារាំង​បណ្តា​បេក្ខជន​ឯករាជ្យ​ពិត​ប្រាកដ​ ជា​ពិសេស​ក្រុម​អ្នក​គាំទ្រ​លោក Alexei Navalny ដែល​ជា​មេដឹកនាំ​ក្រុមប្រឆាំងជាប់​ពន្ធនាគារ មិនឱ្យឈរឈ្មោះ​សម្រាប់សភា​ Duma ដែល​មាន​៤៥០​អាសនៈ។

ការបោះឆ្នោត​នេះ បានប្រព្រឹត្ត​ទៅនៅពេលមានការ​បង្ក្រាបលើ​ក្រុមប្រឆាំងដែល​នាំ​ឱ្យ​គ្មាន​ការ​សង្ស័យ​ថា ​គណបក្ស​រុស្សី​រួបរួមដែល​ជា​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក Putin នឹងឈ្នះ​ទៀត​ ហើយ​មាន​សមាជិកភាគ​ច្រើន​ក្នុង​សភា។

គណបក្ស​នេះ ​បានអះអាង​ជ័យជម្នះ​តែពីរ​បី​ម៉ោងក្រោយ​ស្ថានីយ៍​បោះឆ្នោត​បិទទ្វារកាល​ពី​ថ្ងៃ​អាទិត្យទី១៩ ខែកញ្ញា​ ក្រោយពីការ​បោះឆ្នោតបីថ្ងៃ​ នៅពេលមាន​ការ​អះអាង​ថា​ មានការ​បញ្ចូល​សន្លឹក​ឆ្នោត​បន្ថែម​ក្នុង​ប្រអប់​បោះឆ្នោត​ ការគៃ​បន្លំ​សន្លឹក​ឆ្នោត ​និង​ការបង្ខំ​ឱ្យ​ក្រុម​អ្ន​ក​រដ្ឋការគាំទ្រ​ពួក​បេក្ខជនគណបក្ស​រុស្សី​រួបរួម។

លោក Andrei Turchak មន្ត្រី​គណបក្ស​រុស្សី​រួបរួមបាននិយាយ​ថា ​គណបក្ស​លោក នឹងឈ្នះ​ទទួល​បាន​កៅអីជាង៣០០​ក្នុងបណ្តាអាសនៈ៤៥០​ក្នុង​សភា Duma។ ​លោក ​បាន​ថ្លែង​ប្រាប់​អ្នក​កាសែតក្នុងទី​ក្រុង​ម៉ូស្គូ​ថា គណបក្ស​លោកទំនង​ជា​នឹង​មាន​កៅអី​៣១៥ ក្នុង​សភា​ជាន់​ទាប​របស់​រុស្សី​។

កាល​ពីថ្ងៃទី២០ ខែកញ្ញា គណៈកម្មការរៀប​ចំការបោះឆ្នោតនៃ​ប្រទេស​រុស្ស៊ី បាន​រាយការណ៍អំពី​លទ្ធផលដំបូងៗ ក្រោយពីសន្លឹក​ឆ្នោត​៩០% ត្រូវ​បានរាប់​ ហើយ​ថា គណបក្សរុស្សី​រួបរួម​បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ៤៩%​សម្រាប់ពួក​បេក្ខជនចេញ​ពីបញ្ជី​របស់គណបក្ស និងបាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រប្រមាណ៨៧%​ដែល​តំណាងរាស្ត្រ​ម្នាក់ ត្រូវ​តែងតាំងនៅ​ក្នុង​មណ្ឌល​នីមួយៗ។ កៅអីក្នុង​សភា​ Duma ចំនួនពាក់​កណ្តាល ត្រូវ​បានទុក​ដោយ​ឡែក​ដោយ​បញ្ជី​បោះឆ្នោត​របស់​គណបក្ស ហើយ​ពាក់កណ្តាល​ទៀត ត្រូវបាន​តែងតាំងតាម​ការបោះឆ្នោតភាគច្រើន​ក្នុង​មណ្ឌល។

ទិន្នន័យ​ការ​បោះឆ្នោតនៅ​មុន​ការ​បោះឆ្នោត បានបង្ហាញ​ថា​ ជនជាតិ​រុស្សីតែ២៦%ប៉ុណ្ណោះ ​ប្រុងប្រៀប​បោះឆ្នោតឱ្យ​គណបក្ស​រុស្សី​រួបរួម។

ភាព​មិន​ប្រក្រតី

នៅ​ពេលបោះឆ្នោត​បី​ថ្ងៃ​នៅ​ទូទាំង​តំបន់ដែល​មានម៉ោង​ខុស​គ្នា​ទាំង១១ អ្នក​សង្កេត​ការ​បោះឆ្នោត​ និង​អ្នក​បោះឆ្នោត បានរាយការណ៍​អំពី​ការរំលោភ​រាប់ពាន់។ វីដេអូផ្សព្វផ្សាយ​តាមបណ្តាញ​សង្គមបានបង្ហាញ​ការ​បន្លំ​បញ្ចូល​សន្លឹក​ឆ្នោត​បន្ថែម​ក្នុង​ប្រអប់​ឆ្នោត​ ការបណ្តេញ​ក្រុម​អ្នកឃ្លាំមើល​ឯករាជ្យ​ចេញពីស្ថានីយ៍​បោះឆ្នោត ​និង​បេក្ខជនប្រឆាំងពីរ​បីនាក់​ដែល​ត្រូវ​អនុញ្ញាត​ឱ្យ​ឈរឈ្មោះ ត្រូវគេ​យាយីនៅទី​នោះ។​

ក្រុមអ្នកសង្កេតការណ៍​មើល​ការផ្សាយផ្ទាល់​ពី​ការិយាល័យ​បោះឆ្នោត​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ការបោះឆ្នោត​សាធារណៈ​ទីក្រុង​ម៉ូស្គូ​ក្នុង​អំឡុងពេល​ថ្ងៃទីពីរ​នៃ​ការបោះឆ្នោត​រយៈពេល​បីថ្ងៃ​នៅក្នុង​ការបោះឆ្នោត​សភា​នៅ​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

វីដេអូមួយថត​នៅ​ក្នុង​តំបន់ Saratov បាន​បង្ហាញស្ត្រីអ្នក​ធ្វើការ​នៅ​កន្លែង​បោះឆ្នោត​ បាន​បញ្ចូលសន្លឹក​ឆ្នោតរាប់សិបទៅ​ក្នុងម៉ាស៊ីនបោះឆ្នោត​នៅ​ក្រោយ​ការបោះឆ្នោត​ចប់​។ វីដេអូ​មួយ​ទៀតពីក្រុង Kemerovo បង្ហាញការ​បញ្ចូល​សន្លឹកឆ្នោតនៅ​ពេលអ្នក​ធ្វើការ​នៅ​ស្ថានីយ​បោះឆ្នោត​ម្នាក់​ បាន​ព្យាយាម​រារាំង​មិន​ឱ្យ​ឃើញ​អ្វី​ដែល​កើត​មាន​ឡើង។

អង្គការ​ឃ្លាំ​មើល​ឯករាជ្យ​ Golos ​បាន​សង្កេតឃើញ​ករណី​ជាង៤ពាន់៥រយនៃការរំលោភនៅ​ពេល​បោះឆ្នោតនៅថ្ងៃ​ចុងក្រោយ​នៃ​ការបោះឆ្នោត​នេះ។​ អង្គការនេះបាន​និយាយ​ថា ខ្លួនបានទទួល«សារ​ជា​ច្រើន»ពី​មនុស្ស​ដែល​និយាយថា ពួក​គេ​ត្រូវ​បាន​បង្ខំ​ដោយ​ពួក​នយោជក​ឱ្យ​បោះឆ្នោត។

បើតាម​របាយការណ៍​ក្នុងមូលដ្ឋាន​ថា​ មានមនុស្ស​ច្រើន​នាក់ឈរ​បន្តគ្នានៅ​កន្លែង​បោះឆ្នោតខ្លះក្នុង​ថ្ងៃ​ដំបូង គឺ​ថ្ងៃទី១៧ ខែកញ្ញា។ ពួក​អ្នកគាំទ្រ​លោក Navalny បាន​ថ្លែង​ថា នេះ​មាន​ន័យថា ក្រុមអ្នក​រដ្ឋការ​ត្រូវ​បានកេណ្ឌ​ឱ្យ​បោះឆ្នោត​ដោយ​អាជ្ញាធរ​វិមាន​ក្រឹមឡាំង ​និងអាជ្ញាធរក្នុង​មូលដ្ឋាន។

លោក Mikhail Khodorkovsky អ្នក​រិះគន់​លោក​ Putin ដែលនិរទេស​ខ្លួននៅក្រៅ​ប្រទេស​បាននិយាយប្រាប់ស្ថានីយ​វិទ្យុ Echo of Moscow ​មុនការបោះឆ្នោតបន្តិច​ថា «រាល់​ពេលនៅ​ក្រោមការគ្រប់គ្រងរបស់​លោក Putin ការ​បោះឆ្នោត មិនដូចជា​ការ​បោះឆ្នោតពិត​ប្រាកដ​ទេ។​ នៅពេល​នេះ ដំណើរ​ការ​នេះ​ចប់ហើយ»។ ​លោកបាន​បន្ថែមថា «នៅ​ពេល​ក្រោយ ប្រជារាស្ត្រ​យើង​នឹងបោះឆ្នោតមែនទែន នៅ​ពេល​ពួកគេ​មាន​សិទ្ធិ​ពេញ​លេញ»។

ការ​អះអាងថា​ មានការ​ជ្រៀតជ្រែកពី​ខាងក្រៅ

ប្រធានគណៈកម្មការ​ចាត់​ចែង​ការបោះឆ្នោត​នៃប្រទេសរុស្សីបានច្រានចោល​ការ​អះអាង​ថា ​មាន​ភាពមិនប្រក្រតី​ច្រើន​ដោយនិយាយ​ថា​ ការ​រិះគន់​នេះ ​ជា​ផ្នែក​មួយនៃ«​យុទ្ធនាការ​គ្រោងទុក​ជា​មុនដោយ​ចេតនា ដែល​បាន​ទទួល​ប្រាក់ពី​ប្រទេស​ក្រៅ»។ អ្នកស្រី​ Ella Pamfilova ក៏បានចោទ​ប្រកាន់ពួក​សកម្មជនប្រឆាំងនឹង​អាជ្ញាធរ​វិមាន​ក្រឹមឡាំងថា «​ប្រឌិតរបាយការណ៍​ក្លែងក្លាយ»​អំពីការ​រំលោភ​ក្នុង​ការ​បោះឆ្នោត។ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​រុស្សីបាននិយាយ​ប្រាប់ពួកអ្នក​សារព័ត៌មានថា គ្មាន«ការ​រំលោភ​ច្រើន»​ត្រូវ​បានកត់សម្គាល់​ទេ។

គណៈកម្មការ​ចាត់​ចែង​ការបោះឆ្នោត​បាន​ថ្លែងថា ខ្លួនបានរក​ឃើញករណី១២​នៃការបញ្ចូលសន្លឹក​ឆ្នោតក្នុង​ម៉ាស៊ីន​បោះឆ្នោត​នៅ​ទូទាំង​ប្រទេសរុស្សី។ លោក Turchak នៃ​គណបក្ស​រុស្សី​រួបរួមបាននិយាយ​ថា គណបក្ស​លោក ​មិនបានរក​ឃើញការ​រំលោភ​ធ្ងន់ធ្ងរ​ដែល​អាច​កែប្រែ​លទ្ធផល​នៃការបោះឆ្នោត​នេះ​ទេ។

ពលរដ្ឋ​ម្នាក់​ប្រើ​កែវពង្រីក​ដើម្បី​អាន​សន្លឹកឆ្នោត​នៅក្នុង​ផ្ទះ​របស់​ខ្លួន​នៅ​ថ្ងៃចុងក្រោយ​នៃ​ការបោះឆ្នោត​សភា​រយៈពេល​បីថ្ងៃ​នៅក្នុង​ភូមិ Sintsovo ក្នុង​តំបន់ Nizhny Novgorod ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

ការបោះឆ្នោត​សភាជាន់ទាប​នៅឆ្នាំ​នេះ​ ជាការបោះឆ្នោត​លើក​ទី​មួយចាប់តាំង​ពី​ឆ្នាំ​១៩៩៣​មក​ ដែល​អង្គការសន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការក្នុង​អឺរ៉ុប​ហៅ​ OSCE ​បាន​សម្រេចមិនបញ្ជូនក្រុម​អ្នក​សង្កេតការ​ដែល​ជា​សេចក្តី​សម្រេច​មួយត្រូវ​ធ្វើ​ឡើង​ជា​ការ​ឆ្លើយ​តប​នឹងការដាក់​កំហិតតឹងតែង​ដោយ​អាជ្ញាធរ​រុស្សី។

ការ​អះអាងដោយគណៈកម្មការ​ចាត់​ចែង​ការបោះឆ្នោត​នៃប្រទេសរុស្សីថា ​ការ​បោះឆ្នោត​នេះ​សេរី ​និង​យុត្តិធម៌ ត្រូវ​បានច្រាន​ចោលដោយ​ពួក​អ្នក​នយោបាយ​បស្ចឹម​ប្រទេស​ ដោយ​មានរួម​បញ្ជូល​ទាំង​លោក Linas Linkevicius អតីត​រដ្ឋមន្ត្រី​ការបរទេសប្រទេស​លីទុយអានីផង​ដែរ។ លោក​បាននិយាយ​តាម Twitter ថា​ ការ​បោះឆ្នោត​នេះ​ ជា«ការ​ចំអក​ និង​ជា​រឿង​កំប្លែង»។ លោកបានបន្ថែម​ថា ​«ការអាក្រក់​បំផុត​ គឺថា​ការ​ប្រើ​ដោយ​កលល្បិច​នៃឧបករណ៍​ប្រជាធិបតេយ្យ បានក្លាយជាបទដ្ឋាន​នៅក្នុងប្រទេសនោះ»។​ លោក​បានពោល​បន្ថែម​ថា​ លទ្ធផល​នៃការ​បោះឆ្នោត​នេះ មិនគួរ​ត្រូវទទួល​ស្គាល់​ឡើយ»។

មនុស្សចេញទៅ​បោះឆ្នោតតិច

ទោះ​ជាពួកអ្នក​រិះគន់​អាជ្ញាធរ​វិមាន​ក្រឹមឡាំង​និយាយថា ​នេះជា​ការបោះឆ្នោត​មាន​ល្បិចកល​ក៏​ដោយ ក៏​ពួកគេថ្លែង​ថា មិនមែន​អ្វីៗ​ទាំង​អស់​ប្រព្រឹត្ត​ទៅ​តាមការ​គ្រោង​ទុក​ជា​មុន​ទេ។ ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត ក៏មិន​អាចលាក់​បាំងចំនួន​អ្នក​បោះឆ្នោត​តិច ​គឺ​មាន​តែ​៤៦% ដោយ​តិច​ជាង​ការបោះឆ្នោតសភា​ថ្មី​ៗបំផុតកាលពី​ប្រាំ​ឆ្នាំមុន​។​ ​មានសញ្ញានៃ​បញ្ហា​បោះឆ្នោត​សម្រាប់​គណបក្សរុស្សីរួបរួមនៅ​ក្រុង​ម៉ូស្គូ​ និង​ក្រុង St. Petersburg ដែលនៅ​ទី​នោះ​ ពួក​មន្ត្រីបាន​ពន្យារ​ពេលការប្រកាស​លទ្ធផល​ដំបូងៗ៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ