ជនរងគ្រោះនៃរបបខ្មែរក្រហម៖ យុត្តិធម៌​គួរ​បន្ត​ទៅ​មុខ​ឲ្យ​«‍ចប់ចុងចប់ដើម»

រូប​ឯកសារ៖ លោក សុខ តេង អាយុ៧៣ឆ្នាំ រួមទាំង​អ្នក​រស់រាន​មានជីវិត និង​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ជាច្រើន​នាក់ កំពុង​រង់ចាំ​ចូលរួម​ស្តាប់​​សាលក្រម​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ពីររូប គឺ នួន ជា និង​ខៀវ សំផន នៅ​តុលាការ​ខ្មែរ​ក្រហម កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤។

ក្រោយ​ពី​តុលាការ​ខ្មែរ​ក្រហម​បាន​ចេញ​សាលក្រម​ចុងក្រោយ​លើ​សំណុំរឿង០០២ ភាគ០២ ដោយ​កាត់​ទោស​ខៀវ សំផន និង​នួន​ ជា ឲ្យ​ជាប់​ទោស​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត មន្ត្រី​រដ្ឋាភិបាល​ថា កិច្ចការ​របស់​តុលាការ​​គួរ​តែ​បញ្ចប់។ ប៉ុន្តែសម្រាប់​ជន​រងគ្រោះ ដំណើរការ​ស្វែង​រក​យុត្តិធម៌​​គួរ​តែ​បន្ត​ទៅ​មុខ​ទៀត។

វ៉ាស៊ីនតោន​ — អស់រយៈពេល​ជិត​៤០ឆ្នាំ​មក​នេះ លោក Bryant Ben ទើប​តែ​មាន​ឱកាស​រំលឹក​ពាក្យ​សម្តី​ចុង​ក្រោយ​របស់​ឪពុក​លោក ដែល​ត្រូវបាន​ប្រាប់​បន្ត​តាម​រយៈ​អ្នក​ភូមិ​ម្នាក់ ដែល​រួច​ជីវិត​ពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

«ដល់​ពេល​និយាយ​គ្នា​ទៅ​គាត់​ប្រាប់​ថា ឪពុកខ្ញុំ​មុន​ពេល​គេ​យក​គាត់​ទៅ គាត់​ប្រាប់​ថា គាត់​មាន​កូនធំៗ​នៅ​រៀន​នៅ​ភ្នំពេញ ហើយ គាត់​ថា ​បើកូន​ខ្ញុំ​មក​ពី​ភ្នំពេញ ឲ្យ​ប្រគល់​អាតូចៗ​ហ្នឹង​ទៅៗ គាត់​ថា ​ឪពុកខ្ញុំផ្តាំថា អីចឹង‍‍»។

សម្រាប់​លោក Bryant ការ​ចង់ចាំ​បែប​នេះ គឺ​នៅ​ដិតដាម​អស់​មួយ​ជីវិត។ លោក​បាន​រំលឹក​អតីតកាល​ជូរចត់​នេះ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ VOA Khmer។ លោក Bryant មាន​អាយុ​១៩ឆ្នាំ ហើយ​ទើប​តែ​បាន​រៀន​ចប់​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ពេល​ដែល​ទាហាន​ខ្មែរ​ក្រហម​បាន​ចូល​ដល់​ទីក្រុង​ភ្នំពេញ ចំ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ គឺ​ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ នៅ​ក្នុង​អំឡុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម លោក Bryant បាន​បាត់បង់​ឪពុក និង​បងប្អូន​ប្រុសស្រី​៤នាក់។

ក្រោយ​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​នៅ​ខែ​មករា ឆ្នាំ​១៩៧៩ លោក Bryant បាន​រត់​ភៀស​ខ្លួន​ទៅ​ព្រំដែន​កម្ពុជា​ថៃ ហើយ​បាន​ទទួល​សិទ្ធិ​មក​រស់នៅ​ប្រទេស​កាណាដា នៅ​ឆ្នាំ​១៩៨១ ហើយ​ក្រោយ​មក​នៅ​ឆ្នាំ​១៩៨៤ លោក​បាន​មក​រស់នៅ​ជា​ពលរដ្ឋ​អាមេរិកាំង​នៅ​ទីក្រុង​ឡុងប៊ិច ​រដ្ឋ California ហើយ​សព្វថ្ងៃ​នេះ លោក​កំពុង​បម្រើ​ការងារ​ជា​សកម្មជន​សហគមន៍​ម្នាក់។

នៅ​ឆ្នាំ​២០១៧ លោក​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​តុលាការ​ខ្មែរ​ក្រហម ហើយ​បាន​ក្លាយ​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់​ក្នុង​ចំណោម​ដើម​បណ្តឹង​រដ្ឋប្បវេណី​សរុប​ចំនួន​២៧៩នាក់ ក្នុង​សំណុំ​រឿង​០០២ ភាគ​០២ ប្រឆាំង​នឹង​មេដឹកនាំ​ជាន់​ខ្ពស់​ពីរ​រូប​ដែល​នៅ​រស់រាន​មាន​ជីវិត គឺ នួន ជា អាយុ​៩២ឆ្នាំ និង​ខៀវ សំផន អាយុ​៨៧ឆ្នាំ។

លោក Bryant Ben ដើមបណ្តឹង​រដ្ឋប្បវេណី​ម្នាក់​នៅ​តុលាការ​ខ្មែរក្រហម ថតរូបជាមួយលោក ឆាង យុ នាយកមជ្ឈមណ្ឌលឯកសារ​កម្ពុជា។ លោក Bryant ​បាន​បាត់បង់​ឪពុក និង​បងប្អូន​បួន​នាក់​ក្រោម​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ (រូបថតផ្តល់ឲ្យ Bryant Ben)

គោល​បំណង​របស់​លោក​ Bryant គឺ​ដើម្បី​ស្វែង​រក​ការ​ពិត​អំពី​ការ​កាប់​សម្លាប់ និង​ទុក្ខ​លំបាក​វេទនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រោម​របប​គ្រប់គ្រង​របស់​មេដឹកនាំ​ទាំង​ពីរ​នេះ និង​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក​ឪពុក និង​បងប្អូន​ប្រុសស្រី​របស់​លោក។

«ចំពោះខ្ញុំ ខ្ញុំ​យល់​ថា សំណុំរឿង០០២​ភាគ០២ ហ្នឹង គឺជា​ការ​បញ្ចប់​សេចក្តី​ក្នុងការ​កាត់ក្តី។ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​ថា​ យុត្តិធម៌​ត្រូវបាន​រក​ឲ្យ​ជន​រងគ្រោះ​យើង​ទាំងអស់​គ្នា ហើយ​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​មនុស្សជាតិ​ទូទៅ ដោយសារ​យើង​មិន​ចង់​ឲ្យ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ហើយ ហើយ​ដើរ​ចោល​ទាំងអត់​ទទួល​ការ​ខុសត្រូវ ក្នុង​អំពើ​ឧក្រិដ្ឋកម្ម​របស់​ខ្លួន‍»។

លោក Bryant បាន​លើកឡើង​ដូច្នេះ ក្រោយ​ពេល​ដែល​តុលាការ​ខ្មែរ​ក្រហម​បាន​ចេញ​សាលក្រម​សម្រាប់​សំណុំ​រឿង​០០២ ភាគ​០២ ដោយ​កាត់ទោស​ឲ្យ​ នួន ជា និង​ខៀវ សំផន ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ​ពី​បទ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ភាគតិច​ចាម​ម៉ូស្លីម​និង​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ក្រោម​របប​គ្រប់គ្រង​របស់​ពួកគេ កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ មេដឹកនាំ​វ័យ​ជរា​ទាំង​ពីរ​នាក់នេះ ក៏​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ សម្រាប់​សំណុំ​រឿង​០០២ ភាគ​០១ កាលពី​ឆ្នាំ​២០១៤​ផងដែរ។

អត្ថប្រយោជន៍​នៃ​ដំណើរការ​កាត់​ក្តី​របស់​តុលាការ​ខ្មែរ​ក្រហម

ដូចគ្នា​នឹង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ផ្សេងៗ​ទៀត​ដែរ ដែល​ធ្វើ​ការ​កាត់ទោស​ជន​ជាប់ចោទ​នៃ​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​បែប​ធ្ងន់ធ្ងរ និង​ដែល​ស្ថិត​ក្នុង​ទ្រង់ទ្រាយ​ធំ តុលាការ​ខ្មែរ​ក្រហម​ បាន​ចំណាយ​ពេល​យូរ​ និង​ធនធាន​ច្រើន ក្នុង​ការ​សម្រេច​បាន​យុត្តិធម៌​ជូន​ដល់​ជនរងគ្រោះ​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។

ក្នុង​រយៈពេល​ជាង​ជិត​១២ឆ្នាំ​ចុងក្រោយ​នេះ តុលាការ​ខ្មែរ​ក្រហម​បាន​ចំណាយ​ទឹក​ប្រាក់​ជាង​៣០០លាន​ដុល្លារ​អាមេរិក ដោយ​បាន​ត្រឹម​តែ​កាត់​ទោស​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរក្រហម និង​ជន​ដែល​ទទួល​ខុសត្រូវ​ខ្ពស់បំផុតលើ​ឧក្រិដ្ឋកម្ម​របស់​ខ្មែរ​ក្រហម ចំនួន​៣រូប រួម​មាន​ នួន ជា អនុ​លេខាបក្ស​កុម្មុយនិស្ត​ប្រជាធិបតេយ្យ ឬ​បងធំ​ទី២ ខៀវ សំផន ប្រមុខរដ្ឋ​នៃ​របប​ខ្មែរ​ក្រហម និង​ កាំង ហ្គេចអ៊ាវ ហៅ ឌុច ប្រធាន​គុក​ទួលស្លែង ឬ មន្ទីរ​ស-២១។

​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ តុលាការ​កូន​កាត់​មួយ​នេះ ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ ​និង​រដ្ឋាភិបាល​កម្ពុជា ក៏​ដូចជា​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ផ្សេង​ទៀត បាន​ចោទប្រកាន់​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​សរុប​ចំនួន​៥នាក់ រួម​ទាំង​អ្នក​បីនាក់​ខាង​លើ។ ប៉ុន្តែ មេដឹកនាំ​ពីរ​នាក់​ផ្សេង​ទៀត គឺ​លោក អៀង សារី រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម និង​ភរិយា​របស់​លោក គឺ​លោកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រី​កិច្ចការ​សង្គម​កិច្ច បាន​ស្លាប់ មុន​ពេល​សវនាការ​សួរដេញដោល​រឿង​ក្តី​របស់​ពួក​គេ​ត្រូវបាន​បញ្ចប់។

បើ​ទោះបី​ជា​មាន​ចន្លោះ​ប្រហោង​តិច​ច្រើន​ក្តី «‍មិន​មាន​ការ​រំពឹង​ចង់បាន​យុត្តិធម៌​ល្អ​ឥតខ្ចោះ​ពី​តុលាការ​នេះ​ទេ»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី សូ ហ្វារីណា នាយិការង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែល​ធ្វើ​ការ​ស្រាវជ្រាវ ចងក្រង និង​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម។

នៅ​ក្នុង​បទសម្ភាសន៍​តាម​សារ​អេឡិច​ត្រូនិច​អ៊ីមែល​ជាមួយ VOA Khmer អ្នក​ស្រី ហ្វារីណា បាន​កត់​សម្គាល់​ឃើញ​ថា តុលាការ​ខ្មែរ​ក្រហម​«បាន​គាំទ្រ​ការ​ចូលរួម​របស់​ជន​រងគ្រោះ និង​ជន​ដែល​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម នៅ​ក្នុង​ដំណើរការ​កាត់​ក្តី​របស់​ខ្លួន‍»។ អ្នកស្រី​យល់​ថា៖«‍ការពិត និង​យុត្តិធម៌ ដែល​កើត​ចេញ​ពី​ដំណើរការ​របស់​តុលាការ​ខ្មែរ​ក្រហម​នេះ មាន​សារៈសំខាន់​ជា​ទី​បំផុត​ដល់​ជន​រងគ្រោះ​នីមួយៗ សហគមន៍ និង​សង្គម​ជាតិ ទាំង​មូល ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ស្ងប់»។

អារម្មណ៍​ស្ងប់​នេះ​ហើយ ដែល​លោកស្រី អ៊ុក ផាឡី ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ម្នាក់​យល់​ថា វា​មាន​តម្លៃ​អស់​មួយ​ជីវិត​មនុស្ស​ក្នុង​ការ​រង់ចាំ។

«‍ខ្ញុំត្រូវចិត្ត ខ្ញុំ​អរ គេ​កាត់​អីចឹង វា​ត្រឹមត្រូវ​ហើយ ព្រោះ​នៅ​ស្រុក​ខ្មែរ វា​[ច្បាប់]​មាន​ត្រឹម​តែ​មួយ​ជីវិត​ហ្នឹង​ឯង។ ប៉ុណ្ណឹង វា​គ្រប់គ្រាន់​ហើយ។ ខ្ញុំ​អត់​មាន​ចង់​រក​យុត្តិធម៌​អី​ទៀត​ទេ។ ខ្ញុំ​ដាក់​នេះ គឺ​ថា​ដើម្បី​រំឭក​គុណ​លោក​ឪពុក​ខ្ញុំ។ ដូចថា ដល់​ពេល​រំលំ​ក្រុង​ភ្នំពេញ ពេល​ប៉ុល ពត​ ចូល​ហ្នឹង ពេល​ធ្វើ​ដំណើរ គាត់​ថា គាត់​ពិបាក​ កូន​អើយ។ គាត់​ថា ស្រុក​យើង​នៅ​អីចឹង​រហូត​ហើយ។ ខ្មែរ​ក្រហម​មក វា​នឹង​សម្លាប់​អស់​ហើយ»។

លោកស្រី អ៊ុក ផាឡី អាយុ​៦៩ឆ្នាំ បាន​បាត់​បង់​ឪពុក​ម្តាយ និង​បងប្អូន​ពីរនាក់​នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម ដោយសារ​តែ​ឪពុក​របស់​លោកស្រី​មាន​តួនាទី​ជា​ទាហាន​របស់​របប​សាធារណរដ្ឋ​ លន់ នល់។

រូបថត​ជនរងគ្រោះ​ដែល​ត្រូវ​បាន​តាំង​បង្ហាញ​នៅ​គុក​ទួលស្លែង ក្នុងរាជធានីភ្នំពេញ។ (ស៊ុន ណារិន/VOA)

អស់រយៈពេល​ជាង​៤០ឆ្នាំ​កន្លង​មក​នេះ ក្រោយ​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់រាន​មាន​ជីវិត បាន​ស្ពាយ​អតីតកាល​ដ៏​ជូរចត់​នៅ​ជាមួយ​ពួកគេ​ជានិច្ច។ បទពិសោធន៍​ជូរចត់​នេះ ត្រូវបាន​អ្នក​ស្រាវជ្រាវ​ខាង​សុខភាព​ផ្លូវចិត្ត​រកឃើញ​ថា ​ជា​កត្តា​ដែល​បង្ក​ឲ្យ​ជន​រងគ្រោះ​ជា​ច្រើន​នាក់ មាន​ជំងឺ​បាក់​ស្បាត និង​តានតឹង​ផ្លូវចិត្ត ហើយ​ផល​ប៉ះពាល់​ផ្លូវចិត្ត​នេះ ក៏​ត្រូវបាន​សន្និដ្ឋាន​ថា អាច​បន្ត​ជះ​ឥទ្ធិពល​មក​លើ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ជន​រងគ្រោះ​ផងដែរ។

‍លោក Bryant Ben បាន​ថ្លែង​ថា៖ «ដូច្នេះ ការ​ឈឺចាប់​មាន​ជីវិត។ យុត្តិធម៌​ហ្នឹង ១០ឆ្នាំមក១០០ឆ្នាំទៀត​ បាន​រក​ឃើញ ក៏​យើង​នៅតែ​ត្រូវការ មិនមែន​មានន័យថា យូរ​ហើយ​បំភ្លេចចោល​ទេ​បាទ‍»។

បើ​ទោះ​បី​ជា​វា​ចំណាយ​ពេល​យូរ​យ៉ាង​ណា​ក្តី អ្នក​ជំនាញ​យល់​ឃើញ​ថា ដំណើរការ​កាត់​សេចក្តី​លើ​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ពី​អតីតកាល និង​សាលក្រម​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​របស់​តុលាការ​ខ្មែរ​ក្រហម មាន​ឥទ្ធិពល​ដ៏​សំខាន់​មួយ​ដល់​ជនរងគ្រោះ។

លោក Daniel McLaughlin មេធាវី​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​ដើម្បី​យុត្តិធម៌ និង​ការ​ទទួល​ខុស​ត្រូវ​ Center for Justice and Accountability ឬ​ហៅ​កាត់​ថា (CJA) ដែល​មាន​ទីស្នាក់ការ​នៅ​រដ្ឋ​ California សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA Khmer អំពី​ឥទ្ធិពល​នេះ​ថា៖

«‍ឥទ្ធិពល​ដែល​តុលាការ​អាច​មាន​មក​លើ​ជន​រងគ្រោះ​គឺ​ថា ការ​កាត់​ទោស​របស់​តុលាការ​ខ្មែរ​ក្រហម បង្ហាញ​ថា ក្រុម​ជន​រងគ្រោះ​អាច​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ភាព​ឈឺចាប់​ដែល​ពួកគេ​បាន​ឆ្លងកាត់ ពិត​ជា​បាន​កើត​ឡើង​មែន ហើយ​តុលាការ​បាន​រកឃើញ​ជន​ដែល​ទទួល​ខុសត្រូវ​លើ​ភាព​ឈឺចាប់​ទាំង​នេះ»។

មជ្ឈមណ្ឌល​ CJA នេះ​បាន​ធ្វើ​ជា​តំណាង និង​គាំពារ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ប្រមាណ​ជាង​១០៥នាក់ ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក ហើយ​ដែល​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​តុលាការ​ខ្មែរក្រហម។

នៅក្នុង​ដំណើរ​សវនាការ​សួរ​ដេញ​ដោល​របស់​តុលាការ​ខ្មែរ​ក្រហម ដែល​មួយ​ផ្នែក​ធំ​ផ្តោត​សំខាន់​លើរឿងរ៉ាវ​ផ្ទាល់​ខ្លួន​របស់​ជន​រងគ្រោះ និង​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម គេ​ឃើញ ជន​ជាប់​ចោទ​ត្រូវបាន​សួរ​ដេញ​ដោល​ដោយ​ព្រះ​រាជអាជ្ញា រី​ឯ​ជន​រងគ្រោះ​មាន​ឱកាស​ប្រឈម​មុខ​នឹង​ជន​ជាប់ចោទ​នៃ​ឧក្រិដ្ឋកម្ម​ខ្មែរ​ក្រហម​នេះ។ ទាំង​ជន​រងគ្រោះ និង​ជន​ជាប់ចោទ មាន​ឱកាស​ចែក​រំលែក​រឿងរ៉ាវ និង​ការ​យល់ឃើញ​របស់​ពួក​គេ ចំពោះ​សោកនាដកម្ម​នានា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ហើយ​រឿង​រ៉ាវ​ទាំង​អស់​នេះ​បាន​ជួយ​ឲ្យ​មាន​ការ​ស្វែង​យល់​កាន់​តែ​ច្រើន​ឡើង​អំពី​ជម្រៅ និង​ការ​ពិត​នៃ​ឧក្រិដ្ឋកម្ម​របស់​ពួក​ខ្មែរ​ក្រហម។

ដើម​បណ្តឹង​រដ្ឋប្បវេណី​ ដូចជា លោកស្រី អ៊ុក ផាឡី ​ថា ដំណើរ​ការ​ស្វែង​រក​ការពិត​តាម​រយៈ​ការ​កាត់​ក្តី​របស់​តុលាការ​ខ្មែរ​ក្រហម​មាន​សារៈ​សំខាន់​ណាស់។ បើ​ទោះ​បី​ជា​វា​មិន​ងាយ​ស្រួល​ក្នុង​ការ​ប្រឈម​មុខ​នឹង​មេដឹកនាំ​ខ្មែរ​ក្រហម​ នួន ជា និង​ខៀវ សំផន ក៏​ដោយ លោក​ស្រី​បាន​និយាយ​ថា៖ «‍ខ្ញុំ​ទៅ​តាម​ដាន​ដំណើរការ​សវនាការ​របស់​តុលាការ​មិន​ដែល​ខាន​ទេ»។

អ្នកស្រី Elizabeth Becker អ្នក​និពន្ធ​សៀវភៅ «‍នៅ​ពេល​ដែល​សង្គ្រាម​បញ្ចប់​ទៅ» បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​ជន​រងគ្រោះ និង​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ដូចជា​លោកស្រី អ៊ុក ផាឡី ជាដើម ​ក្នុង​ដំណើរ​កាត់​ក្តី​របស់​តុលាការ​ខ្មែរ​ក្រហម។

«‍អ្នក​រស់រាន​មាន​ជីវិត មិន​ត្រឹម​តែ​មាន​ឱកាស​រៀបរាប់​ពី​បទ​ពិសោធន៍​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​ទេ ពួកគេ​ថែម​ទាំង​ត្រូវបាន​គាំពារ​ដោយ​មេធាវី។ ពួកគេ​បាន​ដឹង​ថា មាន​មនុស្ស​ច្រើន​នាក់​ណាស់​ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​នេះ។ ពួក​គេ​ក៏​បាន​ស្តាប់​ភស្តុតាង​ដែល​លាត​ត្រដាង​ពី​ឧក្រិដ្ឋកម្ម​របស់​ខ្មែរ​ក្រហម​នៅ​ទូទាំង​ប្រទេស ហើយ​វា​បាន​បញ្ជាក់​ថា បទ​ពិសោធន៍​របស់​ពួក​គេ​មិន​មែន​ជា​ការ​ស្រមៃ​នោះ​ទេ»។

កាលពី​ឆ្នាំ​២០១៥ អ្នកស្រី Becker ក៏​បាន​ធ្វើ​សក្ខីកម្ម​នៅ​តុលាការ​ខ្មែរក្រហម ហើយ​បាន​ប្រឈម​មុខ​នឹង​នួន ជា និង​ខៀវ សំផន​ ជា​លើក​ដំបូង។ អ្នក​ស្រី​បាន​តាមដាន​ដំណើរការ​វិវត្តន៍​នៃ​តុលាការ​ខ្មែរ​ក្រហម​នេះ តាំង​ពី​មុន​ពេល​តុលាការ​នេះ​ត្រូវបាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣​ទៅ​ទៀត។

លោកស្រី Elizabeth Becker ដែល​ជា​អ្នក​កាសែត​អាមេរិក​ដ៏​ល្បី​មួយ​រូប​និង​ជា​អ្នក​និពន្ធ កំពុង​ផ្តល់​សក្ខីកម្មនៅសាលាក្តី​ខ្មែរ​ក្រហម​ទាក់ទង​នឹង​សំណុំ​រឿង​០០២​/២ ប្រឆាំង​នឹង​នួន ជា និង​ខៀវ សំផន កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (Courtesy of ECCC/Nhet Sok Heng)

សម្រាប់​អ្នកស្រី Becker ដែល​ជា​អ្នក​សារព័ត៌មាន​ជើង​ចាស់​អាមេរិក​មួយ​រូប​ដែល​បាន​ជួប​សម្ភាសន៍​ ប៉ុល ពត នៅ​ឆ្នាំ​១៩៧៨ អះអាង​ថា ការ​បង្កើត​តុលាការ​ខ្មែរ​ក្រហម​នេះ​ឡើង គឺ​ជា​ព្រឹត្តិការណ៍​«‍ដ៏​អស្ចារ្យ»​មួយ។ អ្នកស្រី​បាន​លើក​ឡើង​ដូច្នេះ ក្នុង​ន័យ​ឆ្លើយ​តប​នឹងមតិ​រិះគន់​មួយ​ចំនួន​ដែល​ថា តុលាការ​ខ្មែរ​ក្រហម​ចំណាយ​ពេល​យូរ និង​ធនធាន​ច្រើន​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

អ្នកស្រី​បាន​លើក​ឡើង​ថា៖​«‍ខ្ញុំ​យល់​ថា តុលាការ​នេះ​សម្រេច​បាន​ជោគជ័យ​ធំ​មួយ ដោយសារ​តែ​តុលាការ​បាន​ស្វែងរក​ការពិត​ជូន​ដល់​ជន​រងគ្រោះ តាមរយៈ​ដំណើរការ​នីតិវិធី​នៃ​ប្រព័ន្ធ​តុលាការ ក្នុង​ការ​បង្ហាញ​ថា របប​ខ្មែរ​ក្រហម​នេះ​ពិតជា​មាន​ទោស​ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​អំពើ​ប្រល័យ​ពូជ​សាសន៍។ ហើយ​ឧក្រិដ្ឋកម្ម​ទាំង​នេះ​ត្រូវបាន​ដាក់​ចូល​ក្នុង​ប្រព័ន្ធ​ច្បាប់»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «‍ខ្ញុំ​តែងតែ​យល់ថា តុលាការ​បាន​កាត់ទោស​របប​ខ្មែរ​ក្រហម​នេះ​ទាំង​មូល មិន​មែន​តែ​បុគ្គល​ជាប់​ទោស​ពីរ​បី​នាក់​នេះ​ទេ គឺ​រដ្ឋាភិបាល​ខ្មែរ​ក្រហម​ទាំង​មូល​ត្រូវបាន​កាត់​ទោស»។

សម្រាប់​ផលិករ​ខ្សែភាពយន្ត​ដ៏​ល្បី​ឈ្មោះ​ម្នាក់ ដែល​ភាគច្រើន​លោក​មិន​យល់​ស្រប​នឹង​កិច្ចការ​មួយ​ចំនួន​របស់​តុលាការ ការ​សួរ​ដេញដោល​តាម​ផ្លូវច្បាប់​របស់​តុលាការ​ខ្មែរ​ក្រហម​នេះ មាន​លក្ខណៈ​ប្រវត្តិសាស្ត្រ។ លោក ប៉ាន់ ឫទ្ធី (Rithy Panh) យល់​ឃើញ​ថា ជន​រងគ្រោះ និង​ពលរដ្ឋ​ជំនាន់​ក្រោយ​របស់​កម្ពុជា កម្រ​ទទួល​បាន​យុត្តិធម៌​ពិតប្រាកដ​ពី​ប្រព័ន្ធ​តុលាការ​កម្ពុជា ដែល​ត្រូវបាន​រង​ការ​រិះគន់​ពី​អំពើ​ពុក​រលួយ និង​មិន​អព្យាក្រឹត្យ។

លោក ប៉ាន់ ឫទ្ធី បាន​ប្រាប់​សារព័ត៌មាន justiceinfo.net របស់​អង្គការ Fondation of Hirondelle នៃ​ប្រទេស​ស្វីស​ជា​ភាសា​អង់គ្លេស ហើយ​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «‍យើង​មិន​ដែល​បាន​ឃើញ​ការ​សួរដេញ​ដោល​រក​យុត្តិធម៌​បែប​នេះ​ទេ។ សូម្បី​តែ​ក្នុង​របប​សីហនុ ក៏​យើង​មិន​ដែល​បាន​ឃើញ​ការ​ស្វែង​រក​យុត្តិធម៌​បែប​នេះ​ដែរ។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ យើង​ស្ទើរតែ​មិន​ជឿ​លើ​យុត្តិធម៌​នោះទេ។ តែ​យ៉ាងហោច​ណាស់ នៅ​ឯ​តុលាការ​ខ្មែរ​ក្រហម​នេះ យើង​ឃើញ​មាន​ដើម​បណ្តឹង​រដ្ឋប្បវេណី ជន​ជាប់ចោទ​និង​មេធាវី​របស់​គេ ហើយ​ពួកគេ​ទាំងអស់​គ្នា សួរ​ដេញដោល​គ្នា។ ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​មិន​ដែល​ឃើញ​ការ​ស្វែងរក​យុត្តិធម៌​បែប​នេះ​ទេ»។

បន្ថែម​លើ​នេះ ដំណើរការ​កាត់​ទោស​របស់​តុលាការ​ខ្មែរ​ក្រហម ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​«‍បើក​ឱកាស​ដ៏​ធំ​មួយ» ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អប់រំ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​ផ្សះផ្សា​ដើម្បី​ឲ្យ​សង្គម​កម្ពុជា បាន​ដើរ​ទៅ​មុខ​ផងដែរ។

«‍បើ​សិន​ជា​តុលាការ​ខ្មែរ​ក្រហម​មិន​ត្រូវ​បាន​បង្កើត​ឡើង​ទេ នោះ​ប្រវត្តិសាស្ត្រ​កម្ពុជា​អាច​នឹង​មិន​មាន​លក្ខណៈ​ពេញលេញ​ដូច​បច្ចុប្បន្ន​នេះ​ទេ។ ដោយសារ​តែ​តុលាការ​ខ្មែរ​ក្រហម ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​បង្ហាញ​ពី​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម»។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អ្នកស្រី Elizabeth Becker។

ជាក់ស្តែង សៀវភៅ​ប្រវត្តិសាស្ត្រ​ស្តី​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ត្រូវបាន​បោះពុម្ព​ផ្សាយ និង​យក​ទៅ​បង្រៀន​នៅ​តាម​សាលារៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​របស់​មជ្ឈមណ្ឌល​ឯកសារកម្ពុជា (DC-Cam) ក្នុង​ការ​អប់រំ​អំពើ​ប្រល័យ​ពូជសាសន៍។ បន្ថែម​លើ​នេះ ខ្សែ​ភាពយន្ត​ឯកសារ«‍កង្វះរូបភាព» ឬ "The Missing Picture" ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​លោក ប៉ាន់ ឫទ្ធី ក៏​ឆ្លុះ​បង្ហាញ​ពី​ការ​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរ ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។

សៀវភៅ​ប្រវត្តិសាស្ត្រ និង​ខ្សែភាពយន្ត​បែប​នេះ ដែល​ផ្តោត​សំខាន់​លើ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នៃ​របប​ខ្មែរ​ក្រហម បាន​កើត​ឡើង​ក្រោយ​ពី​មាន​តុលាការ​ខ្មែរ​ក្រហម។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អ្នកស្រី Elizabeth Becker។

ក្រុម​និស្សិត​កំពុង​បើក​គេហទំព័រ​អប់រំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ នៅ​ក្នុង​ពិធី​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ នៅ​អគារ​សិល្បៈ​សហសម័យ​វិទ្យាស្ថាន​ស្លឹក​រឹត​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា​ ឆ្នាំ​២០១៧។ (នូវ​ ពៅ​លក្ខិណា​/VOA)

លោក ប៉ាន់ ឫទ្ធី ក៏​បាន​សង្កត់​ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​អប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​នេះ។ លោក​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន justiceinfo.net នាពេលថ្មីៗនេះ​ជា​ភាសាអង់គ្លេស​ ហើយ​ត្រូវបាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ «‍​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ពី​ការ​ចាប់អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ។ ខ្ញុំ​មិន​យល់​ស្រប​ជាមួយ​នឹង​មនុស្ស​មួយ​ចំនួន ដែល​យល់​ថា ពលរដ្ឋ​ខ្មែរ​វ័យ​ក្មេង​មិន​ចាប់​អារម្មណ៍​លើ​ប្រវត្តិសាស្ត្រ​នេះ។ ពលរដ្ឋ​ខ្មែរ​វ័យ​ក្មេង​មាន​សំណួរ​ជា​ច្រើន ច្រើន​ជាង​អ្នក​ដែល​បាន​ឆ្លង​កាត់​អំពើ​ប្រល័យ​ពូជសាសន៍​នេះ»។

តាំងពី​ចាប់ផ្តើម​ដំណើរការ​សវនាការ​របស់​ខ្លួន​នៅ​ឆ្នាំ​២០០៧​មក តុលាការ​ខ្មែរ​ក្រហម​បាន​ចងក្រង​ជា​សំណុំ​ឯកសារ​រាប់​ពាន់​សន្លឹក ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ សំណុំ​ឯកសារ​លក្ខណៈ​ប្រវត្តិសាស្ត្រ​បែប​នេះ មាន​អត្ថប្រយោជន៍​ដល់​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់។

លោក​ Daniel McLaughlin មេធាវី​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល CJA បាន​ថ្លែង​ថា៖ «‍វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​អ្នក​ជំនាញ​ផ្នែក​ច្បាប់ ដូច​ជា​រូប​ខ្ញុំ ហើយ​និង​អ្នក​ប្រវត្តិសាស្ត្រ និង​អ្នក​ដែល​ចាប់​អារម្មណ៍​នឹង​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង​ក្នុង​របប​នេះ។ វា​អាច​ក្លាយ​ជា​ការ​សម្រេច​សេចក្តី​មួយ ដែលរួម​បញ្ចូល​គ្នា​រវាង​ការ​យល់ឃើញ​របស់​អ្នក​ជំនាញ​ច្បាប់ អ្នក​ប្រវត្តិសាស្ត្រ ឬ​ក៏​អ្នក​ដែល​ចាប់​អារម្មណ៍​លើ​សំណុំ​ឯកសារ​ណាមួយ»។

អនាគត​នៃ​ការ​ស្វែងរក​យុត្តិធម៌​ដ៏​ពេញលេញ​មួយ

នាពេល​បច្ចុប្បន្ន​នេះ សំណួរ​ដ៏​សំខាន់​មួយ​ត្រូវបាន​លើក​ឡើង ក្រោយ​ពេល​ដែល​តុលាការ​ខ្មែរ​ក្រហម​បាន​សម្រេច​សាលក្រម​ចុងក្រោយ​សម្រាប់​សំណុំ​រឿង ០០២ ភាគ​០២ កាត់​ទោស​នួន ជា និង​ខៀវ សំផន។

តើ​តុលាការ​ខ្មែរ​ក្រហម​អាច​នឹង​បន្ត​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នៃ​សំណុំ​រឿង​០០៣ និង​សំណុំ​រឿង​០០៤ ដែរ​ឬ​ទេ?

សំណុំ​រឿង​ទាំង​ពីរ​នេះ ផ្តោត​សំខាន់​លើ​ការ​កាត់ទោស​អ្នក​នៅ​ក្រោម​បង្គាប់​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់ ដែល​ត្រូវបាន​ជឿ​ថា បាន​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​អំពើ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ពួក​គេ។

ក៏​ប៉ុន្តែ លទ្ធភាព​នៃ​ការ​បន្ត​ស្វែង​រក​យុត្តិធម៌​លើ​សំណុំ​រឿង​ទាំង​ពីរ​នេះ អាច​នឹង​មិន​មាន​ពន្លឺ​វិជ្ជមាន​នោះ​ទេ។

គេ​ឃើញ​ថា មួយ​ថ្ងៃ​ក្រោយ​តុលាការ​ខ្មែរ​ក្រហម​បាន​ចេញ​សាលក្រម​កាត់ទោស​ នួន ជា និង​ខៀវ សំផន ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត សម្រាប់​សំណុំ​រឿង​០០២ ភាគ​០២ កាលពី​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា លោក ស ខេង បាន​ប្រកាស​ថា «‍​សម្រាប់​មុខសញ្ញា​ដែល​នាំមក​កាត់ទោស​អត់មាន​ទៀត​ទេ​ ​ពីព្រោះ​ថា​ការ​កំណត់​ជា​គោលនយោបាយ​ ​និង​គោលការណ៍​របស់​យើង​ គឺថា​អ្នកដឹកនាំ​ជាន់ខ្ពស់​ ​និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​មុខ​សញ្ញា​ពីរ​ហ្នឹង ​ឥឡូវនេះ​យើង​បាន​ដំណើរការ​សព្វគ្រប់​ ​ហើយ​មិន​មានអី​ទៀត​ទេ »។

បន្ថែម​លើ​នេះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​ធ្លាប់​បាន​លើក​ឡើង​ជា​បន្តបន្ទាប់​ថា នឹង​មិន​មាន​ការ​កាត់​ក្តី​បន្ត​ទៀត ក្រៅ​ពី​មេដឹកនាំ​ជាន់​ខ្ពស់​វ័យ​ជរា​ប៉ុន្មាន​នាក់​នេះ។

រូបឯកសារ៖ ខៀវ សំផន (ឆ្វេង) និងនួន ជា (ស្តាំ) មុនពេលតុលាការខ្មែរក្រហមបានចោទប្រកាន់ពួកគេ នៅខេត្តប៉ៃលិន ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៣។

កាលពី​ឆ្នាំ​២០១៥ សហ​ចៅក្រុម​ស៊ើប​អង្កេត បាន​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​ជនជាប់ចោទ​បួន​រូប រួមមាន មាស មុត យឹម ទិត្យ អ៊ឹម ចែម និង អោ អាន ហៅ​តាអាន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ អំពើ​ប្រល័យ​ពូជសាសន៍ អំពើ​ឃាតកម្ម និង​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ សម្រាប់​សំណុំ​រឿង​០០៣ និង​០០៤​របស់​តុលាការ​ខ្មែរ​ក្រហម។

លោក Bryant Ben ដែល​ជា​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី និង​ជា​ជន​រងគ្រោះ​ម្នាក់ យល់​ថា វា​មាន​សារៈសំខាន់​ណាស់​ដែល​តុលាការ​ខ្មែរ​ក្រហម បន្ត​ស្វែងរក​យុត្តិធម៌​លើ​សំណុំ​រឿង​ទាំង​ពីរ​នេះ ដើម្បី​សម្រេច​យុត្តិធម៌​ពេញលេញ​មួយ។

«សំខាន់​ណាស់ បើ​យើង​ធ្វើ​កិច្ចការ​អី​ក៏ដោយ បើ​យើង​ធ្វើបាន​តែ​ពាក់​កណ្តាល មាន​ន័យ​ថា វា​មិន​ចប់ មិន​អីចឹង។ យើង​ចាប់ផ្តើម តែ​យើង​មិន​បញ្ចប់។ កាលណា​យើង​ចាប់​ផ្តើម ហើយ​ធ្វើ​តែ​ពាក់​កណ្តាល​ទី​អីចឹង ចំពោះ​ខ្ញុំ​វា​ធ្វើឲ្យ​ការ​កាត់ក្តី​ទាំងមូល វា​ទៅជា​មិនមែន​សារៈសំខាន់ មាន​ប្រយោជន៍​នៅក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ។ វា​មាន​ន័យ​ថា រឿង​មិនទាន់​ចប់ចុង ចប់ដើម​ផង‍»។ លោក Bryant យល់ថា ជន​ជាប់​ចោទ​ទាំង​បួន​នាក់​នៅ​ក្នុង​សំណុំ​រឿង​០០៣ និង​០០៤ ‍«មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម‍»។

ក៏​ប៉ុន្តែ ក្តី​រំពឹង​របស់​លោក Bryant អាច​នឹង​មិន​កើត​ឡើង​នោះ​ទេ ដោយសារ​តែ​ការ​ជ្រៀតជ្រែក​ខាង​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា ដែលអ្នកវិភាគ ជឿជាក់ថា កើតមានឡើងនៅតុលាការខ្មែរក្រហម។

លោក Peter Maguire អ្នក​និពន្ធ​សៀវភៅ «‍ប្រឈម​មុខ​នឹង​មរណភាព​នៅ​កម្ពុជា» និង​ជា​ស្ថាបនិក និង​ប្រធាន​មូលនិធិ Fainting Robin Foundation បាន​ប្រាប់ VOA Khmer ថា៖ «‍នឹង​មិនមាន​ដំណើរការ​កាត់​ក្តី​បន្ថែម​ទៀត​ទេ ហើយ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​នឹង​មិន​គាំទ្រ​ឲ្យ​មាន​ការ​កាត់ក្តី​បន្ថែម​ទៀត​ទេ»។

លោក Daniel McLaughlin ទទួល​ស្គាល់​ពី​រឿង​នេះ ប៉ុន្តែ លោក​សង្ឃឹម​ថា ប្រព័ន្ធ​តុលាការ​ខ្មែរក្រហម ដែល​មាន​លក្ខណៈ​ពិសេស​ អាច​ការពារ​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​នានា​លើ​កិច្ចការ​របស់​តុលាការ​ខ្មែរ​ក្រហម។

លោក​បាន​ប្រាប់ VOA Khmer ថា៖ «‍ការ​ចរចា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ពេល​ខ្លះ មាន​ភាព​តានតឹង ប៉ុន្តែ​ភាគី​ទាំង​ពីរ​បាន​បង្កើត​ប្រព័ន្ធ​ច្បាប់​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​តុលាការ​នេះ​ឡើង ហេតុដូច្នេះ តុលាការ​គួរ​តែ​បន្ត​កិច្ចការ​របស់​ខ្លួន»។

ជាក់ស្តែង ថ្មីៗនេះ​គេ​ឃើញ​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​សហចៅក្រម​ស៊ើប​អង្កេត​កម្ពុជា​ និង​បរទេស ក្នុង​ដីកា​ដំណោះស្រាយ​លើ​សំណុំ​រឿង​០០៣។ ភាគី​កម្ពុជា​បាន​សម្រេច​ថា ជនជាប់​ចោទ​ មាស មុត មិន​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​បុគ្គល​របស់​តុលាការ​ខ្មែរ​ក្រហម រីឯ​ភាគី​អន្តរជាតិ សម្រេច​ខុស​ពី​នេះ។

ក្រោម​ប្រព័ន្ធ​តុលាការ​ខ្មែរ​ក្រហម ដែល​មាន​លក្ខណៈ​ពិសេស​ដោយ​រួម​បញ្ចូល​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ យុត្តាធិការ​របស់​តុលាការ​ខ្មែរ​ក្រហម អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​ទោស​តែ​លើ​មេដឹកនាំ​ជាន់​ខ្ពស់ និង​ជន​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​លើ​ឧក្រិដ្ឋកម្ម​របស់​ខ្មែរ​ក្រហម​តែ​ប៉ុណ្ណោះ។

បើសិន​ជា​ដំណោះស្រាយ​លើ​ការ​ខ្វែង​គំនិត​គ្នា​នេះ ចេញ​ជា​លទ្ធផល​មួយ​ដែលច្រានចោល​សំណុំរឿង​០០៣​នេះ​របស់​លោក មាស មុត ដូច​គ្នា​នឹង​ការ​ច្រានចោល​សំណុំ​រឿង​០០៤ភាគ០១ របស់​អ្នកស្រី អ៊ឹម ចែម កាលពី​ឆ្នាំ​២០១៧​ នោះ​វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ការ​បន្ត​ស្វែង​រក​យុត្តិធម៌​ឲ្យ​លើស​ពី​សំណុំ​រឿង​០០១ និង​សំណុំរឿង​០០២ នឹង​មិន​ឃើញ​ពន្លឺ​ ដូច​ការ​រំពឹង​ទុក​របស់​លោក Bryant Ben នោះទេ។

ហើយ​ការណ៍​នេះ​អាច​នឹង​ជះឥទ្ធិពល​មក​លើ​កេរដំណែល​របស់​តុលាការខ្មែរ​ក្រហម។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Daniel McLaughlin។

«‍កេរ​ដំណែល​របស់​តុលាការ នឹង​រង​ការ​ខូចខាត​ជា​មិន​ខាន បើ​សិន​ជា​សំណុំរឿង​ដែល​នៅសេសសល់​មិន​ត្រូវបាន​យក​ទៅ​សួរដេញដោល ដោយសារ​តែ​បញ្ហា​នយោបាយ។ វា​គួរ​ឲ្យ​អាម៉ាស់​ណាស់ ដែល​កេរដំណែល​តុលាការ​ត្រូវបាន​រង​ប៉ះពាល់​ដោយសារ​តែ​បញ្ហា​នយោបាយ ជាជាង​ដោយសារ​តែ​សេចក្តី​សម្រេច​ចិត្ត​តាម​ផ្លូវ​ច្បាប់»។

សម្រាប់​ជន​រងគ្រោះ​ និង​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម​ ដូចជា​លោក Bryant Ben ប្រវត្តិសាស្ត្រ​នៃ​ដំណើរការ​របស់​តុលាការ​ខ្មែរ​ក្រហម «‍មិន​ទាន់​ចប់ចុង ចប់​ដើម» នៅ​ឡើយ​ទេ៕