កសិករ​នៅ​ខេត្ត​ពោធិ៍​សាត់​ត្អូញត្អែរ​«ជីវិត​កាន់​តែ​លំបាក» ខណៈ​ប្រឈម​ភាព​រាំង​ស្ងួត​និង​ជំងឺ​​កូវីដ

លោក សូត្រ សាយ អាយុ៤៥ឆ្នាំ ជាកសិករម្នាក់រស់នៅក្នុងភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

[សំឡេង​លោក សូត្រ សាយ កសិករ​នៅ​ភូមិ​ដំរីស ខេត្តពោធិ៍សាត់--«ជីវិត​កាន់​តែ​លំបាក​នា​ពេល​នេះ»។ ]

នេះ​ជា​ការ​ថ្លែង​របស់​លោក សូត្រ សាយ ដែល​កំពុង​ឈរ​មើល​ស្រែ​តាម​បណ្តោយ​ផ្លូវ​លំ​មួយ ក្នុង​ភូមិ​ដំរី​ស ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្ត​ពោធិ៍​សាត់ ដែល​ត្រូវ​បាន​ភ្ជួរ​ចោល ដោយ​សារ​វា​រាំង​ស្ងួត​ងាប់។ កសិករ​អាយុ​៤៥​ឆ្នាំ​រូប​នេះ បាន​រៀប​រាប់​ថា​ឆ្នាំ​នេះ មិន​មាន​ភ្លៀង អាក្រក់​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។

លោក​ប្រាប់​វីអូអេ​ថា៖ «អាក្រក់​ជាង​ឆ្នាំ​មុន​។ ឆ្នាំ​មុន​ អត់​សូវ​រាំង​អញ្ចឹង​ទេ តែ​បាន​ភ្លៀង​មក​ទឹក​លិច​អស់​ដូចគ្នា។ អត់​បាន​ស្រូវ​ពូជ​ទេ ឆ្នាំ​មុន លិច​រលួយ​អស់​រលីង»។

កសិករ​ដែល​មាន​កូន​៤​នាក់​ក្នុង​បន្ទុក បាន​រៀប​រាប់​បែប​នេះ ពេល​អង្គុយ​ក្រោម​ផ្ទះ​ឈើ​តូច​មួយ​របស់​លោក ដែល​មាន​កម្ពស់​ប្រមាណ​១​ម៉ែត្រ​កន្លះ​ពី​ដី។

លោក សូត្រ សាយ បាន​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ស្រូវ​របស់​លោក​ប្រមាណ​៧០​%រង​ការ​បំផ្លាញ​ដោយ​សារ​ភាព​រាំង​ស្ងួត ហើយ​នៅ​សេស​សល់​អាច​នឹង​ងាប់​ដូច​គ្នា ប្រសិន​បើ​មិន​មាន​ភ្លៀង​នៅ​ថ្ងៃ​ខាង​មុខ។

លោក​ថ្លែង​ថា៖ «នៅ​ប្រហែល​ជា​៣០%​ចុះ។ នៅ​៣០%​ហ្នឹង សង្ឃឹម​មើល​ទឹកភ្លៀង​សិន​ទេ​ណា។ បើ​សិន​អត់​ទឹក​ភ្លៀង មើល​មួយ​ខែ​ទៀត​អត់​ កន្លះ​ខែ​ទៀត​អត់[ភ្លៀង] អស់​ទាំង​អស់​ហើយ។ ព្រោះ​ងាប់​មួយ​កំណាត់ នៅ​សល់​គល់​ប្រវែង​នេះ​[បន្តិច]»។

លោក សាយ ជា​កសិករ​ធ្វើ​ស្រែ​ម្នាក់​ក្នុង​ចំណោម​កសិករ​ផ្សេង​ទៀត​ក្នុង​ភូមិ​ដំរីស ខេត្ត​ពោធិ៍សាត់ ដែល​រង​គ្រោះ​ដោយ​សារ​វិបត្តិ​អាកាស​ធាតុ ចំ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩ ដែល​នាំ​ឲ្យ​ជីវភាព​គ្រួសារ​របស់​លោក​កាន់​តែ​លំបាក។ ចំណាក​ស្រុក និង​ការ​បង្ខំ​ចិត្ត​ឲ្យ​កូន​ឈប់​រៀន ជា​ជម្រើស​របស់​លោក សាយ នា​ពេល​នេះ។

លោក សាយ ដែល​មាន​កូន​ស្រី​២​នាក់ និង​ប្រុស​២​នាក់ ហើយ​រស់​នៅ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​ស្រែ​លើ​ដី​ប្រមាណ​២​ហិក​តា​កន្លះ ដែល​មាន​៥​ប្លង់​ផ្សេង​គ្នា ឲ្យ​ដឹង​ថាក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ លោក​មិន​អាច​រក​ការងារ​សំណង់​ធ្វើ​បាន ដើម្បី​រក​កម្រៃ​ខ្លះ បន្ថែម​ពី​ការ​ធ្វើ​ស្រែ​ដែល​ខាត​បង់​នោះ​ទេ។

កសិករប្រើត្រាក់ទ័រឈូសស្រែងាប់ចោល ក្នុងភូមិដំរីស ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

លោក​ថ្លែង​ថា​៖ «ធាតុ​អាកា​ស​វា​ប្រែប្រួល។ ណា​ទុក្ខ​លំបាក​កូវីដ១៩​ផង​ អត់​មាន​ដើរ​ចេញទៅរក​នៅ​ទី​ណា​បាន​ទេ។ ហើយ​មេឃ​រាំង​ទៀត វា​ជាន់​លើ​ជាន់។ ប្រជាពល​រដ្ឋ​ពិបាក​រក​ស៊ី។ ជីវភាព​ពិបាក​ខ្លាំង រក​អី​ក៏​មិន​បាន​ដែរ»។ លោក​បន្ថែម​ថា៖ «ឆ្នាំ​មុន​ទឹក​លិច​មក តែ​យើង​បាន​ដើរ​រក​អី ក៏​បាន​ដែរ។ យើង​ដើរ​រក​នេះ រក​នោះ ចេះ​តែ​បាន​។ កូវីដ​វា​អត់​ទាន់​ផ្ទុះ​ខ្លាំង​។ ដល់​ពេល​ឆ្នាំ​នេះ កូវីដ​១៩ ផ្ទុះខ្លាំង​អញ្ចឹង​ទៀត វា​រឹត​តែ​ខ្លាំង​…»។

បើ​តាម​កសិករ​រូប​នោះ ការ​ធ្វើ​ស្រែឆ្នាំ​នេះ លោក​បាន​ខាត​បង់​ប្រាក់​ជាង​១​ពាន់​ដុល្លារ ដោយ​សារ​ចំណាយ​លើ​ថ្លៃ​ទិញ​ពូជ​ស្រូវ​ប្រភេទ​រំដួល​និង​អូអឹម ប្រេង និង​ជី​ជាដើម ដែល​ឡើង​ថ្លៃ​នៅ​ឆ្នាំ​នេះ។ នេះ​មិន​ទាន់​គិត​ពី​កម្លាំង​ដែល​លោក​បាន​ចំណាយ​លើ​ការ​ធ្វើ​ស្រែ​នេះ ចាប់​តាំង​ពី​ខែ​ឧសភា​មក។

កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​មួយ ដោយ​សារ​វិបត្តិ​បម្រែ​បម្រួល​អាកាស​ធាតុ។ កាល​ពី​ឆ្នាំ​២០១៥ កម្ពុជា​បាន​រង​ផល​ប៉ះពាល់​ភាព​រាំង​ស្ងួត​ខ្លាំង​បំផុត​នៅ​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ ដែល​ប៉ះពាល់​ទូទាំង​ប្រទេស ហើយ​ប្រជាជន​ប្រមាណ​២,៥​លាន​នាក់ បាន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។

កសិករ​ធ្វើ​ស្រែ​ជួប​ប្រទះ​បញ្ហា​ជា​រៀង​រាល់​ឆ្នាំ ក្នុង​នោះ​មាន​កង្វះ​ទឹក ប្រឡាយ​ទឹក​មិន​គ្រប់​គ្រាន់ តម្លៃ​ស្រូវ​មិន​ទៀង​ទាត់ ថ្លៃ​ជី និង​ប្រេង​ឡើង​ថ្លៃ​ជា​ដើម។

លោក សាយ ក៏​រអ៊ូរទាំ​ថា​ប្រឡាយ​ទឹក​តូច​ក្នុង​ភូមិ​មិន​មាន​ទឹក​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់​ធ្វើ​ស្រែ។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ​ខ្លះ«បាន​ដណ្តើម​ទឹក​គ្នា» ពេល​មាន​ទឹក​ខ្លះ​ហូរ​តាម​ប្រឡាយ។

លោក​បញ្ជាក់​ថា៖ «ពឹង​ផ្អែក​ទឹក​ភ្លៀង អត់​ដែល​មាន​ទឹក​ប្រឡាយ។ ទឹក​ប្រឡាយគេ​ជីក​ឲ្យ តែ​ទឹក​អត់​ដែល​បាន​ដល់​ទេ ព្រោះ​យើង​នៅ​ឆ្ងាយ​ពេក»។

អ្វី​ដែល​ជា​បន្ទុក​សម្រាប់​គ្រួសារ​របស់​លោក សាយ បន្ថែម​ទៀត គឺ​លោក​បាន​ខ្ចីលុយ​ធនាគារ​អេស៊ី​ដា​មួយ​ចំនួន ហើយត្រូវ​បង់​រយៈ​ពេល​ប្រមាណ​២ឆ្នាំ​ទៀត ដោយ​ក្នុង​មួយ​ខែ​បង់​ប្រមាណ​៩០​ម៉ឺន​រៀល បូក​ទាំង​ថ្លៃ​ដើម និង​ការ​ប្រាក់។ នៅ​ក្នុង​ថ្ងៃ​ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ លោក​ឲ្យ​ដឹង​ថា​លោក​មិន​ទាន់​មាន​លុយ​ទុក​សម្រាប់​បង់​សង​បំណុល​នៅ​ឡើយ​ទេ ដូច្នេះ​ប្រហែល​ជា​ត្រូវ​ខ្ចី​ប្រាក់​ពី​គេ​ក្នុង​ភូមិ ដែល​មាន​ការ​ប្រាក់​ខ្ពស់ ដើម្បី​បង់​សង​គេ​សិន។

ប្រឡាយទឹកតូចមួយនៅក្នុងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដែលប្រជាជនរអ៊ូថាមិនមានទឹកហូរមកពីលើ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

លោក​បន្ថែម​ថា៖ «សព្វ​ថ្ងៃ​ រក​អីបាន។ ធ្វើ​ស្រែ​សង្ឃឹម​ស្រែ។ បាន​ស្រូវ​៣​ខែ​ហ្នឹង​ទៅ យើង​អាច​លក់​បណ្តោះ​គេ​ខ្លះ។ ដល់​ឥឡូវ មេឃ​វា​អញ្ចឹង អា​ស្រូវ​ក៏​ងាប់ មាន​តែ​រត់​រក​លុយ​ចិន​[អ្នក​ឲ្យ​ខ្ចី​ឯក​ជន]។ អាហ្នឹង​វា​មួយ​ជា​ពីរ»។

ដោយ​សារ​ជីវភាព​កាន់​តែ​លំបាក កូនស្រី​របស់​លោក សាយ គឺ​កញ្ញា សំ ស៊ាង​អ៊ី ដែល​មាន​អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​ទី​៧ បាន​ប្រាប់​ឪពុក​ម្តាយ​ថា​រូប​គេ​សម្រេច​ចិត្ត​ឈប់​រៀន​នៅ​ពេល​នេះ ខណៈ​សាលា​រៀន​ទូទាំង​ប្រទេសបាន​បិទ​ទ្វារ ដោយ​សារ​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាម​ភរិយា​របស់​លោក សូត្រ សាយ គឺ​អ្នកស្រី ចាន់ សួង អាយុ​៣៦ឆ្នាំ ដែល​កំពុង​អង្គុយ​លើ​អង្រឹង​ក្រោម​ផ្ទះ។

អ្នកស្រី​រៀបរាប់​ថា​កូនស្រី​របស់​អ្នកស្រី ដែល​ជា​កូន​ទី​បី នឹង​ឈប់​រៀន​នៅ​ពេល​ខាង​មុខ ហើយ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ជា​ទី​ដែល​បង​ប្អូន​សាច់​ថ្លៃ​ផ្សេង​ទៀត​កំពុង​ធ្វើ​ការ​សំណង់​នៅ​ទី​នោះ។

អ្នកស្រី​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​៖ «ជា​ម្តាយ​ពិបាក​អាណិត​កូន​តែ​មិន​ដឹង​ធ្វើ​ម៉េច។ អត់​ឲ្យ​វា​ឈប់ តែ​វា​ថា​វា​ឈប់ វា​អត់ចង់​នៅ​[រៀន] ព្រោះ​អី​យើង​អត់​យ៉ាង​នេះ។ ទឹក​ចិត្ត​ជា​ម្តាយ​ចង់​ឲ្យ​តែ​កូន​រៀន​ចប់ ទោះ​ពិបាក​យ៉ាង​ណា​ ក៏​ចង់​ឲ្យ​កូន​រៀន​ចប់​ដែរ។ តែ​កូន​អត់​ចង់​ វា​ទារ​ឈប់។ វា​ឃើញ​យើង​ក្រ យើង​លំបាក​ពេក វា​អត់​ចង់​រៀន​ទៀត»។

ប្រសិន​បើ​មិន​រង​ភាព​រាំង​ស្ងួត​បំផ្លាញ​ស្រូវ​នោះ​ទេ លោក សាយ អាច​លក់​ស្រូវ​បាន​ខ្លះ ប្រមាណ​៤​ទៅ​៥តោន​ក្នុង​ពេល​ប្រមូល​ផល។ ប៉ុន្តែ​ឆ្នាំ​នេះ លោក​កំពុង​បារម្ភ​ថា​មិន​មាន​អង្ករ​គ្រប់​គ្រាន់​សម្រាប់​ទុក​ជា​ស្បៀង​នៅ​ឆ្នាំ​ក្រោយ។

អង្គុយ​ក្បែរ​នោះ គឺ​ជា​ប្អូន​ថ្លៃ​របស់​លោក សាយ ដែល​ត្រូវ​ជា​ប្អូន​ស្រី​ពៅ​របស់​អ្នកស្រី ចាន់ សួង។ ខណៈ​កំពុង​មើល​កូន​តូច​អាយុ​១​ឆ្នាំ អ្នកស្រី ចាន់ មួយ អាយុ​២០​ឆ្នាំ ដែល​ធ្លាប់​ធ្វើ​ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​នៅ​ភ្នំពេញ តាំង​ពី​អាយុ​ប្រមាណ​១៣​ឆ្នាំ និង​ធ្លាប់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ផង​ដែរ បាន​ឲ្យ​ដឹង​ថា​ស្រែ​របស់​អ្នកស្រី​ប្រមាណ​១​ហិកតា ក៏​ងាប់​អស់​ដែរ​ហើយ។ ដោយ​សារ​តែ​ស្រែ​ងាប់ និង​ជំពាក់​លុយ​គេ ស្វាមី​របស់​អ្នក​ស្រី គឺ​លោក ណូច ប៉ក់ អាយុ​២១​ឆ្នាំ បានសម្រេច​ចិត្ត​ចាក​ចេញ​ពី​ស្រុក​កំណើត ទៅ​ធ្វើ​ការ​សំណង់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​រក​ចំណូល​ជួយ​គ្រួសារ ដោះ​បំណុល​ឯកជន​ប្រមាណ​៥០០​ដុល្លារ​អាមេរិក ដែល​យក​មក​ធ្វើ​ស្រែ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ស្រូវ​វា​អត់​សង្ឃឹម​ អញ្ចឹង​ទៅរក​លុយ​ឯណោះ​ទៅ»។

អ្នកស្រី​ក៏​ធ្លាប់​ធ្វើការ​តាម​ផ្ទះ​ឲ្យ​គេ​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ ដោយ​រក​ចំណូល​បាន​ប្រមាណ​១​លាន​៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ អ្នកស្រី​មាន​បំណង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ នៅ​ពេល​ស្ថាន​ភាពជំងឺ​កូវីដ​មាន​ភាព​ល្អ​ប្រសើរ ដោយ​ទុក​កូន​ប្រុស​ឲ្យ​ម្តាយ​បង្កើត​ជួយ​មើល​ថែ​នៅ​ស្រុក​កំណើត។

ចំណែក​អ្នកស្រី ភន រស់ អាយុ​២៦​ឆ្នាំ ត្រូវ​ជា​បង​ប្អូន​ជីដូន​មួយ​របស់​អ្នកស្រី ចាន់ សួង បាន​ថ្លែង​ថា​អ្នក​ស្រី​នឹង​ទៅ​ខេត្ត​ព្រះសីហនុ ក្រោយ​ភ្ជុំ​បិណ្ឌ​ហើយ ដើម្បី​ធ្វើ​ការ​សំណង់​នៅ​ទី​នោះ ដោយ​ទុក​កូន​ស្រី អាយុ​៣ឆ្នាំ​ឲ្យ​ម្តាយ​ក្មេក​ជួយ​មើល​ថែ​នៅ​ស្រុក​កំណើត។ ស្វាមី​របស់​អ្នកស្រី​កំពុង​ធ្វើ​ការ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ដែរ។

អ្នកស្រី​ប្រាប់​វីអូអេ​ថា​៖ «ទៅ​កំពង់​សោម មាន​ការ​ងារ​ធ្វើ រក​លុយ​គ្រាន់​ជាង​នេះ អត់​មាន​អង្ករ មាន​អី​ហូប ទៅ​នោះ​ទៅ​ ហូប​បាយ​គេ​អញ្ចឹង»។

ក្រុមគ្រួសារ និងសាច់ញាតិរបស់លោក សូត្រ សាយ រួមមានអ្នកស្រី ចាន់ មួយ(អាវលឿង) អ្នកស្រី ចាន់ សួង (ភរិយារបស់លោក សូត្រ សាយ) និងភន រស់ (អាវក្រហម) ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

ក្រៅ​ពី​គ្រួសារ​របស់​លោក សាយ ប្រជា​ពល​រដ្ឋ​ផ្សេង​ទៀត​ក៏​កំពុង​ជួប​ប្រទះ​បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ។

កំពុង​ឈរ​នៅ​លើ​ផ្លូវ​លំ​មួយ មើល​គេ​ភ្ជួរ​ដី និង​ស្រែ​ចោល​ដោយសារ​ភាព​រាំង​ស្ងួត លោក ភិន រិទ្ធី អាយុ​៤១​ឆ្នាំ ដែល​មាន​កូន​២​នាក់ អះអាង​ថា​កសិករ​បាន​ព្យួរ​ស្រែ​ចាស់​ដែល​ងាប់​ ហើយ​ត្រៀម​សម្រាប់​ព្រោះ​ពូជ​ស្រូវ​ថ្មី ក្រែង​មាន​ទឹក​ភ្លៀង​សម្រាប់​ដាំ​ដុះ​ម្តង​ទៀត។

កសិករ​ដែល​មាន​ដីប្រមាណ​៣​ហិកតា បាន​អះអាង​ថា​ស្រូវ​របស់​លោក​ក្នុង​ស្រែ​នៅ​សល់​ប្រមាណ​២០%​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «ចូល​មក​ប្រមាណ​បួន​ដប់​ឆ្នាំ​នេះ ប្រឡាយ​ខ្វែង​ខ្វាត់​មាន ហើយ​អាកាសធាតុ អត់​មាន​អំណោច​ផល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​ ដូច​ឆ្នាំ​យើង​ព្យួរ​គោ ព្យួរ​ក្របី​ទេ។ វា​ដូច​ជា​យ៉ាប់​ទៅៗ​រហូត។ ហើយ​អ្នក​ធ្វើ​ស្រែ​កាន់​តែ​ជំពាក់​គេ​ច្រើន​ទៅៗ​ទេ»។

ដូច​គ្នា​នឹង​លោក សាយ ផង​ដែរ កសិករ​រូប​នោះ​ក៏​ជាប់​បំណុល​ធនាគារ​អេស៊ីលីដា​ដែលត្រូវ​បង់​ប្រមាណ​៥ឆ្នាំ​ទៀត ហើយ​ក្នុង​មួយ​ខែ​បង់​ប្រមាណ​១​លាន​រៀល។

អ្នកស្រី តូច សោភនី មេឃុំ​កោះ​ជុំ ប្រាប់​វីអូអេ​ថា​ប្រជាជន​ជាង​៦០%​នៃ​ប្រជាជន​សរុប​ប្រមាណ​២៥០០​គ្រួសារ​ បាន​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ខ្វះ​ទឹក ហើយ​ស្រែ​របស់​ពួកគេ​ងាប់។

អ្នកស្រី​ថ្លែង​ថា៖ «ឆ្នាំ​នេះ​អាក្រក់​ជាង​ឆ្នាំ​មុន​អត់​ទឹក​ អត់អី។ ឆ្នាំ​មុន​វា​អាក្រក់​[ដំបូង]​ហើយ វា​បាន​ភ្លៀង​មក​វិញ»។

អ្នកស្រី​មេឃុំ​បន្ថែម​ថា​ការណ៍​នេះ​នាំ​ឲ្យ​កសិករ​ជួប​ការ​លំបាក​ជា​ខ្លាំង ក្នុង​ពេល​ដែល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ​ផង​ដែរ។

អ្នកស្រីបន្ថែម​ថា៖ «ពិបាក​ជំពាក់​បំណុល​គេ ពិបាក​អត់​មាន​ជីវភាព ខ្វះ​ខាត​អង្ករ​ស្បៀង ពូជ​ស្រូវ ពូជ​អី»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ឡាយ ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ពោធិ៍សាត់​បាន​នៅ​ឡើយ​ទេ។

លោក ហាក់ ម៉ៅ ប្រធាន​នាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុ​នៃ​ក្រសួង​បរិស្ថាន បាន​ប្រាប់​វីអូអេ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ប្រទេស​កម្ពុជា​«ងាយ​រង​គ្រោះ​បំផុត»​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដោយ​សារ​ជា​ប្រទេស​ក្រីក្រ​មួយ។ ហើយ​ផល​ប៉ះពាល់​នៃ​វិបត្តិ​នេះ បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដូច​ជា​ករណី​ទឹក​ជំនន់​លិច​ទីក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត របាយ​ទឹក​ភ្លៀង​មិន​ទៀង​ទាត់ ភាព​រាំង​ស្ងួត និង​ខ្យល់​កន្រ្ទាក់​ជា​ដើម។

លោក​បន្ត​ថា​មិន​មាន​តួ​លេខ​ថា​តើ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុន្មាន​រង​គ្រោះ​ដោយ​សារ​វិបត្តិ​អាកាស​ធាតុ​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា​ភាគ​ច្រើន​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​លើ​ប្រជាជន​ដែល​ប្រកប​របរ​ក្នុង​វិស័យ​កសិកម្ម និង​នេសាទ។

លោក Oskar Haq ប្រធាន​កម្មវិធី​សេដ្ឋ​កិច្ច​បៃតង​ប្រកប​ដោយ​បរិយាបន្ន​នៃ​អង្គការ​អុក​ស្វាម​(Oxfam) បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ហានិភ័យ​ធ្ងន់​ធ្ងរ ដោយ​រង​គ្រោះ​ដោយ​សារ​បម្រែ​បម្រួល​អាកាស​ធាតុ ដោយ​សារ​ទីតាំង​ស្ថិត​នៅ​តំបន់​ដី​សណ្ត​ទន្លេ​មេគង្គ និង​ទន្លេ​សាប។

លោក​បន្ត​ថា​វិស័យ​ដែល​ងាយ​រង​គ្រោះ​ដោយ​បម្រែ​បម្រួល​អាកាស​ធាតុ​នេះ គឺ​កសិ​កម្ម និង​នេសាទ ដែល​ស្មើ​ជាង​៣០%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP)​របស់​កម្ពុជា។

ដូច្នេះ​លោក​បញ្ជាក់​ថា​ការ​កើន​ឡើង​ញឹក​ញាប់ និង​កាន់​តែ​ធ្ងន់​ធ្ងរ​នៃ​ទឹក​ជំនន់ និង​ភាព​រាំង​ស្ងួត នឹង​មាន​ឥទ្ធិ​ពល​ខ្លាំង​លើ​កម្ពុជា​ដែល​ប៉ះ​ពាល់​ស្រែ​របស់​កសិករ សន្តិសុខ​ស្បៀង គុណ​ភាព​ទឹក​សម្រាប់​បរិភោគ និង​ការ​ធ្វើ​ស្រែ​ការ​កើន​ឡើង​នៃ​ជំងឺ​តាម​ទឹក ការ​ធ្លាក់​ចុះ​ការ​នេ​សាទ​ត្រី និង​បាត់​បង់​ដី​សើម​ផង​ដែរ។

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា​៖ «អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ​១៩​រួច​ហើយ នឹង​រង​គ្រោះ​បន្ថែម​ទៀត ដោយ​សារ​គ្រោះ​អាកាសធាតុ​នេះ»។

វិល​ត្រឡប់​ទៅ​ភូមិ​ដំរី​ស​នៃ​ស្រុក​កណ្តៀង​វិញ លោក សូត្រ សាយ បាន​រៀបរាប់​ថា​លោក​មាន​គម្រោង​ទៅ​ខេត្ត​ព្រះ​សីហនុ ដើម្បី​ធ្វើ​ការ​ងារ​សំណង់ ដោយ​យក​កូន​ស្រី​ទី​ពីរ​របស់​លោក​ដែល​ឈប់​រៀន ទៅ​ជាមួយ។ កូន​ស្រី​របស់​លោក​អាច​ធ្វើ​ការ​ផ្នែក​រត់​តុ​នៅ​ហាង​ណាមួយ។

អ្នកស្រី ចាន់ សួង ដែល​ជា​ភរិយា​របស់​លោក សូត្រ សាយ កំពុង​បារម្ភ​អំពី​អនាគត​កូន​ដែល​រៀន​មិន​បាន​ខ្ពស់ ហើយ​វាសនា​របស់​ពួកគេ គឺ​ដូច​អ្នក​ស្រី។

អ្នកស្រី​បញ្ជាក់​ថា៖ «អនាគត​ទៅ វា​ពិបាក​ដូច​ខ្ញុំ​អញ្ចឹង ព្រោះ​អី​វា​អត់​បាន​រៀន​ ចប់​ចុង​ ចប់​ដើម​គេ ទៅ​រក​ការងារ​ណា​បាន​ធ្វើ។ យើង​រៀនតែ​ប៉ុណ្ណឹង​ យើង​ចង់ធ្វើ​ការងារ​អី​ក៏​មិន​បាន មាន​តែ​ផ្លូវ​ដើរ​ស៊ី​ឈ្នួល​គេ លាង​ចាន លាង​ឆ្នាំង ធ្វើ​សំណង់ តែ​ប៉ុណ្ណឹង​ឯង»៕