រដ្ឋាភិបាលបារាំងទទួលស្គាល់ស្នាដៃរបស់លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេកក្នុងកិច្ចស្វែងរកសន្តិភាព និងការពារសិទ្ធិមនុស្ស។ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះ លោកស្រីទទួលបានគ្រឿងឥស្សរិយយស La Légion d’Honneur ថ្នាក់អស្សឫទ្ធិពីរដ្ឋាភិបាលបារាំង។ លោក Jean-Claude Poimboeuf (ហ្សង់ក្លូដ ពាំបឺហ្វ) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ជាអ្នកបំពាក់មេដាយជូនអ្នកស្រី។ ការទទួលស្គាល់អំពីសំណាក់រដ្ឋាភិបាលបារាំងនេះដូចជាខ្យល់ដង្ហើមថ្មីមួយ ដែលលើកទឹកចិត្តឲ្យលោកស្រី និងសហការីនៃអង្គការលីកាដូមានកម្លាំងចិត្តបន្តដំណើរការការងារឆ្ពោះទៅមុខទៀត។
លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេកជាស្ថាបនិកអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ។ លោកស្រីមានប្រជាប្រិយភាពខ្លាំង មិនត្រឹមតែក្នុងផ្នែកសិទ្ធិមនុស្សនោះទេ តែនៅក្នុងដំណើរការផ្សះផ្សារជាតិកម្ពុជាផងដែរ។ លោកស្រីជាអ្នកជួយនៅពីក្រោយឆាកនៃជោគជ័យកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដោយលោកស្រីជាអ្នកដែលរៀបចំឲ្យមានជំនួបដំបូងបង្អស់រវាងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងលោកហ៊ុន សែន ដើម្បីពិភាក្សាអំពីរឿងសន្តិភាពនៅកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេក កើតនៅឆ្នាំ១៩៤២ នៅរាជធានីភ្នំពេញ។ ស្ថិតក្នុងវ័យ ៧៥ឆ្នាំ លោកស្រីមានមាឌតូចស្តើង រស់រាយរាក់ទាក់ តែមានសម្តីម៉ឺងម៉ាត់។ លោកស្រីមានឈ្មោះមួយទៀតហៅថា កេក ហ្កាឡាប្រ៊ូ ដែលយកនាមត្រកូលតាមស្វាមីលោកស្រីគឺលោកហ្សង់ហ្សាក់ ហ្កាឡាប្រ៊ូ (Jean-Jacques Galabru) ជាឯកអគ្គរដ្ឋទូតបារាំង។ លោកស្រី និងស្វាមីបានរៀបអាពាហ៍ពិពាហ៍នៅប្រទេសបារាំង ក្នុងទសវត្ស១៩៦០។ លោកស្រីមានកូន៣នាក់ និងចៅ៦នាក់។
នៅក្នុងភូមិគ្រឹះដ៏ត្រជាក់រហឹម លោកស្រីអង្គុយលើសាឡុងពូក ក្នុងបន្ទប់ទទួលភ្ញៀវដែលមានពន្លឺព្រឿងៗ។ ខាងក្រោយខ្នងលោកស្រីជាកូនបណ្ណាល័យមួយ។ អ្នកស្រីតែងតែឆ្លៀតពេលអង្គុយអានសៀវភៅ ពេលអ្នកស្រីទំនេរពីការងារ។
ប្រវត្តិការសិក្សា និងការងារជាវេជ្ជបណ្ឌិត
ឪពុករបស់លោកស្រីគឺលោកពុង ប៉េងចេង និងម្តាយឈ្មោះស៊ីវ អេងទុង ដែលសុទ្ធតែជាគ្រូបង្រៀន។ ឆ្នាំ១៩៦៨ ម្តាយអ្នកស្រីត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ហើយបានផ្លាស់មកជារដ្ឋមន្រ្តីក្រសួងសុខាភិបាលវិញ។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ឪពុកម្តាយលោកស្រីបានដង្ហែតាមអតីតព្រះមហាក្សត្រ នរោត្តមសីហនុនៅទីក្រុងប៉េកាំង។
កាលពីនៅជាកុមារ លោកស្រីពុង ឈីវកេករៀននៅភ្នំពេញនៅសាលាបឋមសិក្សាបារាំង និងសាលាលីសេដេកាត (Lycee Descartes) រហូតទទួលបានសញ្ញាប័ត្របាក់ឌុបឆ្នាំ១៩៦០។ លោកស្រីបន្តការសិក្សាជំនាញវេជ្ជសាស្រ្តនៅសាលាពេទ្យក្នុងទីក្រុងភ្នំពេញរយៈពេល៤ឆ្នាំ ត្រឹមឆ្នាំ១៩៦៤ និងបន្តរៀនផ្នែកវេជ្ជសាស្រ្តបន្ថែម២ឆ្នាំទៀតនៅឯទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីយកសញ្ញាប័ត្រវេជ្ជបណ្ឌិត។
ពេលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៦៨ក្រោយរៀនចប់ លោកស្រីបម្រើការក្នុងវិស័យសុខាភិបាល ធ្វើជាគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផង និងជាគ្រូបង្រៀនផ្នែកវេជ្ជសាស្រ្តនៅសាលាពេទ្យផង។ ជាអកុសលនៅឆ្នាំ១៩៧១ ក្រោយរដ្ឋប្រហារ លោកស្រី និងគ្រួសាររបស់លោកស្រីចាកចេញពីកម្ពុជាទៅកាន់ប្រទេសបារាំងវិញ ហើយលោកស្រីបានបន្តរៀនបច្ចេកទេសខាងជំងឺក្នុងឈាម (Hematology)។
ដំណើរជីវិតឆ្ងាយពីមាតុភូមិ
ស្វាមីលោកស្រីដែលជាមន្ត្រីទូតបារាំងត្រូវបានចាត់តាំងឲ្យទៅធ្វើជាអគ្គកុងស៊ុលប្រចាំនៅប្រទេសកាណាដា។ ដូច្នេះលោកស្រីត្រូវបន្តដំណើរទៅក្រុង Vancouver ប្រទេសកាណាដានៅឆ្នាំ១៩៧៣។ នៅពេលនោះ លោកស្រីស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តជាមួយគ្រូពេទ្យកាណាដាដទៃទៀត។ ទោះជាយ៉ាងណា លោកស្រីពុំដែលភ្លេចអំពីបញ្ហានៅកម្ពុជាឡើយ។ នៅពេលដែលបាត់ដំណឹងពីបងប្អូននៅក្នុងប្រទេស លោកស្រីសង្ស័យអំពីភាពមិនប្រក្រតីក្នុងប្រទេសកម្ពុជា។ ដូចនេះក្នុងឆ្នាំ១៩៧៧ លោកស្រីព្យាយាមខ្នះខ្នែងជួបលោក François Mitterrandដែលពេលនោះកាន់តំណែងក្នុងគណបក្សប្រឆាំងនៅបារាំងនៅឡើយគឺគណបក្ស Socialist Party ដែលមានន័យថា គណបក្សសង្គមនិយម។
លោកស្រីចាំមិនភ្លេចពាក្យសន្យារបស់លោក François Mitterrand ដែលក្រោយមកបានជាប់ឆ្នោតជាប្រធានាធិបតីបារាំង។
«លោក Mitterrand ថា បើលោកជាប់ឆ្នោតឆ្នាំ១៩៨១ លោកសន្យាមុខសហការីគាត់ទាំងអស់ថា បើលោកជាប្រធានាធិបតី លោកនឹងរកមធ្យោបាយគ្រប់មុខដើម្បីជួយឲ្យប្រទេសកម្ពុជាយើងបានស្គាល់សន្តិភាពឡើងវិញ។ នែ!ពាក្យសម្តីហ្នឹងខ្ញុំចងចាំជារៀងរហូត។ តាំងពី១៩៧៧ ខ្ញុំខំបន់ទេវតាហើយឲ្យលោកជាប់ឆ្នោត។ លោកជាប់មែន!»
តែលោកស្រីនិយាយថា ក្នុងឋានៈជាប្រធានាធិបតី គេអាចមិនខ្វល់នឹងពាក្យសន្យាជាមួយ លោកស្រីក៏ព្រោះតែកម្ពុជាជាប្រទេសតូច។ ការណ៍នេះបានធ្វើឲ្យលោកស្រីបារម្ភ និងសុខចិត្តបន្ថយការងារក្នុងវិស័យវេជ្ជសាស្រ្ត មកស្វែងរកយុទ្ធសាស្រ្តការទូត និងធ្វើទំនាក់ទំនងយ៉ាងណាឲ្យមានតុចចារអំពីសន្តិភាពនៅប្រទេសកំណើតខ្លួន។
លោកស្រីបន្តដើរតាមការងាររបស់ស្វាមីទៅដល់ទីក្រុង Rio de Janeiro ប្រទេសប្រេហ្ស៊ីលនៅឆ្នាំ១៩៧៩ និងឆ្នាំ១៩៨២ អ្នកស្រីបន្តទៅប្រទេស Angola ទ្វីបអាហ្វ្រិកទៀត។ នៅ Angola នោះហើយជាឱកាសដែលលោកស្រីបានជួបលោកហ៊ុន សែន។ ពេលនោះលោកហ៊ុន សែនជារដ្ឋមន្ត្រីក្រសួងការបរទេសដែលធ្វើទស្សនកិច្ចផ្លូវការជាមួយគណៈប្រតិភូមួយក្រុមទៅកាន់ទីនោះ។ ដើម្បីសម្រេចបេសកកម្មដើម្បីសន្តិភាពនៅកម្ពុជា លោកស្រីចាប់ផ្តើមបោះបង់ការងារជាគ្រូពេទ្យមួយរយៈ។
ឧបសគ្គ និងយុទ្ធសាស្រ្តទំនាក់ទំនង
ជោគជ័យនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចាប់ផ្តើមពីជំនួបដំបូងបង្អស់រវាងអតីតព្រះមហាក្សត្រ និងលោកហ៊ុន សែនកាលពីថ្ងៃទី២ ធ្នូ ឆ្នាំ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង។ ការជួបនេះមិនងាយស្រួលឡើយ បន្ទាប់ពីមានបរាជ័យមួយដងរួចមកនោះ។
«កាលឆ្នាំ១៩៨៤ រៀបចំអត់បានជោគជ័យ។ កាលហ្នឹងខាងគណៈប្រតិភូភ្នំពេញទៅដល់ប៉ារីសចាំនៅហ្នឹងហើយ សម្តេចឪលោកថា លោកយាងទៅអត់បាន មិនដឹងមូលហេតុអី ចេះតែឃ្វៀងគ្នាអញ្ចឹងមិនបានជួប។ មិនបានជួបធ្វើមិនជជែករឿងសន្តិភាពបាន! មួយនៅក្រៅ មួយនៅក្នុង ចេះតែវាយគ្នាអញ្ចឹង»។
លោកស្រីពន្យល់បន្ថែមថា យុទ្ធសាស្រ្តទំនាក់ទំនងត្រូវតែធ្វើដោយប្រុងប្រយ័ត្ន។
«ឧបសគ្គគឺយើងមិនដឹងថា មានប្រទេសណាចង់ឲ្យយើងមានសន្តិភាពពិតប្រាកដទេ។ មានតែ៤នាក់គត់ទេដែលដឹងគឺលោកឪពុកអ្នកម្តាយជាទីប្រឹក្សា និងគ្រួសារ(ស្វាមី)ខ្ញុំ។ ប្រុងប្រយ័ត្នមែនទែន។ ហើយពិបាកទី២គឺដោយសារបារាំងមិនទាន់ទទួលស្គាល់ផ្លូវការកម្ពុជាពេលហ្នឹងទេ មិនមានប្រទេសសេរីណាទទួលស្គាល់»។
ក្រោយពីជំនួបពីរដងទៀតរវាងអតីតព្រះមហាក្សត្រ និងលោកហ៊ុន សែននៅខែមករា និងវិច្ឆកាឆ្នាំ១៩៨៣ ទីបំផុតកម្ពុជាអាចឈានដល់ដំណាក់កាលចរចាជាប្រវត្តិសាស្រ្តមួយនៅថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១ បង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមាន៤ភាគីចូលរូមគឺភាគីរដ្ឋកម្ពុជា នៅភ្នំពេញ ភាគីលោកសឺន សាន ភាគីហ្វុនស៊ិនប៉ិច និងភាគីខ្មែរក្រហម។ ពេលនោះ ប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានប្រទេសហត្ថលេខីចំនួន១៨ប្រទេស។ រដ្ឋាភិបាលអូស្រ្តាលីគឺជាអ្នករៀបចំឲ្យមានកិច្ចព្រមព្រៀងនោះ។
បេសកកម្មនៅតែបន្ត ជំនាញផ្នែកវេជ្ជសាស្រ្តក៏មិនបោះបង់
បន្ទាប់ពីការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេកផ្តួចផ្តើមបង្កើតអង្គការលីកាដូ ក្នុងគោលបំណងតាមដានការងាររបស់ខ្មែរក្រហម។
អង្គការលីកាដូត្រូវបានបង្កើតដំបូងនៅទីក្រុងប៉ារីស។ អង្គការនេះបង្កើតឡើងជាលក្ខណៈគ្រួសារ។ ក្រោយមកទើបចាប់ប្រតិបត្តិការនៅភ្នំពេញនៅឆ្នាំ១៩៩២។ មិនយូរប៉ុន្មានលីកាដូបានក្លាយទៅជាអង្គការក្រៅរដ្ឋាភិបាលមួយដ៏លេចធ្លោក្នុងការការពារសិទ្ធិមនុស្សនៅកម្ពុជា ការការពារសិទ្ធិជាមូលដ្ឋាន និងការឃ្លាំមើលការបោះឆ្នោត។
ដោយនៅស្តាយជំនាញជាពេទ្យ លោកស្រីពុង ឈីវកេកក៏បង្កើតកម្មវិធីពិសេសមួយក្នុងអង្គការលីកាដូ គឺការផ្តល់ជំនួយផ្នែកមនុស្សធម៌ និងជំនួយផ្នែកវេជ្ជសាស្រ្តដល់អ្នកជាប់ពន្ធនាគារ។
«ខ្ញុំនៅតែនឹកស្រណោះរឿងពេទ្យ ចង់ធ្វើពេទ្យ តែមិនអាចធ្វើទាំងពីរ តែដោយសារយើងចង់បានសន្តិភាពពុះពារ។ អញ្ចឹងថ្វីដ្បិតមិនបានធ្វើពេទ្យខ្លួនឯង ក៏បង្កើតកម្មវិធីពេទ្យមួយក្នុងអង្គការលីកាដូ»។
ឯកអគ្គរដ្ឋទូតបារាំង លោក Jean-Claude Poimboeuf ទទួលស្គាល់ជោគជ័យរបស់អង្គការលីកាដូ។ លោកថា ជាង២០ឆ្នាំមកនេះលីកាដូបានរួមចំណែកពង្រឹងនីតិរដ្ឋ និងជួយជនងាយរងគ្រោះនៅកម្ពុជា។
ជោគជ័យ និងអនាគត
លោកស្រីពុង ឈីវកេកជាមនុស្សមិនចេះនឿយហត់នឹងការងារ។ ទោះបីលោកស្រីមានគោលដៅថា ចង់ធ្វើដំណើរកម្សាន្តបន្ថែមនៅថ្ងៃអនាគតក៏ដោយ ក៏លោកស្រីមិនឈប់ធ្វើការងារសង្គមឡើយ។ លោកស្រីនិយាយបណ្តើរ សើចបណ្តើរ។
«ខ្ញុំចង់ធ្វើដំណើរកម្សាន្ត ចង់ទៅឲ្យគ្រប់ នៅខ្វះប្រទេសខ្លះ។ តែចេះតែនឹកឃើញថា បើឈប់ទៅ អារម្មណ៍នៅអាឡោះអាល័យនៅលីកាដូ។ អញ្ចឹងកុំបាច់ឈប់ហ្មង នៅជាទីប្រឹក្សា នៅក្នុង គណៈកម្មការគ្រប់គ្រង នៅតែជួយរហូតដល់ថ្ងៃណាមួយងើបលែងរួច»។
លោកស្រីវេជ្ជបណ្ឌិតពុង ឈីវកេកធ្លាប់ទទួលការតែងតាំងជាបេក្ខនារីទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងចំណោមបេក្ខជន១០០០នាក់ ក្នុងឆ្នាំ២០០៥។
មិនត្រឹមតែប៉ុណ្ណោះកាលពីថ្ងៃទី២៨ ខែកក្កដាកន្លងទៅនេះ លោកស្រីទទួលបានគ្រឿងឥស្សរិយយស La Légion d’Honneur ថ្នាក់អស្សឫទ្ធិពីរដ្ឋាភិបាលបារាំង។
La Légion d’Honneur គឺជាគ្រឿងឥស្សរិយយសដ៏ឧត្តុង្គឧត្តមបំផុតរបស់ប្រទេសបារាំង ដែលត្រូវបានបង្កើតឡើងដោយព្រះចៅ Napoleon Bonaparte នៅឆ្នាំ១៨០២៕