អតីត​កម្មករ​ទូក​នេសាទ​មក​ពី​ខេត្ត​បាត់ដំបង​​ប្រឹង​ប្រែង​លុប​បំបាត់ការ​ជួញ​ដូរ​មនុស្ស​​តាម​រយៈ​ការ​សរសេរ​សៀវភៅ

លោក​ ព្រំ វណ្ណៈ​អានន្ទ ហៅ​វណ្ណៈ គឺជាវិចិត្រករមួយរូប ដែលបានបោះពុម្ពសៀវភៅមួយក្បាលដើម្បីលុប​បំបាត់​ជួញ​ដូរ​មនុស្ស។ លោកបានរួចផុតពីទាសភាពនៅលើទូកនេសាទនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១០។ (រូបដកស្រង់ពីវីដេអូ៖ NURFC)

វ៉ាស៊ីនតោន — បុរស​សក់​វែង​ប្រាំ​ពីរ​នាក់​កំពុង​ជួយ​គ្នា​ទាញ​សំណាញ់​ពី​ក្នុង​ទឹកសមុទ្រឡើងលើ​ទូក​នេសាទ​ពណ៌​ខៀវ​ ដែល​មាន​ទង់​ជាតិ​ម៉ាឡេស៊ី​នៅ​ពីលើ​ និង​បុរស​ទឹក​មុខ​ស្មើ​ម្នាក់ សក់​វែង​ប្រះ​ស្មា ពាក់​ខ្សែ​ក​បន្តោង​រូប​ព្រះ​ពុទ្ធ ជាមួយ​ស្នាម​សាក់​រូប​ផ្កា​នៅ​ដើម​ដៃ​ខាង​ឆ្វេង គឺ​ជា​រូប​នៅ​លើ​គម្រប​សៀវភៅ​និពន្ធ​ដោយ​លោក​ ព្រំ វណ្ណៈ​អានន្ទ ហៅ​ វណ្ណៈ​ និង​អ្នកស្រី Jocelyn Pederick។

សៀវភៅ​ដែល​និពន្ធ​ឡើង​ផ្អែក​លើ​រឿង​ពិត​របស់​លោក វណ្ណៈ ស្ដី​ពី​ទាស​ភាព​សម័យ​ទំនើប​ដែល​លោក​ធ្លាប់​ឆ្លង​កាត់​នេះ​មាន​ចំណង​ជើង​ថា «The Dead Eye and The Deep Blue Sea» ឬ «ពិភព​អន្ធការ​នៅ​លើមហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ»។

គិតត្រឹម​ឆ្នាំ​ ២០១៩​ គឺ​មាន​រយៈ​ពេល​ប្រាំបួន​ឆ្នាំ​មក​ហើយ​ ដែល​លោក ​វណ្ណៈ បាន​គេច​ផុត​ពី​ការ​ធ្វើជា​ទាសករ​នៅ​លើ​ទូក​នេសាទ និង​ចម្ការ​ដូង​ប្រេង​។ ប៉ុន្តែ​ការ​ចង​ចាំ​ដ៏​ឈឺ​ចាប់​ ដែល​លោក​បាន​ជួប​ប្រទះអំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​គេ​លក់​ឲ្យ​ធ្វើ​ជា​ទាសករ​កាល​ពី ១៣ ​ឆ្នាំ​មុន នៅ​តែ​លង​បន្លាច​លោក​ជា​និច្ច។ នៅពេលនឹក​ឃើញ​រឿងអកុសល​នេះ​ម្ដងៗ លោកជ្រើស​រើស​យក​ការ​ធ្វើ​កិច្ច​ការ​ផ្ទះ​ និង​គូរ​រូប​ដើម្បី​បន្លប់​ខ្លួន​ឯង។

លោក ​វណ្ណៈ ​បានប្រាប់ VOA ថា៖ «បាទ! គឺ​អត់​មាន​បំភ្លេច​បាន​ទេ​ គឺ​ខ្ញុំ​នៅ​ចង​ចាំ​ជានិច្ច​ គឺ​ភ្លេច​អត់​បាន​ទេ​។ ជួន​ណា​ខ្ញុំ​ធ្វើការ​កំប៉ិក​កំប៉ុក​នៅ​ផ្ទះ ហើយ​និង​គូរ​រូប។ ពេល​គូរ​រូប​ទៅ​វា​អាច​រំសាយ​នូវ​អារម្មណ៍​ ការ​គិត​ទាំង​អស់​ហ្នឹង»។

គម្របសៀវភៅរបស់លោក ព្រំ វណ្ណៈ និង​អ្នកស្រី Jocelyn Pederick​ ដែលចំណង​ជើង​ថា «The Dead Eye and The Deep Blue Sea» ឬ «ពិភព​អន្ធការ​នៅ​លើមហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ»។ (រូបភាពដកស្រង់ពីគេហទំព័រ)

ជីវិត​នៅ​លើ​ទូក​នេសាទ

កាល​ពី​ឆ្នាំ ២០០៦ ដោយ​ចង់​រក​ប្រាក់​ឲ្យ​បាន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​ប្រពន្ធ​សម្រាល​កូន​ លោក​ វណ្ណៈ បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ស្រុក​កំណើត​នៅ​ខេត្ត​បាត់​ដំបង​ ទៅ​រកការ​ងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។​ ជា​អកុសល លោក​ត្រូវ​បាន​ឈ្មួញ​ជួញ​ដូរ​មនុស្ស លក់​ឲ្យ​ទៅ​ធ្វើ​ការ​ជា​ទាសករ​នៅ​លើ​ទូក​នេសាទ ​អស់​រយៈពេលបី​ឆ្នាំ ប្រាំ​ពីរ​ខែ ដែល​សឹង​តែ​ស្មើ​នឹង​របប​កុម្មុយនិស្ត​ខ្មែរ​ក្រហម។

លោក ​វណ្ណៈ បាន​ឲ្យដឹង​ថា នៅ​លើ​ទូក​នេសាទ​ដែល​លោក​ធ្វើ​ការគេ​ប្រើ​ប្រាស់​ភាសា​ថៃ ហើយ​កម្មករ​នៅ​លើ​ទូក​នោះ​មាន​ជន​ជាតិ​ខ្មែរ ថៃ​ និង​មីយ៉ាន់ម៉ា។ កម្មករ​ទាំង​អស់ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​ប្រភេទ​ ទី​មួយ​គឺ កម្មករ​ដែល​ទទួល​បាន​ប្រាក់​ខែ និង​អាច​ត្រឡប់​ឡើង​គោក​ជួប​ជុំ​គ្រួសារ​វិញ និង​ប្រភេទ​ទី​ពីរ​គឺ​ កម្មករ​ដែល​ត្រូវ​បាន​គេ​លក់​ឲ្យ​ធ្វើ​ជា​ទាសករ ដែល​មិន​អាច​ទទួល​បាន​ប្រាក់​ខែ និង​សេរី​ភាព​នោះ​ទេ។ លោក ​វណ្ណៈ​ ស្ថិត​ក្នុង​ប្រភេទ​ទីពីរ។

​លោក​ វណ្ណៈ​ បាន​និយាយ​ថា៖ «អ្នក​ដែល​ចុះ​ទៅ ដូច​ថា​គេ​មាន​លុយ​បង់​ពន្ធ​អ៊ីចឹង គេ​បាន​ប្រាក់​ខែ ហើយ​គេ​ឡើង​មក​វិញ។ ដូច​ពួក​ខ្ញុំ​អ្នក​លក់​ គេ​យក​ទៅ​លក់​អ៊ីចឹង​អត់​បាន​ប្រាក់​ខែ​ទេ»។

លោក​ វណ្ណៈ​ បន្ថែម​ថា​ នៅ​លើ​ទូក​នោះ ថៅកែ​ផ្ដល់​អាហារ​មួយ​ថ្ងៃ​ពីរ​ ឬ​បី​ពេល​ដល់​កម្មករ​ ប៉ុន្តែ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ត្រី ឬ​គ្រឿង​សមុទ្រ។ យូរៗ​ម្ដង កម្មករទទួល​បាន​អាហារជា​សាច់​មាន់​ ឬ​សាច់​ជ្រូក​ជាដើម។

ការ​ហូប​ចុក​មិន​មែនជា​បញ្ហា​ចោទ​នោះ​ទេ​សម្រាប់លោក ​វណ្ណៈ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង សម្រាក​មិន​គ្រប់​គ្រាន់​ និង​ការ​ប្រើ​អំពើហិង្សា​ពី​សំណាក់​ថៅកែ​ និង​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ទូក​ទៅ​លើកម្មករ និង​អំពើ​ហិង្សា​រវាង​កម្មករ​ និង​កម្មករ។

លោក ​វណ្ណៈ​ បាន​និយាយ​ថា៖ «ប្រើ​អំពើ​ហិង្សា ដូច​ថា​គេ​ប្រើ​យើង​ ប្រើ​វាយ​ធ្វើ​បាប​យើង​ដូច​ថា​អ្នក​ណា​ល្ងង់ គេ​វាយ​ធ្វើ​បាប​។ និយាយ​រួម​នៅ​លើ​ទូក​ វា​ពោរ​ពេញ​ដោយ​ការ​ឈ្លោះ​គ្នា វាយ​ដំ ជួន​ណា​កាប់​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ឈ្លោះ​គ្នា។ ធ្វើ​ការ​ជា​មួយ​គ្នា​អត់​សូវ​ត្រូវ​គ្នា មួយ​ខ្លាំង​ជាង​មួយ​ខ្សោយ​ជាង វា​អត់​សូវ​ត្រូវ​គ្នា ឈ្លោះ​តែ​គ្នា»។

លោក​បន្ថែមថា ពេល​ណា​កម្មករ​ណា​ម្នាក់​ធ្លាក់​ខ្លួនឈឺ ថៅកែ​ចាំ​ឃ្លាំ​មើល​រយៈពេល​ពីរ​បី​ថ្ងៃ។ បើពីរ​បី​ថ្ងៃ​ហើយ​កម្មករ​នោះ​នៅ​តែ​ឈឺ​ធ្វើ​ការ​មិន​កើត គ្នី​គ្នា​របស់​ថៅកែ សម្លាប់​កម្មករ​នោះ​ចោល ឬ​ទម្លាក់ចូល​សមុទ្រ​តែ​ម្ដង។

ទស្សនាដំណើររត់គេចខ្លួនពីអំពើទាសភាពលោកទូកនេសាទក្នុងប្រទេសថៃរបស់លោក ព្រំ វណ្ណៈ និងសាច់រឿងរបស់លោក Solomon Northup​ អតីតទាសករជនជាតិអាមេរិកស្បែកខ្មៅ (វីដេអូដោយ National Underground Railroad Freedom Center)

លោក​ វណ្ណៈ​ បញ្ជាក់​ទៀត​ថា​ កម្មករ​មាន​គ្នា​ច្រើន​ជាង​គ្នីគ្នា​របស់​ថៅកែ​ ប៉ុន្តែ​ពួក​គេ​មិន​អាច​រួម​គ្នា​ត​ដៃ​បាន​ទេ ដោយ​សារ​តែ​ថៅកែ​ដាក់​កម្មករ​ដែល​មាន​ជាតិ​សាសន៍​ខុស​ៗគ្នា​ឲ្យ​នៅ​ជាមួយ​គ្នា​។ ដូច្នេះ​ក ម្មករ​មិន​អាច​និយាយ​ស្ដាប់​គ្នា​យល់ ឬ​បបួល​គ្នា​ធ្វើ​អ្វី​មួយ​ស្រុះ​គ្នា​បានទេ។

ដើម្បី​គេច​ពី​ការ​ធ្វើ​បាប​របស់​ថៅកែ និង​អ្នកមើល​ការ​ខុស​ត្រូវ លោក​ វណ្ណៈ​ បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​ខិត​ខំ​ធ្វើ​ការ​បន្ថែម ដូច​ជា​បោស​សម្អាត​ទូក​ ឬ​ស្រោច​ទឹកទូក​ នៅ​ពេល​ថ្ងៃ​ក្ដៅ ដើម្បី​កុំ​ឲ្យ​ទូក​ប្រេះ​ជាដើម។ មិន​តែ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​កម្មករ​ដទៃ​ធ្វើ​បាប​ លោក​ខំ​រក្សា​ទំនាក់​ទំនង​ល្អ​ជា​មួយ​ពួក​គេ​ តាម​រយៈ​ការ​សាក់​រូប​ឲ្យ​ពួក​គេ​ជា​ដើម​។ លោក​ប្រើ​ថ្នាំ​ដុស​ធ្មេញ​ លាយ​ជា​មួយ​ធ្យូង ធ្វើ​ជា​ទឹក​ថ្នាំ​ដើម្បី​សាក់​រូប។​

សត្វ​សេះ​សមុទ្រ​ជា​រូបិយប័ណ្ណ​

កម្មករ​លើ​ទូក​ខ្លះ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​ថៅកែ​ចែក​ឲ្យ និង​ទិញ​ពី​ទូក​តូច​ៗ​ដែល​មក​សាង​ត្រី។ កម្មករ​មិន​ប្រើ​លុយ​សម្រាប់​ការ​ទិញ​ដូរ​នោះ​ទេ។ នៅ​ទី​នោះ​គេ​ប្រើ​សត្វ​សេះ​សមុទ្រ​ក្រៀម​ជា​រូបិយប័ណ្ណ។

លោក ​វណ្ណៈ បាន​ឲ្យ​ដឹង​ថា គេ​ប្រើ​សេះ​សមុទ្រ​ដូរ​យក​គ្រឿង​ញៀន​ប្រភេទ​យ៉ាម៉ា​ ​ស្រា បារី​ នំ ឬ​ទឹក​ក្រូច​ជា​ដើម។ សេះ​សមុទ្រ​ប្រាំពីរ​អាច​ដូរ​បាន​ស្រា​មួយ​ដប សេះ​សមុទ្រ​ប្រាំ​អាច​ដូរ​បាន​បារី​មួយ​កញ្ចប់ ហើយ​សេះ​សមុទ្រ​បួន​អាច​ដូរ​បាន​នំ​មួយ​កញ្ចប់​ ឬ​ទឹក​ក្រូច​មួយ​ដប។

លោក​ និង​កម្មករ​ផ្សេង​ទៀត តែង​លួច​លាក់​សេះ​សមុទ្រ​តូច​ៗ​ទុក​ដើម្បី​ដូរ​ស្រា ឬ​បារី ប៉ុន្តែ​បើ​សេះ​សមុទ្រ​ណា​រាង​ធំ​ ត្រូវ​ឲ្យ​ទៅ​ថៅកែ ​ពេល​ខ្លះ​ឲ្យ​តែ​ថៅកែ​ឃើញ​កម្មករណា​រក​បាន​សេះ​សមុទ្រ​ ថៅកែមក​យក​តែ​ម្ដង។​ សត្វ​សេះ​សមុទ្រ​ត្រូវបាន​ឈ្មួញ​ទិញ ដើម្បីកែ​ច្នៃ​ធ្វើ​ជា​ថ្នាំ​បុរាណ។

គំនូររបស់លោក​ ព្រំ វណ្ណៈ​ បង្ហាញពីបទពិសោធន៍របស់លោក នៅពេលដែលលោកត្រូវបានឈ្មួញជួញដូរតាមរថយន្តឈ្នួលមួយទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។ (រូបដកស្រង់ពីវីដេអូ៖ NURFC)

គំនូររបស់លោក​ ព្រំ វណ្ណៈ បង្ហាញពីបទពិសោធន៍ធ្វើការដូចទាសករនៅលើទូកនេសាទសមុទ្រក្នុងប្រទេសថៃ។ (រូបដកស្រង់ពីវីដេអូ៖ NURFC)

ចុះ​ទឹក​ក្រពើ ឡើង​លើ​ខ្លា

ដោយ​ទ្រាំ​ទ្រ​នឹង​ការ​ធ្វើ​ការ​ហួស​កម្លាំង​ សម្រាក​មិន​គ្រប់គ្រាន់ និង​ការ​ធ្វើ​ទារុណ​កម្ម​លើ​រាង​កាយ​មិន​បាន លោក​ វណ្ណៈ​ បាន​សម្រេច​ចិត្ត​គេច​ខ្លួន​ពី​ទូក​នេសាទ​ដោយ​លោត​ចូល​សមុទ្រ និង​តោង​ប៊ីដុង​ទឹក​ត្រី​ជា​ជំនួយ​ ដើម្បី​ហែល​ទៅ​កាន់​ដី​គោក​ប្រទេស​ម៉ាឡេស៊ី​ ដែល​មាន​ចម្ងាយ​ប្រមាណបី​បួន​គីឡូម៉ែត្រ​ពី​ទូក។

លោក ​វណ្ណៈ ​បញ្ជាក់​ថា លោក​បានលោត​ចូល​ទឹក​សមុទ្រ​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ​ជាមួយ​កម្មករ​ថៃ​ម្នាក់​ទៀត ហើយ​ពេល​នោះ​ទឹក​សមុទ្រ​មិន​សូវ​ជា​ត្រជាក់​ខ្លាំង​ទេ។ ដៃ​ម្ខាង​របស់​លោក​ចង​ជាប់​នឹង​ប៊ីដុង​ទឹក​ត្រី ឯ​ដៃ​ម្ខាង​ទៀត​ចង​ជាប់​នឹង​កាំបិត​ដេរ​មង​ ដើម្បី​ទុក​ការ​ពារ​ខ្លួន​ពី​ត្រី​ឆ្លាម។ ដោយ​មាន​ទឹករលក​ជា​ជំនួយ​ លោកបាន​ចំណាយ​ពេល​ហែល​ទៅ​ច្រាំង​ប្រមាណ​ ២០ ​នាទី​តែ​ប៉ុណ្ណោះ។

ពិត​ណាស់​ថា​ លោក​ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ីជួយ​សង្គ្រោះ​ ប៉ុន្តែប៉ូលិស​នោះក៏​បានលក់​លោកបន្ត​ ឲ្យ​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ចម្ការ​ដូង​ប្រេង ​នៅ​តំបន់​ដាច់​ស្រយាល​មួយ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

លោក​ត្រូវ​បាន​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​ក្រោយ​ពី​រង​របួស​ដោយ​សារ​កម្មករ​មីយ៉ាន់ម៉ា​ម្នាក់​បាន​កាប់​លោក​មួយកាំបិត នៅ​ពេល​លោក​ចូល​ទៅជួយ​លើក​កម្មករ​ខ្មែរ​ម្នាក់​ទៀត​ឈ្មោះ​ ធារ៉ា ដែល​ដេក​ដួល​នៅ​ដី​ ក្រោយ​ពី​ត្រូវ​កម្មករ​មីយ៉ាន់ម៉ា​ដដែល​នោះ​កាប់​ពីរ​កាំបិត​រួច​មក។ បន្ទាប់​មក​លោក​ក៏​ត្រូវ​បុគ្គលិក​អង្គ​ការ​មិន​មែន​រដ្ឋាភិបាល​ជួយ​សង្គ្រោះ​ នឹង​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​មក​ជួប​ជុំ​គ្រួសារ​នៅ​កម្ពុជា​វិញ​នៅក្នុង​ខែ​ឧសភា ​ឆ្នាំ​ ២០១០។

នៅ​ពេល​ដែល​លោក​បាន​ជួប​ជា​មួយ​ភរិយា​របស់​លោក ហើយ​សួរ​ថា​តើ​ភរិយា​របស់​លោក​គិត​យ៉ាង​ណា​ នៅ​ពេល​ដែល​លោក​មិន​បាន​ទាក់​ទង​មក​ផ្ទះ​អស់​រយៈ​ពេល​ជាង​បួន​ឆ្នាំ​មក​នោះ ភរិយា​របស់​លោក​វណ្ណៈ​បាន​ឆ្លើយ​ថា គាត់​ស្មាន​តែ​លោក ​វណ្ណៈ​បាន​ស្លាប់​បាត់​ទៅ​ហើយ។​

គំនូររបស់លោក​ ព្រំ វណ្ណៈ បង្ហាញពីរូបលោក និងពលករចំណាកស្រុកម្នាក់ទៀត ត្រូវបានប៉ូលិសម៉ាឡេស៊ីសួរនាំ បន្ទាប់ពីទូក​នេសាទដែលលោក វណ្ណៈ ត្រូវបានបង្ខំឲ្យធ្វើការ ត្រូវប៉ូលិសត្រួតពិនិត្យ។ (រូបដកស្រង់ពីវីដេអូ៖ NURFC)

ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​

ក្រោម​ការ​ឧបត្ថម្ភ​ និងជ្រោមជ្រែង​ពី​សំណាក់​រោង​ពុម្ព​ Seven Stories Press ដែល​ជា​អ្នក​បោះ​ពុម្ព​សៀវភៅ​នេះ​ លោក​ វណ្ណៈ និងអ្នកស្រី Pederick នឹង​ធ្វើ​ដំណើរមក​ដល់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​ ០៦ ខែ​ឧសភា ឆ្នាំ​២០១៩ ដើម្បី​ផ្សព្វ​ផ្សាយ​សៀវភៅ «The Dead Eye and The Deep Blue Sea» ឬ «ពិភព​អន្ធការ​នៅ​លើមហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ»។

អ្នកស្រី Pederick សហ​និពន្ធសៀវភៅ​នេះ​បាន​និយាយ​ថា៖ «រោងពុម្ព​ Seven Stories បាន​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ និង​វណ្ណៈ ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​ វណ្ណៈ​ អាច​ប្រាប់​មនុស្ស​នៅ​ទី​នោះ អំពី​រឿង​របស់​គាត់ ចែក​រំលែក​បទ​ពិសោធន៍​ដែល​គាត់​បាន​ជួប​ប្រទះ និង​ផ្សព្វផ្សាយ​សៀវភៅ​ទៅ​កាន់​ពលរដ្ឋ​អាមេរិក។ យើងសង្ឃឹមថា​ ពួក​គេ​នឹង​ចាប់​អារម្មណ៍​ពី​រឿង​របស់​ វណ្ណៈ​ ក៏​ដូច​ជា​ទិញ​សៀវភៅ​របស់​ពួក​យើង។​លើស​ពី​នេះ យើង​ចង់​ឲ្យ​ពួក​គេ​បាន​ដឹង​ឮ ​ពី​រឿងកម្មករ​ធ្វើ​ការ​លើ​ទូក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍»។​

លោក​ វណុ្ណៈ និងអ្នកស្រី Pederick នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ទីក្រុង​ New York ចាប់​ពី​ថ្ងៃ​ទី ៧ ដល់ ១២ ឧសភា រដ្ឋ​ធានី​ Washington ពី​ថ្ងៃ​ទី ១២ ដល់ ១៧ ឧសភា និង​ទីក្រុង Los Angeles​ ពីថ្ងៃទី ១៨ ដល់ ២១ ឧសភា។

អ្នកស្រី​ Pederick បាន​ឲ្យ​ដឹង​ថា សៀវភៅ«The Dead Eye and The Deep Blue Sea» ត្រូវ​បាន​សាកល​វិទ្យាល័យ University of California, Los Angeles បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ក្នុង​មុខ​វិជ្ជាសិល្បៈ និង​ចិត្តវិទ្យា​។ ដូច្នេះ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ក្រុង Los Angeles រដ្ឋ California នឹង​ផ្ដល់​ឱកាស​ឲ្យ​លោក ​វណ្ណៈ ​បាន​ជួបពិភាក្សាផ្ទាល់​ជា​មួយ​និស្សិត​ ដែល​សិក្សា​មុខ​វិជ្ជា​នោះ។

​អ្នកស្រី Pederick បញ្ជាក់​ថា​សៀវភៅ​នេះ​ មាន​លក្ខណៈ​ពិសេស​ប្លែក​ពី​សៀវភៅ​ដទៃ។ អ្នកស្រី​ថា៖ «មិន​ដែល​មាន​សៀវភៅនិពន្ធ​ឡើង​បែប​នេះ​ទេ ជា​ពិសេស​គឺ​ការនិពន្ធ​ចេញ​ពី​ទស្សនៈរបស់​ជន​រង​គ្រោះ​ ដែល​អ្នក​រស់​រាន​មាន​ជីវិត និង​ភ្ជាប់​ជាមួយ​រូប​ភាព​ពិស្ដារគូរ​ដោយ​ជន​រង​គ្រោះ​ផ្ទាល់។ ដូច្នេះ ​នេះគឺ​ជា​រឿង​មួយ​ដែល​ប្លែក​ពី​គេ ហើយ​កន្លង​មក​ យើង​ទទួល​បានមតិសាទរ​ពី​សំណាក់​អ្នក​អាន​យ៉ាង​ច្រើន»។

ថ្វី​ត្បិត​តែ​សៀវភៅ «The Dead Eye and The Deep Blue Sea» ឬ «ពិភព​អន្ធការ​នៅ​លើមហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ» ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ លោក ​វណ្ណៈ​ សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​ក៏​អាច​មើល​សៀវភៅ​នេះ​យល់ តាម​រយៈ​រូប​ភាព​ពិស្ដារ​ដែល​លោក​បាន​គូរ និង​បញ្ចូល​ទៅ​ក្នុង​សៀវភៅ។

យោង​តាម​អ្នកស្រី Pederick លោក​ វណ្ណៈ ​ចំណាយ​ពេល​ជិត​ ៤​ ឆ្នាំ​ដើម្បី​គូរ​រូប​ទាំង​អស់​នៅ​ក្នុង​សៀវភៅ​នេះ ហើយ​សរុប​មក​ការ​ងារ​និពន្ធសៀវភៅ​ទម្រាំ​បាន​ចេញ​ផ្សាយ​គឺ​ត្រូវ​ចំណាយ​ពេល​សរុប​ប្រមាណ​ ៦ឆ្នាំ។ អ្នកនិពន្ធ​រូប​នេះ​សង្ឃឹម​ថា​ នឹង​អាច​រក​ប្រាក់​បាន​ពី​ការ​លក់​សៀវភៅ ឬ​រក​បានដៃ​គូរ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បក​ប្រែ​សៀវភៅ​នេះ​ជា​ភាសា​ខ្មែរ​ ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ។

រូបគំនូរមួយនៅក្នុងសៀវភៅរបស់លោក ព្រំ វណ្ណៈ និង​អ្នកស្រី Jocelyn Pederick​ ដែលចំណង​ជើង​ថា «The Dead Eye and The Deep Blue Sea» ឬ «ពិភព​អន្ធការ​នៅ​លើមហាសមុទ្រ​ដ៏​ធំ​ល្វឹង​ល្វើយ»។ (រូបភាពដកស្រង់ពីគេហទំព័រ)

កិច្ច​ប្រឹង​ប្រែង​កែ​ប្រែ​វិស័យ​ជួញ​ដូរ​មនុស្ស

នៅឆ្នាំ​ ២០១២​ លោក ​វណ្ណៈ ​បាន​ទទួល​រង្វាន់​ «វីរជន​ផ្នែក​ជួញ​ដូរ​មនុស្ស» ពីក្រសួង​ការ​បរទេស​អាមេរិក​ ហើយ​រង្វាន់​នោះ​ត្រូវ​បាន​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក និង​ជា​បេក្ខជនប្រធានាធិបតី​ក្នុង​ការ​បោះ​ឆ្នោត​អាមេរិក​ឆ្នាំ២០១៦ ​លោក​ស្រី ​Hillary Clinton ប្រគល់​ជូន​លោក​ដោយ​ផ្ទាល់​ដៃ។

លោក​ វណ្ណៈ ​ចង់​បន្ត​កិច្ច​ប្រឹង​ប្រែង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​វិស័យ​ជួញ​ដូរ​មនុស្ស​នេះ​បន្ត​ទៀត។ ហើយ​លោក​សង្ឃឹម​ថា សៀវភៅ​ដែល​លោក​និពន្ធ​នេះ​អាចជួយ​លោក​សម្រេច​បំណង​នេះ​បាន។

សម្រាប់​លោក ​វណ្ណៈ​ សារ​សំខាន់​បំផុត​តាម​រយៈសៀវភៅ​នេះ គឺ​លោក​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ ក៏​ដូច​ជា​ពលរដ្ឋ​សាសន៍​ដទៃ​ ​បាន​ដឹង​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ ល្បិចកល​របស់​ឈ្មួញ​ជួញ​ដូរ​មនុស្ស​ និង​បទ​ពិសោធន៍​លំបាក​វេទនា​ពេល​ក្លាយ​ខ្លួនជា​ទាសករ។

លោក​សង្ឃឹម​ថា រឿង​រ៉ាវ​របស់​លោក​នឹង​ធ្វើ​ឲ្យអ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ឡើង​វិញ និង​បោះ​បង់​គំនិត​នោះ​ចោល​តែ​ម្ដង។​ ​លោក​មិន​ចង់​ឲ្យ​នរណា​ម្នាក់​មាន​វាសនា​ដូច​លោក​ឡើយ។

នា​ថ្ងៃ​អនាគត​ លោក ​វណ្ណៈ មាន​បំណងក្លាយ​ខ្លួន​ជា​អ្នកសារព័ត៌មាន​មួយ​រូប ដែល​ធ្វើ​ការ​ផ្ដោត​លើ​វិស័យ​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ជាដើម។

លោក​ ព្រំ វណ្ណៈ​អានន្ទ ហៅ​វណ្ណៈ គឺជាវិចិត្រករមួយរូប ដែលបានបោះពុម្ពសៀវភៅមួយក្បាលដើម្បីលុប​បំបាត់​ជួញ​ដូរ​មនុស្ស។ លោកបានរួចផុតពីទាសភាពនៅលើទូកនេសាទនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០១០។ (រូបដកស្រង់ពីវីដេអូ៖ NURFC)


ជីវិត​ក្នុង​ពេល​បច្ចុប្បន្ន

បើ​តាម​លោក ​វណ្ណៈ​ សព្វ​ថ្ងៃ​នេះ ជីវភាព​គ្រួសារ​របស់​លោក​មិន​ទាន់​ធូរ​ធារ​ទេ ដោយ​សារ​តែ​លោក​គ្មានការ​ងារ​ពេញ​ម៉ោង ​ក្រៅ​ពី​ការ​គូរ​រូប​លក់​ឲ្យ​អង្គការ​មួយ​ចំនួន​ ដែល​គេ​បាន​បញ្ជា​ទិញ។ ភរិយា​របស់​លោក​ជា​ស្ត្រី​មេផ្ទះ ជួយ​មើល​ការ​ខុស​ត្រូវ​កូន​ពីរ​នាក់ ដែល​ម្នាក់​រៀន​ថ្នាក់​ទី ៦ និង​ម្នាក់​ទៀត​រៀន​ថ្នាក់​ទី​ ៣។

លោក ​វណ្ណៈ ​បញ្ជាក់​ថា ចំពោះ​កិច្ច​ការសរសេរ​សៀវភៅ​នេះ លោក​ដំបូង​ឡើយ​ទទួល​បាន​ប្រាក់ ៦ពាន់​ដុល្លារ ពី​រោង​ពុម្ព ​ហើយ​នឹងការ​សន្យា​របស់​រោង​ពុម្ព ថា​នឹង​ប្រគល់​ជូន​លោក​នូវ​ទឹក​ប្រាក់​ចំនួន​ ១០%​ ភាគ​រយ​នៃ​ចំនួន​ប្រាក់​បាន​មក​ពី​ការ​លក់​សៀវភៅ​នៅ​ថ្ងៃ​ខាងមុខ។

ចាប់​ពី​ឆ្នាំ ២០១០ ជា​ឆ្នាំ​ដែល​លោក​រួចផុត​ពី​ទាសភាព​សម័យ​ទំនើប​នោះ​មក លោក​មិន​ចង់ ហើយ​ក៏​មិន​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ លោក​ចង់​ឲ្យ​កូន​ទាំង​ពីរ​ប្រុស​មួយ​ស្រី​មួយរបស់​លោក​រៀនឲ្យ​បាន​ខ្ពង់​ខ្ពស់​ ដើម្បី​រក​ការ​ងារ​ធ្វើ​ត្រឹម​ត្រូវ និង​ដាច់​ខាត​មិន​ឲ្យ​ពួក​គេ​ឆ្លង​ដែន​ខុស​ច្បាប់​ឡើយ៕