ថៃ​បោះឆ្នោត​ថ្នាក់​ខេត្ត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​សាកល្បង​លទ្ធិ​ប្រជាធិបតេយ្យ

  • ​Reuters

ស្ត្រី​ម្នាក់​ពាក់​របាំង​ការពារ​មុខ​ទៅ​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ខេត្ត​ នៅ​ខេត្ត Nonthaburi ប្រទេស​ថៃ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។

ពលរដ្ឋ​ថៃ​បាន​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​ថ្នាក់​ខេត្ត​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ការ​បោះឆ្នោត​នេះ​គឺ​ជា​ការ​សាកល្បង​ជា​លើក​ដំបូង​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ថៃ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​មុន​មក។ ការ​បោះឆ្នោត​ថ្នាក់​ជាតិ​កាល​ពី​ឆ្នាំ​មុន បាន​បង្ក​ឲ្យ​មាន​ការ​ចោទប្រកាន់​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​បណ្ដាល​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ពី​សំណាក់​ក្រុម​យុវជន​អស់​រយៈពេល​រាប់​ខែ។

ការ​បោះឆ្នោត​នៅ​ទូទាំង​ខេត្ត​ទាំង ៧៦ ក្នុង​ប្រទេស​ថៃ​នេះ គឺ​ជា​ការ​បោះឆ្នោត​លើក​ដំបូង ចាប់​តាំង​ពី​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី Prayuth Chan-ocha បាន​ធ្វើ​រដ្ឋប្រហារ​យោធា​កាល​ពី​ឆ្នាំ ២០១៤ ដើម្បី​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​បោះឆ្នោត។ លោក Prayuth នៅ​បន្ដ​កាន់​អំណាច​បន្ទាប់​ពី​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន។

លោក Korkiet Akaraparn បុគ្គលិក​ធនាគារ​ម្នាក់​វ័យ ២៧ ឆ្នាំ​ដែល​បាន​បោះឆ្នោត​ថ្នាក់​ខេត្ត​លើក​ដំបូង​ក្នុង​ខេត្ត Nonthaburi ដែល​ស្ថិត​នៅ​ជាយ​ក្រុង​បាងកក បាន​និយាយ​ថា៖ «វា​គឺ​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ក្នុង​ការ​បោះឆ្នោត។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន​អ្នក​ថ្មី​ដែល​ត្រូវ​បាន​ជ្រើសរើស​ពី​ការ​បោះឆ្នោត​នេះ ដែល​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ»។

មន្ត្រី​នៅ​តាម​មណ្ឌល​បោះឆ្នោត​បាន​រាយការណ៍​ថា មាន​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជាប់​រហូត បើ​ទោះ​ជា​មាន​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៃ​ជំងឺ​កូវីដ១៩ ខ្ពស់​បំផុត​កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ជាយ​ក្រុង​បាងកក​ក៏​ដោយ។ មណ្ឌល​បោះឆ្នោត​បាន​បិទ​នៅ​ម៉ោង ៥ ល្ងាច ដោយ​គេរំពឹង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នឹង​ចេញ​នៅ​យប់​នេះ។

រដ្ឋបាល​ថ្នាក់​ខេត្ត​គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​ផ្ដល់​សេវាកម្ម​ថ្នាក់​មូលដ្ឋាន រៀបចំ​គម្រោង​អភិវឌ្ឍន៍​នានា និង​គ្រប់គ្រង​ថវិកា​ថ្នាក់​ខេត្ត​របស់​ខ្លួន៕