នៅពេលការបោះឆ្នោតនៅប្រទេសកម្ពុជាដែលកាន់តែខិតជិតមកដល់ នោះ ជនជាតិខ្មែរនៅក្រៅប្រទេសបានធ្វើបាតុកម្មកាន់តែញឹកញាប់ជាពិសេសនៅស្ថានបេសកកម្មរបស់ជប៉ុននៅអ.ស.ប.ទាមទារឲ្យប្រទេសនេះឈប់គាំទ្រដំណើរការបោះឆ្នោតជ្រើសរើសសមាជិកសភានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ បើគ្មានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ។
ក្រោយពីបានចុះហត្ថលេខាលើញត្តិទាមទារឲ្យប្រទេសជប៉ុនឈប់គាំទ្រដំណើរការបោះឆ្នោតជ្រើសរើសសមាជិកសភាក្នុងពេលតែជាងមួយខែទៀតនោះ ជនជាតិខ្មែរប្រមាណ៥០០នាក់បានដង្ហែញត្តិរបស់ខ្លួនផ្ទួនៗដាក់នៅស្ថានបេសកកម្មជប៉ុនប្រចាំនៅអ.ស.ប.ជាលើកទីពីរក្នុងខែមិថុនានេះ។
បាតុកម្មទាំងពីរលើកនៅស្ថានបេសកកម្មរបស់ជប៉ុននៅអ.ស.ប.នេះរៀបចំសម្របសម្រួលដោយសកម្មជនគណបក្សសង្គ្រោះជាតិ។ បាតុកម្មទាំងពីរលើកនេះមានការទាមទារឲ្យជប៉ុនឈប់គាំទ្រការបោះឆ្នោតលុះត្រាតែមានការសម្របសម្រួលឲ្យមានការចូូលរួមរបស់គណបក្សសង្គ្រោះជាតិមានការដោះលែងលោកកឹម សុខា ប្រធានគណបក្សដែលត្រូវតុលាការកំពូលរំលាយកាលពីថ្ងៃទី១៦ខែ វិច្ឆិកាឆ្នាំ២០១៧តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ មានការដោះលែងអ្នកទោសមនសិការទាំងអស់ រួមទាំងអ្នកទោសនយោបាយនិង សកម្មជនដីធ្លីហើយលុបចោលបម្រាមមិនឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិធ្វើនយោបាយរយៈពេល៥ឆ្នាំ។
លោកហូ វណ្ណជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
«តវ៉ាដើម្បីកុំឲ្យជប៉ុនហ្នឹងគាត់ទៅគាំទ្រការបោះឆ្នោតហ្នឹង! កុំគាំទ្រគ.ជ.ប. ដែលអត់មានឯករាជ្យហ្នឹង! ឲ្យធ្វើដូចអាមេរិក សហភាពអឺរ៉ុប។ អ្នកប្រជាធិបតេយ្យទាំងអស់មិនអាចទទួលយកការបោះឆ្នោតបែបផ្តាច់ការ បែបកុម្មុយនិស្តហ្នឹងបានទេ។ បើឲ្យគណបក្សសង្គ្រោះជាតិជាតិចូលរួមបោះឆ្នោតវិញ សម្រេចថ្ងៃស្អែកក៏អត់ហួសពេលដែរ។ យើងអាចទៅចូលរួមបោះឆ្នោតដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតនេះមានតម្លៃសេរីត្រឹមត្រូវនិងយុត្តិធម៌»។
ជប៉ុនគឺជាប្រទេសផ្តល់ជំនួយសំខាន់សម្រាប់កម្ពុជា។ កាលពីពាក់កណ្តាលខែកុម្ភៈ ជប៉ុនបានផ្តល់ជំនួយជាហិបឆ្នោតជាង១ម៉ឺនដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគិតជាទឹកប្រាក់៧លានដុល្លារ ហើយបើធ្វើការបែងចែក ហឹបឆ្នោតនីមួយៗមានតម្លៃជិត៧០០ដុល្លារ។
អ្នកចូលរួមបាតុកម្មនិយាយថា ទោះជាហិបឆ្នោតមានតម្លៃថ្លៃយ៉ាងនេះក៏ដោយក៏ជំនួយនេះមិនមានតម្លៃអ្វីដែរ ព្រោះមិនមែនជាការបោះឆ្នោតសេរី ត្រឹមត្រូវ យុត្តិធម៌និងមិនប្រជាធិបតេយ្យ។
លោកជុំ សេរីសុខុមមកពីរដ្ឋ North Calorina។
«ថោកជាទីបំផុត គ្មានការដែលអាចទទួលស្គាល់បានគឺថោក ព្រោះប្រទេសជប៉ុនជាឪ បិតាលទ្ធិប្រជាធិបតេយ្យ តែស្រាប់តែទៅជួយជនផ្តាច់ការ។ ទោះបីកញ្ចប់ឆ្នោតនោះថ្លៃប៉ុន្មានម៉ឺន ប៉ុន្មានសែនក៏ដោយ គឺវាគ្មានតម្លៃសម្រាប់យើងជាម្ចាស់សិទ្ធិ។ យើងជាម្ចាស់ប្រទេសបាទ»។
បាតុកម្មថ្ងៃទី១៦ខែមិថុនានេះមិនមានវត្តមានកូនស្រីរបស់លោកកឹម សុខា ទេ ទោះបីជាការទាមទារឲ្យមានការដោះលែងលោកកឹម សុខាគឺជាចំណុចដ៏សំខាន់មួយក្នុងញត្តិដាក់ទៅស្ថានបេសកកម្មជប៉ុនក៏ដោយ។
លោកអុ៊ង ឫទ្ធី ប្រធានគណបក្សសង្គ្រោះជាតិប្រចាំស.រ.អា.និយាយថា កូនស្រីលោកកឹម សុខាមិនបានចូលរួមក្នុងបាតុកម្មថ្ងៃទី១៦មិថុនា ដោយសារជាប់រវល់ ។ លោកកត់សម្គាល់ថា នាងកឹម សម្មាធីតាបានចូលរួមដាក់ញត្តិនៅថ្ងៃទី១មិថុនាម្តងហើយ។
ការធ្វើបាតុកម្មដាក់ញត្តិពីរដងដោយឡែកពីគ្នានេះត្រូវលោកអ៊ុង ឫទ្ធីបកស្រាយថា ធ្វើឡើងឲ្យបានច្រើនដងចំថ្ងៃធ្វើការដែលមានវត្តមានមន្ត្រីស្ថានទូតជប៉ុនផង និងចំថ្ងៃសម្រាកចុងសប្តាហ៍ដែលមានអ្នកចូលរួមច្រើនផង។
«មួយយើងធ្វើពេលថ្ងៃធ្វើការដើម្បីបញ្ជាក់ឲ្យគេដឹងថាប្រជាពលរដ្ឋខ្មែរយើងមិនសុខចិត្ត មិនគាំទ្រនូវអ្វីដែលប្រទេសជប៉ុនកំពុងតែធ្វើ។ ហើយការបែកគ្មាន មិនបែកគ្នាទេគឺថា ក្នុងភាពមួយគឺថា យើងធ្វើម្តងហើយ ម្តងទៀត ហើយយើងធ្វើម្តងទៀត ហើយរូបភាពកាន់តែធំជាងហ្នឹងតទៅទៀត»។
ក្នុងចំណោមបាតុករដែលភាគច្រើនមកពីរដ្ឋនានាទូទាំងស.រ.អា.និងមកពីកាណាដានោះ មានអ្នកខ្លះមកពីអឺរ៉ុបជាពិសេសមកពីប្រទេសប៉ារាំង។ ក្រៅពីនេះម ានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិតំណាងអង្គការ សមាគមន៍ខ្មែរនៅស.រ.អា. ដូចជាសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ តំណាងជនរងគ្រោះទំនាស់ដីធ្លីមកពីប្រទេសកម្ពុជាក៏មានវត្តមានដែរតែមិនបង្ហាញមុខ មិនថតរូបឬមិនផ្តល់បទសម្ភាសន៍ ព្រោះបារម្ភអំពីសុវត្ថិភាពពេលត្រឡប់ទៅកម្ពុជាវិញ។
អ្នកចូលរួមនិយាយថា ការធ្វើបាតុកម្មទាមទារនៅក្រៅប្រទេសនេះគឺការចាំបាច់ខណៈរដ្ឋាភិបាលរបស់លោក ហ៊ុន សែនបិទសិទ្ធិសេរីភាពធ្វើបាតុកម្មដោយអហិង្សានៅក្នុងប្រទេស។ អ្នកចូលរួមនិយាយថា ពលរដ្ឋខ្មែរនៅក្នុងប្រទេសមិនអាចធ្វើបាតុកម្មបាន យ៉ាងហោចណាស់ពួកគាត់អាចពហិកាមិនទៅបោះឆ្នោត។
លោកអ៊ុំ កនមកពីរដ្ឋតិចសាស។
«ខ្មែរនៅបរទេសអត់ចោលបងប្អូននៅស្រុកខ្មែរទេបាទ! គឺថា យើងនៅជាប់ជាមួយបងប្អូននៅស្រុកខ្មែរ។ ដូច្នេះហើយ ខ្ញុំសូមឲ្យបងប្អូននៅស្រុកខ្មែរនៅថ្ងៃទី២៩កក្កដា២០១៨ហ្នឹងសូមធ្វើពហិកាកុំទៅបោះឆ្នោតបាទ។ដេកផ្ទះឈ្នះឯង ដេកផ្ទះស្រួលខ្លួន ដេកផ្ទះឈ្នះស្អាត បាទ»។
សកម្មជនប្រឆាំងរដ្ឋាភិបាលលេចធ្លោតាមបណ្តាញសង្គមហ្វេសប៊ុកក៏បានចូលរួមដែរ ហើយពួកគេបារម្ភអំពីសុវត្ថិភាពរបស់សកម្មជនហ្វេសប៊ុកនៅក្នុងប្រទេសដែលកំពុងប្រឈមនឹងច្បាប់ថ្មីរបស់រដ្ឋាភិបាលដែលរឹតបន្តឹងសេរីភាពតាមបណ្តាញសង្គម។
លោកអ៊ុង ឫទ្ធី ដែលដឹកនាំអ្នកតំណាង៦នាក់ជួបមន្ត្រីស្ថានបេសកកម្មជប៉ុននៅអ.ស.ប.កាលពីថ្ងៃច័ន្ទបានឲ្យដឹងថា មន្ត្រីជប៉ុនបានសន្យាថា នឹងនាំខ្លឹមសារនៃញត្តិនេះជូនលោកនាយករដ្ឋមន្ត្រីជប៉ុនShinzo Abe ហើយមន្ត្រីជប៉ុនបានបញ្ជាក់ថា ជប៉ុននឹងមិនគាំទ្រការបោះឆ្នោតដែលមិនឆ្លុះបញ្ចាំងឆន្ទៈពលរដ្ឋនៅប្រទេសកម្ពុជានោះទេ។
«ចំណុចសំខាន់បំផុតនោះគឺគេបានសន្យាថា គេនឹងពាំនាំការខ្វល់ខ្វាយរបស់យើងទៅជូននាយករដ្ឋមន្ត្រីនៅប្រទេសជប៉ុនដែលលោកកំពុងខ្វល់ខ្វាយយ៉ាងខ្លាំងអំពីស្ថានភាពនយោបាយរបស់ប្រទេសកម្ពុជា»។
ក្រៅពីបាតុកម្មនៅស្ថានបេសកកម្មជប៉ុននៅអ.ស.ប. ក៏មានបាតុកម្មនៅសួនច្បារជាតិក្នុងក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ នៅអំឡុងសប្តាហ៍កន្លងមកនេះ៕