ពលករ​​​នៅ​កូរ៉េខាងត្បូង​គ្រោង​ធ្វើ​បាតុកម្ម​គាំទ្រ​មាតុភូមិ​និវត្តន៍​លោក​សម​រង្ស៊ី

រូបឯកសារ៖​ ក្រុមពលករចំណាកស្រុកដែលគាំទ្រចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង។

ពលករខ្មែរ​ដែលកំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ជាបន្តបន្ទាប់​​ដើម្បី​ទាមទារ​​​ឱ្យ​មានការគោរពសិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​​នៅ​កម្ពុជា​​និង​ដើម្បី​អបអរ​ដំណើរ​មាតុភូមិ​និវត្តន៍​​​របស់​​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​​ទៅ​ស្តារលទ្ធិប្រជាធិបតេយ្យ​ឡើង​​វិញ។​

មហាបាតុកម្ម​លើក​ទីមួយ​នឹង​ធ្វើឡើង​នៅថ្ងៃទី​ ២០​ ខែតុលា​ ឆ្នាំ២០១៩​នេះ ​នៅទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង​។

លោក​ ស សុខេម ​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាងត្បូង​ដែលជា​អ្នក​រៀប​ចំ​ម្នាក់​នៃ​បាតុកម្ម​នេះ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«យើង​មាន​គោលបំណង​បី​គឺ ទីមួយ​ដើម្បី​ស្នើ​ឱ្យ​ប្រទេស​ហត្ថលេខី​បាន​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ពីព្រោះ​អី​យើង​ធ្វើ​ថ្ងៃទី​២០​ហើយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃទី​២៣។ អីចឹង​យើង​ស្នើ​ឱ្យ​គេ​អនុវត្ត​កិច្ចព្រមព្រៀង​ហ្នឹង​ពីព្រោះវាសំខាន់សម្រាប់​កម្ពុជា​។ គោល​បំណង​ទីពីរ​គឺ​យើង​ស្នើ​ដល់​រដ្ឋាភិបាល​កូរ៉េ​ឱ្យ​គេ​បាន​ជួយ​ដឹង​ឮ​ហើយ​នឹង​ជួយ​ជាសាក្សី​ចំពោះ​មាតុភូមិ​និវត្តន៍​នេះ​ផងដែរ។ គោលបំណង​ទីបី​គឺ​ដើម្បី​បំផុស​បំផុល​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​ជុំ​វិញ​ពិភព​លោក​មិន​ត្រឹមតែ​នៅ​កូរ៉េ​ទេគឺនៅជុំវិញ​ពិភពលោក​ឱ្យ​មាន​សកម្មភាព​ផុលផុស​ឡើង​ចូល​រួម​អម​ដំណើរ​នៅក្នុង​មាតុភូមិនិវត្តន៍​នៅថ្ងៃទី​៩វិច្ឆិកានេះ‍»។​

លោកសម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅនីរទេស​ខ្លួន​ក្រៅ​ប្រទេស​ជិត​៤ឆ្នាំ​បាន​ប្តេជ្ញា​ដឹកនាំ​មន្ត្រី​គណបក្ស​ដែលបាន​រត់​ភៀស​ខ្លួន​មក​នៅ​ក្រៅ​ប្រទេស​និង​ពលករ​ខ្មែរ​នៅ​ប្រទេស​នានា​ឱ្យ​វិល​ត្រឡប់​ចូលមាតុភូមិវិញ​នៅថ្ងៃទី​៩ខែវិច្ឆិកា​បើ​ទោះបី​ជាមិន​ទទួល​បាន​ការលើកលែង​ទោស​ពីព្រះមហាក្សត្រ​ចំពោះ​ទោសទណ្ឌ​និង​បណ្តឹង​ជាច្រើនដែល​លោក​ត្រូវ​ទទួល​ក្នុង​នោះ​មាន​ការ​ប្រមាថព្រះ​ចេស្តាអង្គព្រះមហាក្សត្រផងដែរ។

រីឯក្រុម​ចលនាយុវជន​គណបក្ស​សង្គ្រោះជាតិ​នៅកូរ៉េ​ខាងត្បូង​ក៏នឹង​រៀបចំ​បាតុកម្ម​មួយ​ទៀត​នៅ​ថ្ងៃទី​៣ខែ​វិច្ឆិកា​នៅ​កណ្តាល​ទីក្រុង​សេអ៊ូលដែរ។​

លោក​យឹម ស៊ីណន​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅកូរ៉េខាងត្បូង​បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​ទូរស័ព្ទ​ថា៖

«គោលបំណងធំ​របស់​យើង​ ដូច​ដឹង​ស្រាប់​ហើយ​គឺ​យើង​ចង់ជំរុញ​បងប្អូន​ខ្មែរ​នៅ​ជុំ​វិញ​ពិភព​លោក​ជាពិសេស​នៅ​កម្ពុជា​ហ្នឹង​ងើប​ក្រោក​ឈរ​ទាំងអស់​គ្នា​ដើម្បី​ទាមទារ​ឱ្យ​មានការស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ​ ឱ្យ​មានការដោះលែង​លោក​ប្រធាន​កឹម សុខា​និង​ប្រគល់​មក​ឱ្យ​គណបក្សសង្គ្រោះជាតិ​មក​វិញ​ បាន​រស់​ឡើងវិញ​តាម​ការ​ទាមទារ​របស់​គណបក្ស​ប្រឆាំង​ក៏​ដូច​ជាតាមរយៈ​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក​ប្រធាន​សមរង្ស៊ី​ទៅថ្ងៃទី​៩​ខែវិច្ឆិកាខាងមុខ‍»។​

មានពលករខ្មែរ​ចំនួន​៥៤.០០០​នាក់កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ខាងវិស័យសំណង់ ​កសិកម្ម​និង​ឧស្សាហកម្ម​ធុន​ស្រាល។ ពួកគេ​តែងតែ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដោយ​មាន​ការ​ចូលរួម​ធ្វើ​បាតុកម្ម​ និង​រៃ​អង្គាស​ថវិកា​ជួយ​ដល់​ក្រុមអ្នកប្រជាធិបតេយ្យ។

ក្នុងពេល​កន្លង​មក​ លោក​សមរង្ស៊ី​ក៏​បាន​អំពាវនាវ​ឱ្យ​ពួកគេ​វិលត្រឡប់​ទៅ​មាតុភូមិវិញ​ជាមួយ​នឹង​លោកដើម្បី​ទៅ​ទាមទារ​ដីស្រែ​ចំការ​និង​ផ្តួលរំលំ​លោកនាយករដ្ឋ​មន្ត្រីហ៊ុនសែន​ចេញពី​អំណាច​តាម​រយៈ​ចលនា​អំណាច​ពលរដ្ឋ។​

មេដឹកនាំ​ពលករបានបញ្ជាក់​ថាមានពលករខ្លះចង់​ចូលរួមធ្វើ​មាតុភូមិនិវត្តន៍​ជាមួយ​នឹង​លោក សមរង្ស៊ី ​ប៉ុន្តែ​ពួកគេ​ខ្លះ​អាច​ជាប់រវល់​ការងារ​តាម​កិច្ចសន្យា​ដែល​ពិបាក​ក្នុងការ​ចាកចេញ​ពីការងារ។​

លោក​ស សុខេម នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​បន្ថែម​ថា​លោក​មិន​បាន​ដឹង​ពី​ចំនួន​អ្នកស្ម័គ្រចិត្ត​នៅ​ឡើយ​ទេ៖

«នៅកូរ៉េនេះ​គឺ​យើង​អត់​មាន​ចុះបញ្ជី​ចាត់​តាំង​រៀបចំ អ្វី​ទាំងអស់​ដោយសារតែពួកគាត់​ គាត់​ទៅ ដោយ​ខ្លួនឯង​។ គាត់​គ្រាន់តែ​ប្រាប់យើង​ថា​គាត់​គាំទ្រហើយ​គាត់​ព្យាយាម​ទៅ ចូលរួមនៅ​ក្នុង​មាតុភូមិ​និវត្តន៍​នេះ​។​ អីចឹង​អត់​ពិបាក​ទេ​សម្រាប់​ពួកគាត់ គាត់​មានផ្ទះ​នៅស្រុកខ្មែរ​ស្រាប់​។ អ្នកខ្លះ​មាន​ផ្ទះនៅ​ភ្នំពេញ​ស្រាប់​អីចឹង គាត់​ទិញសំបុត្រ​យន្តហោះ​គាត់​ទៅ​តែម្តង‍»។​

​អាជ្ញាធរ​កម្ពុជា​កំពុង​តែ​រឹតបន្តឹង​ការធ្វើសកម្មភាព​នានា​ដែល​កៀងគរ​អ្នកគាំទ្រ​ដើម្បី មក​ស្វាគមន៍​លោក​សមរង្ស៊ី។ រហូតមកដល់ពេល​នេះ​មាន​អតីត​អ្នកគាំទ្រ​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិចំនួន​៤៥នាក់​ហើយ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធ​នាគារ​ដោយ​ចោទ​ពីបទ​រួមគំនិត​ក្បត់​ជាតិ។

អ្នកវិភាគ​នយោបាយ​មើលឃើញ​ថា​នេះ​គឺ​ជា​យុទ្ធនាការ​បំភិតបំភ័យ​អ្នកដែល​ចង់​ឱ្យ​មានការផ្លាស់ប្តូរ​នូវ​ការគ្រប់​គ្រង​អំណាច​ជាង​៣០ឆ្នាំ​របស់​លោក​នាយករដ្ឋ​មន្ត្រីហ៊ុនសែន។

លោកយឹម ស៊ីណនបញ្ជាក់​ថា​ពលរដ្ឋ​កម្ពុជា​គួរតែ​ជំនះ​ការភ័យខ្លាច​ខ្លះហើយ​ក្រោកឈរដើម្បី​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​តាម​លទ្ធិប្រជាធិបតេយ្យ​ដូច​ដែលមានចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។​

«មានពាក្យ​មួយ​គេ​និយាយ​ថា​ដើមឈើ​ប្រជាធិបតេយ្យ​អាច​រស់​បាន​ដោយសារ​ឈាម​ អីចឹង​សម្រាប់​ការតស៊ូណាមួយ​សម្រាប់​ប្រជាធិបតេយ្យ​កម្ពុជា​ វាមិន​អាច​អ្នកណា​លើក​ដាក់​ជើង​ពាន​មក​ឱ្យ​យើង​ទេ​ វាត្រូវតែ​មាន​ការលះបង់​សាច់ស្រស់​ឈាម​ស្រស់​ខ្លះ​ បែកញើស​ខ្លះ​ដើម្បី​ទាមទារ​នូវ​លទ្ធិប្រជាធិបតេយ្យ​មួយ​សម្រាប់​កូនចៅ​យើង​ជំនាន់ក្រោយ។ មានន័យ​ថា​យើង​ជំនាន់​នេះ​យើង​មាន​កាត្វកិច្ច​ ភារកិច្ច​មួយ​សម្រាប់​កសាង​ប្រទេស​ជាតិ​សម្រាប់​កូនចៅ​យើង​តទៅ​ទៀត‍»។​

ក្រុមចលនា​យុវជន​នេះក៏​នឹង​ត្រៀម​ធ្វើ​បាតុកម្ម​មួយទៀត​នៅថ្ងៃទី​២៤ខែ​វិច្ឆិកា ​ស្របពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​អញ្ជើញ​ទៅ​ចូលរួមកិច្ច​ប្រជុំ​អាស៊ាន​និង​ដៃគូ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង៕