ភ្នំពេញ៖ អ្នកភូមិបឹងកក់ភាគច្រើនជាកុមារ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ាឈានដល់ថ្ងៃទី៥ហើយ ស្របពេលដែលប្រទេសកម្ពុជាប្រារព្ធខួប៧មករា។ រយៈពេល៥ថ្ងៃនេះ ការតវ៉ារបស់ប្រជាពលរដ្ឋនៅពុំទាន់បានដំណោះស្រាយពីរដ្ឋាភិបាលនៅឡើយទេ។
កុមារតូចៗជាច្រើនរស់នៅក្នុងតំបន់បឹងកក់នៅថ្ងៃសុក្រនេះ បានចូលរួមធ្វើការតវ៉ាជាមួយនឹងឪពុក-ម្តាយរបស់ខ្លួននៅលើសួនប្រជាធិបតេយ្យ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដោះស្រាយគោលនយោបាយរបស់ពួកគេ បន្ទាប់ពីមានទំនាស់ដីធ្លីដ៏លេចធ្លោមួយជាមួយនឹងក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោកឧកញ៉ា ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាជនកម្ពុជា។
ការតវ៉ារបស់អ្នកស្រុកនេះ បានឈានដល់ថ្ងៃទី៥ហើយ ស្របពេលដែលប្រទេសកម្ពុជាកំពុងប្រារព្ធខួបលើកទី៣២ នៃថ្ងៃជ័យជម្នះ៧មករា។ ក៏ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយពីរដ្ឋាភិបាលនៅឡើយទេ។
ក្រុមអ្នកស្រុករស់នៅក្នុងតំបន់បឹងកក់ដែលនៅសេសសល់ពីការបណ្តេញចេញប្រមាណជាង៣.០០០គ្រួសារ បានទាមទារឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន ផ្តល់សំណងក្នុងមួយម៉ែត្រការ៉េចំនួន១.៥០០ដុល្លារសហរដ្ឋអាមេរិក ឬក៏ត្រូវប្រគល់ដីចំនួន ១៥ហិកតា សម្រាប់ឲ្យពួកគេអភិវឌ្ឍនៅហ្នឹងកន្លែង។
អ្នកស្រី គង់ ចាន់ថា អាយុ៤៣ឆ្នាំ តំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់មកពីភូមិ២៤ បាននិយាយថា រយៈពេល៥ថ្ងៃកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជានៅពុំទាន់ដោះស្រាយការទាមទាររបស់អ្នកស្រុកទេ។
អ្នកស្រីបាននិយាយថាការតវ៉ាចំថ្ងៃទី៧ខែមករានេះ គឺយើងធ្វើឡើងដើម្បីឲ្យមេដឹកនាំខ្មែរជួយប្រជាជននៅក្នុងតំបន់បឹងកក់។
លោកស្រី បានបញ្ជាក់ថា៖
«ប្រជាជនគាត់នៅតំបន់បឹងកក់ពិបាកខ្លាំងណាស់ រងទុក្ខវេទនាខ្លាំងណាស់ សម័យមុនគាត់ជួយពី ដៃគាត់ តែសម័យនេះគាត់មិនចង់ឲ្យប្រជាជនគាត់ស្លាប់ម្តងទៀតទេ។ អញ្ចឹងបានពួកខ្ញុំរំលឹកឡើងដើម្បីបណ្តាលចិត្តឲ្យគាត់ឃើញថា ប្រជាជនគាត់បាននៅគិតនឹកឃើញបុណ្យជាតិនេះដែរ»។
ការតវ៉ារបស់ប្រជាពលរដ្ឋ បានធ្វើឡើងជាលក្ខណៈប្រមូលផ្តុំនៅមួយកន្លែង ដោយមានការចងបដាព័ទ្ធជុំវិញ និងបូពណ៌ខ្មៅខ្ទាស់ជាប់អាវពណ៌ស ដើម្បីរំលឹកដល់ថ្ងៃ៧មករា។
លោក ជ័យ ឡាយអាយុ៧២ឆ្នាំ មកពីភូមិ២០ បាននិយាយថា ថវិកាដែលក្រុមហ៊ុនបានផ្តល់សំណងចំនួន៨.៥០០ ដុល្លារសហរដ្ឋអាមេរិកនេះមិនអាចធ្វើឲ្យពួកគេរស់នៅបានសមរម្យទេ។
«ខ្ញុំមកដើម្បីតស៊ូមតិ ដើម្បីសុំតម្លៃពីក្រុមហ៊ុន ដើម្បីឲ្យបានឡើងថ្លៃបន្តិច។ ការរស់នៅពេលចេញទៅដែលក្រុមហ៊ុនឲ្យផ្ទះមួយ ៨.០០០ ហើយ២.០០០.០០០រៀល គឺថា ពួកខ្ញុំមិនអាចចុះចេញទៅបាន ទេ ពីព្រោះរកទិញដីនៅជិតទីក្រុងមិនបាន»។
លោកកើត ឆែ នាយករងខុទ្ទកាល័យនៃសាលាក្រុងភ្នំពេញនៅថ្ងៃសុក្រនេះ ពុំអាចស្នើសុំការអត្ថាធិប្បាយបានទេ ក៏ប៉ុន្តែកាលពីយប់ថ្ងៃព្រហស្បតិ៍ លោកបានបដិសេធពុំធ្វើអត្ថាធិប្បាយលើបញ្ហានេះជាមួយនឹងវីអូអេសំឡេងសហរដ្ឋអាមេរិក។
«លោកឯងធ្វើការនៅវីអូអេដើម្បីបៀវត្សរ៍របស់លោកឯង។ ខ្ញុំធ្វើការបម្រើរដ្ឋាភិបាលមានម៉ោងកំណត់របស់រដ្ឋាភិបាល។ ខ្ញុំអត់ឆ្លើយ»។
ប្រជាពលរដ្ឋរស់នៅក្នុងតំបន់បឹងកក់ចំនួនប្រាំពីរភូមិ សរុបជាង៤.០០០គ្រួសារ។
ក្រុមហ៊ុនស៊ូកាគូអ៊ីនបានផ្តល់សំណងចំនួន៨.០០០ដុល្លារសហរដ្ឋអាមេរិក និងទឹកប្រាក់ចំនួន២.០០០.០០០ រៀល បានចំនួនជាង១.០០០គ្រួសារហើយ ក៏ប៉ុន្តែនៅសេសសល់ចំនួនជាង៣.០០០គ្រួសារទៀត។
ក្រុមហ៊ុនស៊ូកាគូអ៊ីន បានចុះកិច្ចព្រមព្រៀងជាមួយនឹងសាលាក្រុងភ្នំពេញដើម្បីជួលដីបឹងកក់ចំនួន៩៩ឆ្នាំទំហំជាង១៣០ហិកតាសម្រាប់ធ្វើការអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទំនើបៗ សណ្ឋាគារ និងផ្ទះល្វែង។
ការអភិវឌ្ឍនេះបានធ្វើឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីនបូមខ្សាច់ ដើម្បីចាក់បំពេញផ្ទៃបឹងកក់ដែលធ្វើឲ្យផ្ទះរបស់អ្នកស្រុកជាច្រើនរាប់សិបខ្នងបានលិចកប់នៅក្នុងភក់ល្បាប់៕