ពិធីដើរក្បួនដង្ហែរដើម្បីប្រារព្ធបុណ្យចូលឆ្នាំខ្មែរក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ាបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ បើទោះជាមិនមានការចុះសម្រុងគ្នានៅក្នុងសហគមន៍ក្តី។
ពិធីប្រចាំឆ្នាំនេះ មានរំលេចដោយការបង្ហាញពីសិល្បៈ វប្បធម៌ ប្រពៃណីដ៏ល្អរបស់កម្ពុជា និងសេវាសាធារណៈមួយចំនួនដែលមាននៅក្នុងទីក្រុង ដូចជាប៉ូលិស រដ្ឋបាលក្រុង និងមហាវិទ្យាល័យសហគមន៍ជាដើម។ អ្នកចូលរួមដង្ហែរបានដើរលើកំណាត់ផ្លូវអាណាហែមដែលជាផ្នែកមួយនៃក្រុងខ្មែរ។
នេះគឺជាខួបលើកទី១០ ប៉ុន្តែកម្មវិធីទាំងមូលមិនសូវជាដំណើរការល្អដូចលើកមុនៗទេដោយសារតែពលរដ្ឋមួយចំនួនមិនសប្បាយចិត្ត ព្រោះតែលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគម្រោងចង់ចូលរួម។

ពលរដ្ឋខ្មែរអាមេរិកាំងបានជួបជុំគ្នា តវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០១៦។ (ប៉ូច រាសី/VOA)
ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានសម្រេចដកខ្លួនចេញមិនចូលរួមតាមការអញ្ជើញរបស់ក្រុមអ្នករៀបចំ បន្ទាប់ពីមានការគំរាមធ្វើបាតុកម្ម។យ៉ាងណាក៏ដោយ ក្រុមបាតុករដែលមានអ្នកចូលរួមជាច្រើនរយនាក់នៅតែធ្វើបាតុកម្ម បើទោះបីជាមិនមានវត្តមានលោកនៅក្នុងពិធីនោះក្តី។
លោកស្រី ឃីម អែនី យ៉ន បាតុករម្នាក់ដែលបាននាំកូនស្រីមកចូលរួមបាតុកម្មដែរបានបញ្ជាក់ថា៖«ខ្ញុំតវ៉ាមិនពេញចិត្តត្រង់កន្លែងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែតហ្នឹងធ្វើបាបខ្មែរសម្លាប់កាប់ខ្មែរយើង លក់ទឹកដីឱ្យយួនយកទឹកដីឱ្យយួន លក់ឧត្តមគតិខ្លួនគាត់ទាំងឪនិងកូន។ ពួកខ្ញុំអត់ពេញចិត្តឱ្យគាត់ចូលមកParade ក្នុងទឹកដីសហរដ្ឋអាមេរិកទេ ព្រោះដីទឹកសហរដ្ឋអាមេរិកនេះជាលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះហើយបាតដៃប្រឡាក់ឈាមខ្មែរ ពួកយើងមិនស្វាគមន៍ទេ មិនទទួលស្គាល់ឱ្យមកទេ។ ពួកយើងមកនេះ មកសម្តែងការឈឺចាប់ មិនមែនមកទទួល Cambodian New Year ទេ។ ប៉ុន្តែរាល់ឆ្នាំពួកយើងសប្បាយអរណាស់ ប៉ុន្តែឆ្នាំនេះពួកយើងឈឺចាប់»។
បាតុករម្នាក់ទៀតឈ្មោះ ខេង សុង ដែលមកពីទីក្រុងឡុងប៊ិច ក៏សម្តែងការជំទាស់ស្រដៀងនេះដែរ។ «ខ្ញុំអត់គាំទ្រក្រុមរដ្ឋាភិបាលដែលមកចូលរួមហែរនៅក្នុងថ្ងៃនេះ»។
វីអូអេ៖ «គាត់ជាខ្មែរដែរហេតុអ្វី មិនឱ្យគាត់ចូល?»
បាតុករ៖ «គាត់ជាខ្មែរដែរតែអ្នកណាក៏ដឹងដែរថារបបនេះជារបបផ្តាច់ការ»។
បាតុករបានលើកបដាដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហើយគូសខ្វែងពីលើរូបស្តីពីជនរងគ្រោះ ដោយសារទំនាស់ដីធ្លី និងសកម្មភាពអាជ្ញាធរធ្វើបាបមកលើពលរដ្ឋ និងបដាដែលមានសារប្រឆាំងអំពើពុករលួយជាដើម។ បាតុករធ្លាប់បានគំរាមថានឹង គប់ពងមាន់ដាក់ បើសិនជាលោក ហ៊ុន ម៉ាណែត ចូលរួម។
ពលរដ្ឋខ្មែរអាមេរិកាំងបានជួបជុំគ្នា តវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០១៦។ (ប៉ូច រាសី/VOA)
ក្នុងបទសម្ភាសន៍ពិសេសជាមួយនឹង VOA លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា លោកមិនចង់ឱ្យមានការហែកហួរគ្នាក្នុងចំណោមជាតិខ្មែរទេ ដូច្នេះលោកក៏បានសម្រេចមិនចូលរួម។
«ចឹងសួរថាបើខ្ញុំចូលទៅវាចំណេញស្អី? រឿងត្រូវពងមាន់ត្រូវដុំថ្មវាអត់សំខាន់ទេ ប៉ុន្តែសំខាន់ជាតិយើងទាំងមូល។ មនុស្សរាប់ម៉ឺននាក់ដែលកំពុងទៅមើល Parade មានកាមេរ៉ានៅក្នុងហ្នឹង ដើម្បីចង់ឃើញអ្វីដែលជាខ្មែរ។ ប្រជាជនខ្មែរយើងយកឱកាសល្អហ្នឹងដើម្បីរៀបចំបង្ហាញអ្វីដែលជាខ្មែរ។ ចុះបើសិនជាមានបាតុភាពអ្វីកើតឡើងគឺបាតុភាពនេះហើយនឹងគ្របដណ្តប់ទៅលើអ្វីដែលយើងសម្តែងចេញ។ វប្បធម៌ខ្មែរគឺអត់មានទេ មានតែការបែកបាក់ អីចឹងខ្មាស់រហូតដល់ជាតិយើងទាំងមូល»។
នៅពេលដែល VOA សួរថាលោកខឹងនឹងបាតុករទេ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាលោកមិនខឹងទេ៖«អត់។ ជាសិទ្ធិរបស់គាត់។ បើសិនជាគាត់ធ្វើនៅក្នុងក្របខណ្ឌច្បាប់។ នៅក្នុងក្របខណ្ឌសិទ្ធិដើម្បីមិនឱ្យហួសរហូតដល់បង្កហិង្សាដល់សមាជិកគណៈប្រតិភូណាមួយ ឬមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលចូលរួមក្នុងការស្វាគមន៍។ នេះគឺជាសិទ្ធិរបស់គាត់។ ខ្ញុំអត់មានការខឹងសម្បារអ្វីទេ»។
នៅពេលដែល VOA សួរថា តើអាចនឹងមានបាតុកម្មដោយអ្នកគាំទ្រគណបក្សប្រជាជនសងសឹកវិញទេនៅក្នុងប្រទេសកម្ពុជា លោកថាលោកនឹងមិនកំណត់បញ្ជាឱ្យធ្វើទេ និងថាសិទ្ធិបាតុកម្មជាសិទ្ធិរបស់ពួកគេ ប៉ុន្តែពួកគេត្រូវពិចារណាមុននឹងសម្រេចធ្វើអ្វីមួយ។
យ៉ាងណាក៏ដោយ ក៏មានអ្នកដែលសប្បាយរីករាយនឹងការដើរ Parade ប្រចាំឆ្នាំនេះដែរ។ លោក ណែល ឈឿន ដែលបានមកចូលរួម ហើយឈរនៅទីចុងក្រោយក្នុងចំណោមអ្នកចូលរួមជាងមួយម៉ឺននាក់នោះបានបញ្ជាក់ថា៖ «Parade ឆ្នាំនេះសប្បាយម្យ៉ាងដែរ»។ ក៏ដូចជាកុមារីខ្មែរអាមេរិកាំង វ៉ាន់ណេសា ខេន បានបញ្ជាក់ពីការពេញចិត្តរបស់នាង៖«ខ្ញុំចូលចិត្ត»។
ការប្រារព្ធក្បួនដើរ Parade ប្រចាំឆ្នាំលាយឡំដោយការតវ៉ានេះ មិនបានរំខានដល់ការសប្បាយរបស់លោក ខេង ឡាយ និងក្រុមគ្រួសារទេ ដោយលោកយល់ថា វាជាផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យ៖«ជាធម្មតាទេនៅសហរដ្ឋអាមេរិកជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះម្នាក់ៗមានសំឡេងរៀងៗខ្លួន»។
ការខឹងសម្បារនឹងវត្តមានរបស់លោកហ៊ុន ម៉ាណែត គឺមិនមែនតែនៅកន្លែងដង្ហែរក្បួននេះទេ។
ក្នុងកម្មវិធីជប់លៀងដោយឡែកមួយ ដែលសមាជិកគណបក្សប្រជាជនកម្ពុជា និងអ្នកដែលមានសមានចិត្ត បានចូលរួមនៅភោជនីយដ្ឋានព្រះច័ន្ទពេញវង់ កាលពីថ្ងៃសៅរ៍ក៏ពួកគេបានទៅតវ៉ាប្រឆាំងដែរ។
លោក សាម៉ូអែល សម្រេច ដែលធ្វើដំណើរតាំងពីទីក្រុងហ្វ្រេសស្នូ មកចូលរួមបានបញ្ជាក់ថា៖«គោលបំណងរបស់ខ្ញុំគឺសូមជម្រាបទៅ ហ៊ុន ម៉ាណែត ថា មិនបាច់មកបង្រួបបង្រួមខ្មែរនៅស្រុកអាមេរិកទេ។ ខ្មែរស្រុកអាមេរិកគេមានប្រជាធិបតេយ្យរស់នៅគ្រប់គ្រាន់អស់ហើយ។ ដូច្នេះបង្រួបបង្រួមស្រុកខ្មែរសិនទៅ។ ស្រុកខ្មែរអស់ដីហើយ។ វាយខ្មែរដាក់គុក ខ្មែរអ្នកក្រអត់មានបាយហូបទេ ដូច្នេះហើយ ហ៊ុន ម៉ាណែតត្រូវរៀបចំស្រុកខ្មែរ ឱ្យបានស្រួលសិន ចាំមករៀបចំនៅស្រុកអាមេរិក ព្រោះខ្មែរនៅស្រុកអាមេរិកអត់ត្រូវការ ហ៊ុន ម៉ាណែត ទេ»។
បាតុករម្នាក់ទៀតគឺលោក អាស្រ្តា ម៉ម ក៏បានបញ្ចេញការខឹងសម្បារដែរ៖«តាមពិតទៅគាត់អត់មកផ្សះផ្សារខ្មែរនៅសហរដ្ឋអាមេរិកទេ។ គាត់មកនេះបម្រុងបំបែកបំបាក់ខ្មែរ។ ទីមួយគឺផ្នែកនយោបាយ។ មុននឹងពេលបោះឆ្នោត គាត់ត្រូវតែមកឃោសនាខ្មែរនៅក្រៅប្រទេស ដើម្បីយកសំឡេងឆ្នោតនៅក្នុងគណបក្សរបស់គាត់។ ក៏ប៉ុន្តែពួកយើងនៅក្រៅប្រទេស គឺពួកយើងយល់តម្លៃយល់សេចក្តីទុក្ខសោករបស់បងប្អូនខ្មែរនៅស្រុកខ្មែរយ៉ាងច្បាស់ គឺដោយសារតែរដ្ឋាភិបាលតែ ហ៊ុន សែន នឹងហើយបានជាធ្វើឱ្យខ្មែរយើងវេទនាជាប់គុកអស់ដីអស់ធ្លី»។
ក្រៅពីការប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត បាតុករក៏ទាមទារឱ្យមានការដោះលែងសកម្មជននយោបាយដែលកំពុងជាប់ពន្ធនាគារ។ «បើសិនជា ហ៊ុនម៉ាណែត គាត់ល្អពិតមែន ឪពុកគាត់យកគេទៅដាក់គុកនោះ មកសូមឱ្យគាត់ទៅ ដោះលែងគេទាំងអស់មក …. អាហ្នឹងធ្វើឱ្យខ្មែរយើងនៅស្រុកក្រៅគាំទ្រគាត់ តែបើគាត់អត់មានធ្វើអំពើទាំងអស់ហ្នឹងទេ គឺឪពុកយ៉ាងម៉េចកូនអីចឹង»។
ពលរដ្ឋខ្មែរអាមេរិកាំងបានជួបជុំគ្នា តវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០១៦។ (ប៉ូច រាសី/VOA)
ក្នុងចំណោមអ្នកដែលបាតុករទាមទារឱ្យដោះលែង គឺមានលោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងបាតុកម្មក្រោយការបោះឆ្នោតឆ្នាំ២០១៣។
លោកស្រី ជេមី មាជ ភរិយារបស់លោក មាជ សុវណ្ណារ៉ា ដែលមានវត្តមាននៅកន្លែងបាតុកម្មជាមួយនឹងកូនស្រីដែរបានប្រាប់ VOA ពីភាពស្អាតស្អំរបស់ប្តីលោកស្រីថា៖
«បើសិនជាគាត់មានទោសបទឧក្រិដ្ឋ មានទោសអ្វី ដាក់គុកគាត់នាងខ្ញុំអត់ថាអ្វី ប៉ុន្តែនេះគ្រាន់តែនិយាយដើម្បីរកលទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យខ្មែរយល់ដឹងពីសិទ្ធិសេរីភាពបែរជាចាប់គាត់ដាក់គុករយៈពេល២០ឆ្នាំ។ ហើយនាងខ្ញុំរាល់ថ្ងៃនេះ ស្រ្តីម្នាក់ឯងមើលកូន៣នាក់ផង រកស៊ីផង ផ្ញើលុយទៅចិញ្ចឹមប្តីក្នុងពន្ធនាគារទៀត»។
យ៉ាងណាក៏ដោយ មានពលរដ្ឋជាច្រើនរយនាក់បានចូលរួមក្នុងកម្មវិធីអាហារពេលល្ងាច ដើម្បីស្វាគមន៍ឆ្នាំថ្មីសម្រាប់លោក ហ៊ុន ម៉ាណែត ដោយមានការរាំរែកផងដែរ។
ក្រៅពីការដើរដង្ហែរក្បួន Parade អបអរឆ្នាំថ្មី ក៏មានការដាក់តាំងផលិតផលដែលសហគមន៍ខ្មែរមាន និងផលិតផល និងសេវាកម្មមកពីកម្ពុជា ដែលមានដូចជាផលិតផលអង្ករ គ្រឿងសិល្បៈ ក្រណាត់សូត្រ និងសៀវភៅអប់រំពីវប្បធម៌ខ្មែរ។
សមាជិកប្រតិភូដែលបានមកតាំងពិពរណ៍បានពន្យល់ពីគោលបំណងនៃការមករបស់ពួកគេ។ លោក នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA ដែលជាក្រុមហ៊ុនអចលនទ្រព្យបានអះអាងពីស្ថិរភាពនយោបាយ ស្ថិរភាពសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ដែលបានទាក់ទាញអ្នកវិនិយោគទៅពីខាងក្រៅប្រទេសទៅវិនិយោគនៅកម្ពុជា។
លោក នួន រិទ្ធី បានបន្ថែមថា៖«ដូច្នេះហើយកន្លែងនេះហើយ សូមឱ្យប្រជាពលរដ្ឋទូទាំងពិភពលោកដែលជាជាតិខ្មែរទាំងអស់មេត្តារក្សាសាមគ្គីភាពជាមហាគ្រួសារខ្មែរ ដែលថ្នាក់ដឹកនាំយើងតែងតែសំណូមពរ ហើយវប្បធម៌សន្ទនាសូមមេត្តា។ មេត្តារក្សាវប្បធម៌សន្ទនា ក៏ប៉ុន្តែបែរជាយើងលើកបដា ជេរ ឬបាតុកម្មជាការខាតនៃទីផ្សារប្រទេសកម្ពុជារបស់យើង»។
លោកវេជ្ជបណ្ឌិត សំ កែវ គ្រូពេទ្យខាងផ្នែកចិត្តសាស្រ្តដែលបានចូលរួមទស្សនាកម្មវិធីដើក្បួននោះដែរបានសម្ដែងក្ដីសប្បាយរីករាយ។លោកក៏មានការសោកស្ដាយដែលព្រឹត្តិការណ៍វប្បធម៌នេះ បានលាយឡំដោយការខ្វែងគំនិតគ្នាខាងនយោបាយ។ ប៉ុន្តែលោកយល់សា្ថនភាពឈឺចាប់របស់អ្នកតវ៉ា។
«តាមលក្ខណៈចិត្តសាស្រ្ត ពួកគាត់នៅចងចាំការពិបាកកាលពីសម័យខ្មែរក្រហម ដែលធ្វើបាបព្រាត់ប្រាស់បងប្អូនឪពុកម្តាយស្លាប់ ដោយសារពួកខ្មែរក្រហម ហើយអ្នកដឹកនាំយើងនៅស្រុកខ្មែរសព្វថ្ងៃមានអ្នកខ្លះមានចេញពីខាងហ្នុងមក ដូច្នេះវាមានការជំទាស់ចំពោះអ្នកដឹកនាំ»។
ពលរដ្ឋខ្មែរអាមេរិកាំងបានជួបជុំគ្នា តវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅទីក្រុង ឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០១៦។ (ប៉ូច រាសី/VOA)
ដំណឹងនៃការចូលរួមរបស់លោក ហ៊ុន ម៉ាណែត បាននាំឱ្យផ្ទុះការតវ៉ាជាបន្តបន្ទាប់។ កាលពីចុងខែមីនា ពលរដ្ឋខ្មែរអាមេរិកាំងដែលមិនសប្បាយចិត្តឱ្យលោកចូលរួមក៏បានទៅតវ៉ាដល់សាលាក្រុងផងដែរ។
លោក ឌី អែនឌ្រូ សមាជិកក្រុមប្រឹក្សានៃទីក្រុងឡុងប៊ិច ដែលបានចូលរួមដើរដង្ហែរក្នុងក្បួននៅថ្ងៃអាទិត្យនេះដែរ បញ្ជាក់ថាស្មារតីនៃវប្បធម៌ និងទំនៀមទម្លាប់ទីក្រុងឡុងប៊ិចនឹងនៅបន្តជារៀងរហូត បើទោះបីជាពេលនេះមានការតវ៉ា ដោយសារតែវត្តមានរបស់លោក ហ៊ុន ម៉ាណែត ក្នុងទីក្រុងនេះក្នុងពេលពិធីនេះកើតឡើងក៏ដោយ។
លោកបានបន្ថែមថា៖«មនុស្សគ្រប់គ្នាគួរតែដឹងពីវប្បធម៌របស់ពួកគេ គឺគ្មានអ្នកណាត្រូវងាកចេញពីរឿងនេះទេ។ ខ្ញុំចង់ប្រាប់ឱ្យពួកគេដឹងថា នេះគឺជាទីក្រុងឡុងប៊ិច មិនមែនប្រទេសកម្ពុជាទេ។ ហើយយើងចង់ប្រាប់ដល់ប្រជាពលរដ្ឋដែលខិតខំតស៊ូយ៉ាងលំបាកដើម្បីបានមករស់នៅទីនេះ។ ពួកគេត្រូវតែចូលរួមសប្បាយ។ កុំឱ្យអ្នកណាផ្សេងបង្វែរចេញឱ្យសោះ។ នេះគឺជាការដើរក្បួនរបស់ពួកគេ មិនមែនជារបស់ក្រុមប្រឹក្សាទេ»។
ទីក្រុងឡុងប៊ិច មានពលរដ្ឋខ្មែររស់នៅជាង៦ម៉ឺននាក់។ ហើយផ្នែកមួយនៃផ្លូវអាណាហែមនេះត្រូវបានគេចាត់ទុកថាជាក្រុងខ្មែរ៕