ការពារ​តំបន់​ដីសើម​ការពារ​ជីវិត​​មនុស្ស ​សត្វ ​រុក្ខជាតិ

  • Joe Capua

សត្វ​កុក​ផ្តុំ​គ្នា​នៅ​តំបន់​ដី​សើម Axios, ចម្ងាយ​ ២០​ ម៉ាល​ ខាង​លិច​ទីក្រុង Thessaloniki កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៤។​ (AP/Photo Nikolas Giakoumidis)

មាន​មនុស្ស​ជាង​៦០០​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ពឹង​ផ្អែក​លើ​ដី​សើម​សម្រាប់​ជីវភាព​រស់​នៅ​របស់​ពួក​គេ ​ដូច​ជា​ការ​នេសាទ ​ឬ​ការ​ធ្វើ​កសិកម្ម។​ អ្នក​ជំនាញ​និយាយ​ថា​ ចាប់​តាំង​ពី​ឆ្នាំ​១៩០០​មក​ តំបន់​ដី​សើម​៦៤​ភាគរយបាន​បាត់​បង់​ ហើយ​តំបន់​ដី​សើម​ដែល​នៅសល់​គឺ​កំពុង​ធ្លាក់​ចុះ។ ​ប្រតិភូ​ជាង៨០០​នាក់​មក​ពី​ប្រទេស​ចំនួន​១៦០​បាន​ជួប​ប្រជុំ​នៅ​ប្រទេស​អ៊ុយរ៉ាហ្គាយ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ។​

កិច្ច​ប្រជុំ​កំពូល​នៅ​ទីក្រុង​ Punta del Este ​នេះ​គឺ​ជា​ការ​ជួប​ប្រជុំ​លើក​ទី១២​ នៃ​អនុសញ្ញា​ Ramsar ​អំពី​តំបន់​ដី​សើម។ ​សន្ធិ​សញ្ញា​អន្តរជាតិ​នេះ​ផ្ដល់​នូវ​ក្របខណ្ឌ​មួយ​សម្រាប់​ជា​«ការ​អភិរក្ស ​និង​ការ​ប្រើប្រាស់​តំបន់​ដី​សើមដ៏​មាន​ប្រសិទ្ធភាព ​និង​ធនធាន​របស់​តំបន់​នេះ»។​

វេជ្ជ​បណ្ឌិត ​Christopher Briggs ​អគ្គ​លេខាធិការ​នៃ​អនុ​សញ្ញា ​Ramsar បាន​និយាយ​ថា៖​

«ដី​សើម​មាន​សារៈ​សំខាន់​ចំពោះ​យើង​ទាំងអស់​គ្នា ​ព្រោះ​តំបន់​ដី​សើម​នេះ​ហើយដែល​ផ្តល់​ទឹក​ស្អាត​ឲ្យ​យើង​សម្រាប់​ការ​ចម្អិន​អាហារ​ សម្រាប់​បរិភោគ​ សម្រាប់​លាង​សម្អាត។ ​ទឹក​សាប​ដែល​យើង​ទាំង​អស់​ប្រើប្រាស់​គឺ​មក​ពី​តំបន់​ដី​សើម។​ ដី​សើម​ស្អាត ​និង​បន្សុទ្ធ​ទឹក​ចេញ​ពី​សារធាតុ​ពុល​ក្នុង​ដី​ផង​ដែរ។ ​តំបន់​ដី​សើម​ទាំង​នោះ​ក៏​បាន​ជួយ​ក្នុង​ការ​រក្សា​ទុក​សារធាតុ​កាបូន​ដែរ។ ​តំបន់​ដី​សើម​ទាំង​នោះបាន​ផ្តល់មធ្យោបាយ​ចិញ្ចឹម​ជីវិត​ដល់​មនុស្ស​៦៦០​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ដែល​រស់​នៅ​តាម​រយៈ​វារី​វប្បកម្ម​ និង​នេសាទ​ពី​តំបន់​ដី​សើម»។​

ហើយ​តំបន់​ដី​សើម​នេះ​គឺ​ជាទ្រនាប់​ការពារ​មួយ​ នៅ​ពេល​ដែល​មាន​គ្រោះ​ធម្មជាតិ​បំផ្លិច​បំផ្លាញ។​

«តំបន់​ដី​សើម​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​យើង​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ផង​ដែរ​ ហើយ​ដែល​ជួយ​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ការពារ​ជីវភាព​រស់​នៅ​ និង​លំនៅដ្ឋាន​របស់​ពួកគេ​ដើម្បី​ប្រឆាំង​នឹង​ផល​ប៉ះ​ពាល់​នៃ​កម្រិត​ទឹក​សមុទ្រ​កើន​ឡើង​ ផល​ប៉ះ​ពាល់​នៃ​រលក​យក្ស​ និង​ខ្យល់​ព្យុះ​សង្ឃរា។​ តំបន់ដី​សើម​ជា​ទ្រនាប់ការ​ការពារ​ដ៏​ល្អ​បំផុត​ ដែល​អាច​ធ្វើ​បាន​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ពី​ធម្មជាតិ​តាម​បណ្ដោយ​ឆ្នេរ។ ​ហើយ​នៅ​តំបន់​ឆ្ងាយ​ពី​មាត់​សមុទ្រ ដីសើម​នៅ​ទី​នោះ​គឺ​ទ្រនាប់​ការពារ​ ទាំង​ផល​ប៉ះពាល់​នៃ​ទឹក​ជំនន់​ និង​គ្រោះ​រាំងស្ងួត»។​

ក្រៅ​ពី​ផ្ដល់​នូវ​ធនធាន​សម្រាប់​ការ​នេសាទ​ត្រី​ ធនធាន​ទឹក​ កសិកម្ម​ និង​ចំណី ​តំបន់​ដី​សើម​នេះ​ជា​ប្រភព​នៃ​អារម្មណ៍​រីករាយ​សម្រាប់​មនុស្ស​រាប់​លាន​នាក់។​

«តំបន់​ដី​សើម​ជា​កន្លែងដែល​យើង​ទៅ​កម្សាន្ត​នា​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​នៅ​តំបន់​ឆ្នេរ​ នៅ​ឆ្នេរ​សមុទ្រ​ នៅ​ថ្ម​ប៉ប្រះ​ទឹក​ នៅ​កន្លែង​មាន​ផ្កាថ្ម​ ​មាន​ដើម​កោង​កាង​ នៅ​ក្នុង​បឹង​ ​ទន្លេ​ និង​ស្រះ។ ​នោះ​គឺ​ជា​អ្វី​ដែលមាននៅ​តំបន់​ដី​សើម។ តំបន់​ដី​សើម​នេះ​គឺ​ជា​ប្រភព​នៃ​ការ​អភិវឌ្ឍ​ដែល​មាន​និរន្តរភាព​ហើយតំបន់​នេះ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អនាគត​របស់​យើង​ និង​អនាគត​របស់​កូន​ចៅ​យើង»។​

តំបន់ដី​សើម​នៅ​លើ​ពិភព​លោក​បាន​បាត់​បង់​៦៤​ភាគ​រយ​ចាប់​តាំង​ពី​ឆ្នាំ​ ១៩០០​មក​ ហើយ​ប្រមាណ​៤០​ភាគរយ​នៃ​ដី​សើម​ដែល​នៅ​សេស​សល់​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ការ​ធ្លាក់​ចុះ​នេះ​បាន​បន្តមាន​អត្រា​១,៥​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ។​

លោក​ Briggs ​បាន​និយាយ​ថា​ ការ​ធ្លាក់​ចុះ​នេះ​គឺ​ដោយ​សារ​តែ​មនុស្ស​កសាង​អរិយធម៌​របស់​ខ្លួន​នៅ​ក្បែរតំបន់​ដី​សើម​នោះ។​

អគ្គ​លេខាធិការ​នៃ​អនុ​សញ្ញា ​Ramsar ​បាន​ឱ្យ​ដឹង​ថា៖ ​ការ​យល់ដឹង​ជា​សាធារណៈ​អំពីតំបន់​ដី​សើម​គួរ​តែ​មាន​កម្រិត​ខ្ពស់​ដូច​ការ​យល់​ដឹង​អំពី​ព្រៃ​ត្រូពិច​ដែល​មាន​ភ្លៀង​ច្រើន។ ​តំបន់​ដី​សើម​បាន​ការពារ​ប្រឆាំង​នឹង​ផល​ប៉ះពាល់​បណ្តាល​មកពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ ដោយ​រក្សា​ទុក​បរិមាណកាបូនដ៏​ច្រើន ​និង​ការពារ​មិន​ឲ្យ​កាបូន​ចូល​ក្នុង​បរិយាកាស។​

កិច្ច​ប្រជុំ​លើក​ទី​១២​នៃ​សន្និសីទ​របស់​ភាគី​ហត្ថលេខីអនុសញ្ញា ​Ramsar ​អំពីតំបន់​ដី​សើម​នេះ​គឺ​ជា​កិច្ច​ប្រជុំ​របស់​គណៈ​កម្មការ​សម្រេច​ចិត្ត​របស់​សន្ធិ​សញ្ញា​នេះ។​ លោក​ Briggs ​បាន​ឱ្យ​ដឹង​ថា៖ ​លោក​សង្ឃឹម​ថា ​គណៈ​ប្រតិភូ​នឹង​យល់ព្រម​ជា​មួយ​«ផែន​ការ​យុទ្ធ​សាស្ត្រ​ដ៏​មាន​មហិច្ឆតា​ដើម្បី​ទប់ស្កាត់​និង​បញ្ឈប់​ការ​រិច​រិល​នៃ​តំបន់​ដី​សើម​នេះ​ ហើយ​ធ្វើ​ឲ្យ​វា​មាន​កំណើន​ឡើង​វិញ»៕​

លោក​មាន​ ឥស្សរាយស ប្រែ​សម្រួល