សហ​ព្រះ​រាជអាជ្ញា​ប្ដឹង​ឧទ្ធរណ៍​ការ​សម្រេច​ឲ្យ​ដោះលែង​ អៀង ធីរិទ្ធ

អៀង ធីរិទ្ធ​ គឺ​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ដែល​សុទ្ធ​សឹង​ជា​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ចំនួន​បួន​នាក់​ក្នុង​សំណុំ​រឿង​ ០០២។

សហ​ព្រះ​រាជអជ្ញា​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ លោក​ស្រី​ ជា លាង​ និង​លោក​ អេនឌ្រូ ខេលី​ បាន​ប្ដឹង​ឧទ្ធរណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ប្រឆាំង​ទៅ​នឹង​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​ក្នុង​ការ​ដោះលែង​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​ខ្មែរ​ក្រហម​ អៀង ធីរិទ្ធ។​ នេះ​បើ​យោង​តាម​មន្ដ្រី​ផ្លូវការ​និង​ឯកសារ​របស់​សាលាក្ដី​ខ្មែរ​ក្រហម។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ចៅក្រម​ និល ណុន​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​បាន​ប្រកាស​ថា​ ជន​ជាប់​ចោទ​អាយុ​ ៧៩​ ឆ្នាំ​ អៀង ធីរិទ្ធ​ មិន​មាន​កាយសម្បទា​សម្រាប់​ចូល​រួម​ការ​កាត់ទោស​លើ​រូប​គាត់​នោះ​ទេ​ ហើយ​បាន​បង្គាប់​ឲ្យ​ដោះលែង​រូប​គាត់​ពី​ការ​ឃុំ​ឃាំង​បណ្ដោះអាសន្ន​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម។​ ការ​សម្រេច​នេះ​ដោយ​យោង​ទៅ​លើ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​របស់​ជន​ជាប់​ចោទ​រូប​នេះ។

លោក​ នេត្រ ភក្ដ្រា​ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​បណ្ដឹង​ឧទ្ធរណ៍​នោះ​សហ​ព្រះ​រាជអជ្ញា​ទាំង​ពីរ​បាន​ស្នើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​ផ្អាក​ការ​ដោះលែង​ជន​ជាប់​ចោទ​ខាង​លើ​នេះ។

«សហ​ព្រះ​រាជអជ្ញា​ទាំង​ពីរ​បាន​លើក​ឡើង​ថា​ ខ្លួន​មិន​ឯកភាព​ចំពោះ​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង។​ ហើយ​ការ​សម្រេច​នោះ​ គឺ​មិន​ត្រឹមត្រូវ​ ហើយ​ស្នើ​សុំ​ឲ្យ​មាន​ការ​ពិនិត្យ​លើ​កាយ​សម្បទា​លោក​ស្រី​ អៀង ធីរិទ្ធ​ ឡើង​វិញ។​ ហើយ​មិន​តែ​ប៉ុណ្ណោះ​សុំ​ផ្អាក​ការ​ដោះលែង​ជា​បណ្ដោះអាសន្ន​ផង​ដែរ»។

នៅ​ក្នុង​បណ្ដឹង​ឧទ្ធរណ៍​ដែល​ វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​ សហ​ព្រះ​រាជអជ្ញា​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បាន​លើក​ឡើង​ថា​ សេចក្ដី​សម្រេច​របស់​សាលាដំបូង​មាន​តម្លៃ​ស្មើ​នឹង​ការ​បញ្ចប់​និតិវិធី​ ប្រឆាំង​នឹង​ អៀង ធីរិទ្ធ​ ហើយ​ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង​ដោយ​មាន​កំហុស​ផ្នែក​ច្បាប់​ និង​កំហុស​ក្នុង​ការ​អនុវត្តន៍​ឆន្ទានុសិទ្ធិ។

យោង​តាម​វិធាន​ផ្ទៃក្នុង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​មាន​រយៈ​ពេល​ ១៥​ ថ្ងៃ​ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​របស់​ខ្លួន​បន្ទាប់​ពី​យល់​ព្រម​ទទួល​យក​បណ្ដឹង​ឧទ្ធរណ៍​ទៅ​ពិចារណា។

អៀង ធីរិទ្ធ​ គឺ​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ដែល​សុទ្ធ​សឹង​ជា​មេ​ដឹកនាំ​កំពូល​ខ្មែរ​ក្រហម​ចំនួន​បួន​នាក់​ក្នុង​សំណុំ​រឿង​ ០០២។​ សាលាដំបូង​នឹង​ត្រូវ​ចាប់​ផ្ដើម​បើក​សវនាការ​ពេញ​អង្គ​សេចក្ដី​សំណុំ​រឿង​នេះ​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ។​ ក៏​ប៉ុន្ដែ​ អៀង ធីរិទ្ធ​ នឹង​មិន​ចូល​រួម​ការ​កាត់ទោស​នេះ​ទេ។​ នេះ​បើ​យោង​តាម​ដីកា​សម្រេច​បញ្ឈប់​ការ​នាំ​ខ្លួន​ អៀង ធីរិទ្ធ​ ចូល​កាត់​ទោស​របស់​លោក​ចៅក្រម​ និល ណុន​ នៅ​ថ្ងៃ​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​បាន​សម្រេច​បំបែក​ អៀង​ ធីរិទ្ធ​ ចេញ​ពី​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ មាន​ នួន ជា​ ខៀវ សំផន​ និង​ប្ដី​របស់​គាត់​ អៀង​ សារី​ ក្នុង​សំណុំ​រឿង​ ០០២​ ក៏​ប៉ុន្ដែ​សាលាដំបូង​នៅ​រក្សា​និតិវិធី​ច្បាប់​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​រូប​នេះ​ដដែល។

ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​រក​ឃើញ​ថា​ អៀង ធីរិទ្ធ​ មាន​ជំងឺ​បាត់បង់​ការ​ចងចាំ​ វង្វេង​វង្វាន់​ ហើយ​មិន​អាច​ចូល​រួម​ការ​កាត់​ទោស​ឲ្យ​បាន​ពេញលេញ​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ​ចំណោទ​នៅ​ពេល​នេះ​ត្រង់​ថា​ ប្រសិន​បើ​ អៀង ធីរិទ្ធ​ នឹង​ត្រូវ​ដោះ​លែង​តើ​ អៀង ធីរិទ្ធ​ នឹង​ត្រូវ​ស្ថិត​នៅ​ផ្ទះ​ឬ​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​ដើម្បី​បន្ដ​ការ​ព្យាបាល​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ មួយ​វិញ​ទៀត​ ប្រសិន​បើ​សុខភាព​ជន​ជាប់​ចោទ​រូប​នេះ​បាន​ប្រសើរ​ឡើង​ តើ​គាត់​នឹង​ត្រូវ​នាំ​ខ្លួន​យក​មក​កាត់​ទោស​ក្នុង​សំណុំ​រឿង​ថ្មី​ឬ​យ៉ាង​ណា។

លោក​ស្រី​ គ្លែ ដាហ្វ៊ី​ អ្នក​ឃ្លាំ​មើល​សាលាក្ដី​ខ្មែរ​ក្រហម​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សង្គម​សេរី​ OSJI​ មាន​ប្រសាសន៍​ថា​ អៀង​ ធីរិទ្ធ​ ទំនង​ជា​ត្រូវ​កាត់ទោស​ក្នុង​សំណុំ​រឿង​មួយ​ទៀត​ប្រសិន​បើ​គាត់​ត្រូវ​រក​ឃើញ​ថា​ មាន​ស្ថានភាព​សុខភាព​ប្រសើរ​ឡើង។​ ក៏​ប៉ុន្ដែ​លោក​ស្រី​យល់​ថា​ ទំនង​ជា​សុខភាព​របស់​ អៀង​ ធីរិទ្ធ​ នឹង​កាន់​តែ​អាក្រក់​ជាង​ការ​ប្រសើរ​ឡើង។​ ដោយ​ឡែក​ លោក​ នេត្រ ភក្ដ្រា​ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​លើក​ឡើង​ថា​ វា​ឆាប់​ពេក​ក្នុង​ពេល​នេះ​ក្នុង​ការ​គិតគូរ​ដល់​ចំណោទ​ទាំង​នេះ។

សូម​បញ្ជាក់​ថា​ ដើម​បណ្ដឹង​រដ្ឋប្បវេណី​មិន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលាដំបូង​នោះ​ទេ។​ នេះ​បើ​យោង​តាម​លោក​ស្រី​ ស៊ាលគ៍​ ស្ទូហ្ស៊ីនស្គី​ មេធាវី​មួយ​រូប​តំណាង​ឲ្យ​ដើម​បណ្ដឹង​រដ្ឋប្បវេណី៕