ការពន្យល់​អំពី​ការផ្លាស់ប្តូរ​ទាក់ទងនឹង​ទិដ្ឋាការ​សិក្សា​នៅ​​សហរដ្ឋអាមេរិក

រូបឯកសារ៖ រូប​ត្រា​ទិដ្ឋាការ​សហរដ្ឋ​អាមេរិក​ដែល​បាន​បោះ​នៅ​លើ​លិខិត​ឆ្លងដែន​បរទេស​មួយ នៅ​ទីក្រុង Los Angeles រដ្ឋ Californiaកាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

រដ្ឋបាល​លោក Trump បាន​ស្នើលុប​ចោល​អ្វី​ដែល​ហៅ​ថា «រយៈពេលនៃឋានៈ» (duration of status) នៃ​ទិដ្ឋាការ​សម្រាប់​និស្សិត​អន្តរជាតិ​ ​អ្នក​ចូល​រួមកម្មវិធីទស្សនកិច្ចសិក្សា និង​អ្នក​ធ្វើការខាង​បណ្តាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ។ ក្រុម​មន្ត្រី​សង្ឃឹម​ថា នឹងដាក់​កំហិត​ថ្ងៃ​ខែ​បញ្ចប់​ជាក់លាក់​ជា​ជាង​អនុញ្ញាតឱ្យ​ទិដ្ឋាការ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​និស្សិតទាំង​នេះទទួលសញ្ញាប័ត្រ​ ឬ​មួយបញ្ចប់​គម្រោងការ​ស្រាវជ្រាវ​របស់​ពួក​គេ។

នៅ​ពេលនេះ អ្នក​មាន​ទិដ្ឋាការ​ប្រភេទ F-1 អាចស្ថិត​នៅ​ក្នុង​ស.រ.អ.​រហូត​ដល់​និស្សិត​នេះបញ្ចប់​កម្មវិធីសិក្សា​មួយ ឬ​មួយ​និស្សិត​នេះ​នៅអាច​បំពេញ​តាមការ​តម្រូវ​នានា​នៃកម្មវិធីសិក្សា​នោះ។

បទបញ្ញត្តិ​មាន​២៥៦​ទំព័រ បាន​ត្រូវ​ស្នើហើយ​ដែលក្រសួងសន្តិសុខ​មាតុភូមិ​ហៅ​កាត់​ថា​ DHS ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៤​ ខែ​កញ្ញា នឹងតម្រូវឱ្យ​មានថ្ងៃ​ខែផុត​កំណត់​៤ឆ្នាំ​ និង​ផ្តល់​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់និស្សិតដែលហ្វឹកហ្វឺន​ខាង​ភាសា​ដោយ​មានលទ្ធភាពមាន​កម្រិត​ក្នុង​ការដាក់ពាក្យសុំ​បន្ត​ទិដ្ឋាការ​នេះ​ត​ទៅ​ទៀត។

តើ​«រយៈពេលនៃ​ឋានៈ»​មាន​និយមន័យ​បែប​ណា​នៅ​ពេល​សព្វថ្ងៃ​នេះ?

«រយៈពេលនៃ​ឋានៈ» ឬ​ជា​ភាសា​អង់គ្លេស​ថា duration of status ​មានន័យ​ថា ជាជាងការកម្រិត​ពេល​វេលា​មួយ​ជាក់លាក់ និស្សិត​អន្តរជាតិ​ម្នាក់​នឹង​ត្រូវ​អនុញ្ញាត​ឱ្យ​ស្ថិត​ក្នុង​ស.រ.អ.​រហូត​ដល់ទទួលសញ្ញាប័ត្រ ដរាប​ណាគេរៀន​គ្រប់​មុខវិជ្ជា​និង​មិនបំពានច្បាប់អន្តោប្រវេសន៍ដូចជា​ធ្វើការ​ដោយ​ខុស​ច្បាប់​ជា​ដើម។

តើនរណា​ខ្លះត្រូវផល​ប៉ះពាល់​ដោយសារគោលការណ៍ណែនាំ​ដែលបាន​ត្រូវ​ស្នើ​នេះ?

​បទបញ្ញត្តិ​នេះ​អាច​មានផល​ប៉ះពាល់ដល់ពួក​ជន​មាន​ទិដ្ឋាការប្រភេទ F, J និង​ I ដែល​បាន​ត្រូវ​អនុញ្ញាតឱ្យ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ននៅ​ក្នុង​ស.រ.អ.ដើម្បី​រៀន​យកសញ្ញាប័ត្រជាន់​ខ្ពស់ ក្រុម​បុគ្គល​មានជំនាញ​ពិសេស​ណា​មួយ​ដែល​បាន​ទទួល​ការ​យល់ព្រមឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​គ្នា​ផ្អែកលើ​ការធ្វើការ​និង​ការ​សិក្សា​និង​ក្រុមអ្នក​កាសែត​បរទេស។

បើ​តាម​ក្រសួងសន្តិសុខ​មាតុភូមិ​ថា​ ពលរដ្ឋ​ដែល​មក​ពីបណ្តា​ប្រទេស​មានអត្រា​ខ្ពស់​នៃ​ការស្ថិត​នៅ​ក្នុង​សហរដ្ឋអាមេរិក​ហួស​ថ្ងៃ​ខែ​កំណត់ក្នុង​ទិដ្ឋាការគឺ​ច្រើន​ជាង​១០%​នោះ ​ត្រូវ​រំពឹង​ថានឹង​មាន​អាច​ស្នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិកមាន​កម្រិត​ត្រឹម​២​ឆ្នាំ។

ពួក​ជនជាតិ​ដើម​ឬ​ពលរដ្ឋពីប្រទេសមាន​ឈ្មោះនៅ​ក្នុង​បញ្ជីនៃ​ក្រសួង​ការ​បរទេស​ស.រ.អ.នៃ​បណ្តារដ្ឋ​ឧបត្ថម្ភ​ភេរវកម្មនឹង​មាន​ការ​កម្រិតឱ្យ​ស្ថិត​នៅ​ក្នុង​ស.រ.អ.តែ​ពីរ​ឆ្នាំ។

តើក្រសួងសន្តិសុខ​មាតុភូមិ​ស.រ.អ.​និយាយ​ដូចម្តេច?

ក្រសួងសន្តិសុខ​មាតុភូមិ​ហៅ​កាត់​ថា​ DHS ​បាន​និយាយ​ថា រយៈ​ពេល​បច្ចុប្បន្ននៃ​គោលនយោបាយ ទៅ​តាម​«​រយៈពេលនៃ​ឋានៈ» នេះ និង«កំណើនច្រើន​គួរ​សម»​នៃនិស្សិត​មាន​ទិដ្ឋាការ​ប្រភេទ F អ្នក​ផ្លាស់​ប្តូរកម្មវិធី​កាន់​ទិដ្ឋាការ​ប្រភេទ J និង​អ្នក​តំណាង​បណ្តាញ​ផ្សាយ​ព័ត៌មានបរទេស​មាន​ទិដ្ឋាការ​ប្រភេទ I ដាក់​ឱ្យ​មាន​«ឧបសគ្គ​ដល់សមត្ថភាព​របស់​ក្រសួងក្នុង​ការ​ឃ្លាំ​មើលនិង​ត្រួតត្រា​ក្រុម​ជន​មិនមែន​ជា​អន្តោប្រវេសន៍ប្រភេទ​ទាំង​នេះ»។

ក្រសួង​សន្តិសុខ​មាតុភូមិ​បាន​និយាយ​បន្ថែម​ថា «ដោយសារហេតុ​នេះក្រសួង​មាន​កង្វល់អំពី​បូរណភាពនៃ​កម្មវិធី​នេះ​និងអំពីលទ្ធភាព​នៃ​កំណើន​គ្រោះថ្នាក់ដល់​សន្តិសុខ​ជាតិ»។

គេហទំព័រ​ព័ត៌មានឧត្តមសិក្សា​ Inside Higher Ed រាយការណ៍​ថា​មានការ​ចុះថយប្រមាណ​១៥%នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀនដោយ​ក្រុម​និស្សិត​ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ ដោយ​មានរួម​បញ្ចូលការ​ចុះថយ​២៥​%​នៃ​ការ​ចុះ​ឈ្មោះរបស់និស្សិតអន្តរជាតិ។ ការ​រក​ឃើញ​នេះអាច​មាន​ន័យ​ថា​ជាការ​បាត់បង់​ប្រាក់​ចំណូល​២៣​ពាន់លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច​ស.រ.អ.។

អ្នក​ស្រី Sarah Spreitzer ជា​នាយិកានៃ​ផ្នែកទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលនៃ​អង្គការ​ក្រុម​ប្រឹក្សា​អាមេរិកាំង​ខាង​ការ​សិក្សាអប់រំ។ អ្នកស្រី​បាន​និយាយ​ថា​មាន​«និន្នាការការ​ចុះថយ» នៃការ​ចុះឈ្មោះក្រុម​និស្សិត​អន្តរជាតិកាល​ពី​៥​ឆ្នាំ​មុន​នេះ ដោយចុះ​ពី​កំណើននៃ​ការ​ចុះឈ្មោះរបស់​ពួក​និស្សិត​បរទេស​ក្នុង​ប្រទេស​អាមេរិក​ដែល​មានរយៈពេល​មួយ​ទសវត្សរ៍។

អ្នក​ស្រី Sarah Spreitzer បានថ្លែង​ថា៖ «អ្វីជា​ច្រើន​ដែលក្រសួងសន្តិសុខ​មាតុភូមិនិយាយ​ថា​ជា​ការ​ខ្វល់​ខ្វាយ​ជាមួយ​ទិដ្ឋាការនិស្សិត ដូច​ជា​និស្សិតដូរកម្រិត​នៃ​ការ​រៀន​សូត្រ​ រយៈពេលពួក​គេ​ចំណាយ​ដើម្បី​ទទួល​សញ្ញាប័ត្រ។ ព័ត៌មានជា​ច្រើនបាន​ត្រូវ​តាម​ដាន​តាម​រយៈ​ប្រព័ន្ធ​ SEVIS រួច​ទៅ​ហើយ»។

SEVIS ជា​ប្រព័ន្ធ​ព័ត៌មាន​អំពី​ក្រុម​និស្សិតនិង​អ្នក​ចូល​រួម​ក្នុង​កម្មវិធី​ផ្លាស់​ប្តូរ​នានា។

អ្នក​ស្រី Sarah Spreitzer​ បាននិយាយ​ថា៖ «ស្ថាប័នរបស់យើង​បាន​ចងក្រងព័ត៌មានទាំង​នេះបញ្ជូនទៅ​ DHS រួច​ស្រេចហើយ​តាមរយៈប្រព័ន្ធ​ [SEVIS] នេះ​ដែល​បាន​ត្រូវ​បង្កើត​ឡើងក្រោយ​ថ្ងៃ [វាយប្រហារ​ភេរវកម្ម] ​ទី១១ ខែ​កញ្ញា ​ឆ្នាំ២០០១។ ដូច្នេះ​ជាការមិន​ច្បាស់លាស់ថា​ តើ​[សំណើ​ថ្មី​នេះ​]នេះនឹងផ្តល់ឱ្យ​ DHS នូវ​ព័ត៌មាន​អ្វី​ថែម​ទៀត​ ដែល​ពួក​គេ​មានហើយ​នោះ»។​

តើអ្វី​នឹងកើត​មាន​ដល់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​អាមេរិក​ហើយ​នោះ?

លោក Stephen Yale-Loehr ជា​សាស្ត្រាចារ្យខាងរឿង​អន្តោប្រវេសន៍នៅ​ឯ​សាកលវិទ្យាល័យ Cornell។ លោក​បាន​និយាយ​ថា បទបញ្ញត្តិ​ថ្មីដែល​បាន​ត្រូវ​ស្នើឡើង​នេះ​ចែង​ថា ​ពួកនិស្សិតអន្តរជាតិកំពុង​ស្ថិត​នៅ​ក្នុង​ស.រ.អ.​រួច​ហើយ​ អាចស្នាក់​នៅ​បន្តតាម​រយៈបទបញ្ញត្តិ​ដែល​មាន​ពីមុន​មក មិន​ឱ្យ​លើស​ពី​៤ឆ្នាំ​ពី​ថ្ងៃខែ​ដែល​បទបញ្ញត្តិ​ចុង​ក្រោយ​ចូល​ជា​ធរមាន។​

លោក Stephen Yale-Loehr ក៏បានថ្លែង​ដែរ​ថា ​បទបញ្ញត្តិនេះអាច​រារាំងការបន្ត​រស់​នៅ​ក្នុង​ស.រ.អ.របស់ពួក​និស្សិត​អន្តរជាតិប្រសិន​បើ​ទីភ្នាក់ងារអន្តោប្រវេសន៍សម្រេច​ថា ​អ្នក​មាន​ទិដ្ឋាការ​ម្នាក់​គ្មាន​ការ​ជឿនលឿនក្នុង​ការ​រៀន​សូត្រ​ឱ្យ​បាន​សញ្ញាប័ត្រ។

លោក Yale-Loehr បាននិយាយ​ថា៖ «បទបញ្ញត្តិដែល​បាន​ត្រូវ​ស្នើ​នេះ​តម្រូវ​ឱ្យ​និស្សិតអន្តរជាតិភាគ​ច្រើនបញ្ចប់​ការសិក្សាក្នុង​រយៈ​ពេល​បួន​ឆ្នាំ មិន​ថា​សញ្ញាប័ត្រ​នោះ​ជា​ធម្មតាត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ទេ។ ជា​ឧទាហរណ៍ និស្សិតរៀន​យក​សញ្ញាប័ត្រ​បណ្ឌិត​ភាគ​ច្រើនជាធម្មតារៀន​ជាង​បួន​ឆ្នាំ​ដើម្បីទទួល​សញ្ញាប័ត្រពួក​គេ»។

តើ​អ្វី​ជា​ហេតុផលសម្រាប់​ការ​បន្ត​ទិដ្ឋាការ?

បទបញ្ញត្តិ​ថ្មីចែង​ថា​សំណុំ​ពាក្យ​សុំ​បន្ត​ទិដ្ឋាការអាចត្រូវ​យល់ព្រម​«ប្រសិន​បើមាន​សេចក្តី​ត្រូវការពេល​បន្ថែម​ដោយសារ​ហេតុផលចាំបាច់ខាង​ការ​សិក្សា​ក្នុង​សាកលវិទ្យាល័យ​ មាន​ឯកសារពេទ្យបញ្ជាក់​ថា និស្សិត​នេះ​មាន​ជំងឺ​ឬ​មាន​កាលៈទេសៈ​ដែលហួសពី​ការ​គ្រប់គ្រង​របស់​និស្សិត​នោះ»។

តើបទបញ្ញត្តិ​នេះចូល​ជា​ធរមាន​នៅ​ពេល​ណា?

បទបញ្ញត្តិ​នេះ​ស្ថិត​ក្នុងដំណាក់កាល​ជា​សំណើនៅ​ឡើយ​ ហើយ​មិន​ចូល​ជា​ធរមាន​ជា​បន្ទាន់​ទេ។​ សាធារណជនមាន​ពេល​៣០​ថ្ងៃដើម្បី​ផ្តល់​មតិ។

បន្ទាប់​មក​ ទីភ្នាក់ងារអន្តោប្រវេសន៍នឹងពិនិត្យ​មើល​មតិ​យោបល់​ទាំង​អស់ ព្រាងបទបញ្ញត្តិចុង​ក្រោយ និង​បញ្ជូន​បទបញ្ញត្តិ​ចុង​ក្រោយនេះ​ទៅឱ្យ​ការិយាល័យ​គ្រប់គ្រង​និងថវិកា​ជាតិដើម្បី​ពិនិត្យ​សើរើ នៅ​មុន​បទបញ្ញត្តិ​ចុង​ក្រោយ​មួយ​អាចចួល​ជា​ធរមាន​បាន។

ដោយសារ​មាន​ជំហាន​ជា​ច្រើន​ទាំង​នោះ ពួក​អ្នក​ជំនាញ​ខាង​ការ​សិក្សា​អប់រំបាន​និយាយ​ថា​ ​ពួក​គេមិន​រំពឹង​ថា បទបញ្ញត្តិ​ចុង​ក្រោយ​មួយ​នឹង​អាចចូល​ជា​ធរមាន​បាន​នៅ​មុនការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ក្នុង​ខែ​វិច្ឆិកាទេ ហើយ​ក៏​មិន​អាច​មាននៅ​មុនប្រធានាធិបតី​ម្នាក់ត្រូវ​ស្បថ​ចូល​កាន់​តំណែង​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ​ទេ។

ទោះ​យ៉ាង​នេះ​ក្តី អ្នក​ជំនាញយល់ឃើញ​ថា បទបញ្ញត្តិ​ថ្មី​នេះជា​ការមិន​លើក​ចិត្ត​មួយ​ដល់​ក្រុម​និស្សិតអន្តរជាតិ​និង​ក្រុម​ជន​ឯ​ទៀតៗ។

អ្នក​ស្រី Sarah Spreitzer ដែល​ជា​នាយិកានៃ​ផ្នែក​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលនៃ​ក្រុម​ប្រឹក្សា​អាមេរិកាំង​ខាង​ការ​សិក្សាអប់រំបាននិយាយ​បន្ថែម​ថា៖ «ការណ៍​នេះ​នឹង​មាន​ផល​ប៉ះពាល់ត​ទៅ​ទៀតដល់​ក្រុម​និស្សិត​ថ្មីៗដែល​ពិចារណាចង់មក​រៀន​ក្នុងស.រ.អ.​ដែល​ប្រហែល​មាន​ជម្រើសទៅ​សិក្សាក្នុង​ប្រទេស​ណា​មួយ​ក្នុង​បណ្តាប្រទេស​ជា​គូ​ប្រជែង​របស់​យើង​ដូច​ជា​ប្រទេស​កាណាដា ចក្រភព​អង់គ្លេស អូស្ត្រាលី​ឬ​ប្រទេស​នូវែលសេឡង់​ជា​ដើម»៕