ចង្កោម​ឆ្លង​ជំងឺ​កូវីដ​១៩​ រំខាន​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា

ក្រុម​កម្មករ​រោងចក្រ​ពាក់ម៉ាស់​ ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

ភ្នំពេញ — ដោយ​សារវិបត្តិ​កូវីដ​១៩ សេដ្ឋ​កិច្ច​កម្ពុជា​បាន​ធ្លាក់​ចុះ​ក្នុង​អត្រា ​–៣,១% កាល​ពី​ឆ្នាំ​ ២០២០។ នេះ​បើ​យោង​តាម​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បាន​រំពឹង​សង្ឃឹម​កំណើន​ងើប​ឡើង​វិញ​ ក្នុង​អត្រា​ ៤% ​ក្នុង​ឆ្នាំ​ ២០២១​ នេះ ដោយ​មើល​ឃើញ​ពី​ការ​ទប់​ទល់​បាននឹង​ជំងឺ​នេះ ដោយ​សារ​មិន​មាន​ការ​ឆ្លង​ទ្រង់ទ្រាយ​ធំ មុន​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ។

ប៉ុន្តែ​ដោយ​សារ​វត្តមាន​នៃ​ការ​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​១៩​ ក្នុង​សហគមន៍ធំ​បំផុត​ដែល​មិន​ធ្លាប់​មាន គឺចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​ ២០ ខែ​កុម្ភៈ​មក ក្រុម​សេដ្ឋវិទូ​បាន​សម្ដែង​ក្ដី​បារម្ភ​ថា ​ក្ដី​រំពឹង​ទុក​អំពី​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ចជាមួយ​កំណើន​វិជ្ជមាន​នៅ​ឆ្នាំ​នេះ អាច​នឹង​រង​ការ​រំខាន។

ក្នុង​ពេល​ត្រឹម​តែ​ ២០ ​ថ្ងៃ​ចុង​ក្រោយ កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កូវីដ​១៩ ​ក្នុង​សហគមន៍​ចំនួន​ ៧១២ ​ករណី ​និង​បានកត់ត្រា​ការ​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​១៩ ​ជា​លើក​ដំបូង​ លើ​បុរស​ម្នាក់​វ័យ ​៥០​ ឆ្នាំ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ទីតាំង​អាជីវកម្ម​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក​បណ្តោះ​អាសន្ន ហើយ​ក្រសួង​សុខា​ភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ផ្ទះ​ បើ​មិនមាន​កិច្ចការ​ចាំបាច់​ចេញ​ទៅ​ក្រៅ។

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិននៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក​បណ្ឌិត គី សេរីវឌ្ឍន៍ បាន​លើក​ឡើង​ថា ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ទប់​ទល់​គ្រប់​គ្រង​ការ​ឆ្លង​នេះ​ឱ្យ​បាន​លឿន​បំផុត។ អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បាន​ប៉ាន់​ប្រមាណថា ​វិស័យ​សេវាកម្ម​ រួម​មាន​សេវា​កម្សាន្ត ភោជនីយ​ដ្ឋាន ការ​ដឹកជញ្ជូន និង​សេវា​នានា បានធ្លាក់​ចុះ​អស់​ប្រមាណ​ ៨០​%។

លោក​ប្រាប់​ VOA ​ថា៖ «ព្រឹត្តិការណ៍​នេះ​បើ​នៅ​តែ​បន្ត ខ្ញុំ​ជឿ​ថា សេដ្ឋកិច្ច​របស់​យើង​មិន​អាច​ Rebound ​(ងើបត្រឡប់​វិញ) បាន​ទេ លុះ​ត្រា​តែ​យើង​គ្រប់​គ្រង​សភាព​ការណ៍​នេះ​ឱ្យ​បាន បាន​អាច​សង្ឃឹម​ថា​ Rebound មក​វិញ​បាន»។

លោក​បណ្ឌិត គី សេរីវឌ្ឍន៍​ បន្ថែម​ថា ​រដ្ឋាភិបាលគួរ​ពិនិត្យ​ជម្រើស​បិទ​ចរាចរណ៍​ក្នុង​ទីក្រុង​មួយ​ខែ​ ដើម្បី​កាត់​ផ្ដាច់​ខ្សែ​ចម្លង​ ទើប​អាច​ឆាប់​ធ្វើ​ឲ្យ​ប្រសើរឡើងមកវិញ បូក​ជាមួយការ​ពង្រាយ​ចាក់​វ៉ាក់​សាំង​ដែល​គ្រោង​ឱ្យ​បាន​មនុស្ស​ជិត ​១ ​លាន​នាក់ ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​នេះ។

លោក​បន្ត​ថា៖ «វ៉ាក់​សាំង​នេះ​បើ​សិនយើង​ចាក់​រួច​រាល់​ហើយ ទប់ស្កាត់​ការ​ឆ្លង​បាន​ហើយ នោះ​បាន​ពាក់​កណ្ដាល​ឆ្នាំ បាន​ន័យថា ​សេដ្ឋកិច្ច​របស់​កម្ពុជា​អាច​បូក​សង​គ្នា​ទៅ។ បើ​យើង​អាច​ទប់​ជាប់​ក្នុង​ស្ថាន​ការណ៍ក្នុង​ខែ ​៦ ​ឬ​ខែ​ ៧​ នេះ យើង​អាច​មាន​ភាព​ប្រសើរ​មក​វិញ សេដ្ឋកិច្ច​កម្ពុជា ​បើ​យើង​ស្មាន​ជា​ត្រួសៗ​ អាច​នឹង​មាន​កំណើន​ ១% ​ទៅ ​២%​ ក្នុង​ចន្លោះ​ប៉ុណ្ណឹង»។

អាជីករលក់ចំណីអាហារម្នាក់ដែលមានពាក់ម៉ាស់ ដើរលក់នៅសួនក្បែរព្រះបរមរាជវាំង ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

ចំណែក​លោក​បណ្ឌិត ឆេង​ គឹម​ឡុង​ នាយក​មជ្ឈ​មណ្ឌលនវានុវត្តន៍ផ្នែកអភិបាល​កិច្ចនិងប្រជាធិប​តេយ្យនៃវិទ្យា​ស្ថានចក្ខុវិស័យអាស៊ី (AVI) បាន​លើក​ឡើង​ថា​ ស្ថានភាព​បច្ចុប្បន្ន​ប៉ះ​ពាល់​ធំ​បំផុត​លើ​សហគ្រាស​ធុនតូច​និង​មធ្យម វិស័យ​ផលិត​កម្ម​បម្រើ​ការ​ប្រើប្រាស់​ក្នុ​ង​ស្រុក​និង​ការ​នាំ​ចេញ។

«ដែល​លទ្ធភាព​ចុង​ក្រោយ​គេ លទ្ធភាព​ក្នុង​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​ក្រៅ​ស្រុក ប្រហែល​ជា​អាច​អាក់​ខាន ដែល​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​ ២០​២១​ នេះ អាច​កើន​ក្នុង​កម្រិត​ទាប​ជាង​ការ​រំពឹងទុក​ដោយក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ»។

លោក​បណ្ឌិត ឆេង គឹមឡុង លើក​ឡើង​ថា ​រដ្ឋា​ភិបាល​គួរ​បន្ត​ការ​ឧបត្ថម្ភ​ធន​ក្នុង​ប្រព័ន្ធ​គាំពារ​សង្គម ចាក់​បញ្ចូល​សាច់​ប្រាក់​ក្នុង​សេដ្ឋកិច្ច និង​អាចពិចារ​ណា​ការ​អន្តរាគមន៍​សារ​ពើ​ពន្ធ​ រួម​មាន​ទាំង​ការ​លើក​លែង​ពន្ធដារ​ក្នុង​កម្រិតណាមួយជាដើម ដើម្បី​បញ្ចៀស​ការ​ក្ស័យ​ធនទ្រង់ទ្រាយ​ធំ​ក្នុង​វិស័យឯក​ជន។

ការ​បង្កើន​ចំណាយ​ក្នុង​ពេល​ចំណូល​មាន​កម្រិត ខណៈ​រដ្ឋាភិបាល​អនុវត្ត​វិធាន​ការ​ចំណាយ​ត្បិត​ត្បៀតតាំង​ពីឆ្នាំ​ ២០២០ បាន​ន័យថា​ បន្ទុក​បំណុលខ្ចី​ពី​បរទេសនិង​ប្រភពចំណូល​ផ្សេង​ទៀត ត្រូវ​កើន​ឡើង​។ នេះ​បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ។

ក្នុង​ឆ្នាំ ​២០២០ បំណុល​បរទេស​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​កើន​ឡើង​ ១.២៦៣​លាន​ដុល្លារ​ ពី​ ៧.៥៩៦​លាន​ដុល្លារ ​ត្រឹម​ដំណាច់​ឆ្នាំ ២០១៩ទៅដល់​ ៨.៨៥៩​លានដុល្លារអាមេរិក ត្រឹម​ដំណាច់ខែ​ធ្នូ​ កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​ក្រសួង​សេដ្ឋ​កិច្ចនិងហិរញ្ញវត្ថុ។

លោក​បណ្ឌិត ឆេង គឹមឡុង លើក​ឡើង​ថា៖ «ធ្វើ​ទៅ​តាម​លទ្ធភាព​ដែល​ធ្វើ​ទៅ​បាន។ ធ្លាក់​ចុះ​ក្នុងរយៈ​ពេល​ខ្លី ក៏​ប៉ុន្តែ​វា​នឹង​ជួយ​ជំរុញ​កុំ​ឱ្យ​សហ​គ្រាស​ពាណិជ្ជកម្ម​អាជីវកម្ម​ធុរកិច្ច​ទាំង​អស់​នោះ​ក្ស័យ​ធន បិទ​ទ្វារ​ដែល​មាន​ផល​វិបាក​កាន់​តែ​ធ្ងន់​ធ្ងរ​។ មាន​ន័យ​ថា និយាយ​ទៅ ទាំង​ផ្នែក​រដ្ឋ ទាំង​ផ្នែក​ឯកជន កំពុង​តែ​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់ទាំង​អស់​គ្នា អ៊ីចឹង​មាន​តែធ្វើ​យ៉ាង​ណា​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន»។

លោក​បណ្ឌិត ឆេង គឹមឡុង បន្ថែម​ថា៖ «ហើយ​សំខាន់​ជាង​គេ​បំផុត មែន​ទែន​ទៅ គឺ​ការ​ពារ​កុំ​ឱ្យ​ឆ្លង​រីក​រាល​ដាល ប៉ះ​ពាល់​ខូច​ខាត​ដល់​សុខភាព​សាធារណៈ បាទ! ហើយ​កាលណា​ឆ្លង​រីករាល​ខ្លាំង លទ្ធភាព​ក្នុង​ការ​ជំរុញ​ស្ដា​សេដ្ឋកិច្ច​ឡើង​វិញនេះ ក៏​មាន​តិច​តួច​ដែរ»។

VOA មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក មាស សុខសេនសាន អ្នក​នាំពាក្យ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​នៅ​ឡើយ​ទេ។

អគ្គលេខាធិការនៃ​សមាគម​រោង​ចក្រ​កាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ លើក​ឡើងថា​វិស័យ​ឯក​ជន​ស្ថិត​ក្នុង​កម្រិត​ប្រុង​ជើង​ការ​ខ្ពស់ ប្រឈម​នឹង​ស្ថាន​ការណ៍​ឆ្លង​រាល​ដាល​ឥត​ស្រាក​ស្រាន្ត​នេះ។

តំណាង​និយោជក​រោងចក្រ​កាត់ដេរ​រូប​នេះ បាន​ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិក​ថា៖ «យើង​បន្ត​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ប្រកាន់​យក​នូវ​វិធាន​ការ​តឹង​តែង​ដើម្បី​ព្យាយាម​បញ្ចៀស​ការ​ឆ្លង​រាល​ដាល​តាម​បណ្ដា​រោង​ចក្រ។ ជា​ការ​ពិតណាស់ បច្ចុប្បន្ន​យើង​មាន​ក្ដី​បារម្ភ​ជាង​សព្វ​មួយ​ដង តែ​បណ្ដា​រោងចក្រ​ទាំង​អស់​នៅ​ដំណើរ​ការ​ជា​ធម្មតា​ទេ​»។

រូបឯកសារ៖ កម្មករ​នៅ​រោងចក្រ​មួយ​កំពុង​ដេរ​សម្លៀកបំពាក់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M កម្ពុជា​ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៨។

សន្ទុះ​នៃ​ការឆ្លងក្នុង​សហគមន៍​នេះ​បាន​រាលដាល​រហូតមាន​ការ​បិទ​លែង​ឱ្យ​មានចរាចរណ៍ចេញ​ចូល​ខេត្ត​ព្រះសីហនុ ទី​ដែល​ករណីឆ្លង​មាន​លើស ១០០ ​ករណី​។

អ្នកស្រី វឿន ស៊ីវន អាជីវករ​លក់​សាច់​មាន់​នៅ​ផ្សារលើ​ក្នុង​ក្រុង​ព្រះសីហនុ បាន​លើក​ឡើង​ថា ​ការ​លក់​ដូរ​របស់​អ្នកស្រីធ្លាក់​ចុះ​រង្វង់​ ៧៥​% អំឡុង​ពេល​មាន​ការ​ផ្ទុះ​ឆ្លង​នេះ។

«ស្ងាត់! ពី​មុន ​[ព្រឹត្តិការណ៍​២០ កុម្ភៈ]​ ក៏​ស្ងាត់​ដែរ តែ​មិន​ដូច​ឥឡូវ។ ស្ងាត់​ពី​មុន​មាន​ម៉ូយ​អីវ៉ាន់ មក​កុម្ម៉ង់​ឥវ៉ាន់​ធម្មតា តែ​ឥឡូវ​ស្ងាត់​ខ្លាំង​តែ​ម្ដង ... ចាស៎ ធ្លាក់​ខ្លាំង តែ​បន្តិច​ទៀត បែប​ធ្លាក់​ដល់​សូន្យហើយ​មើល​ទៅ បើ​ស្ងាត់​ម្លឹងៗ​ហ្នឹង អត់​មាន​ឡាន​អត់​មាន​ម៉ូ​តូ​នៅ​តាម​ផ្លូវផង​ល្ងាច​ឡើង»។

អាជីវករ​ដែល​លក់ដូរ​នៅផ្សារ​លើ​ជាង​ ១០ ​ឆ្នាំ​រូប​នេះ ថា​ខ្លួន​នៅ​តែ​បន្ត​មក​លក់​ទោះ​ភ័យ​ខ្លាចឆ្លង​វីរុស។

«អត់​ខ្លាច​ម៉េច ខ្លាច​ឆ្លង​ដែរ​ហ្នឹង តែ​មិនដឹង​ធ្វើ​យ៉ាង​ម៉េច​បើ​យើង​ជំពាក់​ធនាគារ»។

អ្នកស្រី វឿន ស៊ីវន បាន​ខ្ចី​ប្រាក់​ពី​ធនាគារ​មួយក្នុង​ទឹក​ប្រាក់​ ២៥.០០០​ដុល្លារ​អាមេរិក ​ដើម្បី​យក​ទៅ​សា​ងសង់​ផ្ទះ​ជួល​នៅ​ស្រុក​ព្រៃ​នប់ តែ​អ្នកស្រី​កំពុង​បារម្ភ​ថា ​មិន​មាន​ចំណូល​គ្រ​ប់​គ្រាន់​ដើម្បី​បង់​ធនាគារ ខណៈការ​លក់ដូរ​នៅ​ផ្សារ​លើ​ក៏ស្ងាត់ ហើយការ​ជួលផ្ទះ​ក៏​មិន​កាក់​កប​ដូច​បំណង។

លោក​បណ្ឌិត ឆេង គឹមឡុង នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី បង្ហាញ​ក្ដី​បារម្ភ​ពីវិបត្តិ​ឥណទាន​មិន​ដំណើរការ​របស់​ពលរដ្ឋ​មួយ​ចំនួន ចំ​ពេល​ចំណូលធ្លាក់​ចុះ​ដែល​នឹង​ដាក់​បន្ទុក​ដល់​សេដ្ឋកិច្ច​អំឡុង​វិបត្តិ​កូវីដ​១៩​ ឆ្លងរាល​ដាល​ក្នុង​សហគមន៍​លើកនេះ​។

«ធ្វើ​ឱ្យ​អ្នក​ខ្ចី​បុល​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះរឹត​តែ​មាន​បន្ទុក​បន្ថែម បាន​ន័យថា​ គាត់​ខ្ចី​លុយ​គេ​យក​មក​រក​ស៊ី តែ​អត់​មាន​ប្រាក់​ចំណេញ អត់​មាន​លុយសង​គេ រឹត​តែ​ជា​បន្ទុក​បន្ថែម»។

លោក Miguel Chanco អ្នកវិភាគ​សេដ្ឋកិច្ច​ជាន់​ខ្ពស់ ប្រចាំក្រុមហ៊ុន​ពិគ្រោះ​យោបល់ Pantheon Macroeconomics លើក​ឡើង​ថា ​កត្តានៃ​ការ​ងើប​ឡើង​វិញ​បាន​នៃ​សេដ្ឋកិច្ច​កម្ពុជា ក៏ត្រូវពឹងអាស្រ័យ​លើ​សញ្ញាណ​នៃ​ការ​រើប​មក​វិញ​នៃ​សេដ្ឋកិច្ច​សកល​ផង​ដែរ ពិសេស​វិស័​យ​ទេស​ចរណ៍។

អ្នក​ជំនាញ​រូប​នេះ​ប្រាប់​វីអូអេ​តាម​សារ​អេឡិច​ត្រូនិកក្នុង​ន័យ​ដើម​ថា៖ «ភាគ​ច្រើន​ត្រូវ​រំពឹង​ទៅ​លើ​ថា តើ​ការ​ធ្វើ​ដំណើរ​ជា​អន្តរជាតិ​អាច​ត្រឡប់​មក​ជា​ប្រក្រតី​វិញបាន​ឆាប់​ប៉ុណ្ណា ដែល​ការណ៍នេះ​សំខាន់​ក្រៃលែង​សម្រាប់​ការ​សះជា​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ ដែល​នេះ​នឹង​ពឹង​អាស្រ័យ​លើ​ល្បឿន​នៃការពង្រាយ​ចាក់​វ៉ាក់សាំង​ក្នុង​ផ្ទៃ​ប្រទេស និង​តាម​បណ្ដា​ប្រទេស​ជា​ប្រភព​ទីផ្សារ​ទេសចរ​គន្លឹះ​នានា​ដូចជា ចិន វៀត​ណាម ថៃ និង​កូរ៉េជាដើម»៕