ព្រះ​អង្គ​ម្ចាស់​នរោត្តម រណឫទ្ធិ​ដាក់ពាក្យ​សុំ​បង្កើត​គណបក្ស​ថ្មី

ព្រះអង្គម្ចាស់​នរោត្តម​រណឫទ្ធិ​បាន​ប្រាប់​វីអូអេ​អំពី​ការ​បង្កើត​​​គណបក្ស​​នយោបាយ​ថ្មី​​​របស់​ព្រះអង្គ។

អតីត​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិចដែល​ត្រូវ​ទម្លាក់​ពី​ដំណែង បាន​ដាក់សំណើ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​នៅ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ដើម្បី​សុំ​ការ​អនុញ្ញាត​បើក​គណបក្សនយោបាយ​ថ្មី​ជា​ផ្លូវ​ការ​គឺ​គណបក្សសង្គម​រាស្ដ្រ​រាជា​ធិបតេយ្យ។​

ក៏​ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​ដំណើរ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​មាន​ទុទិដ្ឋិនិយម​ចំពោះ​ជោគ​វាសនា​នៃ​គណ​បក្ស​ថ្មី​នេះ។​

លោក​អានន្ត ​ដាយ៉ាត ​នាយក​ខុទ្ទកាល័យ​ព្រះអង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ ​បានដាក់ពាក្យ​ស្នើ​សុំ​បង្កើត​គណបក្ស​នេះ​ទៅកាន់​ការិយាល័យ​រដ្ឋ​បាល ​និង​របៀប​នៃក្រសួង​មហាផ្ទៃ​កាល​ពី​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​នេះ។​

«នៅ​វេលាម៉ោង​២​កន្លះ​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ គណបក្ស​សង្គម​រាស្ដ្រ​រាជាធិបតេយ្យ​បាន​ដាក់​ឈ្មោះ​និង​ឯកសារ​ជូន​ក្រសួង​មហាផ្ទៃ​រួច​ហើយ​ដើម្បី​បង្កើត​គណបក្ស​នយោបាយ»។​
យោង​តាម​ច្បាប់នៃ​ការ​បង្កើត​គណបក្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រសួង​មហាផ្ទៃ​មានពេល​ពីរ​សប្តាហ៍​ដើម្បីឆ្លើយ​តប​សំណើ​សុំ​បង្កើត​គណបក្ស​ថ្មី។​

លោក​អានន្ត​ ដាយ៉ាត​មាន​ប្រសាសន៍​ថា​ គណបក្ស​ថ្មី​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិនឹង​ស្នើ​សុំ​ចុះ​បញ្ជីគណបក្ស​នយោបាយ​ ​ក្រោយ​ពី​ការ​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​គណបក្ស​នេះ។​

«នៅ​ពេល​នេះ​គឺ​យើង​ដាក់​ពាក្យ​សុំ​បង្កើត​គណបក្ស​នយោបាយ​គឺ​មិន មែន​ចុះ​បញ្ជី​គណបក្ស​នយោ​បាយ​ទេ។ ​ដំណាក់​កាល​ទី​២​គឺ​សុំ​ចុះ​បញ្ជី​គណបក្ស​ជាមួយ​ក្រសួង​មហា​ផ្ទៃ​ គឺ​ពីរ​សប្តាហ៍​ក្រោយ​ពី​យើង​ដាក់​ពាក្យ​សុំ​បង្កើត​គណ​បក្ស​នយោបាយ»។​

លោក​ឧត្តមសេនីយ៍ឯក​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃបញ្ជាក់​ថា​ ក្រសួង​បាន​ទទួល​ពាក្យ​ស្នើ​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ដើម្បី​បង្កើត​គណបក្ស​ថ្មី​ហើយ។​

ព្រះ​អង្គម្ចាស់​រណឫទ្ធិ​ធ្លាប់​គង់ជា​ប្រធាន​គណបក្ស​ហ៊្វុមស៊ីនប៉ិច​និង​បាន​ទទួល​ជ័យ​ជំនះ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​ឧសភា​ឆ្នាំ​១៩៩៣​ ហើយ​ព្រះ​អង្គ​បាន​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​១​ ហើយលោក​ហ៊ុន សែន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ទី២​ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជាបាន​គំរាម​ផ្តាច់​ខេត្ត​មួយ​ចំនួន​យក​ទៅ​គ្រប់​គ្រង​ដើម្បី​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត។

ក្រោយមក​ទៀត​ ព្រះ​អង្គ​ត្រូវ​ទម្លាក់​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ទី១​ដោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម​នៅ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​១៩៩៧​ រវាងកងទ័ព​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គ​ និង​កងទ័ព​ដែល​ស្មោះត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​
នៅ​ទី​បំផុត​គឺ​នៅ​ខែ​តុលា​ឆ្នាំ​២០០៦ ​ព្រះអង្គ​ត្រូវ​ទម្លាក់​ចេញ​ពី​ប្រធាន​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច។ ក្រោយ​ពីនោះ​ ដំណើរ​នយោបាយ​របស់​ព្រះ​អង្គ​ហាក់ដូច​ជា​តែលតោល ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​បរាជ័យ​ក្នុង​ការ​បោះឆ្នោត​ជា​បន្តបន្ទាប់​និង​វិលវល់​ជុំវិញ​ជម្លោះ​ជាមួយ​នឹង​ផ្ទៃ​ក្នុង ​និង​ជម្លោះ​ជាមួយ​អតីត​គណបក្ស​របស់​ព្រះអង្គ​គឺ​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច។​

លោក​នី ចរិយា ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ និង​ជា​អ្នក​តាម​ដាន​សភាព​ការណ៍​នយោបាយ​មួយរូប​មាន​ប្រសាសន៍​ថា ​ថ្វីត្បិតតែ​ព្រះ​អង្គម្ចាស់​រណឫទ្ធិ​យាង​ចូល​ធ្វើ​នយោបាយ​វិញក្តី​ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ទំនង​ជា​ផ្តោត​តែ​លើ​គណបក្ស​សក្តានុពល​តែ​ពីរ​ប៉ុណ្ណោះ។​ ​

«សម្រាប់​គណបក្ស​ថ្មី​ចាប់​ពី​ពេល​នេះ​ទៅ​គឺ​គ្មាន​វាសនា​នឹង​ទទួល​បាន​លទ្ធផល​ទេ ​ពី​ព្រោះ​ស្ថាន​ភាព​នយោ​បាយ​បច្ចុប្បន្ន​មាន​តែ​ការ​ប្រកួត​ប្រជែង​ពីរ​គណបក្ស​ទេ​ ចាប់​ពី​ពេល​នេះ​ទៅ​ គឺ​គណបក្ស​ប្រជា​ជន​និង​គណបក្ស​សង្គ្រោះ​ជាតិ»។​

ព្រះ​អង្គម្ចាស់​នរោត្តម​រណឫទ្ធិ​ធ្លាប់​បាន​ប្រកាស​លាឈប់​ពី​ជីវិត​នយោបាយ​ មុនពេល​ព្រះអង្គ​ប្រកាស​បង្កើត​គណ​បក្ស​ថ្មីនេះ។​

នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី និង​លោកកឹម សុខា​និង​គណបក្ស​ហ៊្វុនស៊ីន​ប៉ិច ​ប៉ុន្តែ​ព្រះអង្គ​មិន​បាន​ធ្វើការ​រិះគន់​ណាមួយ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ទេ៕