អ្នកវិភាគ៖ ការ​យាង​ត្រឡប់​របស់​សម្ដេច​ក្រុម​ព្រះ​ ពិបាក​អង្រួន​ឆាក​នយោបាយ

រូបឯកសារ៖ អ្នកគាំទ្រម្នាក់ឈរលើរថយន្តដែលមានដោតទង់ជាតិខ្មែរនិងទង់គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ ក្នុង​ថ្ងៃ​ដំបូង​ការ​ឃោស​នា​បោះ​ឆ្នោត​​ថ្នាក់ជាតិ នៅរាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់​ សុគុំ​មនោ​/វីអូអេ)

ភ្នំពេញ — កាលពី​ពាក់​កណ្តាល​ខែ​មករា មន្ត្រី​នាំ​ពាក្យ​គណបក្ស​រាជានិយម​ហ៊្វុន​ស៊ីន​ប៉ិច​មួយ​រូប​គឺ​លោក ផាន់​សិទ្ធី​ ​បាន​ប្រាប់​សន្និសីទ​កាសែត​មួយ​ថា​ ព្រះអង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ​ នឹង​យាង​ត្រឡប់​មក​ធ្វើ​ជា​ព្រះ​ប្រធាន​ដឹកនាំ​គណបក្ស​រាជានិយម​នេះ​សាជាថ្មី​ម្តង​ទៀត​ ដើម្បី​កៀរគរ​សំឡេង​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០២២​ និង​ការបោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០២៣។​

ផែនការ​យាង​ត្រឡប់​មក​វិញ​នេះ​កើតមាន​ឡើង​ បន្ទាប់​ពី​ព្រះអង្គ​បាន​ជា​សះស្បើយ​ឡើង​វិញ ក្រោយពី​បាន​យាង​ទៅ​ព្យាបាល​របួស​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​បី​ឆ្នាំ​មុន និង​គង់​នៅ​ក្នុង​ប្រទេស​បារាំង។

ក៏ប៉ុន្តែ​ ក្រុម​អ្នកវិភាគ​ប៉ាន់ស្មាន​ថា គណបក្ស​ហ្វ៊ុន​ស៊ីនប៉ិច​ទំនង​ជា​មិន​អាច​ធ្វើ​ឲ្យ​រង្គើ​ឆាក​នយោ​បាយ​កម្ពុជា​ជា​ថ្មី​ទៀត​ទេ ​ហើយ​គណបក្ស​ដែល​ត្រដរ​ដង្ហើម​ដើម្បី​រស់​មួយ​នេះ ក៏​មិន​អាច​ដើរ​តួ​ជា​បក្ស​ប្រឆាំង​ ដែល​ហ៊ាន​តទល់​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដែរ។

លោក​បណ្ឌិត​ អៀ សុផល​ សាស្ត្រាចារ្យ​ផ្នែក​ការទូត​និង​កិច្ចការ​អន្តរជាតិ​នៅ​មហាវិទ្យាល័យ Occidental ទីក្រុង ​Los Angeles បានថ្លែង​ក្នុង​សារ​អ៊ីមែល​មួយ​ថា ​ព្រះអង្គ​ម្ចាស់​ ដែល​ម្តង​ដើរ ចេញ​ពី​នយោបាយ​និង​ម្តង​ត្រឡប់​មក​វិញ​អង្គ​នេះ ​លែង​មាន​ឥទ្ធិពល​នៅ​កម្ពុជា ក្រោម​ហេតុផល​ថា​ទ្រង់​មាន​ប្រវត្តិ​នៃ​ការ​មិន​គោរព​ការ​សន្យា​ជាច្រើន​របស់​ទ្រង់​ កន្លងមក​នោះ។

លោក​អធិប្បាយ​ថា៖ «ខ្ញុំ​គិត​ថា​ ឆាក​នយោបាយ​បាន​ចាក​ចេញ​ពី​ទ្រង់​ហើយ។ ​និយាយ​ដោយ​ស្មោះ​ត្រង់​ភាព ​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​របស់​អ្នក​នយោបាយ​មួយ​រូប ​គឺ​មាន​មិន​ច្រើន​ទេ ប៉ុន្តែ​នៅ​ក្នុង​ករណី​នេះ ​ខ្ញុំ​គិត​ថា​ មាន​ប្រវត្តិ​យូរលង់មួយ​នៃ​ការ​ផ្តល់​សន្យា​ជាច្រើន​ ដែល​មិន​បាន​អនុត្តន៍​តាម​នោះ​ទេ»។​

លោក អៀ សុផល ​កត់​សម្គាល់​ថា ការ​យាង​ត្រឡប់​របស់​ព្រះអង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ ​មក​ចូលរួម​ជីវភាព​នយោ​បាយទំនង​ដូច​ជា ឆាក​ល្ខោន​សម្តែង​ឲ្យ​តែ​ល្អ​មើល។​

លោក​បន្ថែម​ថា៖ «វា​ដូចជា​រឿង​ល្ខោន ចប់​មួយ​វគ្គ​ចូល​មួយ​វគ្គ​ទៀត។ ខ្ញុំ​ចាំ​មិន​បាន​ច្រើន​ទេ​នូវ​ឈុតឆាក​ចុងក្រោយ ​គឺ​ដូចជា​អំពី​ដី​របស់​គណបក្ស​ដែល​ត្រូវ​បាន​លក់​នោះ? ​ខ្ញុំ​មើល​ទៅ​ គាត់​បានចាកចេញ​ឥឡូវ​គាត់​ត្រឡប់​មក​វិញ​ហើយ»។​

កាលពី​ចុងខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៧ ព្រះអង្គ​ម្ចាស់ នរោត្តម ​រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ីនប៉ិច និង​ក្រុម​មន្ត្រី​ក្រោម​ការដឹកនាំ​របស់​ព្រះ​អង្គ ៤០ ​រូប​ផ្សេង​ទៀត ​បាន​ទៅ​អង្គុយ​កៅអី​សភា​ជំនួស​ឲ្យ​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​តុលាការ​កំពូល​រំលាយ​គណ​បក្ស​នេះ​ ហើយ​មេដឹកនាំ​របស់​គណបក្ស​គឺ​លោក ​កឹម សុខា​ ​ត្រូវ​បានចាប់​ខ្លួន​លើ​បទ​ចោទ​ប្រកាន់​ពី​ការ​ក្បត់​ជាតិ។

នៅ​ពេល​ចូល​ដល់​សភាទាំង​ព្រះ​អង្គ​ម្ចាស់ និង​មន្ត្រី​មួយចំនួន​របស់​ព្រះអង្គ​បញ្ជាក់​ថា ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​ស្លាប់​នៅ​ឡើយ ហើយ​ជា​ឱកាស​មួយ​សម្រាប់​គណបក្ស​រាជានិយម​មួយ​នេះ ចូលរួម​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ធំៗ​ ដូចជា​វិបត្តិ​ដី​ធ្លី​ជាដើម។

ប៉ុន្តែ​ ក្រោយការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ ក្រុម​មន្ត្រី​ដែល​ជា​តំណាង​រាស្ត្រ​របស់​គណបក្ស​ហ៊្វុន​ស៊ីន​ប៉ិច គ្មាន​សំឡេង​ក្នុង​សភា​ទៀត​ទេ ហើយ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​សង្គ្រោះជាតិ​ នៅ​ស្ថិត​ជា​ការបារម្ភ​របស់​ក្រុម​ប្រទេស​នៅ​លោក​ខាង​លិច ​និង​រដ្ឋ​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត។

រូបឯកសារ៖ ព្រះអង្គម្ចាស់ នរោត្តម រាណឬទ្ធិ ចូលរួមសមាជរបស់គណបក្សហ្វ៊ុនស៊ីនប៉ិច នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥។

គ្រោះ​អាក្រក់​មួយ​ ក៏​បាន​កើតឡើង​ចំពោះ​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឫទ្ធិ ​និង​អ្នកម្នាង​របស់​ទ្រង់​កាល​ពី​ពេល​មុន​ការ​បោះឆ្នោត​ជាតិឆ្នាំ​ ២០១៨ ​គឺ​ប្រហែល​ជា​កន្លះ​ឆ្នាំ​ក្រោយគណបក្ស​ទ្រង់​ទទួល​បាន​កៅអី​សភា​ស្ទើរតែ​ទាំង​អស់​របស់​គណបក្សសង្គ្រោះ​ជាតិ។

កាល​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ ព្រះអង្គ​ម្ចាស់​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្តាល​ឲ្យ​អ្នក​ម្ខាង អ៊ុក ផល្លា ស្លាប់ និង​ធ្វើ​ឲ្យ​ព្រះអង្គ​រង​របួស​ធ្ងន់។

លោក​បណ្ឌិត ​អៀ សុផល ​ដែល​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ យល់ឃើញ​ថា ​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច​របស់​ទ្រង់ រណឫទ្ធិ​ គ្មាន​ទម្ងន់​នយោបាយ​ ដើម្បី​បាន​ក្លាយ​ជា​គណបក្ស​ប្រឆាំង​ក្នុង​សភា ​ដូច​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​បាន​បង្ក​ការភ័យខ្លាច​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​អធិប្បាយ​បន្ថែម​ថា៖ «ខ្ញុំ​មិន​ជឿ​ថា គណបក្ស​នយោបាយ​របស់​ព្រះអង្គ​ម្ចាស់​ជា​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ​ទេ។ និយាយ​សាមញ្ញ​ស្រួល​ស្ដាប់ ​វា​គ្រាន់តែ​ជា​ការ​ពង្រីក​ឲ្យ​ធំ​ឡើង​របស់​គណបក្ស​អំណាច។ រហូត​មក​ដល់​ពេល​នេះ ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រាន់​តែ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ន័យ​ថា​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្ក​ការភ័យ​ខ្លាច​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាំង​ជា​ទី​បំផុត។ បក្ស​សង្គ្រោះ​ជាតិ​គ្រា​នោះ​ បង្ក​វិបត្តិ​ដល់​ការ​រស់រាន​មាន​ជីវិត​របស់​បក្សប្រជាជន»។

ព្រះអង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ ជា​អតីត​នាយករដ្ឋ​មន្ត្រី​ទី​មួយ​ ក្រោយ​ការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​ ១៩៩៣។

នៅ​ឆ្នាំ ​១៩៩៧ ព្រះ​អង្គ​ម្ចាស់​ត្រូវ​ទម្លាក់​ចេញ​ពី​តំណែង​ជា​សហ​នាយករដ្ឋ​មន្ត្រី​ នៅ​ក្នុង​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ ​ដោយ​កងទ័ព​ដែល​មាន​ភក្ដីភាព​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច​បាន​ប្រយុទ្ធ​ចាញ់ កងទ័ព​ដែល​ស្មោះ​ស្ម័គ្រ​ជា​មួយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​ពីរ។

ចាប់​តាំង​ពី​ព្រះ​អង្គ​បាន​វិល​ត្រឡប់​មក​កាន់​នយោបាយ​វិញ​នា​គ្រា​នោះ ព្រះ​អង្គ​បាន​សន្យា​ធ្វើ​ការ​ជាមួយ​លោក ហ៊ុន សែន អតីត​គូ​ប្រ​ជែង​និង​ជា​នាយករដ្ឋ​មន្ត្រី​ ដែល​កាន់​អំណាច​ដ៏​យូរ​អង្វែង។

​ព្រះ​រាជបុត្រា​អង្គនេះ​របស់​ព្រះ​បរមរតនៈកោដិ ន​រោត្តម សីហនុ​ បាន​ត្រឡប់​មក​កាន់​ឆាក​នយោបាយ​លើក​ចុងក្រោយ​នៅ​ឆ្នាំ​ ២០១៥​ ដើម្បី​ដឹកនាំ​គណ​បក្ស​រាជានិយម​ហ៊្វុន​ស៊ីនប៉ិច។

លោក ​ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ យល់ឃើញ​ថា ម្ចាស់​ឆ្នោត​លែង​មាន​ទំនុក​ចិត្ត​លើ​គណបក្ស​រាជានិយម​មួយ​នេះ ​គិត​ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ១៩៩៣​ និង​ឆ្នាំ​ ២០០៨ ​និង​នៅឆ្នាំ​ ២០១៧​ ដែលគណបក្ស​នេះមិន​មាន​ការ​អល់អែកទទួល​យក​អាសនៈ​សភា​ ដែល​គណបក្ស​សង្គ្រោះ​ជាតិទទួល​បាន​ក្នុងការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣។

«ខ្ញុំគិត​ថា​លោក​មក​វិញ​ ក៏​ពុំ​ទទួលបាន​ការ​គាំទ្រ​ដែរ។ តម្លៃ​នយោបាយ​របស់​អ្នកនយោបាយ​គណបក្ស​នេះ ​វា​បាន​រសាត់​ចេញ​ពី​ក្រអៅ​បេះដូង​ប្រជាពលរដ្ឋ​ទៅ​ហើយ​បាទ»។

រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ លើកដៃទៅកាន់អ្នកគាំទ្រក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់ថ្ងៃចុងក្រោយ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/វីអូអេ)

យ៉ាង​ណា​ក៏​ដោយ ​ក្តី​សង្ឃឹម​នៅ​មាន​សម្រាប់​គណបក្ស​ហ៊្វុនស៊ីនប៉ិច ​ដើម្បី​ទទួល​បាន​សំឡេង​គាំទ្រ​ពី​ប្រទេស​ប្រជា​ពលរដ្ឋ​ខ្មែរ​ បើ​ទោះ​ជា​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​មិន​បាន​ឈ្នះ​អាសនៈ​ណា​មួយ​ក្តី ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨​ នោះ។ នេះ​បើ​តាម​ការ​អះអាង​របស់​របស់​លោក​ ផាន់​ សិទ្ធី ​អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ហ៊្វុនស៊ីនប៉ិច។

លោក​ ផាន់​ សិទ្ធី​ មាន​ប្រសាសន៍​ថា ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​អាចនឹងហុច​ឱកាស​ឲ្យ​គណ​បក្ស​ហ៊្វុន​ស៊ីនប៉ិច​ បង្កើន​សំឡេង​គាំ​ទ្រ​ក្នុងការ​បោះឆ្នោត​នាពេល​ខាង​មុខ​ ខណៈ​ដែល​គណបក្ស​ប្រជែង​របស់​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​កើន​សំឡេង​ខ្លាំង​កាល​ពី​ឆ្នាំ​ ២០១៣​និង​ ២០១៧​ នោះ​ កំពុង​ប្រឈម​មុខ​នឹង​ការ​ប្រេះឆា​ផ្ទៃក្នុង។

«ព្រឹត្តការណ៍​នយោបាយ​បច្ចុប្បន្ននេះ ខ្ញុំ​នៅ​តែ​គិត​ថា ​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​អាច​នឹង​រក​សំឡេង​ឆ្នោត​បាន​នៅ​ក្នុង​ ក្នុង​អាណត្តិ​នេះ​ ព្រោះ​ថា​ស្ថានការណ៍​ហ្នឹង​ដូច​ថា ​វា​អំណោយ​ផល​ឲ្យ​គណបក្ស​យើង​ដែរ»។

លោក​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​នឹកនា​ដល់​សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ នៅ​ឡើយ​ ដែល​ការណ៍​នេះ​ផ្តល់​ក្តីសង្ឃឹមថា ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​អាច​នឹង​ទទួលបាន​សន្លឹក​ឆ្នោតលើស​ពី «ជិត​បួន​សែន​សំឡេង» ដែល​គណបក្ស​ទទួលបាន​ក្នុងពេល​បោះឆ្នោត​អាណត្តិមុន។

«ពួក​យើង​ដែល​នៅ​បច្ចុប្បន្ន​នេះ​យើង​កំពុងតែខិត​ខំ​ចុះ​មូលដ្ឋាន​ខ្លះ​ ដើម្បី​រំឭក​កុំ​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​លោក​អស់​សង្ឃឹម​ច្រើន​ពេក​ ហើយ​ការណ៍​ដែល​ការ​សាកល្បង​ចុះ​របស់​យើង​ យើង​ឃើញ​ថា​ និន្នាការ​របស់​ប្រជាពលរដ្ឋ​លោក​នៅ​តែ​នឹក​រឭក​ទៅ​ដល់​ព្រះអង្គ​ ក្រុម​ព្រះ​នឹក​រឭក​ដល់​គណបក្ស​រាជានិយម​ហ៊្វុន​ស៊ីនប៉ិច​ហ្នឹង»។

ការ​ប្រកាស​របស់​ព្រះអង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ​ ដែល​ថា​នឹង​មក​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​វិញ​ម្តង​ទៀត​ នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ​២០២២ ​នេះ​ ធ្វើ​ឡើង​ស្រប​ពេលដែលសំណុំ​រឿង​ព្រហ្មទណ្ឌរបស់​ថ្នាក់​ដឹក​នាំក្រុម​អតីត​មន្ត្រី និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ចាក់​ស្រែះក្នុង​តុលាការ។

ឯ​សវនាការ​របស់​លោក ​កឹម សុខា ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិក៏​រអាក់​រអួល ​មិន​ចម្រើន​ទៅ​មុខ។

រូបឯកសារ៖ លោក​ ហ៊ុន សែន ប្រធានគណបក្ស​កាន់​អំណាច ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២ ខែ​មិថុនា​ ឆ្នាំ​២០១៧។​ ​(នៅ វណ្ណារិន/វីអូអេ)

ស្រប​ពេល​ជាមួយ​គ្នា​នោះ​ អតីត​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ដែល​ធ្លាប់​បាន​សំឡេង​ជិតពាក់​កណ្តាល​នៅ​សភា​ បាន​ចេញ​មក​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ​ជា​បន្តបន្ទាប់។

លោក​ មាជ សុវណ្ណារ៉ា ​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លើកឡើង​ថា គណបក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ អាច​ខ្ចី​ដៃ​គណបក្ស​រា​ជា​និយម​ប្រើ​ម្តង​ទៀត​ ឬ​កសាង​ភាព​ជា​ដៃគូ​ជាមួយ​គណបក្ស​ ដែល​ទទួល​បាន​ការគាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​ ដើម្បី​ដុះខាត់​ប្រជាធិបតេយ្យ​កម្ពុជាដែល​នៅ​ស្រអាប់​ខ្លាំង​នៅ​ឡើយ​ ក្នុង​កែវ​ភ្នែក​របស់​មេដឹកនាំ​ប្រទេស​នៅ​បស្ចិម​លោក និង​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍ​ផ្សេង​ទៀត។​

«យក​អាហ្នឹង​ឱកាស​នៃ​ការ​បោះឆ្នោត​ ២០២២​ ២០២៣ ហ្នឹង​ ដើម្បី​មាន​សភា​សេរី​ពហុបក្ស​នៅ​ក្នុង​រដ្ឋសភា​អ៊ីចឹង​ ហើយ​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ ជាពិសេស​អ្នកការទូត​អី​ហ្នឹង ប្រទេស​ផ្តល់​ជំនួយ​ប្រទេស​អីហ្នឹង​ គេ​មើល​ឃើញ​ថា​អ្ហេ៎ ឥឡូវ​កម្ពុជា​មាន​មាន​សេរី​ពហុបក្ស​នៅ​ក្នុង​សភា​ហើយ​យើង​ទៅ​ថា​ គេ​ឯក​បក្ស​ទៅ​ថា​គេ​ផ្តាច់​ការ​យ៉ាង​ម៉េច​ អា​ហ្នឹង​ប្រជា​ពលរដ្ឋ​ទៅ​បោះឆ្នោត​មាន​គណបក្ស​រាជានិយម​ហ៊្វុន​ស៊ីនប៉ិច​ជាប់​មក​វិញ​ហើយ»។​

លោក​ ឯម សុវណ្ណារ៉ា​ អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ និយាយ​ថា បក្ស​រាជានិយម​ត្រូវ​ប្រឹង​ឲ្យ​បាន​កៅអី​សភា​សិន ទើប​មាន​លទ្ធភាព​តថ្លៃ​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា។

«គណបក្ស​ប្រជាជន​គេ​ចង់​បាន​គណបក្ស​តូចៗ​ដែល​មាន​សំឡេង​ ដើម្បី​ចូលរួម​ហើយ​ ក៏​ប៉ុន្តែ​ទាល់​តែ​គណបក្ស​នោះ​ឯង​រក​ឲ្យ​បាន​ការគាំទ្រ​សិន​ ហើយ​បើ​យើង​មើល​លទ្ធភាព ​ខ្ញុំ​គិត​ថា ​មិន​អាច​រក​ការ​គាំទ្រ​បាន​ទេ​ ព្រោះ​យើង​មើល​ទឹកចិត្ត​ប្រជាពលរដ្ឋ​នូវ​ការ​សម្តែង​នូវ​ការ​បោះឆ្នោត​ ២០១៨ ​នេះ យើង​ឃើញ​ហើយ​អត់​មាន​ទេបាទ អត់​មាន​នរណា​គាំ​ទ្រ​ទេ​បាទ»។

លោក មាជ សុវណ្ណារ៉ា អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​នយោបាយ​នោះ បន្ថែម​ថា លោក​ក៏​មើល​មិន​ឃើញ​ឱកាស​ដែល​បក្សរបស់​ទ្រង់ រណឫទ្ធិ​ អាច​ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​សម្រេច​ផ្ញើ​ការ​ទុក​ចិត្ត​លើ​គណបក្ស​នយោបាយ​តែ​ពីរ​ប៉ុណ្ណោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ​សម រង្ស៊ី​ និង​លោក​កឹម សុខា។

បើមើល​ទៅ​ភាពជរា​របស់​ព្រះ​ម្ចាស់ ​នរោត្តម ​រណឫទ្ធិ​ គណបក្ស​រាជានិយម​មួយ​នេះ​រឹតតែ​ពិបាក​ក្នុង​ការ​ឃោសនា​ប្រមូល​សន្លឹក​ឆ្នោត​ពី​អ្នកបោះឆ្នោត​វ័យ​ក្មេង ​ដែល​មាន​ចំនួន​ច្រើន​លើស​លប់។ នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​លោក ​មាជ សុវណ្ណារ៉ា។ ​

«យុវជន​ឥឡូវ​ខុស​ពី​យុវជន​មុន​ គាត់​តាម​ដាន​ហ្វេសប៊ុក ​យុវជន​មាន​ចំណេះដឹង​អ៊ីចឹង​គឺ​ថា គាត់​រក​មើល​អ្នក​ដឹកនាំ​ណា​ ដែល​ក្លាហាន​ដែល​មាន​ចំណេះ​ កាយ​សម្បទារ​ល្អប្រសើរ​អ្ហា​ទាំង​អស់​ហ្នឹង​ហើយ​ ដែល​ធ្វើ​ឲ្យគាត់​ពិបាក​ក្នុង​ការ​ទទួល​បាន​នូវ​ប្រជាប្រិយភាព​ដណ្តើម​ឈ្នះ​គណបក្ស​កាន់​អំណាច ឬក៏គណបក្ស​មាន​ប្រជាធិបតេយ្យ​ ដូច​ជា​គណបក្ស​សង្រោ្គះ​ជាតិអីជាដើម»។

ដោយឡែក​លោក ​អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​មណ្ឌល​ខេត្ត​តាកែវ ​យល់​ថា​បេក្ខភាព​សម្តេច​ក្រុម​ព្រះ​សម្រាប់​ការបោះឆ្នោត​ទំនង​ជា​លែង​ទទួលបាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ម្ចាស់​ឆ្នោត​ ដោយ​សារ​តែ​តាម​អ្វី​ដែល​គេ​ចោទ​គណបក្ស​ព្រះអង្គ​ថា​ បាន​រួមគំនិត​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ការណ៍​នេះ​បាន​ប៉ះពាល់​កិត្តិនាម​ព្រះអង្គ​ជា​ខ្លាំង។

«ដូច្នេះ ​ខ្ញុំ​យល់​ថា​ មិន​មាន​ការ​គាំទ្រ​ចំពោះ​លោក​ប៉ុន្មាន​ទេ​ ទោះ​បី​លោក​ត្រឡប់​មក​ធ្វើ​នយោបាយ​វិញ​ ក៏​ធ្វើ​ទៅ ​ប៉ុន្តែ​យល់​ថា​រាស្ត្រ​ប្រហែល​ជា​ដឹង​ហើយ​ បុគ្គល​ណា​ដែល​អាច​នឹង​មកប្រកួត​ប្រជែង​បាន ​អាច​ដឹកនាំ​និន្នាការ​គណបក្ស​ប្រឆាំង​ហ្នឹង​បាន។ ហើយ​ម្យ៉ាង​កាយពល​ព្រះអង្គ​ ក៏​ជរា​ទ្រុឌ​ទ្រោម​ណាស់​ហើយ​ តាំង​ពី​គ្រោះថ្នាក់​ចរាចរណ៍​អី​ផង​ទៅ​ក៏​ហាក់​ដូច​ជា​មិន​មាន​កាយពល​សម្រាប់​មក​ប្រកួតប្រជែង​ក្នុង​នយោបាយ​ទៀត​ទេ​បាទ»។​

លោក ​ផាន់​ សិទ្ធី អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​នៅ​មាន​សុទិដ្ឋិនិយម​ថា គណបក្ស​របស់​លោក​នឹង​ចូលរួម​ជាមួយ​គណបក្ស​ណា​ក៏​ដោយ​ក្នុង​រដ្ឋ​សភា​ ដើម្បី​កសាង​ជាតិ​បើ​ទោះ​ត្រូវ​រង​ការ​រិះគន់​ពី​ការធ្លាក់​ចុះ​ប្រជាប្រិយ​ភាព​ធ្ងន់​ធ្ងរ​គិត​ចាប់​ពី​ឆ្នាំ​ ២០០៨ ​មក​នោះ។

អ្នក​នាំ​ពាក្យ​រូបនេះ​បញ្ជាក់​ទៀត​ថា ​សម្តេច​ក្រុម​ព្រះ នរោត្តម ​រណឫទ្ធិ​ នឹង​យាង​មក​ដល់​កម្ពុជា​ ដើម្បី​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ ​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ឆ្នាំ​២ ០២២។ លោក​មាន​ប្រសាសន៍​ថា​ ព្រះអង្គ​ម្ចាស់​មាន​ព្រះ​សុខភាព​ល្អ​គ្រប់គ្រាន់​ ដើម្បី​ចុះ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន។​

លោក​បណ្ឌិត អៀ សុផល បាន​បញ្ជាក់​ប្រាប់​វីអូអេថា ​គណបក្ស​របស់​សម្តេច​ក្រុម​ព្រះ ដែល​លែង​មាន​ទីលាន​នយោបាយ​ទៅ​ហើយ​នៅ​កម្ពុជា​នោះ ប្រហែល​ជា​អាចនឹង​ទទួលបាន​ការ​ផ្គត់ផ្គង់​លុយ​កាក់​ពី​គណបក្ស​កាន់អំណាច ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតផង​ដែរ។

លោក​ ផាន់​ សិទ្ធី ទាត់​ចោល​ការ​ចោទប្រកាន់​នេះ​ភ្លាមៗ​ថា​ ក្រុម​ការងារ​គណបក្ស​ជានិច្ចកាលប្រើ​ធនធាន​ផ្ទាល់​ខ្លួន​ ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ​និង​យុទ្ធនាការ​ស្វែង​រក​សំឡេង​ឆ្នោត៕