សកម្មជនការពារព្រៃឈើប្រមាណ៣០០នាក់ មកពីខេត្តចំនួន១៤ បានដាក់ញត្តិតវ៉ាប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើទៅសហគមន៍ផ្តល់ជំនួយអន្តរជាតិនៅថ្ងៃសុក្រនេះ ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ការពារព្រៃឡង់ និងធនធានធម្មជាតិព្រៃឈើនៅកម្ពុជា។ ព្រៃឡង់នៅកម្ពុជា ត្រូវបានទទួលរងនូវការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនវិនិយោគ និងបានធ្វើឲ្យប៉ះពាល់សហគមន៍ជនជាតិដើមភាគតិចដែលមិនអាចចូលទៅរុករកអនុផលព្រៃឈើតាមប្រពៃណីបាន នេះបើតាមការអះអាងរបស់សកម្មជនការពារព្រៃឡង់។
អ្នកស្រី ភោគ ហុង តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានបញ្ជាក់ថាព្រៃឡង់មានសារប្រយោជន៍សម្រាប់ជនជាតិដើមភាគតិច ដោយសារតែពួកគេពឹងពាក់លើព្រៃនេះក្នុងការរុករកឱសថបុរាណ ជ័រ វល្លិ៍ និងផ្តៅសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ អ្នកស្រីបានប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំចង់ឲ្យប្រទេសផ្តល់ជំនួយជួយអន្តរាគមន៍ដល់រដ្ឋាភិបាល។ ព្រៃឡង់របស់យើងខ្ញុំ រាល់ថ្ងៃបានបាត់បង់មួយចំនួន ដោយសារក្រុមហ៊ុន វិនិយោគដាំដើមកៅស៊ូ និងដើមកាស្យានៅស្រុកសណ្តាន់ខេត្តកំពង់ធំ និងស្រុករវៀង ខេត្តព្រះវិហារ។ យើងទាំងអស់គ្នាពឹងផ្អែកទៅលើព្រៃឡង់ បើយើងទាំងអស់គ្នាអត់ព្រៃឡង់ យើងស្លាប់ប្រសើរជាងរស់។ យើងទាំងអស់គ្នាស្រឡាញ់ណាស់ ពីព្រោះជីវិតរបស់យើងនៅលើព្រៃឡង់ ផ្ញើទុកនៅលើព្រៃឡង់។ ព្រៃឡង់ ជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋ»។
លោក ស្វាយ ភឿន តំណាងសហគមន៍ព្រៃឡង់ម្នាក់ទៀត បានថ្លែងថា ការបាត់បង់ព្រៃឡង់ធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិចកួយជួបប្រទះការលំបាក ដោយគ្មានមុខរបរ គ្មានប្រាក់ចំណូល បាត់បង់អនុផលព្រៃឈើព្រមទាំងទទួលរងគ្រោះរាំងស្ងួត និងទឹកជំនន់។ លោកថ្លែងថា៖
«គោលបំណងដែលពួកខ្ញុំដាក់ញត្តិចូលនេះគឺដើម្បីឲ្យធនាគារ និងស្ថានទូតទាំងអស់ដឹងឮពីព័ត៌មានរបស់សហគមន៍នៅជុំវិញព្រៃឡង់។ កម្ចីប្រាក់ចេញពីធនាគារធំៗទៅអភិវឌ្ឍដល់ផលប៉ះពាល់ ម្ចាស់ប្រាក់អត់ដឹងទេ។ អញ្ចឹងព័ត៌មានជុំវិញព្រៃឡង់ ពួកខ្ញុំមានគំនិតមួយគួរតែយកញត្តិដាក់ទៅតាមស្ថានទូត និងម្ចាស់ប្រាក់ធំៗនៅក្នុងរាជធានីភ្នំពេញ នៅព្រឹកម៉ិញនេះ ដើម្បីឲ្យគាត់ទទួលដឹងឮថា នីតិបុគ្គលដែលខ្ចីប្រាក់អភិវឌ្ឍន៍ហ្នឹង តើគោរពទៅតាមលក្ខខណ្ឌរបស់ម្ចាស់ប្រាក់ដែរឬទេ?»។
សហគមន៍ការពារព្រៃឡង់បានដាក់ញត្តិនៅស្ថានទូតអាមេរិក ចក្រភពអង់គ្លេស អូស្ត្រាលី អាល្លឺម៉ង់ ចិន ជប៉ុន ភ្នាក់ងារអង្គការសហប្រជាជាតិ ព្រមទាំងធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី។ លោក
ស្សន ម៉ាគីនតុស្ស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា ស្ថានទូតអាមេរិកបានទទួលខិត្តប័ណ្ណទាក់ទងនឹងព្រៃឡង់នេះ។ លោក ម៉ាគីនតុស្ស បានថ្លែងតាមសម្តីដើមថា «យើងកំពុងតាមឃ្លាំមើលស្ថានភាពនេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហាមដាច់ខាតការអភិវឌ្ឍព្រៃស្រោង ឬពាក់កណ្តាលព្រៃស្រោង។ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា យើងបានទទួលញត្តិនេះ ហើយយើងកំពុងត្រួតពិនិត្យមើលញត្តិនេះឡើងវិញ។
កាលពីថ្ងៃព្រហស្បតិ៍ នគរបាលបានចាប់ឃាត់ខ្លួនសកម្មជនការពារព្រៃឡង់ជាង១០០នាក់ បន្ទាប់ពីបានចែកផ្សាយខិត្តប័ណ្ណនៅក្នុងទីក្រុងភ្នំពេញ ដើម្បីអំពាវនាវដល់រដ្ឋាភិបាលឲ្យទប់ស្កាត់ការកាប់បំផ្លាញព្រៃឡង់។
ព្រៃឡង់គឺជាព្រៃដ៏ធំជាងគេ និងក្រាស់ គ្រប់ដណ្តប់លើខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ខិត្តប័ណ្ណរបស់សហគមន៍ការពារព្រៃឡង់ បានបញ្ជាក់ថា ព្រៃនេះជាជម្រកសត្វព្រៃចំនួន២៧ប្រភេទ និងរុក្ខជាតិជិតផុតពូជជាង២០ប្រភេទ។ កាលពីខែឧសភា សហគមន៍ការពារព្រៃឡង់ បានមកតវ៉ាម្តងរួចមកហើយនៅទីក្រុងភ្នំពេញក៏ប៉ុន្តែការតវ៉ានេះមិនត្រូវបានដោះស្រាយទេ៕