តំណាងបណ្តាញសហគមន៍ព្រៃឡង់ម្នាក់ត្រូវបានជនមិនស្គាល់មុខ លបកាប់ក្នុងពេលបំពេញបេសកកម្មដើរល្បាតព្រៃពីថ្ងៃទី២៣ ដល់២៧ ខែមីនា ឆ្នាំ២០១៦នេះ ដើម្បីត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនៅក្នុងតំបន់ព្រៃឡង់។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយរបស់បណ្ដាញសហគមន៍ព្រៃឡង់ ដែល VOA ទទួលបាននៅថ្ងៃអង្គារនេះ។
កញ្ញា ផន សុភាក់ ដែលជាសកម្មជនដ៏សកម្ម និងជាតំណាងបណ្ដាញសហគមន៍ព្រៃឡង់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ លបកាប់នឹងពូថៅ ត្រូវចំប្រអប់ជើងខាងឆ្វេង ដោយបណ្ដាលឲ្យរបួសជាទម្ងន់ កាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចអូតាជើល ក្នុងតំបន់ព្រៃឡង់។
កញ្ញា ផន សុភាក់ ដែលជាសកម្មជនដ៏សកម្ម និងជាតំណាងបណ្ដាញសហគមន៍ព្រៃឡង់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ លបកាប់នឹងពូថៅ ត្រូវចំប្រអប់ជើងខាងឆ្វេង ដោយបណ្ដាលឲ្យរបួសជាទម្ងន់ កាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចអូតាជើលក្នុងតំបន់ព្រៃឡង់។ (រូបថតផ្តល់ឲ្យដោយបណ្តាញសហគមន៍ព្រៃឡង់)
ការលបវាយប្រហារនេះកើតឡើង នៅពេលដែលកញ្ញា ផន សុភាក់ និងប្រជាសហគមន៍ព្រៃឡង់ជាច្រើនទៀតបានបោះជំរំសម្រាកនៅទីតាំងនោះ ក្រោយពីបានដើរល្បាតព្រៃពេញមួយថ្ងៃកន្លងមក។ នេះបើយោងតាមបណ្ដាញសហគមន៍ព្រៃឡង់ដដែល។
សហគមន៍ព្រៃឡង់បានហៅការលបវាយប្រហារនេះថា ជាការប៉ុនប៉ងមនុស្សឃាត និងជាការគំរាមកំហែងដល់សកម្មជនការពារព្រៃឡង់ ដែលប្រព្រឹត្តដោយក្រុមជនល្មើសព្រៃឈើនៅក្នុងតំបន់នោះ។
កាលពីចុងឆ្នាំ២០១៥កន្លងទៅនេះ កញ្ញា ផន សុភាក់ បានតំណាងឲ្យសហគមន៍ព្រៃឡង់ ទៅទទួលពានរង្វាន់ អេក្វាទ័រប្រាយ (Equator Prize) ប្រចាំឆ្នាំ២០១៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ចំពោះសកម្មភាពដ៏សកម្មក្នុងការចូលរួមការពារព្រៃឈើនៅក្នុងប្រទេសកម្ពុជា។
ព្រៃឡង់ដែលជាព្រៃក្រាស់នៅសេសសល់ចុងក្រោយគេមួយក្នុងប្រទេសកម្ពុជា គ្របដណ្ដប់លើផ្ទៃដីជាប់ខេត្តចំនួន៤ គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ។
បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តនេះ ដែលប្រមូលផ្តុំប្រជាសហគមន៍អ្នកស្ម័គ្រចិត្តជាជនជាតិដើមភាគតិចនៅក្នុងតំបន់នេះ បានធ្វើសកម្មភាពល្បាតព្រៃ ដើម្បីការពារនិងបង្ក្រាបបទល្មើសព្រៃឈើនៅទីនោះដោយខ្លួនឯងអស់ពេលជាច្រើនឆ្នាំមកហើយ ដោយសារពួកគេកន្លងមកបានលើកឡើងថា រដ្ឋាភិបាលមិនអាច ឬមិនមានឆន្ទៈការពារព្រៃឈើ ដែលសហគមន៍របស់ពួកគេរស់អាស្រ័យលើនេះបានទេ។
ពួកគេបានអំពាវនាវឲ្យអាជ្ញាធរតាមរកចាប់ជនល្មើសយកមកកាត់ទោស ដើម្បីផ្តល់យុត្តិធម៌ដល់កញ្ញា ផន សុភាក់ ដែលពួកគេចាត់ទុកថាជាជនរងគ្រោះ ដោយសារការចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ៕