ភ្នំពេញៈ ជនរងគ្រោះម្នាក់ក្នុងឧបទ្ទវហេតុផ្អើលរត់ជាន់គ្នានៅលើកោះពេជ្រដែលត្រូវបានគេគិតថាស្លាប់បាត់ទៅហើយនោះ បែរជាមានសំណាងរស់ឡើងវិញ។ ប៉ុន្តែ ថ្វីបើគាត់មានសំណាងដ៏កម្រនេះក្តី ក៏ប្រពន្ធជាទីស្រលាញ់របស់គាត់ បានស្លាប់ចោលគាត់នៅក្នុងឧបទ្ទវហេតុនៅពេលនោះទៅហើយ។
នៅពេលដែលជនរងគ្រោះចំនួន៣៥១នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុផ្អើលជាន់គ្នានៅលើស្ពានកោះពេជ្រកាលពីយប់ថ្ងៃច័ន្ទ លោក ម៉ុន មុំ មានសំណាងរស់ឡើងវិញ។
លោក ម៉ុន មុំ៖
«ដល់ពេលដែលផ្នែកខាងពិនិត្យសាកសពគេថាងាប់ហើយ ខ្ញុំក៏ដឹងខ្លួនភ្ញាក់ ខ្ញុំថាមិនងាប់ឯណា ខ្ញុំក៏ធ្វើខ្លួនអញ្ចេះឲ្យគេមើល។ គេថា អ្ហ៎ នៅរស់ទេ។ អាក្រណាត់សហ្នឹងនៅមកជាប់មកដល់កន្លែង ហ្នឹង»។
ជាកសិករមកពីស្រុកបាទីខេត្តតាកែវ លោក ម៉ុន មុំ អាយុ ៣៤ឆ្នាំ បានសន្លប់នៅក្នុងឧបទ្ទវហេតុផ្អើលជាន់គ្នានោះ។ លោកត្រូវបានគេគ្របក្រណាត់សពីលើ ហើយដាក់តម្រៀបគ្នាជាមួយសាកសពដទៃទៀត ត្រៀមចាក់ថ្នាំការពារសាកសពកុំឲ្យស្អុយ ដោយគេគិតថា លោកបានស្លាប់បាត់ទៅ ហើយ។
ប៉ុន្តែ លោកត្រូវបានគេដឹងថា មិនទាន់ស្លាប់នៅឡើយ នៅពេលដែលម្តាយរបស់លោកគឺអ្នកស្រី ច្រិច អែម បានមកមើលសាកសពរបស់លោកដែលគេតម្រៀបទុកនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ក្នុងក្រុងភ្នំពេញនេះ។
អ្នកស្រី ច្រិច អែម កំពុងអង្គុយនៅអែបនឹងគ្រែកូនប្រុសរបស់អ្នកស្រីនៅក្នុងមន្ទីរពេទ្យនេះ។
អ្នកស្រី ច្រិច អែម៖
«ពេទ្យគេឲ្យក្រណាត់សមួយដុំ។ គ្រប់គ្នាថាងាប់។ ពេទ្យក៏គ្នាមិនដឹងដែរថា ប៉ុន្តែពេទ្យទាំងស្រីទាំងប្រុស ជួយដកសក់ដកអី វាថាឡើងចង់រលើងសក់អស់ហើយ ដល់ហើយឃើញនៅដង្ហើមតិចៗ ក៏នាំគ្នាសែងមកហ្នឹងម៉ោ។ ហើយក្រណាត់ស ខ្ញុំទើបយកបោះចោលម្សិលម៉ិញ។ ពេទ្យគេថា យាយឯងមិនយកក្រណាត់សហ្នឹងបោះចោល ក្រណាត់ហ្នឹងគេទុកគ្របខ្មោចតើ គាត់ហ្នឹងគេថាស្លាប់ហើយ ឥឡូវយកបញ្ចេរចោលទៅឥឡូវគាត់រស់ហើយ។ ខ្ញុំក៏បញ្ចេរចោលយកទៅបោះចោលក្នុងធុងសំរាមទៅ»។
ដោយដៃនៅជាប់បង់ស្អិតនិងសំឡី ក្រោយពីដកម្ជុលសេរ៉ូមរួចនោះ លោក ម៉ុន មុំ បានរៀបរាប់ថា នៅពេលគេដាក់លោកតម្រៀបគ្នាជាមួយគំនរសាកសពដទៃទៀតដែលបានស្លាប់នៅក្នុងហេតុការណ៍ផ្អើលជាន់គ្នានោះ លោកគ្មានអារម្មណ៍ភិតភ័យបន្តិចឡើយ ដោយសារតែលោកសឹងគ្មានកម្លាំងបន្តិចនៅក្នុងខ្លួនផងនោះ។
លោក ម៉ុន មុំ បាននិយាយថា៖
«ខ្ញុំអត់មានអារម្មណ៍ខ្លាចទេ។ កាលហ្នឹង ពេលខ្ញុំដឹងខ្លួនខ្លាំង ខ្ញុំដឹងថាជើងខ្ញុំនេះ ឡើងក្រាំងអស់ហើយ។ ពេទ្យគេបញ្ចូលសេរ៉ូម ជើងខ្ញុំឡើងរមួលក្រពើ។ ពេលហ្នឹង សាកសពនៅអញ្ចឹង ខ្ញុំយកជើងដាក់ពីលើសាកសពហ្នឹងទៅ វាអស់កន្លែងខ្លាចហើយ»។
ដោយនាំប្រពន្ធនិងកូនស្រីអាយុ១០ឆ្នាំម្នាក់ដើរកំសាន្តលេងនៅលើស្ពានកោះពេជ្រនារាត្រីថ្ងៃច័ន្ទនោះ លោក ម៉ុន មុំ ដែលជាឪពុកនៃកូនបីនាក់ បានចាត់ទុកខ្លួនឯងថា ជាមនុស្សមានសំណាងខ្ពស់ ដោយលោករំលឹកហេតុការណ៍នៅពេលនោះថា លោកទទួលបានទឹកហូបមិនអស់ផងខណៈពេលដែលហ្វូងមនុស្សរាប់រយនាក់ផ្សេងទៀតដែលនៅកកជាប់គ្នានៅលើស្ពាននោះ សឹងរកទឹកមួយដំណក់ផឹកមិនបានផងនោះ។
លោក ម៉ុន មុំ៖
«ពេលគេបោះទឹកទៅ មិនដឹងពីណាបោះទេ ប៉ុន្តែ ពេលហ្នឹងគប់ទៅប៉ុន្មានក៏អត់គ្រាន់ដែរ ព្រោះពេលនោះវាក្តៅ តែខ្ញុំមានទឹកផឹករហូត មាត់ខ្ញុំដៃខ្ញុំមិនបាច់ធ្វើអីក៏មានទឹកផឹករហូត។ អញ្ចឹងបានថាខ្ញុំមិនគួរថាដល់មានវាសនាដល់ថ្នាក់ហ្នឹង»។
លោក ម៉ុន មុំ និងកូនស្រីរបស់លោក ពិតជាមានសំណាង ដោយត្រូវបានក្រុមសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលា ដោយលើកទាញចេញពីគំនរមនុស្សដែលនៅកកជាប់គ្នានៅលើស្ពានក្នុងហេតុការណ៍ផ្អើលជាន់គ្នានោះ។ ប៉ុន្តែ លោកពុំទាន់ដឹងព័ត៌មានដ៏អកុសលអំពីភរិយាជាទីស្រលាញ់របស់លោកដែលពុំមានសំណាងដូចរូបលោកនិងកូនស្រីរបស់លោកនោះទេ។
អ្នកស្រី ច្រិច អែម មានប្រសាសន៍ថា អ្នកស្រីពុំទាន់ចង់ប្រាប់កូនប្រុសរបស់អ្នកស្រី អំពីមរណភាពរបស់កូនប្រសាររបស់អ្នកស្រីនៅក្នុងឧបទ្ទវហេតុតែមួយនៅពេលនេះទេឡើយ ដោយអ្នកស្រីបារម្ភថា កូនប្រុសអាចនឹងមានអារម្មណ៍តក់ស្លុតខ្លាំងដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្ថានភាពសុខភាពរបស់គាត់។
អ្នកស្រី ច្រិច អែម៖
«អត់ទាន់ហ៊ានប្រាប់ទេ ព្រោះកូនវានៅខ្សោយនៅឡើយ។ ឥឡូវហ្នឹងក៏នៅខ្សោយពេលដកសេរ៉ូម ខ្សោយ ហើយខ្ញុំចេះតែរត់ទៅតាមពេទ្យដែរហ្នឹង»។
យ៉ាងណាក៏ដោយ លោក ម៉ុន មុំ មានប្រសាសន៍ថា លោកនៅតែចង់ដឹងអំពីមូលហេតុពិតប្រាកដនៃឧបទ្ទវហេតុផ្អើលជាន់គ្នានៅលើស្ពានកោះពេជ្រនោះ ដើម្បីឲ្យលោកមានអារម្មណ៍អស់ចិត្តចំពោះហេតុការណ៍ដែលបានកើតឡើងនោះ៕