ក្រុមអ្នកកាសែតនិងអ្នកជំនាញខាងផ្នែកបណ្តាញព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថាការប្រើប្រាស់ច្បាប់ដើម្បីរិតត្បិតសេរីភាពបណ្តាញព័ត៌មាននិងកិច្ចការព័ត៌មាន នឹងនាំឲ្យប៉ះពាល់ដល់ប្រជាធិបតេយ្យដោយទាមទារថា រដ្ឋាភិបាលនីមួយៗគួរត្រូវធ្វើឲ្យប្រទេសគេចផុតពីកំណត់ត្រាមិនសេរីឬកំណត់ត្រាមិនល្អសម្រាប់កេរ្តិ៍ឈ្មោះប្រទេស។
លោកស្រី ការីន ឌីស កាលីកា ( Karin Deutsch Karlekar) និពន្ធនាយកផ្នែកសេរីភាពសារព័ត៌មាននៃអង្គការសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក ឈ្មោះ Freedom House បានថ្លែងថាប្រព័ន្ធព័ត៌មាន មានតួនាទីសំខាន់ណាស់ក្នុងដំណើរការប្រជាធិបតេយ្យ ដែលប្រទេសទាំងឡាយមិនត្រូវបណ្តោយឲ្យធ្លាក់ចូលក្នុងកំណត់ត្រាមិនល្អទេ។
«ខ្ញុំគិតថាជារឿងធ្ងន់ធ្ងរណាស់ព្រោះបណ្តាញព័ត៌មានគឺជាកត្តាដ៏សំខាន់មួយក្នុងការបង្កើតនិងរក្សាបាននូវប្រជាធិបតេយ្យប្រកបដោយជោគជ័យ។ ហើយប្រសិនបើគេកាត់បន្ថយសេរីភាពផ្នែកប្រព័ន្ធព័ត៌មានពលរដ្ឋមិនអាចទទួលបានព័ត៌មានសំខាន់ៗ ដូចជាព័ត៌មាននយោបាយ សេដ្ឋកិច្ច ឬ សុខភាព ឬ ព័ត៌មានផ្សេងៗទៀតសម្រាប់ការរស់នៅរបស់ពលរដ្ឋ»។
លោកស្រីបានបន្ថែមថា៖ បណ្តាញព័ត៌មានមានតួនាទីផងដែរក្នុងការផ្តល់ព័ត៌មានដល់ពលរដ្ឋដើម្បី អាចបោះឆ្នោតបានចាប់ឲ្យរដ្ឋាភិបាលទទួលខុសត្រូវ ជួយប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងលើកកម្ពស់តម្លាភាព។
«ខ្ញុំគិតថាសេរីភាពផ្នែកប្រព័ន្ធផ្សព្វផ្សាយពិតជាប៉ះទង្គិចដល់វិស័យទាំងអស់នេះផ្សេងៗគ្នា ហើយប្រព័ន្ធព័ត៌មានគឺជារឿងដ៏សំខាន់ជាងគេនៃប្រជាធិបតេយ្យ។ ដូច្នេះហើយនេះជាមូលហេតុមួយដែលអង្គការ Freedom House មានអារម្មណ៍ថាជារឿងសំខាន់ណាស់ក្នុងការមានសេរីភាពផ្នែកព័ត៌មាននៅក្នុងប្រទេស ដែលនេះជាភាពចាំបាច់នៃលទ្ធិប្រជាធិបតេយ្យ»។
លោកស្រី កាលីកាថ្លែងដូច្នេះកាលពីចុងខែតុលាក្នុងពេលដែលមានកិច្ចពិភាក្សាអំពីការ ប្រើប្រាស់ច្បាប់បណ្តាញព័ត៌មានដើម្បីបំបិទសេរីភាពព័ត៌មានដែលរៀបចំដោយមជ្ឈមណ្ឌលសម្រាប់ជំនួយបណ្តាញផ្សព្វផ្សាយអន្តរជាតិ (CIMA) និងអង្គការគាំទ្រផ្នែកសេរីភាព ប្រជាធិបតេយ្យនៅជុំវិញពិភពលោករបស់សរអា ហៅថា National Endowment for Democracy។
លោកស្រី គ្រីសស្ទីន អាម៉ាន់ពួរ (Christiane Amanpour) អ្នកអត្ថាធិប្បាយបណ្តាញទូរទស្សន៍ ABC របស់សហរដ្ឋអាមេរិកបានថ្លែងដែរអំពីតួនាទីដ៏សំខាន់របស់អ្នកយកព័ត៌មានក្នុងការពង្រឹងប្រជាធិបតេយ្យ។
«ខ្ញុំគិតថា ជាទស្សនៈខ្ញុំ ប្រជាធិបតេយ្យមិនអាចមានកម្លាំងខ្លាំងទេ ប្រសិនបើគ្មានឯករាជ្យភាពជាមូលដ្ឋានគ្រឹះ ភាពហ្មត់ចត់ ភាពសេរី និងយុត្តិធម៌ ដែលមានន័យថា រាយការណ៍ដោយគ្មានការភ័យខ្លាច ឬ លម្អៀង មិនថាឡើយនៅសរអាឬជុំវិញពិភពលោក។ ដូច្នេះខ្ញុំ ជឿថាកិច្ចការផ្នែកព័ត៌មានគឺជារឿងដ៏សំខាន់នៃការរីកលូតលាស់ខាងប្រជាធិបតេយ្យនិងជាស្នូលនៃភាពជឿនលឿន ប្រជាធិបតេយ្យ ដូចជានៅសរអា ដែលអ្នកកាសែត និងកិច្ចការព័ត៌មាន ត្រូវគេហៅថាជាអំណាច ទីបួន»។
លោកស្រី Christiane Amanpour ថ្លែងដូច្នេះមុនពេលលោកស្រីនិងអ្នកកាសែតមកពីប្រទេសម៉ិចស៊ិក និង កម្ពុជាគឺ លោក ថេត សម្បត្តិទទួលរង្វាន់អ្នកកាសែតឆ្នើមនិងរង្វាន់សម្រាប់អ្នកកាសែតប្រចាំឆ្នាំ ២០១២ដែលកម្មវិធីនេះបានប្រព្រឹត្តទៅកាលពីដើមខែវិច្ឆិកាក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលរៀបចំឡើងដោយ មជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកសារព័ត៌មាន (ICFJ) របស់សរអា។
«វិជ្ជាជីវៈព័ត៌មាន មានគ្រោះថ្នាក់ណាស់។ អ្នកកាសែតត្រូវគេសម្លាប់ អ្នកកាសែតត្រូវគេចាប់ឃុំខ្លួន អ្នកកាសែតត្រូវរងរបួស និងអ្នកកាសែតត្រូវគេចាប់ដាក់គុក។ហើយរឿងទាំងអស់នេះ ព្រោះគេ ចង់បំបិទការពិត»។
ប្រទេសកម្ពុជាទទួលរងការរិះគន់ច្រើនអំពីដំណើរការយឺតយ៉ាវផ្នែកប្រជាធិបតេយ្យដោយសារការបោះឆ្នោតមិនត្រូវគេទទួលស្គាល់ជាទ្រង់ទ្រាយធំក្នុងចំណោមអ្នកនយោបាយដែលចោទថាគ្មានភាពសេរី យុត្តិធម៌ ប្រជាពលរដ្ឋម្ចាស់អំណាចត្រូវគេកេងប្រវ័ញ្ចយកដីធ្លី វប្បធម៌គ្មានទោសពៃ អំពើអយុត្តិធម៌ ផ្សេងៗ តុលាការមិនឯករាជ្យនិងស្ថិតក្រោម ឥទ្ធិពលគណបក្សគ្រប់គ្រងប្រទេស និងប្រព័ន្ធផ្សព្វផ្សាយត្រូវគេរិតត្បិត ដោយសារការប្រើប្រាស់ តុលាការ ច្បាប់ ព្រហ្មទណ្ឌ បរិហារកេរ្តិ៍ ផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបំបិទសំឡេងអ្នកយកព័ត៌មាន ដែលមានគំនិតផ្ទុយពីរដ្ឋាភិបាល។ អង្គការ Freedom House បានដាក់កម្ពុជាស្ថិតក្នុងប្រទេសមិនមានព័ត៌មានសេរីកាលនៅឆ្នាំចុងក្រោយនេះ។
លោក ផៃ ស៊ីផានអ្នកនាំពាក្យមួយរូបរបស់គណៈរដ្ឋមន្ត្រីបានបដិសេធចំពោះការចោទប្រកាន់ នានាទៅលើរដ្ឋាភិបាលលើវិស័យព័ត៌មាននៅកម្ពុជា។ លោកថ្លែងថាមានការរីកចម្រើនច្រើនលើ វិស័យព័ត៌មាន ច្រើនទាំងសិទ្ធិទទួលព័ត៌មាននិងសិទ្ធិបញ្ចេញព័ត៌មាន ដល់សាធារណជនឲ្យ យល់ដឹងពីព័ត៌មានសុចរិត។
«រាជរដ្ឋាភិបាលអត់មានធ្វើការគ្រប់គ្រងព័ត៌មានទេ។ ព័ត៌មានដោយសេរីអត់មានការត្រួតពិនិត្យមើលមុននឹងការចេញផ្សាយនោះទេ គឺអត់មានទាល់តែសោះ ហើយសេរីភាពទាំងសំឡេងដែលបានប្រើប្រាស់វិទ្យុសម្បុកឃ្មុំគឺគ្រប់គ្រាន់គេអាចទិទាន គេអាចវាយប្រហារ គេអាចប្រមាថមាក់ងាយអ្នកណា គេអាចធ្វើបានដោយសេរីនៅក្នុងកន្លែងនេះ។ក៏ប៉ុន្តែយើងឃើញមានអ្វីដែលរីកចម្រើនផ្នែកគុណភាពនោះគឺពីបញ្ហាទូទៅ ជាមតិនយោបាយជាជាងការវាយប្រហារទៅលើបុគ្គល»។
លោកផៃ ស៊ីផាន បានអះអាងថាការវាយប្រហារទៅលើបុគ្គលនឹងមានការដោះស្រាយនៅក្នុងប្រព័ន្ធ តុលាការដែលកំពុងតែពង្រឹង។ ទោះជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផានបានបន្ថែមថាវិស័យ ព័ត៌មាន ក្នុងប្រទេសមានការរីកចម្រើនទៅមុខ ទាំងគុណភាព និងបរិមាណ។
«ហើយយើងដឹងហើយថាសង្គមប្រជាធិបតេយ្យរាជរដ្ឋាភិបាលកើតចេញពីមហាជន។ ដូច្នេះយើងដឹងថា រាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសរួចស្រេចទៅហើយសម្រាប់បណ្តាញ សារព័ត៌មានក្នុងការបម្រើដល់មហាជននូវព័ត៌មានសុចរិត។ក៏ប៉ុន្តែអ្នកព័ត៌មានត្រូវតែរៀនរស់ធ្វើដូចម្តេចដែលមានទិសដៅគឺផ្តល់ព័ត៌មានសុចរិត ហើយនឹងការផ្តល់ព័ត៌មានដែលប្រាសចាកពីការប្រមាថកាតទានឬការវាយប្រហារ។ នេះជាគុណភាពរបស់អ្នកសារព័ត៌មាន»។
ទោះជាយ៉ាងណាក៏ដោយលោក ស្រី ការីន ឌីស កាលីកា បានថ្លែងថានៅកម្ពុជាអង្គការ Freedom House មើលឃើញបញ្ហាផ្សេងទៀត ជាជាងបញ្ហាបរិកាស និងចំនួននៃប្រព័ន្ធផ្សព្វផ្សាយ។
«ក៏ប៉ុន្តែអ្វីដែលយើងឃើញគឺកំណើនពីឆ្នាំទៅនៃការប្រើប្រាស់ច្បាប់ដើម្បីដាក់ទោសអ្នកយកព័ត៌មាន លើប្រធានបទមិនចំនួនដែលរដ្ឋាភិបាលមិនចង់បាន។ ដូច្នេះការប្រើប្រាស់ច្បាប់បរិហារកេរ្តិ៍ និងប្រភេទច្បាប់រិតត្បិតដទៃទៀត ត្រូវគេប្រើប្រឆាំងនឹងអ្នកកាសែត និងសកម្មជននៅក្នុងឱកាសជាច្រើនលើកកាលពីឆ្នាំកន្លងទៅ។ នោះហើយជាមូលហេតុចម្បងដែលប្រទេសកម្ពុជាមិនទាន់ក្លាយជាប្រទេសក្នុងកំណត់ត្រាសេរីផ្នែកវិស័យព័ត៌មាន»។
លោក ស្រី ការីន ឌីស កាលីកា បានថ្លែងបន្ថែមថាការដាក់ចំណាត់ថ្នាក់ប្រទេសនីមួយៗថាសេរីឬ មិនសេរី គឺ អាស្រ័យទៅលើកត្តាជាច្រើន។ ដោយឡែកលោកស្រីប្រៀបធៀបកម្ពុជាថាមានលក្ខណៈប្រសើរជាងប្រទេសដែលគ្មានសេរីភាពសារព័ត៌មាន៖
«ជាការពិត ប្រទេសកម្ពុជាគឺសេរីជាងប្រទេសជិតខាងខ្លួន។ សេរីជាង វៀតណាម ឡាវ ភូមា និង ប្រទេសរបៀបនេះ។ប៉ុន្តែក្នុងរបាយការណ៍អង្គការ Freedom House វិធីសាស្ត្រដែលយើងគិតគឺមិនមែនមើលទៅលើចំនួនប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងចំនួននៃបណ្តាញព័ត៌មានទេ។យើងមើលថាតើមានឯករាជ្យភាពពិតទេ ថាតើមានការគ្រប់គ្រងដោយក្រុមនយោបាយផ្សេងៗទេ ថាតើមានពាក់ព័ន្ធនឹងផលប្រយោជន៍ផ្សេងទេ។ បន្ទាប់មកយើងមើលពីទិដ្ឋភាពច្បាប់ យើងមើលពីបរិយាកាស សេដ្ឋកិច្ច។ ដូច្នេះមានចំនួនហេតុផលយ៉ាងច្រើន ជាមូលហេតុដែលកម្ពុជារិតត្បិតទាក់ទងនឹង បណ្តាញព័ត៌មានរបស់ខ្លួន។ ប៉ុន្តែការពិតយើងមើលពីអ្វីៗច្រើនជាងចំនួនតួលេខ នៃប្រព័ន្ធផ្សព្វផ្សាយ។ យើងមើលផងដែរពីឥទ្ធិពលដែលប្រើប្រាស់ទៅលើប្រព័ន្ធផ្សព្វផ្សាយដោយក្រុមផ្សេងៗ»។
លោក អាន់វ៉ា អ៊ីកបាល (Anwar Iqbal) អ្នកយកព័ត៌មានរបស់បណ្តាញព័ត៌មាន Dawn នៃប្រទេសបាគីស្ថាន ប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា សេរីភាពសម្រាប់លោកជាអ្នកយកព័ត៌មាន២៥ឆ្នាំ មានន័យថាជាសិទ្ធិដែលអាចនិយាយ និងរាយការណ៍បាន ដែលលោកចាត់ទុកថានេះជា បញ្ហាសិទ្ធិមនុស្សជាមូលដ្ឋាន។
«ដូច្នេះបុគ្គលគ្រប់រូបមានសិទ្ធិនេះ។ ប្រសិនបើលោកអ្នកឃើញបញ្ហាមួយ លោកអ្នកមាន សិទ្ធិសរសើរលោកអ្នកមានសិទ្ធិរិះគន់។ នេះជាអ្វីដែលជាសិទ្ធិ។ ខ្ញុំមានន័យថាពេលរដ្ឋាភិបាលកំណត់ពីសេរីភាព រដ្ឋាភិបាលនិយាយពីគុណសម្បត្តិ និង គុណវិបត្តិ។ វាមិនមែន ជារឿងគុណសម្បត្តិ និង គុណវិបត្តិទេ វាមិនមែនជាកិច្ចការរបស់យើង ជាអ្នកកាសែតត្រូវកែតម្រូវរឿងរ៉ាវនានាទេ។ តែជាកិច្ចការរបស់យើងត្រូវរាយការណ៍អំពីរឿងរ៉ាវដែលយើងបានឃើញ។ ដូច្នេះហើយយើងកំពុងទាមទារសិទ្ធិជាមូលដ្ឋាននេះ»។
លោកបានពន្យល់បន្ថែមពីការគិតរបស់ពលរដ្ឋដែលថារដ្ឋត្រូវផ្តល់សេរីភាពដល់ប្រព័ន្ធផ្សព្វ ផ្សាយ។
«សេរីភាពមានន័យថា លោកឃើញហើយដូចជាប្រទេសកម្ពុជា ឬប្រទេសប៉ាគីស្ថាន ដោយសារតែយើងមានរបបផ្តាច់ការពីអតីតកាល ពលរដ្ឋជឿថា វាជាសិទ្ធិរបស់រដ្ឋាភិបាលដែលត្រូវផ្តល់ឬមិនផ្តល់សេរីភាពជូនប្រព័ន្ធព័ត៌មាន។ នោះមិនមែនជាប្រព័ន្ធព័ត៌មានសេរីទេ។ ប្រព័ន្ធព័ត៌មានសេរីគឺត្រូវមានសេរីភាពក្នុងការសម្រេចអ្វីដែលអ្នកយកព័ត៌មានគិតថាជា ដំណឹង និងអ្វីដែលមិនគិតថាជាដំណឹង។ អ្នកយកព័ត៌មានមិនត្រូវបង្រៀនដោយរដ្ឋាភិបាល ឬអ្នកផ្សេងថាត្រូវធ្វើ កិច្ចការយ៉ាងម៉េចនោះទេ។ នោះគួរតែជាការសម្រេចចិត្តរបស់អ្នកយកព័ត៌មានដែលយកព័ត៌មានពីព្រឹត្តិការណ៍ជាក់លាក់អ្វីមួយ។ បន្ទាប់មកពួកគេគួរមានសេរីភាព រាយការណ៍អំពីរឿងរ៉ាវដែលពួកគេបានឃើញនោះ»។
លោក សាស្ត្រាចារ្យផ្នែកកិច្ចការព័ត៌មានលោក Steven Strasser នៃសាកលវិទ្យាល័យ Cuny ក្នុងរដ្ឋ New York បានថ្លែងថា៖ រដ្ឋាភិបាលលើពិភពលោកជាច្រើនព្យាយាមបិទបាំងការពិតតាមរយៈការបំបិទសិទ្ធិសេរីភាពអ្នកកាសែត។
«រដ្ឋាភិបាល ចាត់ទុកអំណាចប្រព័ន្ធផ្សព្វផ្សាយជាការគំរាម រដ្ឋាភិបាលចាត់ទុកប្រព័ន្ធព័ត៌មាន ជាស្ថាប័នមួយដែលអាចធ្វើឲ្យប៉ះទង្គិចដល់សន្តិសុខសង្គម។ ដូច្នេះនឹងមានច្បាប់សារព័ត៌មាននៅក្នុងប្រទេសនានាតាមរបៀបនោះហើយនឹងមានច្បាប់គ្រប់គ្រងប្រព័ន្ធព័ត៌មានដែលរដ្ឋាភិបាលនានា មិនអាចស្កប់ចិត្តជាមួយនឹងបណ្តាញព័ត៌មានសេរី»។
លោកបានសង្កត់ធ្ងន់ថារដ្ឋាភិបាលគួរគាំទ្រដល់ក្រុមអ្នកយកព័ត៌មានឲ្យមានការត្រួតពិនិត្យដោយខ្លួនឯង ហើយជួយការពារដើម្បីឲ្យអ្នកយកព័ត៌មានបម្រើផលប្រយោជន៍ប្រទេសទាំងមូលជាជាងការបម្រើប្រយោជន៍ឲ្យក្រុមណាមួយរបស់រដ្ឋាភិបាលឬក្រុមផ្សេងទៀត។
អ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជាយ៉ាងតិច១២នាក់ត្រូវសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៤មក ដែលឃាតករ សឹងតែគ្រប់ករណីមិនទាន់ត្រូវគេចាប់មកផ្តន្ទាទោសទេ។ អ្នកសារព័ត៌មានមួយចំនួនត្រូវចាប់ឃុំខ្លួនរត់គេចខ្លួន ចេញពីប្រទេសកំណើតដោយសារការធ្វើទុក្ខបុកម្នេញដោយសារតែការសរសេរឿងពាក់ព័ន្ធនឹងអំពើពុករលួយ រឿងឧក្រិដ្ឋកម្មធំៗ និងបទល្មើសធំៗដែលកើតឡើងក្នុងប្រទេសហើយប៉ះពាល់ដល់អ្នកមានអំណាច៕