លោក​ប្រធានាធិបតី អូបាម៉ា នឹង​​ថ្លែង​​សុន្ទរកថា​​បញ្ចប់​​តំណែង​​ជា​​ប្រធានាធិបតី​​នៅ​​យប់​​នេះ​ (ម៉ោង​នៅ​ស.រ.អា)

លោក​ប្រធានាធិបតី អូបាម៉ា នឹង​ថ្លែង​សុន្ទរកថា​បញ្ចប់​តំណែង​ជា​ប្រធានាធិបតី​នៅ​យប់ថ្ងៃ​ពុធ​នេះ​ ម៉ោង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

សុន្ទរកថា​នេះ​នឹង​បូក​សរុប​សមិទ្ធផល​ដែល​សម្រេច​បាន​របស់​លោក អូបាម៉ា ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មក​នេះ ក្នុង​នាម​ជា​ប្រធានាធិបតី។

ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា នឹង​ថ្លែង​សុន្ទរកថា​បញ្ចប់​តំណែង​ជា​ប្រធានាធិបតី ដែល​សេតវិមាន​ពណ៌នា​ថា ជា​សុន្ទរកថា​មួយ​ដែល​គេ​ទន្ទឹង​រង់ចាំ ​ទៅ​កាន់​ប្រជាពលរដ្ឋ​អាមេរិកាំង​នៅ​យប់​នេះ (ម៉ោង​នៅ​ស.រ.អា)។​

សុន្ទរកថា​នេះ​នឹង​បូក​សរុប​សមិទ្ធផល​ដែល​សម្រេច​បាន​របស់​លោក អូបាម៉ា ក្នុង​រយៈពេល​៨​ឆ្នាំ​កន្លង​មក​នេះ ក្នុង​នាម​ជា​ប្រធានាធិបតី។ សុន្ទរកថា​នេះ​ក៏​គ្រោង​នឹង​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​និង​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ​របស់​ខ្លួន​ផង​ដែរ។ នេះ​បើ​យោង​តាម​ទីប្រឹក្សា​ជាន់​ខ្ពស់​សេតវិមាន លោកស្រី Valerie Jarrett ដែល​បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។​

សុន្ទរកថា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​យប់​ម៉ោង​ក្នុង​ស្រុក នៅ​ឯ​មជ្ឈមណ្ឌល​សន្និបាត McCormick Place ក្នុង​ទីក្រុង Chicago ដែល​លោក អូបាម៉ា ចាត់​ទុក​ដូចជា​ស្រុក​កំណើត​របស់​លោក។

អ្នកនាំពាក្យ​សេតវិមាន អ្នកស្រី Jen Psaki បាន​និយាយ​ថា សុន្ទរកថា​នេះ​នឹង​ខ្លី​ជាង​

សុន្ទរកថា​ប្រចាំ​ឆ្នាំ​ស្តី​ពី​ស្ថានការណ៍​ប្រទេសជាតិ ដែល​មាន​រយៈពេល​ជា​មធ្យម​ ៦៣​នាទី ក្នុង​អំឡុង​ពេល​ដែល​លោក អូបាម៉ា កាន់​តំណែង។ ​

ពិធី​ស្បថ​ចូល​កាន់​តំណែង​សម្រាប់​ប្រធានាធិបតី​ជាប់ឆ្នោត លោក Donald Trump នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ដែល​លោក​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ទី​៤៥​របស់​អាមេរិក។

ជំនួយការ​របស់​លោក​ប្រធានាធិបតី​និយាយ​ថា លោក អូបាម៉ា ចូលរួម​យ៉ាង​ច្រើន​ក្នុង​ការសរសេរ​សុន្ទរកថា​បញ្ចប់​តំណែង​របស់​លោក ហើយ​លោក​ប្រហែល​ជា​អាច​បន្ត​កែសម្រួល​សំណេរ​នោះ​រហូត​ដល់​ពេល​ដែល​លោក​នឹង​ឡើង​លើ​វេទិកា​ថ្លែង​សុន្ទរកថា​តែ​ម្តង។ ​

ដំណើរ​ទៅ​កាន់​ទីក្រុង Chicago របស់​លោក អូបាម៉ា នឹង​ក្លាយ​ជា​ដំណើរ​ចេញ​ពី​រដ្ឋធានី វ៉ាស៊ីនតោន​ចុងក្រោយ​បង្អស់​ក្នុង​នាម​ជា​ប្រធានាធិបតី ហើយ​ក៏​ជា​ពេល​វេលា​ចុងក្រោយ​ដែល​លោក​នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ Air Force One ផង​ដែរ៕