ស្រ្តី​ខ្មែរ​មួយ​រូប​មាន​បេសកកម្ម​ថែរក្សា​និង​លើក​កម្ពស់​ម្ហូប​ខ្មែរ​នៅ​ឆាក​អន្តរជាតិ

អ្នកស្រី រស់ រតនៈ នឹង​បោះពុម្ព​សៀវភៅ​មុខ​ម្ហូប​មួយ​ក្បាល​ដែ​ល​មាន​ចំណង​ជើង​ថា «‍ញុំា៖ រូបមន្ត​ធ្វើ​ម្ហូប​ចេញ​ពី​ផ្ទះ​បាយ​ខ្មែរ» នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី រស់ រតនៈ)

ដោយ​ភ័យខ្លាច​ថា​ម្ហូប​ខ្មែរ​ប្រឈម​មុខ​នឹង​ការ​បាត់បង់ អ្នកស្រី រស់ រតនៈ ដែល​ជា​សហគ្រិន​ខ្មែរ​មួយ​រូប​និង​ជា​ចុងភៅ​រៀន​ដោយ​ខ្លួនឯង មាន​បំណង​ប្រាថ្នា​យ៉ាង​មុតមាំ​ក្នុង​ការ​នាំ​យក​ម្ហូប​ខ្មែរ​ដ៏​មាន​ឱជារស​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ។

វ៉ាស៊ីនតោន — អ្នកស្រី រស់ រតនៈ ដែល​ត្រូវ​បានគេ​ស្គាល់​តាម​ឈ្មោះ ចុងភៅ ណាក់ ​គឺ​ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រតនៈ ដែល​មាន​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​មួយ​ឈ្មោះ​ថា «ម្ហូប»។

ចុងភៅ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​បើក​ភោជនីយដ្ឋាន «ម្ហូប»​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៨។ ភោជនីយដ្ឋាន «ម្ហូប» ​គឺ​ជា​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​មុនគេ​បង្អស់​នៅ​ទីក្រុង​ភ្នំពេញ ​ដែល​ផ្តល់​នូវ​បទពិសោធន៍​ដ៏​ពិសេស​ជាមួយ​នឹង​ការ​ចម្អិន​ម្ហូប​ខ្មែរ​ដែល​មាន​រសជាតិ​ដើម​ នៅ​ផ្ទះ​ឈើ​បុរាណ​ខ្មែរ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា។

ក្នុង​កិច្ច​ប្រឹងប្រែង​ថែរក្សា​ម្ហូប​ខ្មែរ​ ចុងភៅ ណាក់ កំពុង​សរសេរ​សៀវភៅ​មុខម្ហូប​មួយ​ក្បាល​និង​ផលិត​វីដេអូ​ខ្លី​អំពីការ​ចម្អិន​ម្ហូប​ខ្មែរ​ ដែល​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ដើម្បី​ឲ្យ​ពិភពលោក​បាន​ស្គាល់​ម្ហូបខ្មែរ​ដែល​ត្រូវ​បាន​គេ​មើល​រំលង។

អ្នកស្រី​ រតនៈ ​បាន​ប្រាប់ VOA​ ថា៖

«ខ្ញុំ​ស្រឡាញ់​ម្ហូប​ខ្មែរ​ ហើយ​ខ្ញុំ​ចង់​ធ្វើអី​លើក​ស្ទួយ​ម្ហូប​ខ្មែរ​ឲ្យ​ពិភពលោក​គេ​ស្គាល់​ឲ្យ​ស្មើរ​នឹង​ប្រទេស​ជិតខាង​របស់​យើង​ហ្នឹង»។

នៅ​ខែ​កក្កដា​ខាងមុខ​នេះ​ ចុងភៅ ណាក់ នឹង​ធ្វើដំណើរ​មកកាន់សហរដ្ឋ​អាមេរិក​ដើម្បី​ផ្សព្វផ្សាយ​សៀវភៅ​មុខម្ហូប​របស់​អ្នកស្រី​ ដែល​មាន​កម្រាស់​ ២០០ទំព័រ​ និង​រៀបរាប់​ពី​រូបមន្ត​ម្ហូបខ្មែរ​៨០​មុខ។

អ្នកស្រី រស់ រតនៈ ដែល​ត្រូវ​បានគេ​ស្គាល់​ថា​ជា ចុងភៅ ណាក់ ​គឺ​ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន រតនៈ ដែល​មាន​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​មួយ​ឈ្មោះ​ថា «ម្ហូប»។ (រូបថតផ្តល់ឲ្យដោយអ្នកស្រី រស់ រតនៈ)

ភ្ញៀវអន្តរជាតិបានមកបរិភោគម្ហូបខ្មែរដែលចម្អិន​ដោយ​ចុងភៅ ណាក់ នៅ​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​របស់​អ្នក​ស្រី​ឈ្មោះ «ម្ហូប‍» នៅ​រាជធានីភ្នំពេញ។

ម្ហូប​ខ្មែរ​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​រស់​របស់​វប្បធម៌​កម្ពុជា

តាំងពី​ក្មេង​មក​ ចុងភៅ ណាក់ ចូលចិត្ត​ចម្អិន​ម្ហូប​យ៉ាង​ខ្លាំង ​ប៉ុន្តែ​អ្នកស្រី​មិន​ដែល​គិត​ថា​នឹង​យក​ការ​ចម្អិន​ម្ហូប​នេះ​ធ្វើជា​អាជីព​នោះ​ទេ។

មុន​ពេល​បើក​ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​នេះ​នៅ​ឆ្នាំ​២០១៨ អ្នកស្រី​បាន​ចំណាយ​ពេល​៨ឆ្នាំ​ធ្វើការ​ជាមួយ​នឹង​អង្គការ សិល្បៈ​ខ្មែរ​អមតៈ ហើយ​បាន​យល់ដឹង​អំពី​ទម្រង់​សិល្បៈ​ខ្មែរ​បុរាណ​ជាច្រើន​ដែល​កំពុង​រង​ការបាត់បង់ ហើយ​ក្នុង​នោះ​រួមមាន​ម្ហូប​ខ្មែរ​ផង​ដែរ។ ការណ៍​នេះ​បាន​ជំរុញ​ឲ្យ​អ្នកស្រី​ខិតខំ​ថែរក្សា​ការពារនិង​ធ្វើឲ្យ​ម្ហូប​ខ្មែរ​ពេញ​និយម​ឡើង​វិញ។

ចុងភៅ ណាក់ បាន​ប្រាប់​ឲ្យដឹង​ថា​ ម្ហូប​ខ្មែរ​មាន​លក្ខណៈ​ពិសេស​ជាង​អ្វី​ដែល​អ្នកស្រី​ធ្លាប់​គិត។

«ម្ហូប​វា​ជា​សិល្បៈ​មួយ ហើយ​សិល្បៈ​មួយ​នេះ​ក៏​បាន​រួមចំណែក​យ៉ាង​ធំ​ដែរ​ ក្នុង​ការ​បង្ហាញ​អំពី​អត្តសញ្ញាណ​របស់​ជាតិ​របស់​យើង​ជាទូទៅ​តែ​ម្តង»។

អ្នកស្រី​បាន​ប្រាប់ VOA​ ថា ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​បែប​ទំនើប​របស់​អ្នកស្រី​គឺ​មិនមែន​គ្រាន់តែ​ជា​ភោជនីយដ្ឋាន​ប៉ុណ្ណោះ​ទេ។ វា​ជា​ទីកន្លែង​ដែល​ភ្ញៀវ​អាច​ចូលរួម​យល់ដឹង​ពី​វប្បធម៌​ខ្មែរ​ ម្ហូប​ផ្ទះ​ខ្មែរ​ និង​ការរស់នៅ​បែប​ខ្មែរ។ អ្នកស្រី​បាន​បន្ត​ទៀត​ថា វា​មិនមែន​ត្រឹមតែ​ជាការ​ចម្អិន​ម្ហូប​នោះ​ទេ វា​ជា​សិល្បៈ​សម្តែង​នៃ​ការ​ធ្វើម្ហូប​សម្រាប់​ភ្ញៀវ​ដែល​មកពី​កន្លែង​ផ្សេងៗ​គ្នា ដើម្បី​ឲ្យ​ពួកគេ​យល់ដឹង​អំពី​ម្ហូប​ខ្មែរ​កាន់តែ​ច្រើន​ឡើង។

«ការ​ចម្អិន​គឺ​វា​ចេញ​ពី​បេះដូង ម្ហូប​ចេញ​ពី​បេះដូង​វា​ឆ្ងាញ់។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ចេញ​តែ​ពី​បេះដូង ចេញ​តែ​ពី​ការ​ស្រឡាញ់​វា​អត់​គ្រប់គ្រាន់​ទេ វា​ត្រូវ​តែ​មាន​ការ​ប្រើប្រាស់​ខួរក្បាល​ក្នុង​ការ​មក​គិត​ដែរ»។

នៅ​ភោជនីយដ្ឋាន «ម្ហូប» ចុងភៅ ណាក់ ផ្តល់​ជូន​នូវ​ម្ហូប​ដែល​ថ្មី​ស្រស់ មាន​ឱជារស​ឆ្ងាញ់​និង​ល្អ​ដល់​សុខភាព​ ដែល​ធ្វើ​ពី​ផលិតផល​ក្នុងស្រុក​និង​តាម​រដូវកាល​ ដោយ​ប្រើប្រាស់​រូបមន្ត​ម្ហូប​ពី​បុរាណ។ ការ​បរិភោគ​អាហារ​ត្រូវ​បាន​ផ្តល់​ជាមួយ​ការ​ធ្វើ​បទ​បង្ហាញ ​និង​ការ​សម្តែង​តន្រ្តី​ខ្មែរ ដើម្បី​បង្កើន​បរិយាកាស​រីករាយ​ក្នុង​ការ​ទទួល​ទាន​ម្ហូប​ខ្មែរ។

«ទឹកគ្រឿង‍» គឺជាមុខម្ហូបខ្មែរម្យ៉ាងដ៏ពេញនិយមនៅកម្ពុជា ដែលភាគច្រើនត្រូវបរិភោគជាមួយបន្លែស្រស់និង​ឆ្អិន​ជា​ច្រើន​ប្រភេទ។​

ផ្លែម្រេះគឺជាប្រភេទបន្លែហូបផ្លែម្យ៉ាងដែលពេញនិយមបរិភោគដោយពលរដ្ឋក្នុងប្រទេសកម្ពុជា។

ចុងភៅ ណាក់ បាន​ប្រាប់ VOA ថា ភ្ញៀវ​របស់​អ្នកស្រី​មកពី​គ្រប់​ទីកន្លែង​នៅ​ក្នុង​ពិភពលោក។ សម្រាប់​ភ្ញៀវ​បរទេស​ ភោជនីយដ្ឋាន​លក្ខណៈ​គ្រួសារ​របស់​អ្នកស្រី​អាច​ជា​បទពិសោធន៍​ថ្មី​មួយ​ជាមួយ​ម្ហូប​ខ្មែរ ប៉ុន្តែ​សម្រាប់​ប្រជាជន​កម្ពុជា​វិញ​ ជាពិសេស​អ្នក​ដែល​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេសអំឡុង​ពេល​សង្គ្រាម​ក្នុង​ទសវត្សរ៍​១៩៧០​ និង​១៩៨០ ការ​ធ្វើម្ហូប​របស់​អ្នកស្រី​រំលឹក​ពួកគេ​ពី​អតីតកាល​ដ៏​រុងរឿង​របស់​កម្ពុជា។ ដោយសារ​តែ​ភាព​ប៉ិនប្រសប់​ខាង​ធ្វើ​ម្ហូប​ដ៏​ជំនាញ​របស់​អ្នកស្រី សណ្ឋាគារ Rosewood Phnom Penh បាន​ជ្រើសរើស​យក​អ្នកស្រី​ និង​ភោជនីយដ្ឋាន​របស់​អ្នកស្រី​ជា​ដៃ​គូ​សហការ​ផ្នែក​ម្ហូប​អាហារ​ខ្មែរ។

ការ​សហការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ជោគជ័យ​របស់​ចុងភៅ ណាក់ ដែល​ជា​មនុស្ស​ដំបូង​គេ​ក្នុង​គ្រួសារ​របស់​អ្នកស្រី​ ដែល​បាន​ផ្លាស់ប្តូរ​ផ្ទះបាយ​របស់​ខ្លួន​ទៅ​ជា​ជំនួញ​ម្ហូប​អាហារ​ខ្នាត​កណ្តាល​បែប​ទំនើប​នៅ​កម្ពុជា។

ទោះបីជា​យ៉ាងណា​ក្តី ដើម្បី​ភាព​ជោគជ័យ​នេះ ​ចុងភៅ​ ណាក់​ ត្រូវ​បញ្ឈប់​ការងារ​ដ៏ល្អ​និង​ត្រូវ​ប្រើប្រាស់​ថវិកា​របស់​គ្រួសារ​ដើម្បី​ដំណើរការ​ជំនួញ​នេះ ដោយបាន​ឆ្លង​កាត់​ទាំង​បញ្ហា​ថវិកា​និង​សម្ពាធ​ផ្លូវចិត្ត។ ក៏​ប៉ុន្តែ តាមរយៈ​គម្រោង​នៃ​កម្មវិធី SHE-Investment អ្នក​ស្រី​បាន​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ ដោយ​ទទួល​បាន​ការ​គាំទ្រ​នានា ដូចជា​ឱកាស​ជួប​ជាមួយ​សហគ្រិន​ស្រ្តី​ផ្សេងៗ​ទៀត ដើម្បី​រៀនពី​បញ្ហា​របស់​គ្នា​ទៅវិញ​ទៅមក។

សៀវភៅ​មុខម្ហូប «ញុំា» ជា​ការ​អភិរក្ស​រូបមន្ត​ម្ហូប​ខ្មែរ

ជា​ផ្នែក​មួយ​នៃ​ការ​លើក​តម្កើង​និង​ថែរក្សា​ម្ហូប​ខ្មែរ ចុងភៅ ណាក់ កំពុង​សរសេរ​សៀវភៅ​មុខម្ហូប​ដំបូង​គេ​បង្អស់​របស់​អ្នកស្រី ដែល​មាន​ចំណងជើង​ថា «​ញុំា៖ រូបមន្ត​ធើ្វម្ហូប​ចេញពី​ផ្ទះបាយ​ខ្មែរ»​ (Nhum – Recipes from a Khmer Home Kitchen) ដែល​នឹង​ត្រូវ​បោះពុម្ព​ផ្សាយ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។ សៀវភៅ​មុខម្ហូប​នេះ​ បង្ហាញ​ពី​រូបមន្ត​ធ្វើ​ម្ហូប​ខ្មែរ​៨០​មុខ​ រួម​ជាមួយ​គ្រឿងផ្សំ​ដែល​មាន​សារប្រយោជន៍​ដល់​សុខភាព​ជាង​១០០​មុខ និង​រូបថត​នានា​ ដែល​បង្ហាញ​នូវ​មុខ​ម្ហូប​ខ្មែរ​ជាច្រើន។

អ្នកស្រី​បាន​ប្រាប់​ឲ្យដឹង​ថា សៀវភៅ​មុខម្ហូប​នេះ​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​ផ្អែកលើ​ចំណេះដឹង​និង​ជំនាញ​ធ្វើម្ហូប​របស់​អ្នកស្រី​ផ្ទាល់​ ដែល​អ្នកស្រី​បាន​រៀន​ពី​គ្រួសារ​កន្លងមក។ អ្នកស្រី​បាន​បន្ត​ទៀត​ថា ប្រទេស​កម្ពុជា​មាន​វប្បធម៌​ផ្នែក​ម្ហូប​ដ៏​ស្រស់​ស្អាត​និង​គួរឲ្យ​ស្ងប់ស្ងែង​មួយ ដែល​គួរ​តែ​ទទួល​បាន​ការ​កត់ត្រា​ទុក។

ដោយ​ដឹង​ថា​ម្ហូប​ខ្មែរ​អាច​ប្រឈម​មុខ​នឹង​ការ​បាត់បង់​នា​ពេល​អនាគត ចុងភៅ ណាក់ បាន​ប្តេជ្ញា​ចិត្ត​ចងក្រង​សៀវភៅ​មុខម្ហូប​ខ្មែរ​នេះ​ឡើង ដើម្បី​ការពារ​កុំឲ្យ​មាន​សោកនាដ​កម្ម​ផ្នែក​វប្បធម៌​កើត​មាន​ឡើង​លើ​មុខម្ហូប​ខ្មែរ។

«ខ្ញុំ​ឃើញ​អាភាព​នឹង​ងាយ​បាត់បង់​នឹង​តាមរយៈ​ ដោយសារ​តែ​ខ្មែរ​យើង​អត់​មាន​ទម្លាប់​ក្នុង​ការ​សរសេរ​ចងក្រង​ទុក​ទេ។ ស្អីៗ​ក៏​ដោយ​ ភាគច្រើន​គឺ​ពេល​បង្រៀន​កូន​សិស្ស​ឬ​ក៏អី​ចឹង​គឺ​តាមរយៈ​មាត់​អញ្ចឹង»។

គម្រប​សៀវភៅ «ញុំា‍» របស់​ចុងភៅ ណាក់ ដែលនឹងត្រូវបោះពុម្ពជាស្ថាពរនៅខែកក្កដា ឆ្នាំ២០១៩។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា សំណៅ​ឯកសារ​នៃ​រូបមន្ត​ធ្វើម្ហូប​ពីដើម​របស់​កម្ពុជា​គឺ​ពិបាក​រក។ ភាគច្រើន​នៃ​ព័ត៌មាន​ទាំងអស់​ត្រូវ​បាន​បាត់បង់​ក្នុង​អំឡុង​ពេល​សង្គ្រាម​ស៊ីវិល​និង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​នៅ​ទស្សវត្សរ៍ ១៩៧០ ដែល​នាំ​ឲ្យ​មាន​ការ​បាត់បង់​ជា​បណើ្តរៗ​នៃ​កេរដំណែល​ និង​ចំណេះដឹង​វិជ្ជា​ធ្វើម្ហូប។ ម្យ៉ាងទៀត​ការ​ធ្វើ​ចំណាក​ស្រុក​ទៅកាន់​ទីក្រុង​របស់​យុវជន​កម្ពុជា​ ដែល​បាន​ចាកចេញ​ពី​ភូមិ​ស្រុក​របស់​ពួកគេ​ ដើម្បី​បន្ត​ការ​សិក្សា​និង​ស្វែង​រក​ការងារ​នៅ​ក្នុង​ទីក្រុង ក៏​ធ្វើឲ្យ​បញ្ហា​នៃ​ការ​បាត់បង់​វប្បធម៌​ធ្វើ​ម្ហូប​ខ្មែរ​កាន់​តែ​អាច​ធ្ងន់ធ្ងរ​ឡើង ដោយសារ​ពួកគេ​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​រៀន​ពី​ឳពុក​ម្តាយ​និង​យាយតា​របស់​ពួកគេ​ពី​ការ​ចម្អិន​ម្ហូប​ខ្មែរ។

«ខ្ញុំ​ដឹង​ថា វា​នឹង​បាត់បង់​ដូចគ្នា បើសិនជា​យើង​អត់​ចាប់​ផ្តើម​គិតគូរ​វា។ ពេល​ដែល​ខ្ញុំ​ចង់​សិក្សា​ថា​ម្ហូប​ខ្មែរ​យើង​ ១០០​ឆ្នាំ​មុន​ ២០០​ឆ្នាំ​មុន ខ្មែរ​យើង​ម្ហូប​ប្រវត្តិ​យ៉ាងម៉េច​ យើង​ញុំា​ស្អី​អីៗ​នឹង​វា​រក​អត់​បាន។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​មែនទែន។ បើសិនជា​កូនចៅ​ខ្ញុំ​ជំនាន់​ក្រោយ គាត់​មាន​បញ្ហា​លំបាក​ដូច​ខ្ញុំ​អញ្ចឹង​ដែរ អា​នឹង​ខ្ញុំ​គិត​ថា​ អា​នឹង​ជា​កំហុស​របស់​ខ្ញុំ ពីព្រោះ​ខ្ញុំ​ដឹង​ហើយ​ខ្ញុំ​អត់ព្រម​សរសេរ​វា​ទុក»។

បន្ទាប់​ពី​បញ្ចប់​ការ​សរសេរ​សៀវភៅ​របស់​អ្នកស្រី ចុងភៅ ណាក់ ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​តំបន់​ដាច់ស្រយាល​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ស្វែងរក​និង​ធ្វើ​ការ​កត់ត្រា​ទុក​នូវ​អ្វី​ដែល​អ្នកស្រី​បាន​ហៅថា «ម្ហូប​ដែល​ត្រូវ​បាន​បំភ្លេច»​ ដើម្បី​ធ្វើ​ឲ្យ​ម្ហូប​ខ្មែរ​ទាំងអស់​នោះ​រស់​ឡើងវិញ។

«ខ្ញុំ​ចង់​ឲ្យ​ការងារ​របស់​ខ្ញុំ​គឺ​ជា​ចម្លើយ​របស់​ក្មេងៗ​ទៅ​ថ្ងៃ​អនាគត។ សំខាន់​ជាង​នេះ​ទៅទៀត​ គឺ​ខ្ញុំ​ចង់​ឲ្យ​ពិភពលោក​ស្គាល់​ម្ហូប​ខ្មែរ​ឲ្យ​ស្មើនឹង​ប្រទេស​ជិតខាង​របស់​យើង​ដែរ»៕