ជាតិ​គីមីរក្សា​បន្លែ​និង​សាច់នាំឲ្យ​ខូចសុខភាព

afghanistan-britain-pakistan-trilateral-meeting

វា​ពិត​ជា​គួរ​ឲ្យ​ភ័យ​ខ្លាច​ជា​ខ្លាំង​ប្រសិន​បើ​ គេ​ដឹង​ថា​នៅក្នុង​ចំណី​អាហារ​នៅលើ​ទីផ្សារ​នៅ ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គេ​ដាក់​ជាតិ​គីមី ​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ជំងឺ​ដ៏​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ។

យោង​តាម​លទ្ធផល​ស្រាវ​ជា្រវ​ជំហាន​ដំបូង​ស្តី​ពី​វត្តមាន​នៃ​សារធាតុ​គីមី​ ដែល​មាន​គ្រោះ​ថ្នាក់​ក្នុង​ម្ហូប​អាហារ​ របស់​លោកស្រី​បណ្ឌិត​ចេក សុថា​ អនុ​ប្រធាន​ផ្នែក​គីមី​ និង​ចំណី​អាហារ​នៃ​វិទ្យាស្ថាន​ វិទ្យា​សាស្រ្ត ​និង​បច្ចេកវិទ្យា​រាជបណ្ឌិត​សភា​កម្ពុជា​ បង្ហាញ​ឲ្យ​ដឹងថា អាជីវករ​កម្ពុជា ​កំពុង​តែ​ប្រើ​ប្រាស់​សារធាតុ​គីមី​នៅ​ក្នុង​សាច់ ​និង​បន្លែ ​ដែល​អាច​បង្ក​ឲ្យ​កើត​មាន​ជំងឺ​ជា​ច្រើន​មាន​ជាអាទិ៍ ជំងឺ​មហារីក​ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ភ្លាមៗ ​ឬ​អាច​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សុខភាព​យូរ​អង្វែង។ ការ​ប្រើប្រាស់​សារធាតុ​គីមី​ទាំងនេះ​ ក្នុង​បំណង​ដើម្បី​រក្សា​សាច់​ និង​បន្លែ​ទាំងនោះ​ឲ្យ​មាន​សម្បុរ​ស្រស់​ និង​កុំ​ឲ្យ​ស្អុយ​រលួយ​ជាដើម។

លោក​ស្រី​បណ្ឌិត​ចេក សុថា ​បាន​លើកឡើង​ថា សារធាតុ​គីមី​ដែល​កំពុង​ត្រូវ​ប្រើ​ប្រាស់​ក្នុង​ចំណី​អាហារ​នៅលើ​ទីផ្សារ​នោះ​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង ហើយ​វា​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ដែល​ត្រូវការ​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់។ លោក​ស្រី​បន្ត​ថា៖

«គឺ​យើង​រក​ឃើញ​ថ្នាំ​កសិកម្ម​មួយ​ចំនួន​ដែល​ជា​ថ្នាំ​ហាម​ឃាត់​គឺ​មាន​វត្តមាន​នៅក្នុងបន្លែ​របស់​យើង​នៅ​ក្នុង​សាច់​ដូចជា​សាច់​ប៉ាតេ​ ប្រហិត​ មឹក​ បង្គារ​គឺ​នៅ​មាន​៧៣​ភាគរយ​ថ្នាំ​នេះ​ គឺ ហ្វ័រម៉ាលីន​តែ​ម្តង​គឺ​គេ​ប្រើ​សម្រាប់​ដាក់​កុំ​ឲ្យ​សាច់​ស្អុយ​ហើយ​ថ្នាំ​នេះ វា​ប៉ះពាល់​ដល់​សុខភាពខ្លាំង​ មែន​ទែន វា​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ដូចជា​ពុល​ឈឺពោះក្អួត​ចង្អោរ​រលាក ប្រដាប់​ដង្ហើម​ពេល​ខ្លះ​អាច​ឲ្យ​សន្លប់ ឬ​ក៏​ស្លាប់​បាន​ហើយ​វា​ជា​សារធាតុ​មួយ​បង្ក​ឲ្យមាន​ជំងឺមហារីក​ផង»។

នេះ​គឺជា​ការ​សិក្សា​ស្រាវ​ជ្រាវ​ជំហាន​ដំបូង​របស់​លោកស្រី​ ហើយ​ការស្រាវជ្រាវ​នេះ​គ្រោង​នឹង​បញ្ចប់​នៅក្នុង​អំឡុង​ខែតុលា​ ឆ្នាំ២០១០ នេះ។ លោកស្រី​បណ្ឌិត​ចេក សុថា ​បាន​ឲ្យ​ដឹងថា​ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​មិន​ទាន់​បាន​យល់ដឹង​ពី​សុវត្ថិភាពចំណី​អាហារ​នៅឡើយ។

យោងតាម​លទ្ធផល​ស្រាវជ្រាវ​បឋម​ការស្រាវជ្រាវ​ ដែល​ធ្វើនៅ ​លើ​ផ្សារ​ចំនួន​២២ ​នៅក្នុង​ ក្រុង​ភ្នំពេញ ​និង​តាម​បណ្តាល​ផ្សារ​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​ ចំនួន១២ ​ដែល​វីអូអេ​សម្លេង​ សហរដ្ឋ​អាមេរិក​ទទួល​បាន​នោះ ​បង្ហាញ​ទៀតថា ​សារធាតុ​គីមី​ប័រ៉ាក់ ឬ​ហៅ​ថា​ទឹក​អន្សា ត្រូវ​ក្រុម​អាជីវករ​ប្រើ​លើ​សាច់ប៉ាតេ​ ប្រហិត​សាច់​គោ ត្រីងៀត ​បង្គា​ក្រៀម​ ម៉ឹកក្រៀម​ ងៀតគោ​ សាច់ក្រក​ សាច់​គោ​ស្រស់​ ត្រីប្រឡាក់ ​គុយទាវ ​មី ​និង​បង្អែម​ មួយ​ចំនួន ដើម្បី​ឲ្យ​ស្វិតល្អ។

សារធាតុ​គីមី​នេះ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​តម្រង​នោម​ និង​ក្រលៀន​ បង្ក​ឲ្យ​ឈឺ​ក្បាល​ រមាស់​ស្បែក​ រលាក​ប្រដាប់​រំលាយ​អាហារ​ ក្រពះ​ និង​ពោះវៀន និង​អាច​បណ្តាល​ឲ្យ​ក្អួត​ឈាម និង​ស្លាប់​បាន។ ការ​ប្រើ​ប្រាស់​សារ​ធាតុនេះ​ជាប់​ជា​ប្រចាំ​លើស​រយៈពេល​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​គឺអាច​ប្រឈម​នឹង​ជំងឺ​មហា​រីក​ថ្លើម។

រី​ឯ​សារធាតុគីមី​ហ្វ័រម៉ាលីន​ដែល​បង្ក​ឲ្យ​ ពុល ​ឈឺពោះ ​ក្អួត​ចង្អោ​រ រាគរូស​ រលាក​ប្រដាប់​រំលាយ​អាហារ​ មាន​ជំងឺ​មហាររីក ​និង​គ្រោះថ្នាក់​ដល់​ក្រលៀន​នោះ​ ត្រូវ​បាន​ប្រើ​ដាក់​ក្នុងសាច់​ក្លាសេ​ និង​អាហារ​សមុទ្រ​ដូចជា​បង្គា ​ម៉ឹក​ជាដើម​ សម្រាប់​រក្សា​ទុក​ឲ្យ​បាន​យូរ​កុំ​ឲ្យ​ស្អុយ។

ចំពោះ​សារធាតុ​អាស៊ីត​សាលី​ស៊ី​លីក​ ត្រូវបាន​យក​ទៅ​ប្រើ​សម្រាប់​ជ្រលក់​បន្លែ និង​ផ្លែឈើ ​ដើម្បី​ឲ្យ​វា​មាន​ពណ៌​សម្បុរ​នៅ​ស្រស់​បាន​យូរ។ សារធាតុ​នេះនឹង​បណ្តាល​ឲ្យ​ក្អូត​ វិលមុខ ​ក្តៅ​ខ្លួន​ និង​ស្លាប់​បាន​បើ​កាល​ណា​ប្រើ​លើស​កម្រិត។

របាយ​ការណ៍​ស្រាវជ្រាវ​បាន​បង្ហាញ​ទៀតថា​ សារធាតុ​គីមី​សូដ្យូម​អ៊ីដ្រូស៊ុល​ហ្វីត​ ឬហៅ​ថា​ម្សៅ​ស ត្រូវបាន​ប្រើ​ក្នុង​ស​ណ្តែក​បណ្តុះ ​ខ្ញី​ហាន់​ គល់​ស្លឹក​គ្រៃហាន់ ​ដូង​ខ្ចី ដែល​គេ​ចិត​សំបក​រួច​ ផ្លែ​ត្នោត​ចិត​រួច និង​ស្ករ​ត្នោត​ជាដើម ដើម្បី​ឲ្យ​មាន​ពណ៌ស្រស់។ ក៏​ប៉ុន្ដែ ​សារធាតុ​នេះនឹង​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះខ្លាំង​ ថប់ដង្ហើម​ ឈឺ​ក្រពះ ​ក្អួត​ រាគ​ កន្ទួល​លើ​ស្បែក ហើយ​ចំពោះ​អ្នក​ជំងឺ​ហឺត​អាច​ស្ទះ​ដង្ហើម​សន្លប់ ឬ​ស្លាប់។

ការ​ស្រាវ​ជ្រាវ​ដដែល​នោះ បាន​ឲ្យ​ដឹងថា​ មាន​ពពួក​ថ្នាំ​កសិកម្ម​មួយ​ចំនួន​ដ៏​គ្រោះ​ថ្នាក់​ ហើយ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដូចជា ពពួក​មេទីលប៉ារ៉ាចុន​ Methylparathion , មេវីនហ្វូស​ Mevinphos, ​ម៉ូណូក្រូតូហ្វូស​ Monocrotophos, ​មេតូមីល​ Mythomyl , ​អែនដូស៊ុលហ្វាន​ Endosulfan ​, កាបូហ្វូនរ៉ាន​ Carbofuran , ​ក្លរពិរីហ្វូស Chlorpyrifos ,​ អាបាម៉ិចទីន Abamectint​ ត្រូវបាន​ប្រើប្រាស់​ក្នុង​បន្លែ​១១មុខ​រួមមាន​ស្ពៃក្តោប ​ស្ពៃស​ ស្ពៃ​ក្រញាញ់​ ស្ពៃ​ចង្កឹះ ​ស្ពៃ​តឿ ​ស្ពៃ​ខ្មៅ​ តាំង​ឱ សណ្តែក​កួរ ​សណ្តែក​បារាំង​ ខាត់ណា​ ផ្កា​ខាត់ណា​ និង​ត្រកួន។

ផល​ប៉ះពាល់​នៃ​សារធាតុ​គីមី​ក្នុង​បន្លែ​ទាំងនេះ ជា​ទូទៅ​បង្អាក់​ប្រព័ន្ធ​ប្រសាទ​ ដោយ​ជ្រាប​តាម​ស្បែក​ភ្នាស​កោសិកា​ និងតាម​មាត់​។ សារធាតុគីមីក៏ធ្វើ​ឲ្យ​ឈឺក្បាល​ វិលមុខ ​ចេញ​ទឹកមាត់​ បែក​ញើស​ ហៀរ​សំបោរ​ ហៀរ​ទឹកភ្នែក​ច្រើន​ រមួល​សាច់ដុំ​ ខ្សោយ​ ញ័រខ្លួន ក្អួត ​ឈឺពោះ ​រាគ​ ឈឺសួត​ តឹង​ទ្រូង ​ដក​ដង្ហើម​ដាច់ៗ ​ងងឹត​មុខ ​និង​អាច​បាត់បង់​ ស្មារតី​ឬ​សន្លប់។

លោកស្រី​បណ្ឌិត​ចេក​ សុថា​ បាន​លើក​ឡើង​ថា កាត់​បន្ថយ​ការ​ប្រើប្រាស់​ជាតិ​គីមី​ ទាំង​អស់​នេះ ក្នុង​បន្លែ និង​សាច់អាចធ្វើ​ទៅ​បាន​លុះត្រា​តែ​មាន​ការ​ចូល​រួម​ពី​គ្រប់​ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់ ហើយ​អ្នក​ទិញ និង​អ្នក​លក់​ត្រូវ​មាន​សីលធម៌​ក្នុង​ការ​ប្រកប​មុខរបរ​របស់​ខ្លួន។

លោក​ឌិម ថេង ​ប្រធាន​នាយកដ្ឋាន​មន្ទីរ​ពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​បាន ទទួល​ស្គាល់​ថា បន្លែ​សាច់​ប្រហែល​ជា​៥០​ទៅ​៦០​ភាគរយ​នៅ​លើ​ទីផ្សារ​មាន​ប្រើប្រាស់​សារធាតុ​ គីមី​ដែល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព។ លោក​បាន​ឲ្យ​ដឹង​បន្ត​ថា តាមរយៈ​ការ​រកឃើញ​នេះ អគ្គ​នាយកដ្ឋាន​កាំ​កុង​ត្រូល​បានចុះត្រួត​ពិនិត្យ​ជា​ប្រចាំ​នៅ​តាម​ផ្សារ និង​នៅតាម​កន្លែង​ផលិត​ហើយ​មាន​ការ​ចុះ​អប់រំ​ដល់​អ្នក​ប្រើប្រាស់​ឲ្យ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការប្រើ​សារធាតុ​គីមី​ទាំងនោះ​ហើយ​ក៏​មាន​ការ​ដក​ហូត​ចំណី​អាហារ មួយ​ចំនួន​ដែល​ពិនិត្យ​ឃើញ​ថា មាន​សារធាតុ​គីមី និងមាន​ការ​ព្រមាន​ដល់​អ្នក ​ដែល​ប្រើប្រាស់​សារធាតុ​ទាំងនោះ​ដែរ ហើយ​ជា​លទ្ធផល​មាន​ការ​ថយ​ចុះ​ប្រមាណ​ជា​១០ភាគរយ។

លោក​បាន​បញ្ជាក់​ថា ការ​ដែល​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់​ គឺជា​អំពើ​ខុស​ច្បាប់។ ដូច្នេះ​អ្នក​ដែល​ប្រើប្រាស់​សារធាតុ​ទាំងនោះ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ទទួល​ទោស ក៏ប៉ុន្តែ​លោក​បាន​ឲ្យ ​ដឹង​ថា រហូត​មកដល់​ពេល​នេះ​នៅ​មិនទាន់​មាន​ការ​ប្តឹង​អ្នក​ដែល​ប្រើប្រាស់​សារធាតុ​គីមី​ទាំង ​នោះ​ឡើង​តុលាការ​នៅឡើយ គឺ​ត្រឹមតែ​មាន​ការ​ដកហូត​ចំណី​អាហារ និង​ធ្វើការ​ព្រមាន​តែ​ប៉ុណ្ណោះ​។ លោក​ថ្លើង​ថា៖

«សារធាតុ​គីមី​មួយ​ចំនួន ដែល​យើង​បាន​ហាមឃាត់​នោះ គឺ​យើង​បាន​រកឃើញ​នៅ​តាម​ទីផ្សារ​មួយចំនួន​នូវ​ហ្វ័រម៉ាលីន​ បូរ៉ាក់ ដែល​រដ្ឋភិបាល​បាន​ហាមឃាត់ តែ​យើង​នៅ​តែ​ពិនិត្យឃើញ នៅ​ក្នុង​ម្ហូប​អាហារ​ខ្លះ ប៉ុន្តែ​យើង​បាន​ចុះ​ធ្វើ​ជា​ប្រចាំ​នៅ​តាម​ទីផ្សារ​ហើយ​ក៏បាន​យក​គំរូ​មក​វិភាគ​ នៅ​មន្ទីរ​ពិសោធន៍ បន្ទាប់​ពី​ការ​រក​ឃើញ​ហើយ​ក៏​បាន​ចុះ​ទៅ​ដក​ហូត​ណែនាំ​អ្នក​លក់​កុំ​ឲ្យប្រើ​សារធាតុ​គីមី​នោះទៀត»។

លោក​ប្រេម ណូរ៉ុន ​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ឱសថ​ ចំណី​អាហារ ​បរិក្ខា​ពេទ្យ និង​គ្រឿងសំអាង​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​ជាតិ​គីមី​លើ​ចំណី​អាហារ​នេះ ​គឺ​ត្រូវមាន​ការ​ចូលរួម​ទាំងអស់​គ្នា​ជាពិសេស​ការ​ចូលរួម​ពី​អ្នក​ផលិត។ លោកណូរ៉ុន​បន្ត​ថា៖

«ឥឡូវ​ឃើញ​ដូច​ច្រើន​មែន​ ជាពិសេស ពួក​ផ្លែឈើ​ សាច់​ គ្រឿង​សមុទ្រ​ មាន​ការ​ទុក ដាក់ ដើម្បី​ទុក​ឲ្យ​បាន​យូរ​កុំឲ្យ​ស្អុយ​ គេ​មាន​ប្រើ​ជាតិ​គីមី​ហើយ​ផ្លែ​ឈើ ក៏​មាន​ការ​ពិបាក​ញុំ​ ដែរ​សព្វ​ថ្ងៃ​ គឺ​ប្រើ​នៅ​ជាតិ​គីមី​ឲ្យ​វា​មាន​ទំហំ​ធំ​រក្សា​បាន​យូរ​ឃើញ​មាន​ច្រើន​មែន​អញ្ជឹង​ បាន​ខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​បែរ​មក​រក​ផលិតផល​ ដែល​មិន​ប្រើ​ជាតិ​គីមី»។

លោក​ស៊ាន វិញ្ញូរតនៈ ​ជា​ប្រជា​ពលរដ្ឋ​រស់​នៅក្នុង​ទី​ក្រុង​ភ្នំពេញ បាន​សំដែង​ការ​ព្រួយបារម្ភ​ ជា​ខ្លាំង​ ចំពោះ​ម្ហូប​ចំណី​អាហារ​ ដែល​សំបូរ​ទៅ​ដោយ​ជាតិ​គីមីប៉ះពាល់​ដល់​សុខភាព​បែបនេះ។​លោក​បាន​អំពាវនាវ​ថា សូម​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​មាន​វិធានការ​ទប់ស្កាត់ ​ជា​បន្ទាន់​លើ​ករណី​នេះ។ លោក​ថ្លែង​ដូច្នេះ​ថា៖

«បារម្ភ​ខ្លាំង​ ប៉ុន្តែ​ជំហាន​ដែល​ល្អ គឺ​កាត់​បន្ថយ​ការ​ហូបចុក​ សូម្បី​តែ​អង្ក ​ត្រី​ប្រៃ​ក៏​មាន ការ​ប្រើប្រាស់​ជាតិ​គីមី​ដែរ ហើយ​ការ​ជ្រើសរើស​របស់​ខ្ញុំ​ដូចជាបន្លែ​ដូចជា​ ពិបាក​ជៀស ប៉ុន្តែ​អង្ករ​ខ្ញុំ​ទិញ​ពី​ស្រុក​ ស្រែ​មក​យើង​អាច​មាន​លទ្ធភាព​ជៀស​បាន​ប៉ុន្មាន​ប៉ុណ្ណឹង ប៉ុន្តែ​ភាគច្រើន​ចំណី​ ដែល​គេ​លាយ​នោះ​យើង​ជៀស​រួច​ខ្លះ​មិន​រួចខ្លះ»។

គួរ​រំលឹក​ថា ក្រៅ​ពី​ការប្រើប្រាស់​សារធាតុ​គីមី​ក្នុង​ចំណី​អាហារ​ ម្ហូប​អាហារ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​ទៀត​ក៏​ត្រូវ​គេ​មើល​ឃើញ​ថា ពុំ​មាន​អនាម័យ​គ្រប់គ្រាន់​ ដែល​ជា​ប្រភព​ដ៏​គ្រោះ​ថ្នាក់​ដល់​សុខភាព​ផង​ដែរ៕