លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៃប្រទេសកម្ពុជារងការរិះគន់ ក្រោយពេលលោក បំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេលពីរថ្ងៃនៅសប្តាហ៍នេះ។ ការរិះគន់ទាំងនោះ បានកើតឡើងដោយសារបញ្ហាពាក់ព័ន្ធនឹងរឿងព្រំដែន និងរឿងស្នើឲ្យមានការផ្តល់សិទ្ធិស្របច្បាប់ដល់ពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា និងវៀតណាម បានរិះគន់ដល់កិច្ចព្រមព្រៀងរួម ចុងក្រោយមួយ ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានព្រមព្រៀងជាមួយសមភាគីវៀតណាមរបស់លោក ជាពិសេសបញ្ហាគោរពអនុវត្តកិច្ចព្រមព្រៀងព្រំដែនដែលបានចុះហត្ថលេខាដ៏ចម្រូងចម្រាសកាលពីអតីតកាល ហើយនឹងការស្នើរបស់វៀតណាម ដែលចង់ឲ្យកម្ពុជាផ្តល់ភាពស្របច្បាប់ដល់ជនជាតិវៀតណាមដែលកំពុងតាំងទីលំនៅលើទឹកដីកម្ពុជា។
ការរិះគន់នេះកើតឡើង ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបំពេញ ទស្សនកិច្ចចំនួនពីរថ្ងៃកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដែលបានសច្ចារួមគ្នាថា នឹងបន្តរឹតចំណងទំនាក់ទំនងកិច្ចសហប្រតិបត្តិការស៊ីជំរៅលើវិស័យនានារវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍រួមមួយរវាងវៀតណាមនិងកម្ពុជាក្រោយបញ្ចប់ទស្សនកិច្ចរបស់លោក ហ៊ុន សែន បានសរសេរថា៖ «ភាគីទាំងពីរបានបញ្ជាក់អះអាងសារជាថ្មីនូវ ការគោរព និងការអនុវត្តឲ្យបានពេញលេញសន្ធិសញ្ញាកំណត់ព្រំដែន និងកិច្ចព្រមព្រៀងព្រំដែនពាក់ព័ន្ធដ៏ទៃទៀតរវាងរដ្ឋទាំងពីរ»។
ទោះជាយ៉ាងណាក៏ដោយ ភាគីទាំងពីរពុំបានដាក់បញ្ចូលពាក្យមួយឃ្លាណាដែលនិយាយពីការរំលោភដែនអធិបតេយ្យភាព ដែលកម្ពុជាបានតវ៉ាទាក់ទងនឹងការធ្វើផ្លូវ ជីកស្រះ ធ្វើបុស្តិ៍យោធាជួរមុខដែលកម្ពុជាបានចោទថា ប្រទេសវៀតណាមបាន រំលោភបំពានចូលក្នុងទឹកដីខ្មែរតាមបណ្តោយព្រំដែននោះទេ។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្វាគមន៍មន្ត្រីវៀតណាមនៅការិយាល័យវដ្ឋាភិបាលវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ (REUTERS)
មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) បានទទូចដល់កម្ពុជា «ធានាសិទ្ធិស្របច្បាប់របស់អនិកជនវៀតណាមនៅកម្ពុជា» ដូចជាជនជាតិដ៏ទៃដែលរស់នៅក្នុងប្រទេសកម្ពុជាដែរ។ បន្ថែមលើនេះ ភាគីទាំងពីរប្តេជ្ញាថា នឹងខិតខំរកដំណោះស្រាយបញ្ហាកំណត់ព្រំដែន និងបោះបង្គោលឲ្យបានឆាប់ ដើម្បីកសាងបន្ទាត់ព្រំដែននៃសន្តិភាព ស្ថិរភាព មិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដោយចីរភាព។
លោក ឌី ការ៉េត អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំងបាន ថ្លែងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនអាចប្រកែកជាមួយវៀតណាមបានទេទាក់ទងនឹងរឿងព្រំដែន និងអន្តោប្រវេសន៍ ដោយសាររដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលគ្រប់គ្រងដោយលោកហ៊ុន សែន បានចុះកិច្ចព្រមព្រៀង និងសន្ធិសញ្ញានានាកាលពីទសវត្សរ៍១៩៨០។
«ដរាបណាលោកហ៊ុន សែន នៅកាន់អំណាចត្រូវតែយល់ព្រមជាមួយគេ ព្រោះគាត់ អ្នកស៊ីញ៉េកិច្ចព្រមព្រៀងសន្ធិសញ្ញាអស់ហ្នឹងជាមួយគេពីហ្នុងមកបាទ។ ហើយដោយសារសន្ធិសញ្ញា និងកិច្ចព្រមព្រៀងហ្នឹងអត់ត្រូវបានលុបចោលអីទាំងអស់។ ដូច្នេះត្រូវតែអនុវត្តជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃហ្នឹង តទៅទៀតលោកហ៊ុន សែន គេចពីការអនុវត្តហ្នឹងអត់រួចទេ ពីព្រោះគាត់ស៊ីញ៉េជាមួយគេ ហើយគាត់អត់លុបចោលសន្ធិសញ្ញាហ្នឹង»។
លោក ឌីការ៉េត បានបញ្ជាក់ពីដំណោះស្រាយបញ្ហាកម្ពុជានាពេលអនាគតថា៖
«អាហ្នឹងវាទាល់តែមានរដ្ឋាភិបាលថ្មី លើករឿងហ្នឹងមកពិចារណាម្តងទៀត ហើយត្រូវ សម្រេចចិត្តថាត្រូវលុបសន្ធិសញ្ញាពីមុនៗហ្នឹងឲ្យអស់ទៅ ព្រោះជាការបំពានលើច្បាប់ អន្តរជាតិ។ ដូច្នេះហើយដោយស្របទៅតាមគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីសឆ្នាំ១៩៩១ផង យើងអាចលុបសន្ធិសញ្ញាអស់ហ្នុងចោល ព្រោះជាការបំពានទៅលើច្បាប់អន្តរជាតិ»។
លោក ការ៉េត បានអះអាងថា ជាធម្មតា តាំងពីដំបូងមកវៀតណាមតែងតែទទូចឲ្យ រដ្ឋាភិបាលកម្ពុជាចុះកិច្ចព្រមព្រៀងជាថ្មីរាល់លើក ដែលមានការផ្លាស់ប្តូរគណៈប្រតិភូ ទាក់ទងនឹងរឿងព្រំដែន និងការយកចិត្តទុកដាក់ដល់ជនជាតិវៀតណាមនៅកម្ពុជានេះ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេ បានជំទាស់នឹង កិច្ចព្រមព្រៀងកាលពីអតីតកាល និងសេចក្តីថ្លែងការណ៍រួមលើចំណុចព្រំដែន និងអន្តោប្រវេសន៍ ដែលវៀតណាមបានស្នើចុងក្រោយនេះ។
«យើងនៅតែទទូចឲ្យរដ្ឋាភិបាលកម្ពុជាមិនត្រូវធ្វើប្រឡេមប្រឡំទៅតាមការចង់បាន របស់រដ្ឋាភិបាលវៀតណាមចង់បានទេ។ ហើយរដ្ឋាភិបាលវៀតណាមរំលឹកហើយរំលឹកទៀតឲ្យកម្ពុជាទទួលយកភាពស្របច្បាប់ឲ្យជនជាតិរបស់ខ្លួននៅកម្ពុជា យើងធ្វើអញ្ចឹងអត់បានទេ។ លក្ខខណ្ឌជនអន្តោប្រវេសន៍វាមានកំណត់ដោយច្បាប់របស់វា ហើយជនជាតិណាក៏ដោយ យើងមិនរើសអើងទេ ជនជាតិណាក៏ដោយដែលមករស់ នៅក្នុងប្រទេសណាមួយ ទាល់តែជនជាតិហ្នឹងត្រូវទទួលស្គាល់ដោយច្បាប់ជាមុនសិន»។
លោកថ្លែងថា សម្រាប់កម្ពុជា ជនបរទេសដែលអាចទទួលបានសញ្ជាតិខ្មែរមានកត្តាច្រើន តែត្រូវបំពេញលក្ខខណ្ឌដូចជាទទួលបានព្រះរាជក្រិតរបស់ព្រះមហាក្សត្រ និងពិធីស្បថជាមុន។ ហើយលោកទទូចថាសន្ធិសញ្ញាស្តីពីជនអន្តោប្រវេសន៍កាលពីឆ្នាំ ១៩៧៩ និងចរាចរណ៍អន្តោប្រវេសន៍ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៨៦ ដែលកម្ពុជាយកចិត្តទុកដាក់ចំពោះជនអន្តោប្រវេសន៍វៀតណាមនៅតែអនុវត្តដដែល ដែលលោកថា ជារឿងមិនអាចទទួលស្គាល់បាន ហើយលោកទទូចដល់រដ្ឋាភិបាលឲ្យពន្យល់ច្បាស់លាស់ ដើម្បីកុំឲ្យមានការសង្ស័យពីប្រជាពលរដ្ឋកម្ពុជារឿងវៀតណាមធ្វើជាតូបនីយកម្មលើទឹកដីកម្ពុជា។
រូបឯកសារ៖ មន្ត្រីប៉ូលិសកម្ពុជាឈរយាម ខណៈដែលពលរដ្ឋវៀតណាមគ្រវីទង់ជាតិវៀតណាមនៅត្រើយម្ខាងទៀតនៃព្រែកមួយ ក្នុងអំឡុងពេលទស្សនកិច្ចចុះត្រួតពិនិត្យព្រំដែនរបស់គណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥។
លោក ម៉ែន ណាត បានបន្តថា លោកនៅតែចាត់ទុកថាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ដែលលោក ហ៊ុន សែន បង្ខំឲ្យព្រះមហាក្សត្រឡាយព្រហស្ថលេខា និងចាប់ សកម្មជនព្រំដែនដាក់គុកនោះ ជាសន្ធិសញ្ញាខុសច្បាប់ ដូចសន្ធិសញ្ញាឆ្នាំ១៩៨២ ១៩៨៣ ហើយនឹងឆ្នាំ១៩៨៥ ផងដែរ។ លោកថា សន្ធិសញ្ញាទាំងនោះមិនស្របនឹងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសដែលលោកថាត្រូវលុបចោល។
«ដូច្នេះសន្ធិសញ្ញាហ្នឹង យើងអាចសើរើបាន បើសិនមានរដ្ឋាភិបាលល្អណាមួយដើម្បី សើរើ យើងអាចសើរើបាន។ ប៉ុន្តែបច្ចុប្បន្នហ្នឹងរដ្ឋាភិបាលកម្ពុជាកាន់កាប់ដោយគណបក្សប្រជាជនដែលបន្តុបដោយវៀតណាមហ្នឹង គាត់នៅតែកាន់កាប់បន្តអញ្ចឹង។ អញ្ចឹងគាត់មានសិទ្ធិធ្វើបន្តអញ្ចឹង ទោះបីជាយើងមិនគាំទ្រក៏ដោយ ក៏គាត់នៅតែធ្វើដែរ។ ប៉ុន្តែគ្រាន់តែយើងខ្លួនយើងជាប្រជាពលរដ្ឋខ្មែរ ជាសកម្មជន ជាអ្នកសិក្សា បញ្ហាព្រំដែនហ្នឹង យើងនៅតែរក្សាជំហរគឺថាជំទាស់។ យើងជំទាស់ពីព្រោះសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ វាធ្វើឲ្យខ្មែរបាត់បង់ទឹកដី គឺ១០០ភាគរយបាត់បង់ទឹកដី។ហើយខាងគណៈកម្មាធិការព្រំដែនក៏បានកំណត់ដែរថា យើងបាត់បង់ទឹកដីច្រើន ចន្លោះពី៤ទៅ៦ពាន់គីឡូម៉ែត្រក្រឡា។ អាហ្នឹង ដីព្រំដែនគោក យើងអត់និយាយព្រំដែនទឹកទេ។ ហើយដល់ពេលបោះបង្គោលព្រំដែនបច្ចុប្បន្នរយៈពេល១០ឆ្នាំមកដល់ឥឡូវហ្នឹង ឬ១១ឆ្នាំហ្នឹង យើងឃើញថាប្រជាពលរដ្ឋនៅតាមគ្រប់ទីកន្លែងនៅតាមព្រំដែនហ្នឹងបាត់បង់ទឹកដី»។
លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមមានមូលដ្ឋាននៅក្នុងសហរដ្ឋ អាមេរិក បានសម្តែងការព្រួយបារម្ភដែលខ្លាចថា ទឹកដីខ្មែរត្រូវបរទេសរស់នៅទៅថ្ងៃ ក្រោយ ដោយសារកិច្ចព្រមព្រៀងឥណ្ឌូចិន គឺវៀតណាម ឡាវ និងកម្ពុជា ដែលផ្តល់សិទ្ធិឲ្យគ្នាទៅវិញទៅមករស់នៅ នៅពេលដែលភាគីនយោបាយខ្មែរមិនបាននាំគ្នាដោះស្រាយបញ្ហាស្រុកទេស តែបន្តបែកបាក់គ្នា ។
«យួនក៏ដោយ លាវក៏ដោយ គេអាចមកនៅស្រុកខ្មែរបាន ដែលនេះជារឿងមួយដែល បងប្អូនខ្មែរយើងមិនបានចាប់អារម្មណ៍រឿងហ្នឹង បូកទាំងអាស៊ានទាំង១០នោះទៀត គឺថាយួនគេនៅស្រុកខ្មែរជាស្វ័យប្រវត្តិតែម្តង។ ដល់សរុបទៅគឺថាយើងបាត់ស្រុក។ប្រទេសនៅតែជាប្រទេសខ្មែរ តែមនុស្សនៅសុទ្ធតែជាជនជាតិយួន។ នេះជារឿងមួយ ដែលបងប្អូនខ្មែរយើងមិនយកចិត្តទុកដាក់ ហើយយើងនៅតែវាយប្រហារគ្នាបញ្ហាទំនាស់ផ្ទៃក្នុងទៅវិញ»។
ទោះជាចំនួនតួលេខជនជាតិវៀតណាមរស់នៅកម្ពុជា និងជនជាតិខ្មែរក្រោមនៅលើ ទឹកដីកម្ពុជាក្រោម ដែលវៀតណាមកាន់កាប់ មិនមានការបញ្ជាក់ឲ្យបានច្បាស់ក្តី តែ លោកថាច់ ង៉ុកថាច់ បានប្រមើលមើលឃើញថា នៅថ្ងៃណាមួយរដ្ឋាភិបាលវៀតណាម និងកម្ពុជា នឹងលើកយករឿងខ្មែរក្រោមមកនិយាយទៅលើបញ្ហាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម ដើម្បីឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាដែលការណ៍នេះ លោកថាជារឿងគ្រោះថ្នាក់សម្រាប់កម្ពុជា ហើយលោកបន្តទទូចឲ្យភាគីនយោបាយខ្មែរមានឯកភាពជាតិដើម្បីដោះស្រាយ។
ទោះជាមានការបារម្ភពីក្រុមអ្នកសង្កេតការណ៍បញ្ហាកម្ពុជាខ្លះក្តី នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសកម្ពុជា និងវៀតណាម ក៏បានផ្តោតការយកចិត្តទុកដាក់ទៅលើ រឿងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរហើយនឹងការអបអរសារទរ និងអរគុណគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការកាលពីអតីតកាល ដែលវៀតណាមបានចូលឈ្លានពានទឹកដីកម្ពុជាដើម្បីជួយបណ្តេញក្រុមខ្មែរក្រហមចេញពីអំណាចកាលពីឆ្នាំ១៩៧៩ និងការប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យជាច្រើនទៀត ដែលប្រទេសទាំងពីរថានឹងមិនឲ្យអមិត្រណាមកបង្កអស្ថិរភាព និងអសន្តិសុខចំពោះប្រទេសទាំងពីរបានទេ។
សាស្ត្រាចារ្យច្បាប់អាមេរិកាំងលោក ភីធ័រ ម៉ាខ្វៃអ័រ (Peter Maguire) ដែលជាអ្នកតាមដានស្ថានការណ៍ក្នុងតំបន់មួយរូបបានថ្លែងថា ការពង្រឹងទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ គឺជារឿងផ្លាស់ប្តូរផលប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តែក្តីបារម្ភ និងការសង្ស័យរំពឹងថានឹងកើតឡើង ដោយសារប្រទេសទាំងពីរធ្លាប់មានភាពតានតឹងជាប្រវត្តិសាស្ត្រនោះ។
«ខ្ញុំដឹងថា មានពលរដ្ឋកម្ពុជាមួយចំនួនរិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខ្លាំង ខណៈពេលដែលពួកគេសង្ស័យលើទំនាក់ទំនងរវាងលោកហ៊ុន សែន និងវៀតណាម នោះ។ តែខ្ញុំគិតថា ដំណើរទស្សនកិច្ចនេះគឺជាការបង្កើនទំនាក់ទំនងជាមួយប្រទេស ជិតខាងទៅមុខទៀតតែប៉ុណ្ណោះ»។
ប្រទេសវៀតណាមដែលមានខ្សែបន្ទាត់ព្រំដែនរួមគ្នាជាមួយកម្ពុជាជាង១២០០គីឡូម៉ែត្រនោះ ទទួលរងការរិះគន់មិនចេះចប់មិនចេះហើយថា ជាអ្នកប៉ុនប៉ងលេបត្របាក់ទឹកដីខ្មែរតាមរយៈការរំលោភបំពានព្រំដែន និងបញ្ជូននិគមជនមករស់នៅលើទឹកដីកម្ពុជា ទោះជារឿងនេះវៀតណាមបានបដិសេធក្តី៕