ទីក្រុងវូហាន — នៅក្រុងវូហានក្នុងប្រទេសចិន ដែលជាចំណុចផ្ទុះដំបូងនៃការរាតត្បាតជំងឺកូវីដ១៩ ពលរដ្ឋរស់នៅក្នុងទីក្រុងនេះបានវិលត្រឡប់មកជីវិតធម្មតាវិញ ទោះបីជាពួកគេនៅតែបន្តរំឭកពីរឿងរ៉ាវផ្សេងៗពាក់ព័ន្ធការរាតត្បាតជំងឺនេះកាលពីអតីតកាល ដែលបានបង្កការភ័យខ្លាចយ៉ាងខ្លាំងនៅក្នុងទីក្រុង។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
អស់រយៈពេលជិតប្រាំពីរខែមកហើយ ចាប់តាំងពីក្រុងវូហានបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ចុងក្រោយបង្អស់បណ្តាលឲ្យមានការរឹតត្បិតសកម្មភាពសង្គមតឹងរ៉ឹង និងការធ្វើតេស្តទ្រង់ទ្រាយធំទៅលើពលរដ្ឋចំនួន ១១ លាននាក់ នៅក្នុងទីក្រុងនោះ។
នាពេលបច្ចុប្បន្ន ភោជនីយដ្ឋាន ហាងលក់ដូរតាមដងវិថី និងរង្គសាលមានភាពកកកុញឡើងវិញ ប៉ុន្តែពលរដ្ឋនៅក្រុងនេះនៅតែរំឭកដល់ផលវិបាកពីវិធានការរឹតត្បិតសកម្មភាពសង្គមចុងក្រោយ ដែលមានមកលើសុខភាពផ្លូវចិត្តនិងជីវភាពរបស់ពួកគេ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានសុំឲ្យប្រជាពលរដ្ឋនៅក្រុងវូហានចែករំលែករូបភាពនិងវីដេអូ ដែលពួកគេបានថតនៅអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាក្តីសង្ឃឹមរបស់ពួកគេសម្រាប់ឆ្នាំ ២០២១ នៅពេលដែលទីក្រុងនេះខិតជិតខួបគម្រប់មួយឆ្នាំនៃការរាតត្បាតជំងឺកូវីដ១៩។ មន្រ្តីសុខាភិ បាលក្រុងវូហានបានចេញសេចក្តីប្រកាសជាសាធារណៈលើកដំបូងអំពីវីរុសដែលគេមិនបានស្គាល់កាលពីពេលនោះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។
ដូចនឹងទីក្រុងវូហានផងដែរ ពលរដ្ឋភាគច្រើនមានសុទិដ្ឋិនិយម ទោះបីជាពួកគេនៅតែនឹកគិតពីឆ្នាំមួយដែលពោរពេញទៅដោយភាពលំបាកសម្រាប់ទីក្រុងនេះក៏ដោយ។
លោក An Junming អ្នកស្ម័គ្រចិត្តមួយរូបនៅក្រុងវូហាន
លោក An ធ្វើការជាអ្នកស្ម័គ្រចិត្តមួយរូបអំឡុងពេលនៃការរឹតត្បិតសកម្មភាពសង្គមនៅទីក្រុងវូហានរយៈពេល ៧៦ ថ្ងៃ ដោយធ្វើការជាអ្នកដឹកជញ្ជូនម្ហូបអាហារទៅឲ្យពលរដ្ឋដែលត្រូវស្នាក់នៅក្នុងផ្ទះ។
លោក An បាននិយាយថា៖ «នៅពេលនោះ ខ្ញុំអាចត្រឹមតែទទួលទានអាហារមួយពេលតែប៉ុណ្ណោះក្នុងមួយថ្ងៃ ពីព្រោះមានការងារជាច្រើនដែលត្រូវធ្វើ ប៉ុន្តែមានមនុស្សតិចណាស់ធ្វើការនោះ ដូច្នេះខ្ញុំពិតជាមានការភ័យព្រួយយ៉ាងខ្លាំង»។
លោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ទីក្រុងទាំងមូលនឹងរីកចម្រើនឡើងវិញនៅឆ្នាំ ២០២១ នេះ។ ហើយគេអាចនិយាយបានថា នៅឆ្នាំ ២០២០ មិនមានមនុស្សនៅតាមដងផ្លូវនោះទេនៅក្រុងវូហានទាំងមូល មានតែសត្វប៉ុណ្ណោះដែលនៅខាងក្រៅ»។
លោក Zhang Xinghao អ្នកចម្រៀងប្រចាំក្រុមចម្រៀង Mad Rat នៅក្រុងវូហាន
លោក Zhang ថា «នៅពេលនោះ ខ្ញុំមិនអាចធ្វើអ្វីបានទេពេលនៅផ្ទះ។ វាពិតជាគួរឲ្យធុញទ្រាន់ខ្លាំងណាស់ ដូច្នេះខ្ញុំគិតថា ខ្ញុំត្រូវសរសេរទំនុកភ្លេងនិងបទចម្រៀងខ្លះ ដើម្បីបន្ធូរអារម្មណ៍»។
លោកបានបន្តទៀតថា៖ «វាពិតជាធ្វើឲ្យខ្ញុំគិតពីអ្វីៗជាច្រើន ហើយនេះជាលើកដំបូងនៅក្នុងជីវិតខ្ញុំដែលខ្ញុំបានជួបប្រទះហេតុការណ៍ដ៏អន្តរាយដូចនេះ»។
លោក Zhang បានបន្ថែមថា៖ «ការរាតត្បាតជំងឺនេះមិនត្រូវមើលរំលងនោះទេ។ ខ្ញុំបានឃើញព័ត៌មានថា មានការឆ្លងជាច្រើននៅឯប្រទេសដទៃទៀត ដូច្នេះនេះមិនមែនជារឿងមិនគួរអើពើនោះទេ។ យើងមិនត្រូវគិតថា យើងខ្លាំងក្លាណាស់នោះទេ។ តាមពិតទៅ ខ្ញុំគិតថា ជាមនុស្ស យើងទន់ជ្រាយទៅវិញទេ»។
អ្នកស្រី Duan Ling អ្នកជំនួញ វ័យ ៣៦ ឆ្នាំ
លោក Fang Yushun ជាស្វាមីរបស់អ្នកស្រី Duan បានកើតជំងឺកូវីដ១៩ កាលពីកុម្ភៈ ខណៈពេលដែលបម្រើការជាវេជ្ជបណ្ឌិតផ្នែកវះកាត់។
អ្នកស្រី Fang ថា៖ «ថ្ងៃខួបកំណើតខ្ញុំ គឺនៅចំថ្ងៃដែលគាត់ត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ ក៏ប៉ុន្តែគាត់បានឆ្លៀតចំណាយពេលរបស់គាត់ និងបញ្ជូនវីដេអូមកឲ្យខ្ញុំមើល។ ខ្ញុំពិតជារំភើបខ្លាំងណាស់»។
អ្នកស្រីថា៖ «យើងមានបទពិសោធន៍ច្រើនណាស់នៅឆ្នាំ ២០២០ ហើយខ្ញុំចង់និយាយថា លាហើយឆ្នាំ ២០២០។ ហើយនៅឆ្នាំថ្មីនេះ ខ្ញុំប្រាថ្នាថា យើងអាចមានកូនមួយ»។
លោក Lai Yun ម្ចាស់ភោជនីយដ្ឋានអាហារជប៉ុន វ័យ ៣៨ ឆ្នាំ
លោក Lai Yunថា៖ «នៅពេលនេះ យើងម្នាក់ៗនៅក្រុងវូហានមានអារម្មណ៍ថា ពេលវេលាដើរលឿនខ្លាំងណាស់។ ដូចជាការបិទទីក្រុងទើបតែកើតឡើង កាលពីម្សិលមិញអញ្ចឹង»។
លោក Lai បាននិយាយទៀតថា លោកសប្បាយចិត្តនៅពេលរំឭកការណ៍ដែលកូនៗរបស់លោកលេងសម្តែងនៅបន្ទប់ទទួលភ្ញៀវ។
«ខ្ញុំគិតថា ការជំរុញលើកទឹកចិត្តដែលជំងឺកូវីដ១៩ បានផ្តល់ឲ្យពួកគេគឺថា រាងកាយមាំមួនគឺសំខាន់ជាងអ្វីៗផ្សេងទៀត»។
លោក Wu Mengjing និស្សិតផ្នែករចនាបថ វ័យ ២២ ឆ្នាំ
លោក Wu ថា៖ «ខ្ញុំគិតថា ការរាតត្បាតជំងឺកូវីដ១៩ នៅក្រុងវូហានបានប៉ះពាល់មនុស្សជាច្រើន។ ក្រុមហ៊ុនមួយចំនួនបានក្ស័យធន ហើយពលរដ្ឋបានបាត់បង់ការងារ។ នេះពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងមកលើការអភិវឌ្ឍក្រុងវូហានទាំងមូល»។
លោកថ្លែងទៀតថា «ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់ថា នឹងមានរលកទីពីរនៃការឆ្លងជំងឺកូវីដ១៩ នៅក្រុងវូហាន ពីព្រោះមានការកើតឡើងវិញនូវការរាតត្បាតជំងឺនៅតាមតំបន់មួយចំនួន នៅក្នុងប្រទេសហើយចំនួននិស្សិតសាកលវិទ្យាល័យមានច្រើននៅក្រុងវូហាន»។
អ្នកស្រី Jiang Honghua អ្នកលក់អាហារតាមដងផ្លូវ វ័យ ៣៤ ឆ្នាំ
អ្នកស្រី Jiang បាននិយាយថា៖ «អំឡុងពេលនៃការរាតត្បាតជំងឺគ្រួសារខ្ញុំនៅជុំគ្នាទាំងអស់ ហើយពេលវេលាដូចនេះគឺកម្រណាស់ ហើយខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង» ដោយអ្នកស្រីបានបង្ហាញរូបកូនប្រុស និងកូនស្រីរបស់អ្នកស្រីកំពុងលេងជាមួយគ្នា»។
អ្នកស្រី Jiang និយាយទៀតថា៖ «ខ្ញុំគិតថា ឆ្នាំ ២០២០ សម្រាប់ខ្ញុំគឺមិនអីនោះទេ។ ខ្ញុំមានអារម្មណ៍ថា សំណាងដែរ ដែលខ្ញុំអាចរក្សាជីវភាពគ្រួសារទាំងមូលបាន។ ខ្ញុំសង្ឃឹមថា នៅឆ្នាំ ២០២១ ខ្ញុំអាចរកស៊ីបានប្រសើរជាងនេះ»។
លោក Liu Runlian អ្នករាំរបាំតាមដងផ្លូវ វ័យ ៥៨ ឆ្នាំ
លោក Liu Runlian និយាយថា៖ «ឆ្នាំ ២០២១ ខិតចូលមកដល់ហើយខ្ញុំមិនរំពឹងច្រើនពីខ្លួនឯងនោះទេ។ ប៉ុន្តែខ្ញុំចង់រស់នៅក្នុងជីវិតមួយប្រកបដោយសេចក្តីសុខ ហើយបន្ទាប់មកខ្ញុំសង្ឃឹមថា គ្រប់គ្នាមានសុខសុវត្ថិភាព»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា