បណ្ឌិត Chandler៖ អ្នកក្រ​កាន់​តែ​លំបាក ហើយ​កម្ពុជា​មិន​ដែល​មាន​ប្រជាធិបតេយ្យ​ទេ

បណ្ឌិត David Chandler ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​«ប្រវត្តិសាស្ត្រ​កម្ពុជា‍»​ផ្តល់​បទសម្ភាសន៍​ដល់ VOA អំពី​បញ្ហា​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​និង​អនាគត​របស់​កម្ពុជា នៅ​ឯ​សណ្ឋាគារ Marriott ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី ២៤ ខែ មីនា កន្លង​ទៅ​នេះ។ (សឹង សុផាត/VOA)

វ៉ាស៊ីនតោន __ កំណត់​និពន្ធ៖ បណ្ឌិត David P. Chandler ដែល​ត្រូវ​បាន​គេ​ស្គាល់យ៉ាង​ទូលំទូលាយ​ថា​ជា«ប្រវត្តិវិទូ​ដ៏​សំខាន់​មួយ​រូប​ដែល​សិក្សា​ពី​កម្ពុជា‍» ​បាន​សរសេរ​សៀវភៅ​ចំនួន​៦​ក្បាល​ជាមួយ​នឹង​អត្ថបទ​ជាច្រើន​ទៀត​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា។ សៀវភៅ​ទី​មួយ​ជា​ភាសា​អង់គ្លេស​របស់​លោក​ដែល​មាន​ចំណងជើង​ថា «ប្រវត្តិសាស្ត្រ​កម្ពុជា» ត្រូវ​បាន​សាស្ត្រាចារ្យ​នានា​ដែល​បង្រៀន​អំពី​កម្ពុជា​ប្រើប្រាស់ក្នុង​ការ​បង្រៀន​នៅ​តាម​សាលារៀន​ក្នុង​សហរដ្ឋអាមេរិក និង​ត្រូវ​បាន​បកប្រែ​ជា​ភាសា​ផ្សេងៗ​ដូចជា​ភាសាខ្មែរ ភាសា​ចិន ​និង​ភាសា​ថៃ។ សាស្ត្រាចារ្យ​កិត្តិយស​នៃ​សាកលវិទ្យាល័យ Monash University រូប​នេះ ត្រូវ​បាន​សមាគម​សម្រាប់​ការ​សិក្សា​តំបន់​អាស៊ី ប្រគល់​ពានរង្វាន់ ​«ការ​ចូលរួម​ចំណែក​ដ៏​អស្ចារ្យ​ចំពោះ​ការ​សិក្សា​ពី​តំបន់​អាស៊ី» នៅ​ក្នុង​សន្និសីទ​ប្រចាំ​ឆ្នាំ​២០១៨ កាល​ពី​ថ្ងៃ​២៣ ខែ​មីនា កន្លង​ទៅ​នេះ នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។ ប្រវត្តិវិទូ​អាមេរិកាំង​វ័យ​៨៥​ឆ្នាំ​រូប​នេះ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកនាង ហុង ចិន្តា នៃ VOA នៅ​ឯ​សណ្ឋាគារ Marriott ខណៈ​ពេល​ដែល​លោក​អញ្ជើញ​មក​ទទួល​ពានរង្វាន់​នោះ ដើម្បី​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​។ នេះ​គឺ​ជា​បទសម្ភាសន៍​មួយ​ក្នុង​ចំណោម​បទសម្ភាសន៍​ពីរ​ដែល​ VOA បាន​ធ្វើ​ជាមួយ​នឹង​បណ្ឌិត David Chandler ក្នុង​ពេល​នោះ។

លោក​គឺ​ជា​ប្រវត្តិវិទូ​ដ៏​ល្បីល្បាញ​មួយ​រូប​ដែល​បាន​សរសេរ​សៀវភៅ​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា។ ដូច្នេះ​សំណួរ​ទីមួយ​របស់​ខ្ញុំ​គឺ​ថា ប្រសិន​បើ​លោក​នឹង​ត្រូវ​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​មួយ​ក្បាល​ទៀត​អំពី​កម្ពុជា តើ​លោក​នឹង​ពណ៌នា​ស្ថានភាព​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​សៀវភៅ​នោះ​យ៉ាង​ដូចម្តេច?

«ខ្ញុំ​គិត​ថា​ ឆាក​នយោបាយ​បាន​ផ្លាស់ប្ដូរ ហើយ​មិន​សូវ​បើក​ទូលាយ​ទទួល​យក​ការ​ផ្លាស់ប្ដូរ​វិជ្ជមានទេ ដែល​អាច​ជា​លទ្ធិប្រជាធិបតេយ្យ​ឬ​អ្វី​ផ្សេងទៀត។‍»​

ខ្ញុំ​អាច​នឹង​ចុះ​កុងត្រា​សរសេរ​សៀវភៅ​បោះពុម្ព​លើក​ទី​៥​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា។ប្រសិន​បើ​ខ្ញុំ​នឹង​សរសេរ​ទៀត​ ហើយ​ខ្ញុំ​គិត​ថា ខ្ញុំ​អាច​នឹង​សរសេរ​ទៀត នោះសៀវភៅ​បោះពុម្ព​ថ្មី​នោះ​នឹង​ខុស​ពី​សៀវភៅ​បោះពុម្ព​លើក​ទី​បួន ដោយសារ​ខ្ញុំ​នឹង​សរសេរ​បន្ថែមជំពូក​អំពី​សម័យ​អង្គរ ដោយសារ​តែ​ស្នាដៃ​សិល្បៈ​កាល​ពី​សម័យ​នោះ​គឺ​អស្ចារ្យ​ណាស់។ ហើយអ្វី​ដែល​ប្រែប្រួល​នោះ​គឺ​ជំពូក​ចុងក្រោយ ដោយសារ​តែ​ពី​ឆ្នាំ​១៩៧៩​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​ផ្លាស់ប្ដូរ ហើយ​ខ្ញុំ​នឹង​ព្យាយាម​សរសេរ​ដោយ​កាត់​បន្ថយ​ការ​វិនិច្ឆ័យ​ទៅ​លើ​នយោបាយ និង​កាត់​បន្ថយ​ការ​ទស្សន៍ទាយ​ទុក​មុន ព្រោះ​ខ្ញុំ​មិន​មាន​លទ្ធភាព​ទស្សន៍ទាយ​ទុក​ជា​មុន ដូច​អ្នក​ផ្សេង​ទេ ដូចជា​អ្នក​មាន​វេទមន្ត​ជាដើម។ គ្មាន​នរណា​ម្នាក់​អាច​ទស្សន៍ទាយ​ទុក​មុន​ទៅ​លើ​អ្វី​ដែល​នឹង​កើតឡើង​នោះ​ទេ។ ខ្ញុំ​មិន​ទាន់​បាន​គិត​ពី​វា​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ទំព័រ​ចុងក្រោយ​នៃ​ជំពូក​ចុងក្រោយ​ដែល​អាច​នឹង​និយាយ​ពី​ឆ្នាំ​២០១៨​ឬ​២០១៩ នៅ​ពេល​ដែល​ខ្ញុំ​សរសេរ​សៀវភៅ​នោះ​ចប់ នឹង​មាន​លក្ខណៈ​ទុទ្ទិដ្ឋិនិយម​ជាង​កថាខណ្ឌ​ចុង​ក្រោយ​នៅ​ក្នុង​សៀវភៅ​បោះពុម្ព​លើក​ទី​បួន ដែល​ក្នុង​នោះ​ខ្ញុំ​បាន​ឃើញ​ពី​លទ្ធភាព​មួយ​ចំនួន​ដែល​អាច​នាំ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នយោបាយ​នៅ​កម្ពុជា។ នោះ​មិនមែន​មាន​ន័យ​ថា​ជា​ការ​ផ្លាស់ប្ដូរ​របប​ទេ ប៉ុន្តែ​ជា​ការ​ចាប់ផ្តើម​បើក​ទូលាយ​និង​សេរីភាព​ជា​ដើម​។ ខ្ញុំ​បាន​ឃើញ​ការ​ផ្លាស់ប្ដូរ​ទាំង​នោះកើត​មាន​ច្រើន​ក្នុង​ឆ្នាំ​២០០៥ ​គឺ​នៅ​ពេល​ដែល​ខ្ញុំ​សរសេរ​សៀវភៅ​បោះពុម្ព​ចុងក្រោយ​របស់​ខ្ញុំ ជាង​អ្វី​ដែល​ខ្ញុំ​ឃើញ​នៅ​ពេល​នេះ។ ខ្ញុំ​គិត​ថា​ ឆាក​នយោបាយ​បាន​ផ្លាស់ប្ដូរ ហើយ​មិន​សូវ​បើក​ទូលាយ​ទទួល​យក​ការ​ផ្លាស់ប្ដូរ​វិជ្ជមានទេ ដែល​អាច​ជា​លទ្ធិប្រជាធិបតេយ្យ​ឬ​អ្វី​ផ្សេងទៀត។ ​

តើ​អ្វី​ដែល​កំពុង​កើតឡើងក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ជា​អ្វី​ដែល​កើតឡើង​ច្រំដែល​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ដែរ​ឬ​ទេ?​

«កម្ពុជា​មិន​ដែល​បើក​ទូលាយ​ទទួល​យក​គណបក្ស​ប្រឆាំង​នោះ​ទេ ហើយ​ក៏​មិន​ដែល​ជា​ប្រទេស​ដែល​មាន​គណបក្សនយោបាយ​ច្រើន​នោះ​ដែរ។‍»​

កម្ពុជា​មាន​រដ្ឋាភិបាល​ផ្តាច់ការ​តាំង​ពី​សម័យអង្គរ​ឬ​មុន​សម័យ​អង្គរ​មក​ម៉្លេះ។ កម្ពុជា​មិន​ដែល​បើក​ទូលាយ​ទទួល​យក​គណបក្ស​ប្រឆាំង​នោះ​ទេ ហើយ​ក៏​មិន​ដែល​ជា​ប្រទេស​ដែល​មាន​គណបក្សនយោបាយ​ច្រើន​នោះ​ដែរ។ នេះ​គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​កម្ពុជា​ស៊ាំ​ទៅ​ហើយ។ មិនមែន​ថា​ពលរដ្ឋ​កម្ពុជា​មិន​ចង់​ផ្លាស់ប្ដូរ​នោះ​ទេ ប៉ុន្តែ​ពួកគេ​មិន​ទាន់​ធ្វើ​វា​បាន​នៅឡើយ។ កម្ពុជា​គ្មាន​ប្រវត្តិ​មាន​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដែល​បាន​ពី​ការ​បោះឆ្នោត​នោះ​ទេ។ ​វា​នឹង​កាន់​តែ​ពិបាក​ជាង​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។ នេះ​គឺ​ជា​អ្វី​ដែល​យល់​ឃើញ។ ខ្ញុំ​ទស្សន៍ទាយ​ថា វា​នឹង​កាន់​តែ​ពិបាក។ តើ​នរណា​នឹង​អាច​ទាញ​និន្នាការ​ដែល​កំពុង​កើតឡើង​ឲ្យ​ត្រឡប់​ក្រោយ​វិញ​បាន? គ្មាន​នរណា​ម្នាក់​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា​នោះ​ទេ។ ខ្ញុំ​មិន​គិត​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ត្រូវ​ដាក់​ទណ្ឌកម្ម​ចំពោះ​ទង្វើ​របស់​ខ្លួន​នោះ​ទេ។ តើ​នរណា​នឹង​ដាក់​ទោសទណ្ឌ​កម្ពុជា​ចំពោះ​របប​ផ្តាច់ការ? បើ​ដូច្នោះ​មែន​នោះ អ្នក​នឹង​ត្រូវ​ដាក់​ទោសទណ្ឌ​រដ្ឋាភិបាល​ទាំងអស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ហើយ​សហរដ្ឋអាមេរិក​មិន​មាន​ឆន្ទៈ​នឹង​ធ្វើ​ដូច្នេះ​ទេ ដោយ​សារ​តែ​អាមេរិក​ចាប់​អារម្មណ៍​ទៅ​លើ​ហ្វីលីពីន​ ថៃ ឬ​ឥណ្ឌូណេស៊ី ជាង​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​តូច​មួយ។ ​

ប្រជាពលរដ្ឋ​តម្រង់​ជួរ​ចូលបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អណត្តិទី​៤ នៅ​រាជធានី​ភ្នំពេញ, នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ហ៊ាន​ សុជាតា/ VOA)

តាម​ទស្សនៈ​របស់​លោក តើ​លោក​យល់​ថា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​អនាគត​ដ៏​ខ្លី​ឬ​ក្នុង​រយៈពេល​វែង​ត​ទៅ​មុខ​ទៀត​ដែរ​ឬ​ទេ?

ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​រយៈពេល​វែង​ខាង​មុខ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទស្សន៍ទាយ​ដឹង​បាន​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​ការ​ផ្លាស់ប្ដូរ​នោះ​គឺ​ជា​អ្វី​ដែរ។ ដូច​ដែល​នរណា​ម្នាក់​ធ្លាប់​សរសេរ​ថា នៅ​ពេល​យូរ​អង្វែង​ខាង​មុខ យើង​ទាំងអស់​គ្នា​នឹង​ស្លាប់​ហើយ។ យើង​មិន​ដឹង​ទេ។ ខ្ញុំ​មិន​អាច​និយាយ​ថា ការ​ផ្លាស់ប្តូរ​នោះ​ជា​អ្វី​ទេ ដោយ​សារ​តែ​វា​ផ្អែក​ទៅ​លើ​ថា​តើ​ការ​ផ្លាស់ប្ដូរ​អ្វី​ដែល​កើតឡើង​ក្នុង​តំបន់​អាស៊ី​ឬ​នៅ​កន្លែង​ផ្សេង​ទៀត។ ខ្ញុំ​មិន​គិត​ថា ពិភពលោក​នឹង​ក្លាយ​ទៅ​ជា​កន្លែងដែល​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​រស់នៅ​នោះ​ទេ។ ពិភពលោក​នឹង​មាន​មនុស្ស​រស់នៅ​កាន់​តែ​ច្រើនហួសហេតុ មិនមាន​ទឹក​គ្រប់គ្រាន់ អាកាសធាតុ​កាន់​តែ​អាក្រក់ និង​មិនមាន​ស្បៀងអាហារ​គ្រប់គ្រាន់។ ខ្ញុំ​មិន​គិត​ថា ពិភពលោក​នឹង​ក្លាយ​ជា​កន្លែង​ដ៏​ប្រសើរ​ជាង​មុន​សម្រាប់​ចៅៗ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ក៏​មិន​គិត​ថា ការ​ផ្លាស់ប្ដូរ​ទាំង​នោះ​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​លឿន​ជាង​កន្លែង​ផ្សេង​ទៀតនោះ​ដែរ។ ​

លោក​និយាយ​កាល​ពី​មុន​ថា លោកមិន​ជឿ​លើ​នយោបាយ​បោះឆ្នោត​នៅ​កម្ពុជា​ទេ។ តើ​លោក​ចង់​មាន​ន័យ​ថា ប្រជាពលរដ្ឋ​កម្ពុជា​មិន​មែន​ជា​ម្ចាស់​ជោគវាសនា​របស់​ខ្លួន​ឯង​ឬ​យ៉ាង​ណា?

ទេ ខ្ញុំ​មិនមែន​ចង់​មាន​ន័យ​ជ្រៅ​យ៉ាង​ដូច្នេះ​ទេ។ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ដ៏​រីកចម្រើន​មួយ មិនមែន​ដូច​ពី​មុន​ទៀត​ទេ។ ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​រីកចម្រើន​នេះ។ ពួកគេ​មាន​ជីវិត​ប្រសើរ​ជាង​ពេល​មុន។ ការ​គិត​របស់​ពួកគេ​មិន​ពាក់ព័ន្ធ​នឹង​នយោបាយ​បោះឆ្នោត​នោះ​ឡើយ។ ខ្ញុំ​គិត​ថា មនុស្ស​ភាគច្រើន​មិន​គិត​អំពី​នយោបាយ​ដូច​អ្នក​ធ្វើការ​នៅ VOA ឬ​ខ្ញុំ​នោះ​ទេ។ ពួកគេ​គិត​ទៅ​លើ​ថា​តើ​ជីវិត​របស់​ពួកគេ​សុខស្រួល​ប៉ុណ្ណា កូនៗ​របស់​ពួកគេ​រស់នៅ​សុខស្រួល​ប៉ុណ្ណា តើ​ពួកគេ​ទទួល​បាន​ការ​អប់រំ​ដល់​កម្រិត​ណា ​ហើយ​មាន​លុយ​ប៉ុន្មាន​ជាដើម។ ប្រសិន​បើ​អ្វីៗ​រីកចម្រើន​ដូច​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​នេះ​សម្រាប់​អ្នក​មាន​ជីវភាព​មធ្យម​នៅ​កម្ពុជា មិនមែន​សម្រាប់​តែ​ពួកអ្នក​មាន​ទ្រព្យសម្បត្តិ​នោះ នោះ​ពួកគេ​ទំនង​ជា​នឹង​មិន​និយាយ​ថា «យើង​នឹង​ផ្លាស់ប្ដូរ​ទម្រង់​រដ្ឋាភិបាល‍» នោះ​ទេ ដោយសារ​តែ​អ្វីៗ​ដំណើរការ​ដោយ​រលូន។ លោក ហ៊ុន សែន​ និយាយ​ថា​អ្វីៗ​ដំណើរការ​ដោយ​រលូន ជាមួយ​នឹង​ទម្រង់​រដ្ឋាភិបាល​ដែល​លោក​បង្កើត។ គ្មាន​នរណា​ម្នាក់​នឹង​ផ្លាស់ប្ដូរ​ទម្រង់​រដ្ឋាភិបាល​ទេ ហើយ​និយាយ​ថា «វា​មិន​មែន​ជា​ទម្រង់​ត្រឹមត្រូវ​ទេ‍»។ នរណា​អាច​ដឹង​បាន? អ្នក​មិន​អាច​ប៉ាន់ស្មាន​អំពី​វា​បាន​ទេ។

ចុះ​ប្រជាជន​ក្រីក្រ ដែល​មិន​ទទួល​បាន​អត្ថប្រយោជន៍​ដូច​អ្នក​មាន​ជីវភាព​មធ្យម?

«ប្រជាជន​ក្រីក្រ​គឺ​ជា​អ្នក​ដែល​មិន​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ទេ។ នៅ​ទីណា​ដែល​មាន​ការ​ប្រែប្រួល​សេដ្ឋកិច្ច ប្រជាជន​ក្រីក្រ​តែងតែ​ជា​អ្នក​ដែល​មិន​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ទេ។‍» ‍​

ពួកគេ​មិន​ដែល​ទទួល​បាន​អត្ថប្រយោជន៍​នោះ​ទេ។ ពួកគេ​កាន់​តែ​លំបាក​ជាង​មុន​ទៅ​ទៀត។ យើង​មាន​វិសមភាព​រវាង​អ្នក​មាន​និង​អ្នក​ក្រ​នៅ​ទូទាំង​ពិភពលោក។ វា​ប្រៀប​ដូចជា​ទាញ​កៅស៊ូ​មួយ​ដុំ​អញ្ចឹង។ អ្នក​មាន​ក្នុង​ចំនួន​តិចតួច​កាន់​តែ​មាន​ ហើយ​អ្នកក្រ​កាន់​តែ​លំបាក។ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ទីនោះ​កាល​ពី​ទសវត្សរ៍​១៩៦០ កម្ពុជា​មិន​ដែល​មាន​អ្នក​រក​ប្រាក់​ចំណូល​បាន​លើស​ពី​៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ ប៉ុន្តែ​ពួកគេ​មាន​ទឹក​ស្អាត មាន​ដី មាន​ដំណាំ មាន​ម្ហូបអាហារ និង​ហូប​គ្រប់គ្រាន់។ ​ពួកគេ​អាច​នឹង​រស់នៅ​បាន​ប្រសើរ​ជាង​ឥឡូវ​នេះ។ បច្ចុប្បន្ន​នេះ ពួកគេ​ក្រីក្រ​ណាស់។ ពួកគេ​មាន​ទូរទស្សន៍​មើល ប៉ុន្តែ​គ្មាន​សុវត្ថិភាព​ទេ។ កាល​ពី​មុន​ ពួកគេ​មាន​សុវត្ថិភាព​ណាស់។ ឥឡូវ​នេះ ប្រជាជន​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដី​ធ្លី​របស់​ខ្លួន។ ឥឡូវ​នេះ កម្ពុជា​កាន់​តែ​មាន​គម្លាត​វិសមភាព​ធំ។ ខ្ញុំ​គិត​ថា មនុស្ស​មួយ​ចំនួន​មើល​ឃើញ​ពី​បញ្ហា​នេះ។ កាល​ពី​មុន នៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេងៗ វិសមភាព​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ងើបឈរ​ប្រឆាំង។ ប៉ុន្តែ​វា​នឹង​មិន​កើតឡើង​នៅ​កម្ពុជា​ទេ។ វា​ហួស​ពេល​ហើយ។ ប្រជាជន​គ្មាន​អាវុធ​ទេ។ ការ​មិន​ពេញ​ចិត្ត​នេះ​ក៏​កើតឡើង​នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែរ ហើយ​អ្នក​មាន​ប្រាក់​ចំណូល​ទាប​និយាយ​ថា «វា​មិន​យុត្តិធម៌​ទេ‍»។ វិសមភាព​កើតឡើង​នៅ​ទូទាំង​ពិភពលោក​។ ហើយ​វា​ក៏​កំពុង​តែ​កើតឡើង​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ ប្រជាជន​ក្រីក្រ​គឺ​ជា​អ្នក​ដែល​មិន​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ទេ។ នៅ​ទីណា​ដែល​មាន​ការ​ប្រែប្រួល​សេដ្ឋកិច្ច ប្រជាជន​ក្រីក្រ​តែងតែ​ជា​អ្នក​ដែល​មិន​ទទួល​បាន​អត្ថប្រយោជន៍​អ្វី​ទេ។

រូប​ឯកសារ៖ ស្ត្រី​ម្នាក់​អូស​រទេះ​មួយ​ដែល​ដាក់​កូន​ប្រុស​នៅ​ខាង​ក្នុង រើស​អេតចាយ​ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ កាត់​រថយន្ត​ទំនើបៗ​មួយ​ជួរ​នៅ​ក្នុង​រាជធានី ភ្នំពេញ កម្ពុជា។ (រូបថត​ផ្តល់​ឲ្យ)

ខ្ញុំ​ចង់​ឲ្យ​លោក​ពន្យល់​ថា​តើ​អ្វី​គឺ​ជា​បញ្ហា​ពិតប្រាកដ​ដែល​កម្ពុជា​កំពុង​តែ​ប្រឈម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ?

ខ្ញុំ​គិត​ថា ជា​រៀងរាល់​ឆ្នាំ ឱកាស​ដើម្បី​បើក​ចំហ​និង​ចូលរួម​ជាមួយ​នឹង​ក្រុម​ភាគតិច​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​បោះឆ្នោត​ដោយ​ប្រជាធិបតេយ្យ​នោះ​មាន​កាន់​តែ​តិច។ អ្នក​មិន​អាច​ឲ្យ​ពួកគេ​ទាំង​នោះ​ធ្វើ​តាម​ប្រទេស​វៀតណាម ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឬ​ហ្វីលីពីន​បាន​ទេ។ ប្រទេស​ទាំង​នោះ​សុទ្ធ​តែ​ជា​ប្រទេស​ផ្តាច់ការ។ ​ប្រទេស​ទាំង​នោះ​សុទ្ធ​តែ​មាន​មេដឹកនាំ​ផ្តាច់ការ ដែល​សោយសុខ​នឹង​អំណាច​របស់​ខ្លួន។ ខ្ញុំ​មិន​គិត​ថា​របប​កម្ពុជា​បច្ចុប្បន្ន​នេះ​អាក្រក់​ជាងគេ​បំផុត​នោះ​ទេ។ ​ប៊្រុយណេ​ជា​ប្រទេស​ដែល​មាន​មេដឹកនាំ​ផ្តាច់ការ​តែ​ម្នាក់​អស់​រយៈពេល​ប្រហែល​២០​ឬ​៣០​ឆ្នាំមក​ហើយ។ គ្មាន​ប្រទេស​ណា​ធ្វើ​តាម​ប្រទេស​ណា​មួយ​នោះ​ទេ ដូច្នេះ​ហេតុអ្វី​បាន​ជា​ពួកគេ​ត្រូវ​ធ្វើ​តាម​បស្ចិម​ប្រទេស? បស្ចិម​ប្រទេស​មិន​ធ្វើ​តាម​ពួកគេ​ផង។ កម្ពុជា​មិន​អាច​ក្លាយ​ជា​អាមេរិក​ឬ​ដាណឺម៉ាក​នោះ​ទេ។ កម្ពុជា​មិន​ធ្លាប់​ធ្វើ​ដូច្នេះ​ទេ។ បច្ចុប្បន្ន​នេះ មាន​ការ​មិន​ពេញចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​ពេល​កន្លង​មក ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា វា​អាច​ចេញ​ជា​លទ្ធផល​តាម​ដែល​ពួកគេ​ចង់​បាន​នោះ​ទេ។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​ទុទ្ទិដ្ឋិនិយម។ ​

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​ម្នាក់​ភ័យខ្លាច​ត្រូវ​បាន​គេ​ជំនួស​តំណែង?

បញ្ហា​ចម្បង​នៅ​ក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​គិត​ថា គាត់​ភ័យខ្លាច​ថា​នឹង​មាន​រឿង​អ្វី​មួយ​កើតឡើង​ចំពោះ​គាត់ ប្រសិន​បើ​គាត់​ត្រូវ​គេ​ជំនួស​តំណែង។ គាត់​នឹង​មិនទៅ​ធ្វើ​ជាគណបក្ស​ប្រឆាំង​ទេ​។ នេះ​គឺ​ជា​នាយករដ្ឋមន្ត្រី​របស់​អ្នក​។ គាត់​ភ័យ​ខ្លាច​ថា នឹង​អ្វី​មួយ​កើតឡើង​ចំពោះ​គាត់​ប្រសិន​បើ​គាត់​ត្រូវ​បាន​ទម្លាក់​ពី​តំណែង។ រាល់​ពេល​ដែល​មាន​ការ​ប្រែប្រួល​នយោបាយ​នៅ​ក្នុង​រដ្ឋាភិបាល​កម្ពុជា ដូចជា​រដ្ឋាភិបាល លន់ នល់ ​ត្រូវ​បាន​កាត់ទោស​ប្រហារ​ជីវិត។ នៅ​ពេល​ដែល​ខ្មែរ​ក្រហម​ចូល​មក ពួកគេ​បាន​កាត់ទោស​ប្រហារ​ជីវិត លន់ នល់។ វៀតណាម​ក៏​បាន​កាត់ទោស​ប្រហារ​ជីវិត​ខ្មែរ​ក្រហម​ដែរ។ អ្នក​មិន​និយាយ​ថា «ខ្ញុំ​ធ្លាប់​កាន់​អំណាច មក​ចូលរួម​ជាមួយ​ខ្ញុំ ហើយ​បង្កើត​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​គណបក្ស​ពីរ​ទេ‍»។ ប៉ុន្តែ​ពួកគេ​បែរ​ជា​និយាយ​ថា «អ្នក​ធ្លាប់​កាន់​អំណាច ឥឡូវ​នេះ យើង​ជា​អ្នក​កាន់​អំណាច ហើយ​យើង​នឹង​កាត់​ទោស​ប្រហារជីវិត​អ្នក‍»។ វា​គឺ​ជា​អ្វី​ដែល​ធ្លាប់​កើតឡើង​ក្នុង​ប្រវត្តិសាស្ត្រ​រួច​ទៅ​ហើយ។ នេះ​ជា​រឿង​មួយគួរ​ឲ្យ​ខ្លាច​ណាស់​សម្រាប់​នរណា​ម្នាក់​ដែល​ធ្លាប់​កាន់​អំណាច ហើយ​ប្រជាពលរដ្ឋ​មិន​ចូលចិត្ត​របៀប​ដឹកនាំ​របស់​ពួកគេ​នោះ​។ ​

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​ចែកចាយ​យ៉ាង​ទូលំទូលាយ​តាម​បណ្តាញ​សង្គម លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ថត​រូប selfie ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដើម្បី​បញ្ជាក់​ពី​«វប្បធម៌​សន្ទនា‍» នៅ​ក្នុង​កម្មវិធី​ពិសារ​អាហារ​ពេល​ល្ងាច​មួយ​រវាង​គ្រួសារ​ទាំងពីរ​នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ ទី ១២ ខែ កក្កដា ឆ្នាំ​២០១៥។ (រូបថត​ពី​បណ្តាញ​សង្គម)

តើ​លោក​ចង់​មាន​ន័យ​ថា ដោយសារ​តែ​មេដឹកនាំ​ទាំង​នោះ​បាន​ប្រព្រឹត្ត​ខុសឆ្គង​ឬ​យ៉ាង​ណា?

ទេ ខ្ញុំ​មិន​បាន​និយាយ​ថា ពួកគេ​បាន​ធ្វើ​អ្វី​ខុស​ឆ្គង​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ឃ្លា​ថា ការ​ស្មោះត្រង់​របស់​គណបក្ស​ប្រឆាំង​មិន​ដែល​មាន​នៅ​ប្រទេស​កម្ពុជា​ទេ។ ខ្ញុំ​នឹង​មិននិយាយ​ច្រើន​អំពី​នយោបាយ​កម្ពុជា​ទេ ប៉ុន្តែ​លោក សម រង្ស៊ី មិន​ដែល​លើកឡើង​ថា «នៅ​ពេល​ដែល​ខ្ញុំ​កាន់​អំណាច ខ្ញុំ​ស្វាគមន៍​លោក ហ៊ុន សែន ជា​គណបក្ស​ប្រឆាំង​ទេ។ គាត់​មាន​បទពិសោធន៍​ដឹកនាំ​ប្រទេស​យូរ ខ្ញុំ​នឹង​ស្វាគមន៍​មតិ​របស់​គាត់។» លោក សម រង្ស៊ី មិន​ដែល​និយាយ​ដូច្នេះ​ទេ។ នៅ​ពេល​ដែល​ខ្ញុំ​កាន់​អំណាច ខ្ញុំ​កាន់​អំណាច។ ខ្ញុំ​ដឹង​ថា មាន​ការ​ចរចា​ខ្លះៗ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ មាន​ការ​ចរចា​ដោយ​សម្ងាត់​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ។ ប្រសិន​បើ​អ្នក​ចូល​មក​កាន់​តំណែង​ តើ​អ្នក​នឹង​ធ្វើ​ដូចម្តេច? ពួកគេ​បាន​ចរចា​គ្នា​ទៅ​លើ​កិច្ចព្រមព្រៀង​លើកលែង​ទោស ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ពេញចិត្ត​នោះ​ទេ។ ខ្ញុំ​មិនមែន​កំពុង​តែ​ប្រាប់​ដល់​លោក រង្ស៊ី ឲ្យ​ធ្វើ​អ្វី​មួយ​នោះ​ទេ។ កុំ​យល់​ច្រឡំ។ ពួកគេ​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នោះ​ទេ។ វា​មិនមែន​ជា​ទម្លាប់​ដែល​កើតឡើង​នៅ​កម្ពុជា​ទេ។

ចំពោះ​ទស្សនៈ​លោក​ផ្ទាល់ តើ​ការ​ផ្ទេរ​អំណាច​នា​ពេល​អនាគត​នៅ​កម្ពុជា​នឹង​ទៅ​ជា​យ៉ាង​ណា?

ខ្ញុំ​មិន​ដឹង​ទេ។ ខ្ញុំ​ពិត​ជា​មិន​ដឹង​មែន។ ខ្ញុំ​មិន​អាច​ទស្សន៍ទាយ​ពី​អនាគត​កម្ពុជា​បាន​ទេ។ ខ្ញុំ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទស្សន៍ទាយ​ទេ។ ខ្ញុំ​មិន​មែន​ជា​ជនជាតិ​ខ្មែរ​ទេ។ ខ្ញុំ​មិន​ដឹង​ថា ​នឹង​មាន​អ្វី​កើតឡើង​ទេ។ ខ្ញុំ​មិន​ប្រាកដ​ទេ។ វា​គឺ​ជា​សំណួរ​ដ៏​ជ្រៅ​មួយ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ទេ។ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ឆ្លើយ​នឹង​សំណួរ​នេះ​យ៉ាង​ដូចម្តេច​ទេ មិនមែន​ខ្ញុំ​មិន​ចង់​ឆ្លើយ​នោះ​ទេ។

លោក ស៊ុត ចិត សមាជិក​សហជីព​កម្មករ (កណ្តាល) អាយុ​៣៦​ឆ្នាំ ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​សង្កាត់​វាយ ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​បិទផ្លូវ​មួយ​នៅ​ក្បែរ​សភាជាតិ ក្នុង​រាជធានី ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ ២០១៦។

នេះ​គឺ​ជា​សំណួរ​ចុងក្រោយ​របស់​ខ្ញុំ។ សម្រាប់​ពលរដ្ឋ​ខ្មែរ​វ័យក្មេង តើ​អ្វី​ជា​មេរៀន​ពី​ប្រវត្តិសាស្ត្រ​សំខាន់​មួយ​ឬ​ពីរ ដែល​លោក​ចង់​ឲ្យ​ពួកគេ​រៀនសូត្រ ហើយ​ត្រៀមខ្លួន​សម្រាប់​អនាគត​ល្អ​ប្រសើរ​ជាង​មុន?

«កុំ​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ! សា្ថនភាព​នៅ​ពេល​បច្ចុប្បន្ន​នេះ​មិន​មាន​ស្ថិរភាព​ទេ ដូច្នេះ​ព្យាយាម​ប្រុងប្រយ័ត្ន ប្រុងប្រយ័ត្ន​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្វើ​ ហើយ​កុំ​ប្រើ​កម្លាំង ព្រោះ​អ្នក​នឹង​មាន​បញ្ហា។‍»​

នេះ​គឺ​ជា​សំណួរ​ដ៏​ពិបាក​មួយ។ ខ្ញុំ​មិន​ចង់​ផ្តល់​ដំបូន្មាន​ដល់​ពលរដ្ឋ​កម្ពុជា​វ័យ​ក្មេង​ដែល​ខ្ញុំ​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាប់អារម្មណ៍​របស់​ពួកគេ​ទៅ​លើ​នយោបាយ​ទេ។ ខ្ញុំ​រក​នឹក​មិន​ឃើញ​ពី​ដំបូន្មាន​ដែល​ខ្ញុំ​អាច​ផ្តល់​ដល់​ពួកគេ​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ ខ្ញុំ​នឹង​ផ្តល់​ដំបូន្មាន​ឲ្យ​ពួកគេ​ប្រុងប្រយ័ត្ន។ ត្រូវ​ប្រុងប្រយ័ត្ន​និង​អត់ធ្មត់! រង់ចាំ​មើល​ តើ​អ្វីៗ​នឹង​ទៅ​ជា​យ៉ាង​ណា។ កុំ​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​តាម​ដង​ផ្លូវ! សា្ថនភាព​នៅ​ពេល​បច្ចុប្បន្ន​នេះ​មិន​មាន​ស្ថិរភាព​ទេ ដូច្នេះ​ព្យាយាម​ប្រុងប្រយ័ត្ន ប្រុងប្រយ័ត្ន​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្វើ​ ហើយ​កុំ​ប្រើ​កម្លាំង ព្រោះ​អ្នក​នឹង​មាន​បញ្ហា។ ទាំង​ជនបរទេស​និង​ជនជាតិ​ខ្មែរ​ខ្លួន​ឯង​ជួប​បញ្ហា​រួច​ហើយ​ចំពោះ​ការ​បើក​ចំហ​ហួសហេតុ​ពេក​ទៅ​លើ​អ្វី​ដែល​ពួកគេ​បាន​ឃើញ​ថា​កំពុង​តែ​កើតឡើង។ ថយក្រោយ​មួយ​រយៈ។ រក្សា​ភាព​ស្ងៀមស្ងាត់​មួយ​រយៈ។ សង្កេត​មើល ប៉ុន្តែ​កុំ... គ្រោះថ្នាក់​ខ្លាំង​ណាស់។ ត្រូវ​ប្រុងប្រយ័ត្ន៕